វិធី​​ជួយ​ស្ត្រី​ជិត​ឬ​ក្រោយ​អស់​រដូវ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​ផ្លូវ​ភេទ

មនុស្ស​ជាតិ​ជា​ច្រើន​មិន​ថា​សាសន៍​ណា​ជា​សាសន៍​ណា តែងតែ​មាន​ជំនឿ​ថា​ការ​រួម​ភេទ​គឺ​ជា​ចំណង់​កាម​តម្រេក និង​ភាពសប្បាយ​រីករាយ​សម្រាប់​អ្នក​ដែល​មាន​វ័យ​ក្មេងៗ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ការ​ស្រាវជ្រាវ​របស់​ទស្សនាវដ្តី AARPនៅ​ស.រ.អា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ទោះបីជា​យើង​មាន​វ័យ​ចំណាស់​ក្តី សុខភាព​ផ្លូវ​ភេទ​នៅ​តែ​មាន​សារសំខាន់​ចំពោះ​សុខភាព​ទូទៅ​របស់​យើង ហើយ​រឿង​ផ្លូវ​ភេទ​នេះ ក៏​ជា​ផ្នែក​មួយ​ចាំបាច់​ផង​ដែរ បន្ថែម​ទៅ​លើ​គុណភាព​នៃ​ជីវិត​រស់​នៅ​របស់​យើង​គ្រប់ៗ​គ្នា។

0:00 / 0:00

ស្តី​ពី​បញ្ហា​ដែល​ស្ត្រី​ខ្មែរ​ភាគច្រើន​ជិត​អស់​រដូវ ឬ​ក្រោយ​អស់​រដូវ​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង​ផ្លូវ​ភេទ លោកស្រី​វេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​សុខភាព​បន្ត​ពូជ​យុវវ័យ និង អេច. អាយ.វី អេដស៍ របស់​អង្គការ​មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA បាន​មាន​ប្រសាសន៍​អះអាង​ថា ស្ត្រី​ដែល​បាត់​បង់​ចំណង់​ខាង​ផ្លូវ​ភេទ ស្រ្តី​នោះ​ពិត​ជា​មាន​ជំងឺ​ណា​មួយ​ជា​មិន​ខាន ដែល​ចាំបាច់​ត្រូវការ​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ។

លោកស្រី​វេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​កត្តា​ជីវសាស្ត្រ ស្ត្រី​ដែល​មាន​សុខភាព​ល្អ ផ្លូវ​កាយ ផ្លូវ​ចិត្ត​ត្រូវ​តែ​មាន​ចំណង់​ខាង​ផ្លូវ​ភេទ។ ប៉ុន្តែ​បើ​គាត់​ទទួល​ស្គាល់​ថា គាត់​ឈឺ ដូច្នេះ​គាត់​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ជំងឺ​ណា​មួយ​របស់​គាត់ ដែល​មាន​នោះ...»

ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​នៅ​ពុំទាន់​មាន​សេវា​ខាង​សុខភាព​ផ្លូវ​ភេទ ឬ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ពិគ្រោះ​យោបល់​បញ្ហា​រោគ​សញ្ញា​ទូទៅ​របស់​ស្ត្រី​នៅ​ពេល​ជិត​អស់​រដូវ​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រី​អង្គការ​មូល​និធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA បាន​មាន​ប្រសាសន៍​ពន្យល់​អំពី​ហេតុផល​ទាំង​នេះ​ថា ៖ «នៅ​ស្រុក​ខ្មែរ​យើង​អត់​មាន​សេវា​ហ្នឹង​ទេ តែ​យើង​មាន​សេវា​ខាង​ផ្លូវ​ចិត្ត ប៉ុន្តែ​នៅ​មាន​ភាព​ទន់​ខ្សោយ។ ទាក់ទង​រឿង​ហ្នឹង ទាល់​តែ​យើង​បង្កើត​ជា​សេវា ហើយ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ទើប​គេ​អាច​មក​រក​ជំនួយ​ដោយ​ខ្លួន​ឯង»

នៅ​ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត វណ្ណដារ៉ា ក៏​បាន​ថ្លែង​ទទួល​ស្គាល់​ថា ការ​ស្វះស្វែង​រក​ជំនួយ​ខាង​សុខភាព​ផ្លូវ​ភេទ​នេះ គឺ​ត្រូវការ​ពេល​វេលា​និង​ប្រាក់​កាស ដែល​បញ្ហា​នេះ មាន​ការ​ចោទ​យ៉ាង​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគ​ច្រើន​មាន​ជីវភាព​រស់​នៅ​ខ្វះខាត និង​ពុំ​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​នេះ។

