ស្ត្រី​និង​កុមារ​​ប្រឈម​​នឹង​ការ​កើន​ឡើង​នៃ​ការ​ចាប់​រំលោភ​និង​​​បំពាន​ផ្លូវ​ភេទ

តាម​ការ​ស្រាវជ្រាវ​ថ្មីៗនេះ​បាន​បង្ហាញ​ថា ចំនួន​ស្ត្រី​និង​កុមារ​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ចាប់​រំលោភ និង​ការ​បំពាន​ខាង​ផ្លូវ​ភេទ​នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ។

0:00 / 0:00

យោង​តាម​ស្ថិតិ​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​ថា ស្ត្រី​និង​កុមារ​នៅ​កម្ពុជា​ចំនួន​ប្រមាណ ២៥% នៃ​ចំនួន​ពលរដ្ឋ​ភេទ​ស្រី​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​នូវ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ចាប់​រំលោភ​សេពសន្ថវៈ និង​រាល់​ទម្រង់​នៃ​ការ​បំពាន​ខាង​ផ្លូវ​ភេទ។

ទាក់​ទង​នឹង​ស្ថិតិ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ដែរ លោក​ជំទាវ ស៊ីឌេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ឲ្យ​ហេតុផល​ថា អាច​ដោយសារតែ​ស្ត្រី​រងគ្រោះ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​សិទ្ធិ​របស់​ខ្លួន មិន​ចង់​លាក់​លៀម​ត​ទៅ​ទៀត និង​ចង់​ស្វែង​រក​ជំនួយ។

លោកជំទាវ ស៊ីឌេហ្វីន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​គួរ​ចាប់​អារម្មណ៍​ថា​ក្រោយ​ដែល​យើង​បាន​ផ្សព្វផ្សាយ​ទៅ​តាម​មូលដ្ឋាន បង​ប្អូន​ស្ត្រី​យើង​មាន​យល់​ឃើញ​ច្រើន ដូច​ថា​យើង​បាន​បណ្តុះ​បណ្តាល​និង​ពន្យល់​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច យើង​បាន​ប្រាប់​គេ​ឲ្យ​ប្តឹង​ដល់​អាជ្ញាធរ​ដែនដី ម្ល៉ោះ​ហើយ​បាន​ជា​ស្ថិតិ​ឃើញ​កើន​ឡើង...»

យោង​តាម​អត្ថបទ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន BBC កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែល​បាន​ស្រង់​ប្រសាសន៍​របស់​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​ថ្មីៗ​ចុងក្រោយ​នេះ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ទទួល​ស្គាល់​និង​មាន​ទស្សនៈ​យល់​ឃើញ​ថា ស្វាមី​ដែល​វាយ​ធ្វើ​បាប​ភរិយា​គឺ​ជា​រឿង​ធម្មតា ហើយ​ជា​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង​ក្នុង​គ្រួសារ។

ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ លោកជំទាវ ស៊ីឌេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​អះអាង​ថា រឿង​អំពើ​ហិង្សា​មិនមែន​ជា​បញ្ហា​បុគ្គល​ទេ គឺ​ជា​រឿង​សង្គម​ទាំង​មូល ដែល​ត្រូវ​តែ​ជួយ​ដោះស្រាយ​ទាំង​អស់គ្នា ៖ «រឿង​នេះ ឲ្យ​យល់​ទាំង​អស់​គ្នា​ថា​ជា​បញ្ហា​សង្គម ដូច្នេះ​បើ​មាន​ឃើញ​បញ្ហា​ហិង្សា​កើត​ឡើង អ្នក​ជិត​ខាង​អាច​ជួយ​ព្រោះ​ជា​បញ្ហា​សង្គម។ ហើយ​យើង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ កុំ​ឲ្យ​គិត​អ៊ីចឹង បើ​ជា​រឿង​សង្គម​យើង​គិត​ដោះស្រាយ​រួមគ្នា»

