ស្ថិតិក្រៅផ្លូវការរបស់អង្គការខុមហ្វ្រែលបានបង្ហាញថា ចំនួនតំណាងរាស្ត្រស្ត្រីជាប់ឆ្នោតអាណត្តិទី៤នេះ មានចំនួនច្រើនជាងកាលពីការបោះឆ្នោតជាតិអាណត្តិទី៣ នៅឆ្នាំ២០០៣ កន្លងមកនេះ ។
ស្ត្រីពរកូននៅនឹងដៃដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ។
លោក ម៉ារ សុផល ប្រធានផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែលដែលអង្គការរបស់លោកបានដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោត នៅតាមគ្រប់ខេត្តក្រុងទាំង២១ទូទាំងប្រទេសកម្ពុជា បានឲ្យដឹងថាយោងតាមលទ្ធផលបណ្តោះអាសន្នរបស់អង្គការខុមហ្វ្រែលនៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមកនេះ គឺមានស្ត្រីតំណាងរាស្ត្ររបស់គណបក្សពីរដែលបានជាប់ឆ្នោត ហើយថាបើប្រៀបធៀបចំនួនតំណាងរាស្ត្រកាលពីអាណត្តិទី៣ គឺអាណត្តិទី៤នេះមានច្រើនជាងពីមុន ។
លោក ម៉ារ សុផល បានឲ្យដឹងថា ៖ «តាមក្រុមរបស់ខុមហ្វ្រែលដែលបានសិក្សាឃើញថា មានការកើនឡើងដូចជា ៣រូបអីប៉ុណ្ណឹង ប្រៀបធៀបទៅនឹងអាណត្តិទី៣កន្លងមក ។ អ៊ីចឹងខ្ញុំអត់ចាំតួលេខច្បាស់នៅកន្លែងមានប្រហែលជាជាង២០នាក់» ។
លោក ម៉ារ សុផល មានប្រសាសន៍បន្តថាចំនួនតំណាងរាស្ត្រស្ត្រីនៃគណបក្សប្រជាជនកម្ពុជាអាចនឹងកើនឡើងលើសពី១៤នាក់ ដោយសារតែមានអ្នកតំណាងរាស្ត្របុរសខ្លះដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលរួចទៅហើយ គឺគ្រាន់តែឈរឈ្មោះឲ្យបានតែជាប់ប៉ុណ្ណោះ ។
លោក ម៉ារ សុផល បានមានប្រសាសន៍ថា ៖ «តួលេខហ្នឹងយើងគិតអ៊ីចេះ គឺយើងរាប់ពីបញ្ជីតែម្ដង បានន័យថាយើងឃើញបញ្ជីអ្នកណានៅលើ យើងសន្មត់ថាអ្នកហ្នឹងជាតំណាងរាស្ត្រ ប៉ុន្តែជាក់ស្ដែងអាចមានប្រែប្រួលដោយសារតែបេក្ខជនមួយចំនួនដែលគាត់ជាប់ហ្នឹង គាត់មិនធ្វើជាតំណាងរាស្ត្រទេ គាត់ទៅធ្វើជារដ្ឋមន្ត្រី គាត់ទៅធ្វើជាប្រធានព្រឹទ្ធសភា ដូចជាសម្ដេច ជា ស៊ីម ជាដើម គាត់គ្រាន់តែឈរឈ្មោះឲ្យជាប់អ៊ីចឹងទៅ ដល់ពេលជាប់គាត់ទៅជាប្រធានព្រឹទ្ធសភាវិញ អ៊ីចឹងគាត់លាលែងពីតំណាងរាស្ត្រ ។ អ៊ីចឹងហើយអាចមានឱកាសដល់ស្ត្រីផ្សេងទៀតដែលនៅបញ្ជីក្រោមហ្នឹង អាចជាប់ជាតំណាងរាស្ត្រដែរ» ។
ទោះជាយ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា គ.ជ.ប.នៅមិនទាន់អាចបញ្ជាក់ពីចំនួនពិតប្រាកដរបស់តំណាងរាស្ត្រស្ត្រីដែលនឹងអាចជាប់ឆ្នោតបាននៅឡើយទេ ពីព្រោះគ.ជ.ប.ត្រូវរង់ចាំលទ្ធផលប្រកាសជាផ្លូវការជាមុនសិន ទើបធ្វើការបែងចែកអាសនៈជាក្រោយ ។
