ស្ត្រីខ្មែរ​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​សកល

2008-04-19

ស្ត្រី​គ្រូបង្គោល​ ៣៥រូប មក​ពី​គណបក្ស​ធំ​ៗ​បី ដែល​មាន​អាសនៈ​នៅ​សភា ក្រោយ​ពី​បាន​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​ ៣​ថ្ងៃ កាលពី​ដើម​ខែ​មិនា ​កន្លង​មក​នេះ​ ដែល​រៀប​ចំ​ឡើង​​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ឬ​ហៅកាត់​ថា NDI បាន​​សម្តែង​ក្តី​សុទិដ្ឋិនិយម​ថា ការ​រៀនសូត្រ​ពី​ចំណេះ​ចេះ​ដឹង​ទូទៅ​ ក៏​ដូចជាជំនាញ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​​ការ​រៀបចំ​ផែនការ និង​ការ​ធ្វើ​ទំនាក់​ទំនង​សម្រាប់​ការ​បោះឆ្នោត​សកល​ខាង​មុខ​នេះ​ និង​​ជំរុញ​​ឲ្យ​​មាន​​ប្រជាពលរដ្ឋ​កាន់​តែ​​ច្រើន​​ឡើង​ៗ ជាពិសេស​​ស្ត្រី​​មក​​បោះឆ្នោត​​ជ្រើសរើស​​តំណាង​​របស់​គេ ។

បេក្ខនារី​បម្រុង​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្សី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា គណបក្ស​របស់​គេ​នីមួយ​ៗ មាន​ទិសដៅ​ជំរុញ​ឲ្យ​មាន​ស្ត្រី​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ ឲ្យ​បាន​ច្រើន​នៅ​ក្នុង​អាណត្តិ​នេះ ព្រមទាំង​ផ្តល់​លទ្ធភាព​ឲ្យ​បញ្ជី​ឈ្មោះ​បេក្ខនារី មាន​លំដាប់​លេខ​រៀង​នៅ​ខាង​លើ ។

លោកស្រី យាន ហ៊ុនលី អាយុ ៦៥​ឆ្នាំ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​កិច្ចការ​នារី​ ខេត្ត​តាកែវ​ ដែល​បច្ចុប្បន្ន​ចូលនិវត្តន៍ ហើយ​ដែល​បម្រុង​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខនារី​តំណាង​រាស្ត្រ នៅ​មណ្ឌល​ខេត្ត​តាកែវ​នោះ​ បាន​មាន​ប្រសាសន៍​បង្ហាញ​ក្តីសង្ឃឹម​ថា​ ការ​បោះឆ្នោត​លើក​នេ​លោកស្រី​នឹង​អាច​បាន​ជាប់​ឆ្នោត ដោយសារតែ​ឈ្មោះ​នៅ​លំដាប់​លេខ​១​ ៖ «ខ្ញុំ​ធ្លាប់​ឈរ​ឈ្មោះ​ជា​ច្រើន​អាណត្តិ​ហើយ​តែ​មិន​ជាប់ ព្រោះ​លេខ​នៅ​ខាង​ក្រោម​គេ តែ​លើក​នេះ​លេខ​នៅ​ខាង​លើ សង្ឃឹម​ថា​​នឹង​បាន​ជាប់​ឆ្នោត»

លោកស្រី យាន ហ៊ុនលី បាន​មាន​ប្រសាសន៍​បន្ត​ថា វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ជំនាញ​ឃោសនា​បោះឆ្នោត​នេះ មាន​សារសំខាន់​ណាស់ ហើយ​ដែល​លោកស្រី​នឹង​ខិតខំ ពន្យល់ឲ្យពលរដ្ឋគ្រប់​ៗ​គ្នា បាន​យល់​ច្បាស់​អំពី​សិទ្ធិ​របស់​គេ​ដែល​ជា​ម្ចាស់ឆ្នោត  ៖​ «ខ្ញុំ​យល់​ថា​​វា​មាន​ប្រយោជន៍ ព្រោះ​យើង​អាច​ដឹង​អំពី​ការងារ​ហ្នឹង​ ហើយ​ពេល​យើង​ចុះ​ផ្សព្វផ្សាយ​ឃោសនា យើង​នឹង​យក​ចំណេះ​ដឹង​អស់​ហ្នឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់​បាន​...»​ ។

សូម​រំឭក​ជូន​ថា នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល ៣​ថ្ងៃ ដែល NDI បាន​រៀបចំ​ធ្វើឡើង កាលពី​ថ្ងៃ ៥ ដល់ ៧ ខែ​មិនា ឆ្នាំ​២០០៨ កន្លង​មក​នេះ ស្រ្តី ៣៥​នាក់ ពី​គណបក្ស​ធំ​ៗ​បី មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្សី​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ត្រូវ​ទទួល​ការ​ហ្វឹកហាត់​ធើ្វ​ជា​គ្រូបង្គោល​ ដើម្បី​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ដំណើរការ នៃ​ការ​បោះឆ្នោត យុទ្ធនាការ​ឃោសនា​បោះឆ្នោត ការ​ពង្រឹង​សមត្ថភាព​ជា​អ្នក​ដឹកនាំ និង​ជាពិសេស​គឺ​ចង់​ឲ្យ​ ប្រជាពលរដ្ឋ​ទូទៅ បាន​យល់​ដឹង​អំពី​សារសំខាន់ នៃ​សិទ្ធិ​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឆ្នោត និង​ការ​ជ្រើសរើស​មេដឹកនាំ ។

