ស្ថានភាព​ស្ត្រី​និង​កុមារ​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា

របាយការណ៍​របស់​អង្គការ​លីកាដូ ផ្សាយ​កាល​ពី​ខែ​មីនា ២០០៩ ឲ្យ​ដឹង​ថា ចំនួន​ស្ត្រី​ដែល​ជាប់​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០៨ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៧។

របាយការណ៍​របស់​អង្គការ​លីកាដូ ស្តី​អំពី​ស្ថានភាព​ស្ត្រី​ក្នុង​ពន្ធនាគា​រនៅ​កម្ពុជា​ឆ្នាំ​២០០៨ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នកទោស​ស្ត្រី​និង​អនីតិជន​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨ ក្នុង​ចំណោម​ពន្ធនាគារ​ទាំងអស់​ចំនួន​២៦ នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​មូលហេតុ​ធំៗ​នៃ​បទឧក្រិដ្ឋ​របស់​ពួកគេ​ទាំង​នោះ រួម​មាន​ការ​ជួញ​ដូរ​ផ្លូវភេទ ការ​ជួញ​ដូរ​គ្រឿង​ញៀន ឃាតកម្ម និង​អំពើ​ប្លន់​ជាដើម។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​អំពី​ប្រភេទ​បទល្មើស​ដែល​ស្ត្រី​និង​កុមារី​ទាំងនោះ​បាន​ប្រព្រឹត្ត​យ៉ាង​នេះ​ថា ៖ «តាម​ការ​ស្រាវជ្រាវ​គឺ​បាន​បង្ហាញ​ថា បទល្មើស​ភាគ​ច្រើន​គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ទី​២ ការ​ជួញ​ដូរ​គ្រឿង​ញៀន ទី​៣ គឺ​ការ​សម្លាប់​ដោយសារ​ហិង្សា​ក្នុង​គ្រួសារ បាន​ន័យ​ថា ភាគ​ច្រើន​គឺ​ស្ត្រី​តប​ទល់​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ស្លាប់ ទី​៤ បទ​ល្មើស​ប្លន់ ហើយ​និង​មាន​មួយ​ចំនួន​ទៀត ដូចជា​លួច ចោរកម្ម»

លោក អំ សំអាត បាន​មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​តែ​ថវិកា​ជំនួយ​មាន​កម្រិតត អង្គការ​លីកាដូ​មាន​ការិយាល័យ​ឃ្លាំមើល​ស្ថានភាព​ក្នុង​ពន្ធនាគារ​ចំនួន​១៨ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន​១៣​តែ​ប៉ុណ្ណោះ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «ការិយាល័យ​នៅ​តាម​ខេត្ត​ក្រុង​ទាំង​១៣ មាន​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ព្រះសីហនុ មាន​ខេត្ត​កំពង់ស្ពឺ កំពត កំពង់ចាម កំពង់ធំ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ស្វាយរៀង»

សូម​ជម្រាប​ជូន​ថា បន្ថែម​ពី​អង្គការ​លីកាដូ ដែល​មាន​កម្មវិធី​ឃ្លាំមើល​ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា និង​សិទ្ធិ​របស់​អ្នកទោស​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន​១៣​ខាង​លើ​នេះ ក៏​នៅ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​មាន​កម្មវិធី​ស្រដៀង​គ្នា​នេះ​ដែរ នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត ក្នុង​នោះ​មាន​អង្គការ​កម្មវិធី​តាមដាន​ពន្ធនាគារ សមាគម​សិទិ្ធ​មនុស្ស​កម្ពុជា​និង​អភិវឌ្ឍន៍ អាដហុក ជាដើម។

របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​ពន្ធនាគារ​ទាំង​១៨ ដែល​អង្គការ​លីកាដូ​មាន​ការិយាល័យ​នៅ​តាម​ខេត្ត​ក្រុង​ចំនួន​១៣​នោះ បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៨ មាន​អ្នកទោស​សរុប​ទាំង​បុរស ស្ត្រី និង​អនីតិជន​ចំនួន​១០.៥៩២​នាក់ ហើយ​បើ​ប្រៀបធៀប​ក្នុង​អំឡុង​ឆ្នាំ​២០០៧ គឺ​មាន​សរុប​ទាំងអស់​តែ​ចំនួន​៩.៦៥៤​នាក់​តែប៉ុណ្ណោះ។

ចំណែក​អ្នកទោស​ជា​ស្ត្រី​វិញ​ក្នុង​អំឡុង​ឆ្នាំ​២០០៨ បាន​កើន​ដល់​ទៅ​៦១៥​នាក់ ពី​ចំនួន​៥៥០​នាក់​កាល​ពី​អំឡុង​ឆ្នាំ២០០៧។ ចំពោះ​អ្នកទោស​ជា​អនីតិជន​វិញ​ក៏​បាន​កើន​ឡើង​ដែរ គឺ​នៅ​ក្នុង​ឆ្នាំ​២០០៧ ក្មេង​ប្រុស​មាន​៦០៨​នាក់ ក្មេងស្រី​១៤​នាក់ ប៉ុន្តែ​ក្នុង​អំឡុង​ឆ្នាំ​២០០៨ គឺ​មាន​ក្មេង​ប្រុស​កើន​ដល់​ទៅ​ ៦៨៤​នាក់ និង​ក្មេង​ស្រី​មាន​១៩​នាក់។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ បាន​បង្ហាញ​តួលេខ​សរុប​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៨ មាន​អ្នកទោស​សរុប​ទាំង​អស់​ចំនួន​១១.៦៨៨​នាក់ នៅ​ក្នុង​ពន្ធនាគារ​ចំនួន​២៦​ទូទាំង​ប្រទេស​កម្ពុជា។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ខែ​មករា ឆ្នាំ​២០០៩ មាន​កុមារា​កុមារី​ចំនួន​៤០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ទាំង​១៨ ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​អង្គការ​លីកាដូ។ ក៏​ប៉ុន្តែ​ចាប់​ពី​អាយុ​៦​ឆ្នាំ​ឡើង​ទៅ កុមារ​ទាំង​នោះ​តម្រូវ​ឲ្យ​យក​ចេញ​ពី​គុក​សម្រួល​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ញាតិ​សន្តាន ដើម្បី​អាច​ទទួល​បាន​ការ​រៀនសូត្រ ។