លោក ទេព នីថា បានបញ្ជាក់ថា ៖ «តាមពិតទៅយើងប្រកាសលទ្ធផលសិន ហើយបន្ទាប់មកបានយើងចែកអាសនៈហើយ បានស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត បានដឹងថាជាប់ស្ត្រីប៉ុន្មាននាក់ ។ ឥឡូវហ្នឹងយើងអត់ទាន់បានធ្វើទេ ដោយសារអង្គការផ្សេងៗគាត់បានឃើញលទ្ធផលបឋម ហើយគាត់មានរូបមន្តហើយនិងបញ្ជីបេក្ខជនស្រាប់បានគាត់អនុវត្តអ៊ីចឹងបាន» ។
លោកស្រី មូរ សុខហួរ អគ្គលេខាធិការរងនៃគណបក្សសមរង្ស៊ីដែលនឹងអាចជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពត បានមានប្រសាសន៍ថាគណបក្សសមរង្ស៊ីនឹងពុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតសកលអាណត្តិទី៤នេះទេ ព្រោះមានភាពមិនប្រក្រតីច្រើន ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ៖ «ខ្ញុំសុំបញ្ជាក់ គណបក្សសមរង្ស៊ីមិនទទួលលទ្ធផលនៃការបោះឆ្នោតនេះទេ ។ ដូច្នេះយើងនៅតែមានការទាមទារដើម្បីឲ្យមានការបោះឆ្នោតសាឡើងវិញ ក៏ប៉ុន្តែយើងឃើញថាប្រសិនបើយើងរាប់មើលទៅ អាចរហូតទៅដល់៦រូបដែលអាចនឹងទៅជាសមាជិកានៃរដ្ឋសភាថ្មី បើសិនជាគណបក្សសមរង្ស៊ីទទួលយកលទ្ធផលនៃការបោះឆ្នោត» ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍បន្តថាគណបក្សសមរង្ស៊ីបានស្នើសុំឲ្យមានការបោះឆ្នោតសាឡើងវិញ ដោយសារតែមានអ្នកបោះឆ្នោតជាច្រើនត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងមានអ្នកបោះឆ្នោតខ្លះទៀតត្រូវបានគេបោះឆ្នោតជំនួសនៅថ្ងៃបោះឆ្នោតនោះ ។
សូមជម្រាបជូនផងដែរថាអង្គការខុមហ្វ្រែលនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃ៧ ខែសីហានេះ ដើម្បីបង្ហាញជូនអំពីរបាយការណ៍បឋមស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងលទ្ធផលស៊ើបអង្កេតទាក់ទងនឹងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត ។
លោក ម៉ារ សុផល បានឲ្យដឹងថា ៖ «ក្នុងសន្និសីទកាសែតថ្ងៃព្រហស្បតិ៍នេះ យើងនឹងមានការរកឃើញថ្មីៗបន្ថែមទៀតទាក់ទងទៅនឹង ជាពិសេសបញ្ហាបាត់ឈ្មោះពីបញ្ជីបោះឆ្នោតដែលយើងមានអ្នកសង្កេតការណ៍ យើងចុះធ្វើការស៊ើបអង្កេតលើមនុស្សមួយពាន់នាក់ដែលអត់បានបោះឆ្នោតដោយសារតែគាត់ជួបបញ្ហា» ។
តាមគម្រោងដែលបានគ្រោងទុកគ.ជ.ប.នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសកលអាណត្តិទី៤នេះ គឺនៅថ្ងៃ១៣ ខែសីហា ក៏ប៉ុន្តែ លោក ទេព នីថា បានបញ្ជាក់ថាបញ្ហានោះគឺអាស្រ័យទៅលើពាក្យបណ្តឹងមកគ.ជ.ប. ។
លោក ទេព នីថា បានមានប្រសាសន៍ថា ៖ «តាមប្រតិទិនយើងនឹងចេញលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី៩ ខែសីហា បន្ទាប់ពីហ្នឹងទៅវាទាក់ទងទៅនឹងករណីមានបណ្ដឹងឬអត់បណ្ដឹង បើសិនជាគ្មានបណ្ដឹងយើងអាចចេញលទ្ធផលផ្លូវការនៅថ្ងៃទី១៣ ខែសីហា តែបើសិនជាមានបណ្ដឹងតដល់ក្រុមប្រឹក្សាធម្មនុញ្ញអាចរហូតដល់ចូលខែ៩ ដើមខែ៩» ។
លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះថា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នឹងកោះហៅសម័យប្រជុំលើកដំបូងនៃសភាជាតិនៅថៃ្ងទី២៤ ខែកញ្ញា នាពេលខាងមុខ ។ ហើយថាប្រសិនបើគណបក្សដទៃមិនចូលប្រជុំទេនោះ គណបក្សប្រជាជនកម្ពុជានឹងស្នើសុំគ.ជ.ប.ឲ្យលុបបេក្ខនារីនិងបេក្ខជននៃគណបក្សដែលបានជាប់ឆ្នោតទាំងនោះចោល ។
ទាក់ទងនឹងការលើកឡើងនេះលោកស្រី មូរ សុខហួរ អគ្គលេខាធិការរងនៃគណបក្សសមរង្ស៊ីបានមានប្រតិកម្មយ៉ាងដូច្នេះ ៖ «នៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតបានចែងច្បាស់ណាស់ថា តើតួនាទីនៃសមាជិកសភាមានអ្វីខ្លះ ? ហើយតើសមាជិកសភាអាចបាត់បង់នូវតំណែងរបស់ខ្លួននៅក្នុងលក្ខខណ្ឌណាខ្លះ ? នៅក្នុងហ្នឹងអត់មាននិយាយអំពីរឿងគណបក្សណាមួយយកសំឡេងកៅអីរបស់គណបក្សណាមួយយកមកចែកគ្នាតាមតែចិត្តដែលគិតនោះទេ» ។
ក្នុងចំណោមសមាជិកសភា១២៣រូប កាលពីអាណត្តិទី៣ គឺមានតំណាងរាស្ត្រស្ត្រីចំនួនទាំងអស់២២នាក់ក្នុងនោះ ១៤នាក់ពីខាងគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិចមានស្ត្រីតំណាងរាស្ត្រ ៥នាក់ ហើយគណបក្សសមរង្ស៊ីវិញមានស្ត្រីតំណាងរាស្ត្រ ៣នាក់ ។
ក៏ប៉ុន្តែសម្រាប់ការបោះឆ្នោតអាណត្តិទី៤ កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមកនេះ បើតាមលទ្ធផលបឋមក្រៅផ្លូវការរបស់អង្គការខុមហ្វ្រែល គណបក្សប្រជាជនកម្ពុជាអាចនឹងទទួលបាន៩០អាសនៈ ក្នុងនោះមានតំណាងរាស្ត្រស្ត្រីបាន១៤អាសនៈ គណបក្សសមរង្ស៊ីនឹងអាចទទួលបាន២៦អាសនៈ ក្នុងនោះមានស្ត្រីតំណាងរាស្ត្រ ៦នាក់ ។ ក៏ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិចដែលមានតំណាងរាស្ត្រអាចជាប់បានពីរនាក់នោះ គឺពុំមានស្ត្រីតំណាងរាស្ត្រទេ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
អំពើហិង្សាប៉ះពាល់ដល់ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៤នាក់នៅកម្ពុជា
វិធីជួយស្ត្រីជិតឬក្រោយអស់រដូវឲ្យចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទ
តើហេតុអ្វីបានជាស្ត្រីខ្មែរជិតអស់រដូវពុំចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទ?
ស្ត្រីខ្មែរមួយរូបត្រូវបានទូរទស្សន៍ CNN ជ្រើសរើសជាមនុស្សឆ្នើម
សារសំខាន់នៃការពិភាក្សាស្តីពីសុខភាពផ្លូវភេទរវាងមាតាបិតានិងកូន
គន្លឹះជាមូលដ្ឋានសំខាន់បីដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវភេទ
តើស្វាមីភរិយាគួរប្រតិបត្តិដូចម្តេចដើម្បីធ្វើឲ្យសុខភាពផ្លូវភេទមានលក្ខណៈល្អប្រសើរ?
ស្ត្រីជាភរិយាឬយុវនារីខ្មែរគួរយល់ដឹងអំពីសុខភាពផ្លូវភេទដែរឬទេ?