ស្ត្រីគ្រប់ៗគ្នាមិនថាចាស់ ឬក្មេង ដែលមានការចាប់អារម្មណ៍ច្រើន និងគិតគូរអំពីសុខភាព ជាទូទៅពួកគេពិតជាបានដឹងច្បាស់អំពីវិធីថែទាំសុខភាព និងមុខចំណីអាហារដែលគេគួរបរិភោគ សម្រាប់ទ្រទ្រង់រូបរាងកាយ ហើយនិងធ្វើឲ្យខ្លួនគេមានសុខភាពល្អ នៅក្នុងដំណាក់កាលនីមួយៗ នៃការប្រែប្រួលក្នុងជីវិតរស់នៅរបស់មនុស្ស ដូចជាស្ត្រីកំពុងមានផ្ទៃពោះ ស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីនៅពេលមុននឹងអស់រដូវជាដើម។
ឧទាហរណ៍ដូចជាស្ត្រីអស់រដូវ ដែលភាគច្រើនចន្លោះពីអាយុ ៤៥ឆ្នាំ ដល់ ៥៥ឆ្នាំ ពួកគេត្រូវបរិភោគអាហារណាដែលមានជាតិកាល់ស្យូម វីតាមីន ឌី ដើម្បីធ្វើឲ្យឆ្អឹងរឹងមាំ និងមានកម្លាំងពលំជាដើម។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ផ្នែកកែសម្ផស្សនៅមន្ទីរពេទ្យព្រះកេតុមាលា និងជាប្រធានទស្សនាវដ្ដីសុខភាពនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃនេះស្ត្រីខ្មែរភាគច្រើនមានការចាប់អារម្មណ៍ច្រើនអំពីការថែរក្សាសុខភាព និងសម្ផស្សរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ មានប្រសាសន៍ថា ៖ «ស្ត្រីភ្ជាប់សុខភាពជាមួយសម្រស់។ ទាក់ទងនឹងសម្រស់ ស្ត្រីច្រើនគិតពីទម្ងន់ ពីស្បែក ហើយចំពោះសុខភាពទូទៅ ស្ត្រីគិតគូរអំពីការមករដូវ ការអស់រដូវ ការថែទាំសុដន ថែស្បូន កុំឲ្យមានមហារីកស្បូន មាត់ស្បូន កស្បូន និងសុដនជាដើម...»។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ មានប្រសាសន៍បន្តថា ដើម្បីទទួលបានសុខភាពល្អ និងចៀសវាងនូវជំងឺរ៉ាំរ៉ៃប្រចាំកាយណាមួយដែលអាចកើតមានឡើង ស្ត្រីគួរតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់រៀងរាល់ ៦ខែម្តង។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បន្តដូច្នេះ ៖ «ពួកគាត់គួរព្យាយាមទៅជួបគ្រូពេទ្យជំនាញផ្នែករោគស្ត្រីមួយឆ្នាំ ២ដង។ គេអាចពិនិត្យសុដន ស្បូន ថាតើគាត់អាចប្រឈមមុខនឹងជំងឺមហារីកដែរ ឬទេ? គេអាចមានករណីផ្សេងៗទៀត សំខាន់ចំពោះស្រ្តីកំពុងបន្តកំណើត និងវ័យអស់រដូវ»។
អ្នកស្រី ប៉ែន គឹមលី អាយុ ៥២ឆ្នាំ ដែលបច្ចុប្បន្នចូលនិវត្តន៍ បានមានប្រសាសន៍ថា អ្នកស្រីតែងតែទៅជួបគ្រូពេទ្យជំនាញជាប្រចាំ ដើម្បីពិនិត្យសុខភាព បើទោះបីជាពេលខ្លះមិនឈឺក៏ដោយ ៖ «ជួនក៏ ៣ខែ ឬ ៥ខែ។ ខ្ញុំនឹកឃើញខ្លាចមិនស្រួល ឧស្សាហ៍ទៅឆែកមើលជាតិស្ករ មើលឈាម មើលថ្លើម ព្រោះខ្ញុំចាស់ហើយ អាចវាធ្វើទុក្ខយើង ប៉ុន្តែទៅម្តងណាក៏ដោយ ក៏ពេទ្យថា អត់អីដែរ»។
