យុវនិស្សិតម្នាក់ដែលបានបញ្ចប់បរិញ្ញាបត្រនៅសកលវិទ្យាល័យនៅទីក្រុងភ្នំពេញ ហើយដែលវិទ្យុអាស៊ីសេរី សុំមិនបញ្ចេញឈ្មោះបានថ្លែងទទួលស្គាល់ថា ការយល់ដឹងអំពីសុខភាពផ្លូវភេទ មានផលប្រយោជន៍ច្រើនជាទីបំផុត ចំពោះមនុស្សគ្រប់ៗគ្នា ៖ «រូបមនុស្សយើងគឺមានសុខភាពបីដែលទំនាក់ទំនងគ្នាទៅវិញទៅមក គឺសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវភេទ។ ហើយសុខភាពផ្លូវភេទនេះ បើសិនយើងយល់ដឹងច្បាស់អំពីសារសំខាន់របស់វា គឺវាអាចការពារកុំឲ្យយើងឆ្លងមេរោគផ្សេងៗ មានជំងឺកាមរោគ និងមានកូនខុសពីគម្រោងការរបស់យើង...»។
ទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទនេះដែរ លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និងអេច្ឆ.អាយ.វី អេដស៍ របស់អង្គការ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ជាភាសាអង់គ្លេសថា UNFPA ដែលអង្គការរបស់លោកស្រី មានកម្មវិធី ចុះអប់រំស្ត្រី បុរស នៅក្នុងសហគមន៍នានា នៅតាមខេត្តក្រុងជាច្រើននៅប្រទេសកម្ពុជា បានថ្លែងថា សុខភាពផ្លូវភេទ គឺមានការជាប់ពាក់ព័ន្ធទៅនឹងជីវិតរស់នៅរបស់យើងម្នាក់ៗ មិនអាចកាត់ផ្តាច់បានឡើយ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «ទាក់ទិននឹងផ្លូវភេទ គេឲ្យនិយមន័យមួយ គឺតាំងពីកើតរហូតដល់ស្លាប់ គឺយើងមានអ្វីៗគ្រប់យ៉ាង យើងកើត យើងរស់ យើងធ្វើការយើងស្រឡាញ់គ្នា មានបងប្អូន ដូច្នេះសុខភាពផ្លូវភេទ វាមានសារសំខាន់ដូចជាជីវិតយើងអ៊ីចឹងដែរ។ បើជីវិតយើងទាក់ទិននឹងអ្វីនោះ សុខភាពផ្លូវភេទក៏ទាក់ទងដូចគ្នានេះដែរ...»។
យោងតាមការចុះផ្សាយក្នុងទំព័រវ៉ឹបសៃថ៍នៃអង្គការសុខភាពពិភពលោក ក៏ដូចជាវ៉ឹបសៃថ៍ Sexualhealth.com ក៏បានបញ្ជាក់អំពីចំណុចសំខាន់ៗនៃសុខភាពផ្លូវភេទថា សុខភាពផ្លូវភេទគឺវាមានការជាប់ពាក់ព័ន្ធទៅនឹងសិទ្ធិរបស់មនុស្សយើងម្នាក់ៗ មិនថាប្រុស ឬស្រី ដែលច្បាប់ក្នុងប្រទេសនីមួយៗត្រូវទទួលស្គាល់និងគោរព ក្នុងនោះរួមមានស្ត្រីត្រូវមានសិទ្ធិទទួលបាននូវការអប់រំខាងសុខភាពផ្លូវភេទ ទទួលបាននូវសេវាសុខភាពបន្តពូជ ជៀសផុតពីការចាប់បង្ខំ និងការរំលោភផ្លូវភេទ ការប្រមាថមើលងាយ ស្ត្រីមានសិទ្ធិជ្រើសរើសដៃគូ មុនសម្រេចចិត្តរៀបមង្គលការជាដើម។
