វិធី​បញ្ចៀស​បញ្ហា​ប្រឈម​នៅ​ពេល​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស

ពលការិនី​ម្នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​នាង​ត្រូវ​អាជ្ញាធរ​បញ្ចប់​ទិដ្ឋាការ ដោយសារ​បញ្ហា​សុខភាព មិន​អាច​បំពេញ​ការងារ​ត​ទៅ​ទៀត​បាន។ ករណី​ពលការិនី​រូប​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ករណី​ជា​ច្រើន​ទៀត ដែល​ស្ត្រី​ខ្មែរ​តែង​ប្រឈម​មុខ​នៅ​ពេល​ពួក​គេ​ទៅ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស គឺ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ស្រប​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​អាច​ឈាន​ទៅ​បង្កើត​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ការពារ​សិទ្ធិ​ពួក​គេ​បាន។

0:00 / 0:00

ក្នុង​វ័យ​ជាង ២០​ឆ្នាំ កញ្ញា ស្រី រដ្ឋា កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា។

អ្នកស្រី ថាន់ អៀង ម្ដាយ​របស់ រដ្ឋា មាន​ប្រសាសន៍​ថា រដ្ឋា មាន​ជំងឺ​តាំង​ពី​ពេល​នាង​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី បាន​មួយ​ឆ្នាំ។ ហើយ​កាល​ពី​ខែ​មិថុនា នាង​ត្រូវ​ពិនិត្យ​សុខភាព​ជា​ថ្មី ដើម្បី​បន្ត​ការងារ​រយៈពេល ១​ឆ្នាំ​ទៀត ប៉ុន្តែ​បាន​ធ្លាក់ ហើយ​តម្រូវ​អោយ​រៀប​ចំ​សំណុំ​បែប​បទ​ត្រឡប់​មក​ស្រុក​វិញ។

ស្រី រដ្ឋា បាន​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ។ កិច្ច​សន្យា​ការងារ​របស់​នាង​មាន​រយៈពេល ៣​ឆ្នាំ គឺ​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៤។

បញ្ហា​របស់ កញ្ញា ស្រី រដ្ឋា ក៏​ដូច​ពលការិនី​ដទៃ​ទៀត​ដែរ គឺ​នាង​ត្រូវ​និយោជក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដក​ហូត​លិខិត​ឆ្លង​ដែន។ ហេតុ​នេះ នាង​ពុំ​ត្រូវ​អនុញ្ញាត​អោយ​វិល​មក​ស្រុក​វិញ​ភ្លាមៗ​ទេ គឺ​បន្ត​ធ្វើ​ការ​រហូត​ដល់​នាង​ត្រូវ​ចាប់​ឃុំ​ខ្លួន។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​ពលករ​ចំណាក​ស្រុក បាន​ជួយ​ដាក់​សំណើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អន្តរាគមន៍​នាំ កញ្ញា ស្រី រដ្ឋា ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ខាង​មុខ។

ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​កំពុង​សហការ​ជាមួយ​តំណាង​ក្រសួង​ការ​បរទេស ក្នុង​សំណុំ​រឿង​ពលការិនី ស្រី រដ្ឋា។ លោក​ថា ក្រុមហ៊ុន​ដែល​នាំ​ពលករ​រូប​នេះ​ទៅ​ធ្វើ​ការ គឺ​ជា​ភាគី​ដំបូង​បំផុត​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង រួម​នឹង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា លោក មឿន តុលា លើក​ឡើង​ដែរ​ថា តាម​ការ​សង្កេត ភាគី​ក្រុមហ៊ុន​តែង​រលាស់​ដៃ​យក​រួច​ខ្លួន ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ក្រោយ​ពេល​ពលករ​ត្រូវ​បញ្ជូន​ទៅ​ដល់​កន្លែង​ការងារ​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​បណ្ដោះ​អាសន្ន​ការ​បញ្ជូន​ពលករ​បម្រើ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី គឺ​នៅ​ចំ​ពេល​ដែល​មាន​រឿង​អាស្រូវ​ជា​ច្រើន អំពី​ការ​រំលោភ​បំពាន​ដែល​បាន​កើត​ឡើង​នៅ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​នៅ​បរទេស និង​នៅ​មណ្ឌល​បណ្ដុះ​បណ្ដាល​ពលករ​នៅ​កម្ពុជា។

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ តំណាង​វិស័យ​ការងារ​របស់​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី បាន​ដោះ​ដូរ​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។

តើ​ពលករ​ខ្មែរ​ដែល​កំពុង​ជួប​បញ្ហា​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា​ខ្លះ ដើម្បី​សុវត្ថិភាព​ពួក​គេ​ក្នុង​ពេល​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី នៅ​មិន​ទាន់​រក​ច្រក​ចេញ​ក្នុង​ការ​ការពារ​ពួក​គេ​តាម​ផ្លូវ​ច្បាប់​បាន?

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ពលករ​ម្នាក់ៗ​ត្រូវ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ​តំណាង​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី រួម​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន។

ចំណែក​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ មាន​ប្រសាសន៍​ថា ពលករ​ត្រូវ​ទាក់ទង​មក​គ្រួសារ​ជា​ប្រចាំ ហើយ​ប្រាប់​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការងារ។ ពួក​គេ​ត្រូវ​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​អោយ​ច្បាស់​លាស់​ពី​ទី​កន្លែង​ដែល​ពួក​គេ​ធ្វើ​ការ ពី​ឈ្មោះ​ក្រុមហ៊ុន ឬ​ឈ្មោះ​អ្នក​ដែល​ជួល​អោយ​ពួក​គេ​ធ្វើ​ការ។

យ៉ាង​នេះ​ក្ដី បញ្ហា​ប្រឈម​ចម្បង គឺ​ពួក​គេ​ពុំ​មាន​លិខិត​ឆ្លង​ដែន​ដែល​នៅ​ដៃ ដែល​ពិបាក​នឹង​អោយ​ពួក​គេ​មាន​សេរីភាព បន្ទាប់​ពី​កិច្ច​សន្យា​ការងារ​ត្រូវ​បញ្ចប់។

ករណី​នេះ លោក យ៉ា ណាវុធ លើក​ឡើង​នូវ​គំនិត​មួយ​ថា អាជ្ញាធរ​គួរ​ផ្ដល់​លិខិត​សម្គាល់​ការងារ​ផ្សេង​ពី​លិខិត​សម្គាល់​អត្តសញ្ញាណ ឬ​លិខិត​ឆ្លង​ដែន​របស់​ពលករ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែល​ទទួល​បន្ទុក​កិច្ច​ការពារ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស មាន​ប្រសាសន៍​ថា ការ​ដក​លិខិត​សម្គាល់​អត្តសញ្ញាណ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ប៉ុន្តែ​ភាគី​កម្ពុជា មាន​ការ​ពិបាក​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ម៉ាឡេស៊ី ពោល​គឺ​ត្រូវ​តែ​រង់ចាំ​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​អាច​ប្រើប្រាស់​បាន។

តួលេខ​ពី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ចំនួន ១២​ម៉ឺន ៥​ពាន់​នាក់ (១២៥.០០០​នាក់) ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ថៃ និង​ជប៉ុន ហើយ​ការ​ប៉ាន់​ប្រមាណ​អាច​នាំ​ចំណូល​ចូល​ស្រុក​វិញ​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ក្នុង​នោះ មាន​ពលករ​ខ្មែរ​ប្រមាណ ៥​ម៉ឺន​នាក់ កំពុង​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។