ក្នុងសង្គមខ្មែរយើងអ្វីៗក៏ដោយឲ្យតែមានការពាក់ព័ន្ធក្នុងរឿងផ្លូវភេទ ឬសុខភាពផ្លូវភេទ មាតាបិតាពុំសូវជជែកជាចំហ ឬពិភាក្សាជាមួយកូនៗឡើយ។ ត្រង់ចំណុចនេះ លោកស្រីវេជ្ជបណ្ឌិតជំនាញខាងសុខភាពផ្លូវភេទ នៃអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានសំណូមពរដល់មាតាបិតាយ៉ាងដូច្នេះ ៖ «មាតាបិតាដែលមានកូនជួនណាកូនចង់និយាយប្រាប់ថា មានបុរសម្នាក់ស្រឡាញ់ខ្លួន តែមាតាបិតាបែរជានិយាយថា កុំនិយាយអ៊ីចឹង វ័យនេះមិនដល់ពេលនិយាយទេ គិតគូររៀនសូត្រសិន។ អ៊ីចឹងកូនហ្នឹងលាក់អត់ហ៊ាននិយាយទេ ដូច្នេះមាតាបិតាគួរតែបើកចំហ និងជំរុញឲ្យកូននិយាយប្រាប់ឲ្យអស់ រួចផ្តល់ជាយោបល់ត្រឡប់ទៅវិញថា តើគួរធ្វើយ៉ាងនេះយ៉ាងនោះ?»។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និងអេច. អាយ.វី អេដស៍ របស់អង្គការ UNFPA មានប្រសាសន៍បន្តថា ការជជែកគ្នាពុំមែនធ្វើឲ្យប៉ះពាល់កិត្តិយសទេ ប៉ុន្តែតាមពិតគឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ ៖ «ឥរិយាបថដែលគួរកែប្រែគឺបើកចំហជជែកគ្នា សំខាន់យើងខ្លាចតែការប្រព្រឹត្តទេ បើគ្រាន់តែជជែកគ្នាវាអត់មានប៉ះពាល់ដល់កិត្តិយសទេ។ យើងជជែកគ្នារកដំណោះស្រាយ ស្វែងរកព័ត៌មាន នេះជាការល្អ»។
អត្ថបទស្រាវជ្រាវក្នុងទំព័រវ៉ឹបសៃថ៍ Healthy Living for everyone បានបង្ហាញថា ការជជែកជាមួយកូនអំពីរឿងផ្លូវភេទ រឿងទំនាក់ទំនងស្នេហា បើទោះបីជាកិច្ចការមួយ ដែលរួញរានិងពិបាកនិយាយក៏ដោយ ក៏ប៉ុន្តែវាមានហេតុផលសំខាន់ៗជាច្រើន ដែលមាតាបិតាចាំបាច់គួរតែធ្វើ។
អត្ថបទដដែលនោះបន្តថា យុវជនយុវនារីក្នុងគ្រួសារដែលមាតាបិតាជជែកជាចំហជាមួយកូនអំពីរឿងផ្លូវភេទ យុវវ័យនោះនឹងប្រព្រឹត្តការរួមភេទពេលមានអាយុច្រើន មិនមែនប្រព្រឹត្តពីវ័យក្មេងពេក ហើយមានការយល់ដឹងអំពីសុវត្ថិភាពនៃការរួមភេទ ក្នុងនោះរួមមាន ការការពារនៃការឆ្លងជំងឺកាមរោគ មេរោគអេច.អាយ.វី អេដស៍ និងការការពារមិនឲ្យមានកូនជាដើម។ បន្ថែមពីនេះ ការជជែកចំហជាមួយមាតាបិតា គឺជំរុញឲ្យកូនៗមានអារម្មណ៍ថា គេអាចមានអ្នកដែលគេជឿជាក់ និងទុកចិត្តបាន ដើម្បីអាចនិយាយប្រាប់ និងផ្តល់យោបល់ដល់ពួកគេ ជាពិសេសគឺរឿងទាក់ទងនឹងផ្លូវភេទ តែម្តង ។
