ជាប្រពៃណីនិងទំនៀមទម្លាប់នៅក្នុងសង្គមកម្ពុជា មិនថាចាស់ ឬក្មេងស្រី ឬប្រុស តែងតែចាត់ទុកថារឿងផ្លូវភេទជារឿងលាក់លៀម ជារឿងផ្ទាល់ខ្លួន និងជារឿងកេរ្តិ៍ខ្មាស ដែលពុំគួរនិយាយ ឬជជែកគ្នាដោយចំហឡើយ ទោះបីជាមួយស្វាមីក៏ដោយ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និងអេច្ឆ.អាយ.វី អេដសន៍ របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ជាភាសាអង់គ្លេសថា UNFPA បានមានប្រសាសន៍ថា សុខភាពផ្លូវភេទមានសារសំខាន់ដូចជាអាយុជីវិតរបស់យើងគ្រប់ៗគ្នា ហើយថាពាក្យសុខភាពផ្លូវភេទនេះ គឺមកពីការរួមគ្នានៃពាក្យសុខភាពនិងផ្លូវភេទ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «បើយើងយល់ពីពាក្យពីរម៉ាត់នេះ យើងក៏អាចយល់ច្បាស់ពីទំហំនៃនិយមន័យនៃពាក្យនេះ។ ផ្លូវភេទ សំដៅលើប្រព័ន្ធបន្តពូជ និងសកម្មភាពផ្លូវភេទដែលពាក់ព័ន្ធ ដូច្នេះនៅពេលយើងនិយាយពីសុខភាពផ្លូវភេទ គឺមានន័យថាសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត ដែល ទាក់ទិននឹងប្រដាប់បន្តពូជ ឬផ្លូវភេទ ដែលធ្វើឲ្យយើងត្រូវមានសុខុមាលភាព រួមទាំងអស់ ទាំងកាយចិត្តសង្គម»។
យោងតាមការចុះផ្សាយក្នុងទំព័រវ៉ឹបសៃថ៍នៃអង្គការសុខភាពពិភពលោក ក៏ដូចជាវ៉ឹបសៃថ៍ Sexualhealth.com បានបញ្ជាក់និយមន័យថា សុខភាពផ្លូវភេទគឺមានន័យថា មនុស្សទាំងប្រុសទាំងស្រីត្រូវទទួលខុសត្រូវលើសកម្មភាពខាងផ្លូវភេទដែលខ្លួនប្រព្រឹត្តម្នាក់ៗ មិនថាបុរស ឬស្ត្រីមានសិទ្ធិដូចៗគ្នា ក្នុងការទទួលបាននូវអារម្មណ៍សប្បាយរីករាយ និងពេញចិត្តនៅពេលរួមភេទ ជាពិសេសគឺធ្វើឲ្យជីវិតរួមភេទរបស់គេមានសុវត្ថិភាព ជៀសផុតពីជំងឺកាមរោគគ្រប់បែបយ៉ាង ដែលក្នុងនោះ រួមទាំងជំងឺឆ្លង ដោយសារមេរោគអេច្ឆ.អាយ.វី ដែលនាំឲ្យកើតជំងឺអេដសន៍ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា បានមានប្រសាសន៍ថា នៅក្នុងសង្គមខ្មែរយើង ការរួមភេទរវាងស្វាមីភរិយា ភាគច្រើនស្ត្រីពុំស្វែងរកការយល់ដឹងអំពីការរួមភេទឡើយ ភរិយាតែងតែយល់ឃើញថា ស្ត្រីរៀបការជាមួយបុរសដើម្បីបង្គ្រប់កាតព្វកិច្ច ជាកូនស្រីដឹងគុណចំពោះមាតាបិតា និងក្រុមគ្រួសារ ហើយនឹងបំពេញនូវបំណង សេចក្តីត្រូវការខាងកាមកិលេសរបស់បុរសជាស្វាមីតែប៉ុណ្ណោះ ៖ «ឆ្លងតាមការពិសោធនិងការជជែកពិភាក្សាជាមួយស្ត្រីក្នុងសហគមន៍ ស្ត្រីភាគច្រើនពុំបានយល់ដឹងអំពីផ្លូវភេទ សុខស្រួលក្នុងរឿងផ្លូវភេទទេ។ អ៊ីចឹងមានន័យថា ស្ត្រីមានផ្នត់គំនិតជាស្ត្រីខ្មែរបានលាក់បាំងអំពីរឿងនេះ បើស្ត្រីចង់ដឹងមានន័យថា គាត់ឈានដល់រឿងអាសអាភាស...»។
ចំពោះការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា ខាងលើនេះ លោកស្រី ជា វណ្ណាត អតីតប្រធានអង្គការអភិវឌ្ឍន៍សង្គម ដែលបានធ្លាប់ធ្វើការដោះស្រាយបញ្ហាក្នុងគ្រួសារ មិនថានៅសរដ្ឋអាមេរិក និងនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជាទម្លាប់ក្នុងសង្គមនិងគ្រួសារខ្មែរ កូនស្រីដែលគ្រប់វ័យរៀបការគឺត្រូវតែប្រតិបត្តិ និងគោរពតាមមាតាបិតាដែលរៀបចំទុកដាក់ជីវិតគូស្រករឲ្យខ្លួន។
លោកស្រី ជា វណ្ណាត មានប្រសាសន៍ដូច្នេះថា ៖ «ដោយសារឪពុកម្តាយចាស់ទុំជាអ្នករៀបចំ ខ្លួនឯងហ្នឹងយល់ឃើញថា សង្គមហ្នឹងអ៊ីចឹងហើយ តៗគ្នាមកអ៊ីចឹងហើយ។ ធំឡើងពេញក្រមុំរៀបការទៅ នេះមិនមែនដោយសារសេចក្តីស្រឡាញ់បុរសនោះទេ ប៉ុន្តែទន្ទឹមហ្នឹងក៏មានសេចក្តីស្នេហាប្តូរផ្តាច់ ដូចជារឿងទុំទាវដែរ តែក្នុងចំណោមភាគតិចទេ...»។
ទោះជាក្នុងហេតុផលណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យនិងអេច.អាយ.វី អេដសន៍ របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន បានថ្លែងបញ្ជាក់ថា ដោយសារតែរបាំងនិងទស្សនៈយល់ឃើញទាំងអស់នេះហើយ ដែលជាកត្តាជំរុញឲ្យស្ត្រីខ្មែរ មានការស្ទាក់ស្ទើរក្នុងការស្វែងរកការយល់ដឹងអំពីសុខភាពផ្លូវភេទនេះ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មានប្រសាសន៍ថា ៖ «របាំងទាំងនេះដែលការពារស្ត្រីទាំងអស់នោះមិនអាចទទួលបានព័ត៌មាន ការពិភាក្សានិងសម្ភារៈអានផ្សេងៗ។ អ៊ីចឹងកម្រិតការយល់ដឹងខាងផ្លូវភេទមានតិចណាស់ សូម្បីស្ត្រីបានបញ្ចប់បាក់ឌុប ហើយឈានដល់មហាវិទ្យាល័យ ដូចជាខ្ញុំផ្ទាល់ជាវេជ្ជបណ្ឌិត ទាក់ទងនឹងរឿងផ្លូវភេទ មិនសូវជាយល់ដឹងផង...»៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
អំពើហិង្សាប៉ះពាល់ដល់ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៤នាក់នៅកម្ពុជា
វិធីជួយស្ត្រីជិតឬក្រោយអស់រដូវឲ្យចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទ
តើហេតុអ្វីបានជាស្ត្រីខ្មែរជិតអស់រដូវពុំចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទ?
ស្ត្រីខ្មែរមួយរូបត្រូវបានទូរទស្សន៍ CNN ជ្រើសរើសជាមនុស្សឆ្នើម
សារសំខាន់នៃការពិភាក្សាស្តីពីសុខភាពផ្លូវភេទរវាងមាតាបិតានិងកូន
គន្លឹះជាមូលដ្ឋានសំខាន់បីដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវភេទ
តើស្វាមីភរិយាគួរប្រតិបត្តិដូចម្តេចដើម្បីធ្វើឲ្យសុខភាពផ្លូវភេទមានលក្ខណៈល្អប្រសើរ?
ស្ត្រីជាភរិយាឬយុវនារីខ្មែរគួរយល់ដឹងអំពីសុខភាពផ្លូវភេទដែរឬទេ?
តំណាងរាស្ត្រស្ត្រីសម្រាប់អាណត្តិទី៤នេះកើនឡើងច្រើនជាងអាណត្តិមុន