លោក អំ សំអាត បាន​រៀបរាប់​អំពី​ហេតុផល​នៃ​ចំនួន​អ្នកទោស​ស្ត្រី​កើន​ឡើង​យ៉ាង​ដូចនេះ ៖ «បើ​យើង​ប្រៀបធៀប​នៅ​តាម​ពន្ធនាគារ គឺ​អ្នក​ទោស​ស្ត្រី​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ យើង​ឃើញ​ថា នៅ​ឆ្នាំ​២០០៨ គឺ​មាន​៦៤៦​នាក់​បូក​ទាំង​ក្មេង​ផង តែ​មិន​មែន​ជា​អ្នក​ជាប់​ពន្ធនាគារ​ទេ ក៏​ប៉ុន្តែ​គិត​មក​ដល់​ខែ​សីហា ឆ្នាំ​២០០៩ យើង​ឃើញ​ដល់​ទៅ​៧០៦​នាក់ ដូច្នេះ​យើង​ឃើញ​ថា ចំនួន​អ្នក​ទោស​មុន គឺ​បាន​រួច​ទោស​តិច​ទេ តែ​មាន​អ្នក​ទោស​ថ្មី​ចូល​មក​កាន់​តែ​ច្រើន​ឡើងៗ»

មន្ត្រី​កម្មវិធី​ឃ្លាំមើល​ពន្ធនាគារ​នៃ​អង្គការ​លីកាដូ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​ស្ថានភាព​នៅ​តាម​ពន្ធនាគារ​នានា​ចំនួន​១៨ ក្នុង​ចំណោម​ពន្ធនាគារ​ចំនួន​២៦ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ស្ថានភាព​រស់​នៅ​របស់​ទណ្ឌិត​និង​ពិរុទ្ធជន​ស្ត្រី​និង​កូន​ចៅ​របស់​គេ​មាន​ការ​លំបាក​ជា​ខ្លាំង ដែល​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន គឺ​ដោយសារ​តែ​បន្ទប់​ឃុំឃាំង មាន​ភាព​តូច​ចង្អៀត​ដាក់​មនុស្ស​លើស​ចំណុះ កង្វះ​អនាម័យ កង្វះ​ម្ហូប​អាហារ កង្វះ​ទឹក​ស្អាត​សម្រាប់​បរិភោគ និង​ប្រើប្រាស់​បន្ទប់​ពុំ​មាន​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់ ហើយ​និង​កង្វះ​ការ​ព្យាបាល​សុខភាព​ថែម​ទៀត​ផង។

របាយការណ៍​របស់​អង្គការ​លីកាដូ ស្តី​អំពី​ស្ថានភាព​ស្ត្រី​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា ឆ្នាំ​២០០៨ បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា បុគ្គលិក​ស្រាវជ្រាវ​ពន្ធនាគារ​របស់​អង្គការ​លីកាដូ បាន​ចុះ​ពិនិត្យ​ស្ថានភាព​អ្នក​ទោស​ក្នុង​មួយ​សប្តាហ៍​ម្តង ហើយ​រៀង​រាល់​ការ​ចុះ​សម្ភាស គឺ​ត្រូវ​ប្រើ​ពេល​ពី​២​ទៅ​៣​ម៉ោង ដោយ​ប្រើ​កម្រង​សំណួរ​ជា​បទដ្ឋាន​មួយ ដែល​ទាក់ទង​នឹង​ព័ត៌មាន​លម្អិត​អំពី​ទោស​ឧក្រិដ្ឋ​របស់​គេ អំពី​ស្ថានភាព​រស់នៅ ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​មេធាវី​ការពារ​ក្តី​ឲ្យ​ពួកគេ​ជាដើម។

រាល់​បទសម្ភាសន៍​ជាមួយ​អ្នក​ទោស គឺ​ត្រូវ​មាន​វត្តមាន​មន្ត្រី​ពន្ធនាគារ ហេតុ​ដូច​នេះ​ហើយ​ការ​សម្ងាត់​មួយ​ចំនួន​មិន​អាច​ធានា​បាន​ឡើយ​នៅ​ពេល​សាកសួរ​អ្នកទោស បើ​ទោះ​បី​ជា​អ្នក​ស្រាវជ្រាវ​ពន្ធនាគារ​បាន​ព្យាយាម​ស្វែង​រក​កន្លែង​ស្ងាត់​ដែល​អាច​សម្ភាស​ជា​លក្ខណៈ​បុគ្គល​ក៏ដោយ៕