ទោះ​ជា​យ៉ាង​ណា​ក្តី​លោកជំទាវ ស៊ីឌេហ្វីន បាន​ថ្លែង​ផង​ដែរ​ថា បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​គឺ​មាន​កើត​ឡើង មិន​ថា​តែ​គ្រួសារ​នោះ​មាន​ជីវភាព​រស់​នៅ​ក្រីក្រ ឬ​ពុំ​មាន​ការ​ចេះ​ដឹង​នោះ​ទេ ៖ «និយាយ​រួម​ទៅ​អំពើ​ហិង្សា​វា​មិន​សំដៅ​កើត​តែ​ចំពោះ​អ្នក​ក្រ ឬ​អ្នក​ល្ងង់​ខ្លៅ​ទេ។ បញ្ហា​ផឹក​ស្រា បញ្ហា​លេង​ល្បែង បញ្ហា​គ្រឿង​ញៀន គឺ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ»

ការ​ស្រាវជ្រាវ​ដដែល​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​ការ​ពិសា​ស្រា​របស់​លោក​បុរសៗ បាន​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង និង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​របស់​ស្ត្រី​និង​កុមារ។ ហើយ​ថា​ការ​ចាប់​រំលោភ​បូក​ទៅ​លើ​កុមារី ឬ​នារី​ដោយ​ក្រុម​ពាល​អាវាសែ បាន​ត្រូវ​គេ​គិត​ថា​ជា​ល្បែង​កីឡា​ដើម្បី​ការ​សប្បាយ​របស់​ពួក​គេ ហើយ​ថា​ក្រុម​អាជ្ញាធរ​មាន​សមត្ថិកិច្ច​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ចាត់​វិធាន​ការ​សម​ស្រប​ដើម្បី​កាត់​បន្ថយ និង​បញ្ឈប់​អំពើ​ព្រៃផ្សៃ​ទាំង​នោះ។

លោកស្រី លឹម មុន្នី ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​សប្តាហ៍​មុន​ថា ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០០៨ នេះ សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្តឹង​នានា ទាក់ទង​ជាមួយ​អំពើ​ហឹង្សា​លើ​ស្ត្រី​និង​កុមារ​ចំនួន​១០១៧​ករណី ក្នុង​នោះ​ទាក់​ទង​អំពើ​ហិង្សា​ចំនួន​៥៨៤​បណ្តឹង ការ​ចាប់​រំលោភ​មាន​៣៦៨​បណ្តឹង និង​ការ​ជួញដូរ​មាន​៦៥​បណ្តឹង។

លោក​ជំទាវ ស៊ីឌេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​បន្ត​ថា ក្រសួង​កិច្ចការ​នារី​កំពុង​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ផ្សព្វផ្សាយ​និង​ជំរុញ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​និង​កិច្ច​គាំពារ​ដល់​ជន​រងគ្រោះ​មាន​ប្រសិទ្ធភាព ៖ «ក្រសួង​កិច្ចការ​នារី​កំពុង​ខិតខំ​រៀបចំ​ផែនការ​ជាតិ ដោយ​មាន​ការ​ផ្សព្វផ្សាយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។ យើង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។ យើង​មាន​ត្រៀម​វិធានការ​បណ្តុះបណ្តាល​ទៅ​ដល់​នគរបាល​យុត្តិធម៌ មន្ត្រី​ប៉ូលិស ប៉ុន្តែ​យើង​ធ្វើ​បន្តិច​ម្តងៗ ព្រោះ​ផ្អែក​លើ​ថវិកា​ដែរ»

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែល​ជា​ទិវា​អន្តរជាតិ​លុប​បំបាត់​រាល់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ លោកស្រី Ines Alberdi នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​របស់​ស្ត្រី​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស UNIFEM និង​លោកស្រី Nicole Kidman តារា​ភាពយន្ត​ហូលីវូដ​ល្បីល្បាញ ដែល​មាន​តួនាទី​ជា​ឯក​អគ្គ​រដ្ឋទូត​សុឆន្ទៈ​នៃ​អង្គការ UNIFEM ដែរ​នោះ ក៏​បាន​ដាក់​ជូន​នូវ​ហត្ថលេខា​របស់​ស្ត្រី​និង​កុមារ​ចំនួន​ជាង ៥​លាន​នាក់​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​ជាង ៥,០០០​នាក់ មក​ពីក​ម្ពុជា​ដែរ​នោះ ជូន​លោក Ban Ki-Moon អគ្គលេខាធិការ​អ.ស.ប ដែល​ទទួល​បាន​មក​ពី​ការ​ធ្វើ​យុទ្ធនាការ​ពិភពលោក ដោយ​ដាក់​ចំណង​ជើង​ថា "ត្រូវ​តែ​បញ្ឈប់​រាល់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ"៕