លោកស្រី ម៉ើក សាមាន អនុប្រធាន​ចលនាស្ត្រី​ នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច នៅ​ខេត្ត​កំពង់ឆ្នាំង បើ​ទោះបីជា​លោកស្រី​នឹង​ពុំ​ឈរ​ឈ្មោះ​ជា បេក្ខនារី​តំណាងរាស្ត្រ​ក្នុង​ អាណត្តិ​បោះឆ្នោក​លើក​នេះ​ក៏ដោយ លោកស្រី​ក៏​​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ៣ថ្ងៃ​នោះ​ដែរ  ៖​ «ខ្ញុំ​ឃើញ​ថា​ វា​មាន​សារសំខាន់​ចំពោះ​ចលនា​ស្ត្រី​ ឲ្យ​គាត់​យល់​ពី​បញ្ហា នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ​។​ ខ្ញុំ​រៀន​ ខ្ញុំ​បាន​​យល់​អំពី​បញ្ហា​នេះ ហើយ​​ខ្ញុំ​នឹង​ក្លាយជា​គ្រូបង្គោល ហើយ​យក​ចំណេះវិជ្ជា​នេះ​ទៅ​បង្រៀន​បន្ត​ ហើយ​ខ្ញុំ​នឹង​ណែនាំ​ឲ្យ​គេ​យល់​ថា ដើម្បី​បាន​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​បោះឆ្នោត​ត្រូវ​ធ្វើ​ដូចម្តេច»

ចំណែក​ឯ​លោកស្រី កិត្យា វរលក្ខណ៍ អគ្គលេខាធិការ​រង​​នៃ​គណបក្ស​សមរង្សី ដែលបម្រុង​នឹង​ឈរ​ឈ្មោះ​លើក​ដំបូង ជា​បេក្ខនារី​តំណាងរាស្ត្រ​ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម របស់​គណបក្ស​សមរង្សី បាន​មាន​ប្រសាសន៍​អំពី​គុណសម្បត្តិ​ និង​ចរិយាសម្បត្តិ របស់​ស្ត្រី​ ដែល​អាច​ក្លាយជា​អ្នក​ដឹកនាំ​ល្អ​បាន ៖ «ស្ត្រី​មាន​ ៥២% បើ​ស្ត្រី​ចូលរួម​បាន​ច្រើន​និយាយ​ទៅ​គេ​ឆាប់​ជឿ​ជាង​បុរស ស្ត្រី​ខ្មាសអៀន​នឹង​អំពើ​ពុក​រលួយ គិតពី​កិត្តិយស ។​ ស្ត្រី​បើសិនជា​បាន​ធ្វើ​ជា​អ្នក​ដឹកនាំ​ បាន​លុយកាក់​ពី​ការងារ​របស់គាត់ គាត់​មិន​មាន​ប្តីចុង ប្តីដើម​ ដូច​ប្រុស​ៗ​ទេ ។​ ស្ត្រី​បាន​ថវិកា​មក​សម្រាប់​​ធ្វើ​ដូច​ម្តេច​ឲ្យ​គ្រួសារ​មាន​សេចក្តី​ថ្លៃថ្នូរ​ ឲ្យ​កូន​បាន​រៀន​សូត្រ ព្រោះ​គាត់​ជា​អ្នក​គ្រប់គ្រង​ក្នុង​គ្រួសារ ហើយ​គាត់​ដឹង​ជាង​បុរស»​ ។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​បាន​ទទួល​ស្ថិតិ​ពិត​ប្រាកដ នូវ​ចំនួន​បេក្ខនារី​ដែល​បម្រុង​ឈរ​ឈ្មោះ​នៅ​ក្នុង​អាណត្តិ​ទី៤ នេះ ថា មាន​ប៉ុន្មាន​នាក់ មក​ពី​គណបក្ស​ណា​ខ្លះ​​ហើយ​នៅ​ពុំទាន់​បាន​ដឹង​ចំនួន​បេក្ខនារី​បម្រុង​ឈរ​ឈ្មោះ​លើក​នេះ ច្រើនជាង​កាលពី​អាណត្តិ​ទី៣ ​​ឬ​យ៉ាងណា​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​តាម​វ៉ឹបសៃ​របស់​សភា​ជាតិ​កម្ពុជាក្នុង​ចំណោម​សមាជិក​សភា​សរុប​ទាំងអស់ ១២៣​នាក់ មាន​ស្ត្រី​តំណាងរាស្ត្រ​ចំនួន ២៤​នាក់ ក្នុង ១៤នាក់ មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​៥នាក់ ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង ៥​នាក់​ទៀត មក​ពី​ខាង​គណបក្ស​សមរង្សី ៕