អ្នកស្រី ប៉ែន គឹមលី បន្តថា ក្រៅពីកិច្ចការក្នុងផ្ទះ មានដាំស្ល ថែទាំផ្ទះសម្បែង និងមើលចៅ អ្នកស្រីតែងតែឆ្លៀតពេលដើរយ៉ាងតិចកន្លះម៉ោងក្នុងមួយថ្ងៃ។ ចំពោះម្ហូបអាហារវិញ អ្នកស្រីចូលចិត្តពិសាត្រី បន្លែ និងផ្លែឈើ។
អ្នកស្រី ប៉ែន គឹមលី ឲ្យដឹងដូច្នេះ ៖ «ហាត់ប្រាណក៏មិនបានហាត់ច្រើនទេ ដោយសាររវល់មើលចៅ ដូចជាបោសផ្ទះ។ ដើរទៅលិចទៅកើតប្រមាណ ២ ឬ ៣គីឡូម៉ែត្រ អត់បានទៅហាត់នៅស្តាតទេ។ ខ្ញុំចូលចិត្តត្រី និងបន្លែ ញ៉ាំទៅស្រួលបត់ជើង ហើយសាច់ជ្រូក ឥឡូវមើលទៅមិនគួរហ៊ានញ៉ាំទេ»។
បន្ថែមពីការទៅពិនិត្យសុខភាពទៀងទាត់ ការហាត់ប្រាណ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានមានប្រសាសន៍រៀបរាប់អំពីសារសំខាន់នៃការបរិភោគអាហារ ក្នុងនោះមានត្រី បន្លែគ្រប់មុខ និងផ្លែឈើជាដើម ដែលសំបូរបែបនៅស្រុកខ្មែរ។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ មានប្រសាសន៍ថា ៖ «បងប្អូនស្ត្រី និងបុរសត្រូវទទួលទានឲ្យបានចូលក្នុងខ្លួននូវសារធាតុចិញ្ចឹម មានជាតិប្រូតេអ៊ីន ជាតិខ្លាញ់ និងជាតិស្ករ និងជាតិវីតាមីនមួយចំនួនទៀត។ ចំណីអាហារសម្រាប់មនុស្សយើង គឺត្រូវការអាហារគ្រប់មុខ។ យើងត្រូវការប្រូតេអ៊ីនពី ១៥ ទៅ ២០% ជាតិខ្លាញ់ពី ២៥ ទៅ ៣០% ចំណែកជាតិស្ករវិញ គឺត្រូវការពី ៤៥ ទៅ ៥៥%។ ដោយឡែកក្នុងប្រទេសយើង ប្រជាពលរដ្ឋយើងចូលចិត្តបរិភោគសាច់ត្រី បន្លែបង្ការ និងផ្លែឈើនៅក្នុងភូមិយើង»។
នៅក្នុងទំព័រវ៉ឹបសៃថ៍នៃមជ្ឈមណ្ឌលព័ត៌មានអំពីម្ហូបអាហារនៅអាស៊ី ដែលហៅកាត់ជាភាសាអង់គ្លេសថា AFIC បានបង្ហាញថា មនុស្សគ្រប់ៗគ្នាគួរបរិភោគចំណីអាហារគ្រប់មុខរាល់ថ្ងៃ ក្នុងនោះមានត្រី សាច់សុទ្ធគ្មានខ្លាញ់ សាច់មាន់ ឬគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែក គ្រាប់ល្ងជាដើម និងបរិភោគបន្លែផ្លែឈើឲ្យបានច្រើន។ ផឹកទឹកដោះគោ ផឹកទឹកសណ្តែក និងបរិភោគផលិតផលធ្វើពីទឹកដោះគោ អាហារដែលសំបូរជាតិកាល់ស្យូម មានបន្លែបៃតងជាដើម។ កុំពិសាអំបិលច្រើនពេក ហើយត្រូវប្រើអំបិលដែលមានជាតិអ៊ីយ៉ូដ។
ប្រភពដដែលបន្តថា ដើម្បីធ្វើឲ្យរស់នៅមានសុខភាពល្អ ត្រូវបរិភោគចំណីអាហារសម្រាប់ចិញ្ចឹម ឬផ្តល់អត្ថប្រយោជន៍ដល់រាងកាយ ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ និងកុំពិសាបារី។ សម្រាប់សុរាវិញនោះ ប្រភពដដែលបញ្ជាក់ថា អាចទទួលទានស្រាក្រហមបានត្រឹមមួយកែវក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃណាដែលលោកអ្នកបានហាត់ប្រាណ ប៉ុន្តែស្ត្រីមានផ្ទៃពោះវិញ គឺត្រូវចៀសវាងការពិសាស្រា និងគ្រឿងស្រវឹង៕
