អ្នក​ជំនាញ​ណែនាំ​យុវជន​ឲ្យ​ពង្រឹង​ជំនាញ​របស់​ខ្លួន​ប្រសើរ​ជាង​ប្ដូរ​តាម​ទីផ្សារ​អាស៊ាន

0:00 / 0:00

ការ​ស្រាវជ្រាវ​ជាច្រើន​របស់​អ្នក​ជំនាញ​រក​ឃើញ​ថា កម្ពុជា នៅ​ខ្វះខាត​ជំនាញ និង​ចំណេះ​ដឹង​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​អាស៊ាន។ ការ​មិន​ពង្រឹង​គុណភាព​អប់រំ និង​មិន​មាន​ការ​ផ្សព្វផ្សាយ​ដល់​យុវជន​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀម​ខ្លួន​ទុក​ជា​មុន​នៅ​ពេល​ដែល​អាស៊ាន​បង្កើត​ជា​តំបន់​តែ​មួយ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ គឺ​ជា​បញ្ហា​ប្រឈម​មួយ​ធ្វើ​ឲ្យ​យុវជន​ជួប​ហានិភ័យ​ខ្ពស់​លើ​ភាព​គ្មាន​ការងារ​ធ្វើ។

នៅ​ក្នុង​នាទី​យុវជន និង​សង្គម​សប្ដាហ៍​នេះ អ្នកនាង ទេព សុរ៉ាវី នឹង​មាន​សេចក្តី​រាយការណ៍​មួយ​អំពី​យុវជន ត្រូវ​ពង្រឹង​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ប្រសើរ​ជាង​ប្ដូរ​មុខ​ជំនាញ​ដើម្បី​តម្រូវ​ការ​ទីផ្សារ​អាស៊ាន៖

យុវជន​ប្រហែល​ជា​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ទេ ក្នុង​ការ​បត់បែន​ឲ្យ​ទាន់​សភាពការណ៍​នៅ​ក្នុង​តំបន់។ សមាហរណកម្ម​អាស៊ាន នឹង​ឈាន​ចូល​មក​ដល់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ ដែល​ជា​របត់​ថ្មី​មួយ​នៃ​លំហូរ​ពលកម្ម​ជំនាញ​ដោយ​សេរី​នៅ​អាស៊ាន។

បើ​ទោះ​បី​ជា​យុវជន​ទទួល​បាន​ព័ត៌មាន​ច្រើន​ពី​អាស៊ាន ដឹង​ពី​តម្រូវ​ការ​ទីផ្សារ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ពួក​គេ​មិន​អាច​រៀន​ចេះ​ចាប់​យក​ជំនាញ​ថ្មី​ទាំង​នោះ​ក្នុង​រយៈពេល​ដ៏​ខ្លី​បាន​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា ផ្តល់​ដំបូន្មាន​ថា កាលៈទេសៈ​នេះ យុវជន​ដែល​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា ត្រូវ​ពង្រឹង​មុខ​ជំនាញ​ដែល​ខ្លួន​កំពុង​តែ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ជា​ជាង​ការ​ផ្លាស់ប្ដូរ​ជំនាញ​ដើម្បី​រត់​តាម​ទីផ្សារ​ការងារ​អាស៊ាន៖ «ត្រូវ​ពង្រឹង​អ្វី​ដែល​រៀន ត្រូវ​បន្ថែម​ជំនាញ​ភាសា​អង់គ្លេស ឬ​ជំនាញ​បច្ចេកវិទ្យា ដែល​យុវជន​ត្រូវ​តែ​មាន និង​ខំ​ប្រឹង​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បី​ផ្សំ​ជាមួយ​ជំនាញ​ចម្បង​ដែល​ខ្លួន​កំពុង​រៀន បើ​ប្រឹងប្រែង ៣​ចំណុច​នេះ​បាន វា​នឹង​អាច​ស្រូប​យក​ការងារ​បាន​ច្រើន»

ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​គុណភាព​អប់រំ ដោយ​ផ្ដើម​ពី​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប ដែល​ជា​ក្តី​សង្ឃឹម​សម្រាប់​គុណភាព​អប់រំ​នៅ​កម្ពុជា។ ប៉ុន្តែ​កំណែ​ទម្រង់​នោះ​មិន​ទាន់​ឆ្លើយ​តប​នូវ​ល្បឿន​នៃ​ការ​វិវឌ្ឍ​ក្នុង​តំបន់ និង​តម្រូវ​ការ​ទីផ្សារ សម្រាប់​ឲ្យ​យុវជន​កម្ពុជា ចាប់​យក​ឱកាស​ការងារ​ច្រើន នៅ​ពេល​ដែល​សមាហរណកម្ម​អាស៊ាន ចូល​មក​ដល់​បាន​ឡើយ។

របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញ​ថា សព្វថ្ងៃ​នេះ ក្នុង​ចំណោម​យុវជន​ដែល​មាន​បរិញ្ញាបត្រ​ស្វែងរក​ការងារ​មាន​ប្រមាណ​ជាង ៣០% ប៉ុណ្ណោះ ដែល​ទទួល​បាន​ការងារ​ធ្វើ។ បន្ថែម​លើ​នេះ ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន នឹង​បើក​ឲ្យ​ពលកម្ម​ពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ហូរ​ចូល​មក​រក​ការងារ​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​យុវជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ពេល​ខាង​មុខ។

សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​សារព័ត៌មាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ឆាយ សុផល គាំទ្រ​ឲ្យ​យុវជន​ខិតខំ​ប្រឹងប្រែង​បន្ត​សិក្សា​ជំនាញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់។ ប៉ុន្តែ​យុវជន​ទាំង​នោះ ក៏​ត្រូវ​ចេះ​បត់បែន​តាម​សភាពការណ៍​នៃ​ទំនោរ​របស់​អាស៊ាន ឬ​មាន​ន័យ​ថា យុវជន​ត្រូវ​ចេះ​តាម​ដាន​ព័ត៌មាន ឬ​ប្រមើល​មើល​ថា ក្នុង​រយៈពេល ៥​ឆ្នាំ ឬ ១០​ឆ្នាំ​ខាង​មុខ​ទៀត តើ​មាន​វិស័យ​ណា​ខ្លះ​ចាំបាច់ ឬ​មាន​អាទិភាព​សម្រាប់​តម្រូវ​ការ​នៃ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ពេល​នោះ​យុវជន​អាច​ចំណាយ​ពេល​សិក្សា​លើ​ជំនាញ​ដែល​ចាំបាច់​នោះ​បន្ថែម ដើម្បី​អាច​ស្រូប​យក​ទីផ្សារ​ការងារ​បាន​ល្អ​ជាង​នេះ៖ «កម្ពុជា ចូល​ក្នុង​សហគមន៍​អាស៊ាន យើង​នាំ​គ្នា​ច្របូកច្របល់ យើង​កុំ​ទាន់​ភ័យ​ពេក យើង​មើល ៣​ឆ្នាំ​ដំបូង​យ៉ាង​ម៉េច ៥​ឆ្នាំ​យ៉ាង​ម៉េច ហើយ ១០​ទៀត​វា​យ៉ាង​ម៉េច? យើង​ត្រូវ​ប្រមើល​ខ្លួន​ឯង​ថា តើ​អាស៊ាន​នា​ពេល​ខាង​មុខ វា​មាន​របត់​ទៅ​ណា? យើង​ខំ​អាន​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ចំណេះ​ដឹង​ច្រើន​សម្រាប់​ប្រកួត​ប្រជែង​ការងារ»

ចំពោះ​យុវជន​ដែល​មិន​ទទួល​បាន​ការ​អប់រំ ក៏​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុង​ការ​ចូលរួម​សមាហរណកម្ម​អាស៊ាន ដោយ​ពួក​គេ​ត្រូវ​ស្វែង​យល់​ពី​ការ​វិវឌ្ឍ​នៅ​ក្នុង​តំបន់។ តាម​គំនិត លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន គិត​ថា យុវជន​ទាំង​នោះ​ត្រូវ​ទាញ​ការ​ចាប់​អារម្មណ៍​តាម​ដាន​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឍ​សង្គម​នៅ​ក្នុង​តំបន់ តាម​វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ជាដើម។ រីឯ​រដ្ឋាភិបាល ក៏​ត្រូវ​មាន​កាតព្វកិច្ច​សិក្សា​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់​ឲ្យ​បាន​ជាក់​លាក់ និង​ប៉ាន់​ប្រមាណ​ថា តើ​មាន​ការងារ​ប្រភេទ​ណា​ខ្លះ​ដែល​អាច​ឲ្យ​យុវជន​ដែល​មាន​គុណភាព​អប់រំ​ដូច​សព្វថ្ងៃ អាច​ស្រូប​យក​ការងារ​បាន​ច្រើន៖ «យើង​អាច​មាន​ឱកាស​ត្រង់​ថា តម្លៃ​ពលកម្ម​ទាបៗ គឺ​ធ្លាក់​មក​សម្រាប់​ពលរដ្ឋ​ខ្មែរ ឬ​យុវជន ព្រោះ​អ្នក​មាន​ជំនាញ​ខ្ពស់ គេ​មិន​សូវ​ធ្វើ​ទេ​ពលកម្ម​មាន​តម្លៃ​ទាប វា​អាច​ក្លាយ​ជា​សំណាង​មាន​ការ​ច្រើន តែ​តម្លៃ​ទាប អ៊ីចឹង​រដ្ឋ​ត្រូវ​ចេញ​គោល​នយោបាយ​កំណត់​ប្រាក់​ខែ​សមរម្យ​គ្រប់​ការងារ​ទាំងអស់»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់​អះអាង​ថា លំហូរ​ពលកម្ម​ដោយ​សេរី​នៅ​ក្នុង​បរិបទ​អាស៊ាន គឺ​ជា​បញ្ហា​រសើប​ខ្លាំង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន។ លោក​សង្កត់​ធ្ងន់​ថា ពលរដ្ឋ​កម្ពុជា មិន​ត្រូវ​ព្រួយ​បារម្ភ​អំពី​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​សមាហរណកម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥ ពេក​នោះ​ទេ ដោយសារ​តែ​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ហូរ​ចូល​មក​កម្ពុជា ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា ថ្នាក់​ដឹក​នាំ​អាស៊ាន​ទទួល​ស្គាល់​ថា ឧបសគ្គ​ចម្បង​នៃ​ការ​ត​ភ្ជាប់​អាស៊ាន គឺ​បញ្ហា​ពាក់ព័ន្ធ​លំហូរ​ពលកម្ម​ជំនាញ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ពេជ សោភ័ន បញ្ជាក់​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​៤ ឆ្នាំ​២០១៤ កន្លង​មក​ថា គុណភាព​អប់រំ​អន់​ខ្សោយ​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ ហើយ​សមាហរណកម្ម​អាស៊ាន​ចុង​ឆ្នាំ​២០១៥ គឺ​ជា​ចលនា​វិនិយោគ​ខួរ​ក្បាល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ លោក​អំពាវនាវ​ឲ្យ​យុវជន សិស្ស​និស្សិត ចាប់​អារម្មណ៍​សិក្សា​ជំនាញ​បច្ចេកទេស ដែល​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជា​ប្រភេទ​ការងារ​ដែល​មាន​តម្រូវ​ការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។