លោកស្រី​វេជ្ជបណ្ឌិត វណ្ណដារ៉ា បន្ត​ថា ជា​ការ​ចាំបាច់​បំផុត ស្ត្រី​ជា​ភរិយា​នៅ​ពេល​មាន​រោគ​សញ្ញា​នៃ​ការ​អស់​រដូវ ដូច​ជា​មាន​អារម្មណ៍​ថប់ៗ មិន​ស្រួល​ខ្លួន ពិបាក​ក្នុង​ចិត្ត ឬ​នៅ​ពេល​រួម​ភេទ ឈឺ​ផ្សារ​ក្រហាយ មិន​មែន​អារម្មណ៍​ស្រួល​សប្បាយ ដោយសារ​តែ​ទ្វារ​មាស​ស្ងួត​នោះ គេ​ត្រូវ​តែ​ជជែក​ពិភាក្សា​ជាមួយ​ស្វាមី​ដើម្បី​រក​វិធី​ដោះស្រាយ ៖ «ស្ត្រី​យើង​ពេល​អស់​រដូវ គិត​ថា​បាត់​បង់​ចំណង់ តាម​ពិត​ពុំមែន​ទេ គ្រាន់តែ​ប្រដាប់​ផ្លូវ​ភេទ​ស្ងួត​មាន​ការ​ឈឺចាប់​ពេល​រួម​ភេទ អ៊ីចឹង​យើង​អាច​រក​វិធី​ដូច​ជា​ប្រេង​រំអិល ដើម្បី​សម្រួល​ពេល​រួម​ភេទ​កុំ​ឲ្យ​ឈឺ»

ក្នុង​សំណួរ​ថា បើ​ស្រ្តី​ចង់​បាន​ប្រេង​រំអិល​សម្រាប់​ការ​រួម​ភេទ គេ​អាច​ទៅ​រក​ទិញ​បាន​កន្លែង​ណា? លោកស្រី​វេជ្ជបណ្ឌិត វណ្ណដារ៉ា ថា ៖ «បាន​ទៅ​រក​អ្នក​បច្ចេកទេស ដូចជា​វេជ្ជបណ្ឌិត ទោះបីជា​គ្មាន​ជំនាញ​មែន តែ​គ្រូពេទ្យ​អាច​យល់​ដឹង និង​អាច​ណែនាំ ឬ​ចេញ​ជា​វេជ្ជបញ្ជា​ដើម្បី​ទិញ​នៅ​កន្លែង​លក់​ថ្នាំ សម្រាប់​សុវត្ថិភាព​របស់​គាត់»

ចំពោះ​ផ្នត់​គំនិត​របស់​ស្ត្រី​ខ្មែរ​ដែល​មាន​អាយុ​លើស​ពី ៤៥​ឆ្នាំ​ឡើង​ទៅ គិត​ថា​ខ្លួន​ចាស់ ហើយ​មិន​គួរ​រវីរវល់​ក្នុង​រឿង​ផ្លូវ​ភេទ​នោះ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ខ្មែរ​យើង​គួរ​តែ​ផ្លាស់​ប្តូរ​ឥរិយាបថ ងាក​មក​គិតគូរ ខិត​ខំ​ថែ​រក្សា​ខ្លួន​ប្រាណ​ឲ្យ​បាន​នៅ​ស្រស់​ស្អាត បើ​ទោះ​បី​ជា​មាន​វ័យ​ចំណាស់​ក៏ដោយ ៖ «អាច​ទៅ​វត្ត​គិត​ធម៌​អាថ៌​ខ្លះ​ទៅ ប៉ុន្តែ​មក​ផ្ទះ​វិញ ត្រូវ​គិត​ស្វាមី​យើង​ផង គឺ​ថា​យើង​អាច​គិត​ទាំង​ពីរ​បាន។ សុំ​កុំ​ឲ្យ​ធ្វេស​ប្រហែស តែង​ខ្លួន​ស្លៀក​ពាក់​នៅ​តែ​ល្អ កាន់​តែ​ចាស់ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ស្វាមី​នៅ​តែ​ពេញ​ចិត្ត​យើង»

ការ​ស្រាវជ្រាវ​របស់​ទស្សនាវដ្តី AARP ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មនុស្ស​ប្រុស​ស្រី​បច្ចុប្បន្ន នៅ​ស.រ.អា ដែល​មាន​អាយុ​លើស​ពី ៤៥​ឆ្នាំ​ឡើង​ទៅ ហើយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​តិចតួច ឬ​ក៏​បាត់​បង់​ចំណង់​ខាង​ផ្លូវ​ភេទ គេ​បាន​ងាក​មក​រក​ជំនួយ និង​ការ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​សុខភាព ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​របស់​គេ​នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ក៏ប៉ុន្តែ​នៅ​ជាមួយ​គ្នា​នោះ ក៏​មាន​មនុស្ស​ប្រុស ស្រី​វ័យ​ចំណាស់​មួយ​ចំនួន ដែល​មិន​អាច​មាន​ជម្រើស​ទទួល​បាន​ការ​ព្យាបាល​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ភេទ​បាន​ប្រសើរ ដោយសារ​តែ​ពួក​គេ​មាន​ជំងឺ​សុខភាព​រ៉ាំរ៉ៃ ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ៕