ពិសេសជាងនេះទៅទៀត ស្ត្រីក៏មានសិទ្ធិក្នុងការសម្រេចចិត្ត ថាតើខ្លួនចង់មានកូនឬអត់ ហើយបន្ថែមពីនេះ ស្ត្រីនិងបុរស ក៏មានសិទ្ធិដូចគ្នា ក្នុងការទទួលបាននូវអារម្មណ៍សប្បាយ រីករាយនិងពេញចិត្តនៅពេលរួមភេទផងដែរ។
ស្តីពីសំណួរដែលចង់ដឹងថា តើទាំងស្ត្រីនិងយុវនារីគួរស្វែងយល់ដឹងអំពីសុខភាពផ្លូវភេទដែរ ឬទេ? លោកស្រី ជា វណ្ណាត អតីតប្រធានអង្គការអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍ថា ស្ត្រីនិងយុវនារី គួរតែមានការយល់ដឹងអំពីរឿងនេះ ៖ «រឿងហ្នឹងគួរតែដឹងហើយ។ កាលខ្ញុំនៅពីក្មេងរៀននៅវិទ្យាល័យ នរោត្តម កាលពីទសវត្សរ៍ឆ្នាំ១៩៦០ គេមានបង្រៀនដែរ ហើយឥឡូវនេះ មានអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក៏បានបង្រៀនទៀត ហើយបើកចំហច្រើន...»។
ចំណែកឯយុវនិស្សិតរូបនេះដដែល ក៏បានបញ្ជាក់ដែរថា បន្ថែមពីការបង្ហាត់បង្រៀននៅតាមវិទ្យាល័យ សព្វថ្ងៃនេះ ក៏មានអង្គការក្រៅរដ្ឋាភិបាលជាច្រើន បានចុះទៅបើកវគ្គសិក្សាអប់រំអំពីសុខភាពបន្តពូជ និងវិធីសាស្ត្រនានា ដើម្បីការពារការឆ្លងនៃជំងឺកាមរោគ និងមេរោគអេច្ឆ.អាយ.វី ដែលនាំឲ្យកើតជំងឺអេដស៍ ហើយដែលជាជំងឺមួយមិនអាចព្យាបាលឲ្យជាបាន។
យុវនិស្សិតដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដូច្នេះ ៖ «តាមដែលខ្ញុំបានដឹង នៅតាមសាលារៀន គេមានកម្មវិធីបង្រៀនអំពីសុខភាពផ្លូវភេទ គឺគេបានបង្រៀនការការពារនិងថែរក្សា ទាក់ទងប្រដាប់ភេទ។ ប៉ុន្តែមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន គេបានបង្រៀន និងបង្ហាញជាក់លាក់ ស៊ីជម្រៅ ទាក់ទងនឹងជំងឺកាមរោគ សុខភាពផ្លូវភេទ»។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា បានមានប្រសាសន៍ថា ការយល់ដឹងអំពីសុខភាពផ្លូវភេទនេះ គឺមិនត្រឹមតែស្ត្រី ឬយុវនារីទេ សូម្បីបុរស ឬស្វាមីក៏ត្រូវតែស្វែងយល់ដឹងអំពីរឿងនេះដែរ ៖ «វាទាក់ទិននឹងប្រពៃណីយើងខ្លះៗ ចោទសំខាន់ទៅលើយុវនារី។ តែបើយើងក្រឡេកមើលអំពីសុខភាពផ្លូវភេទ តើអ្នកណាគួរយល់ដឹង ? ចម្លើយគឺទាំងបុរស ទាំងនារី គួរដឹង។ ប៉ុន្តែកន្លងមកយើងសង្កេតឃើញថា បុរសមានសេរីភាពយល់ដឹងជាងនារីព្រោះថា ស្ត្រីស្ថិតក្នុងបរិបទប្រពៃណីទំនៀមទម្លាប់មួយ គឺស្ត្រីពុំគួរដឹងទេ បើចង់ដឹង គេថាជាស្ត្រីមិនល្អជាដើម...»៕