សំខាន់ជាងនេះទៅទៀត ក្នុងអត្ថបទស្រាវជ្រាវដដែលនោះ ក៏បានបញ្ជាក់ថា យុវវ័យដែលមិនមានការជជែក ឬយល់ដឹងអំពីរឿងផ្លូវភេទ នឹងអាចទទួលព័ត៌មានខុស ឬយល់ដឹងខុសអំពីរឿងផ្លូវភេទ ហើយមានការលាក់លៀម និងពុំហ៊ាននិយាយស្តីទាល់តែសោះ។ ទង្វើនេះ អ្នកជំនាញសុខភាពផ្លូវភេទនៅបស្ចឹមប្រទេសបានសង្កត់ធ្ងន់ថា ពុំមែនជាឥរិយាបថល្អឡើយ ហើយថាវានាំឲ្យមានការលំបាកនៅពេលណាដែលយុវវ័យទាំងនោះចង់ស្វែងរកដំបូន្មានសំខាន់ៗណាមួយ ទាក់ទងក្នុងរឿងសុខភាពផ្លូវភេទ ឬការរួមភេទ។
ស្តីពីសំណួរដែលថាក្នុងសង្គមខ្មែរតើមាតាបិតា ដែលជជែកជាមួយកូនៗអំពីរឿងសុខភាពផ្លូវភេទដែរ ឬទេ? លោកស្រី ជា វណ្ណាត អតីតប្រធានអង្គការអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍ថា ជាធម្មតាគឺមិនជជែកទេ យុវវ័យស្វែងយល់ដឹងដោយខ្លួនឯង ៖ «បញ្ហាផ្លូវភេទនេះ គឺថាម្នាក់ៗស្វែងយល់ដោយខ្លួនឯង ឬក្មេងៗគ្នាឯង ហើយជួនកាលព័ត៌មានហ្នឹង គឺមិនច្បាស់លាស់ មិនពិតប្រាកដ ជួបប្រទះហើយគឺដកពិសោធន៍ផ្ទាល់ខ្លួន»។
និស្សិតនារីថ្នាក់បរិញ្ញាបត្រម្នាក់ ដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះ បានរៀបរាប់អំពីបទពិសោធន៍របស់ខ្លួនថា ៖ «ពេលខ្លះខ្ញុំមិនដឹងថា តើហេតុអ្វីបានជាសួរអំពីរឿងផ្លូវភេទ។ ប៉ុន្តែមួយចំនួនទៀត ពេលមានបញ្ហាសុខភាពផ្លូវភេទ គឺយើងតែងតែសួរគាត់ ហើយគាត់អាចឆ្លើយប្រាប់បាន ប៉ុន្តែរឿងរួមភេទ ខ្ញុំគិតថាអត់ត្រូវនិយាយទេ»។
ទោះជាមិនហ៊ាននិយាយជាមួយមាតាបិតាក្តី យុវនិស្សិតរូបនេះឲ្យដឹងថា ជាមួយមិត្តភ័ក្ដិនារីៗ គេមានអារម្មណ៍ហ៊ានជជែកគ្នាច្រើន ព្រោះមានកម្រិតការយល់ដឹងដូចគ្នា ៖ «អ្វីដែលខ្ញុំបានជជែកជាមួយមិត្តភ័ក្ដិភាគច្រើន គាត់អត់មានការអៀនខ្មាសទេ។ ខ្ញុំគិតថា ប្រហែលជាយើងជាយុវវ័យ និងមានវ័យស្មើគ្នា មានកម្រិតចេះដឹងខ្ពស់ ហើយបានរៀនសូត្រយល់ដឹងដូចគ្នា ដូច្នេះយើងអាចមានអារម្មណ៍ជជែកគ្នាបាន ក៏ប៉ុន្តែមួយចំនួននោះ ដោយសារគ្រួសារគេមានការតឹងតែង កាន់ប្រពៃណី អ៊ីចឹងក៏មិនហ៊ាននិយាយអ្វីទេ»។
ស្ថិតិស្រាវជ្រាវមួយនៅក្នុងប្រទេសអង់គ្លេស ដែលអនុញ្ញាតឲ្យយុវវ័យអាចទូរស័ព្ទសាកសួរព័ត៌មាន ២៤ម៉ោង ស្តីអំពីរឿងផ្លូវភេទ បានបញ្ជាក់ថា យុវវ័យជាង ៥០% ដែលទូរស័ព្ទមកពុំមែនដោយសារតែគេមានវិបត្តិស្នេហានោះទេ តាមពិតគឺពួកគេទូរស័ព្ទដើម្បីចង់ដឹងព័ត៌មាននានាអំពីសុវត្ថិភាពនៃការរួមភេទ និងសុខភាពផ្លូវភេទ ពីព្រោះពួកគេមិនហ៊ាននិយាយ ឬជជែកជាចំហជាមួយមាតាបិតា និងគ្រូបង្រៀនបានឡើយ៕
