យុវជន​ចង់​អភិវឌ្ឍ​តំបន់​អារ៉ែង​ឲ្យ​ទៅ​ជា​ព្រៃ​សន្តិភាព

0:00 / 0:00

ក្រុម​យុវជន បាន​ចុះ​ទៅ​សិក្សា​ពី​តំបន់​អារ៉ែង បាន​ចេញ​របាយការណ៍​មួយ​អំពី​សក្ដានុពល​នៃ​តំបន់​អារ៉ែង ដែល​ជា​តំបន់​ព្រៃ​ក្រាស់​ចុង​ក្រោយ​សម្រាប់​ប្រទេស​កម្ពុជា។ យុវជន​ទាំង​នោះ នៅ​តែ​ព្រួយ​បារម្ភ​អំពី​ការ​អភិវឌ្ឍ​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​នេះ ទោះ​បី​ជា​រដ្ឋាភិបាល​ប្រកាស​មិន​ធ្វើ​វារីអគ្គិសនី​នៅ​ក្នុង​អាណត្តិ​នេះ​ក្ដី។

តើ​យុវជន​បាន​រក​ឃើញ​សក្ដានុពល​អ្វី​ខ្លះ​នៅ​តំបន់​អារ៉ែង?

ក្រុម​យុវជន​ចង់​អភិវឌ្ឍ​តំបន់​អារ៉ែង ឲ្យ​នៅ​គង់វង្ស​ដដែល គ្មាន​ការ​កែប្រែ​តំបន់​នេះ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​នោះ​ទេ ដោយ​ពួក​គេ​ចង់​រក្សា​ទុក​តំបន់​ជាយ​អារ៉ែង​នេះ ទៅ​ជា​តំបន់​ព្រៃ​សន្តិភាព។

ការ​អំពាវនាវ​របស់​ក្រុម​យុវជន​ចង់​រក្សា​ទុក​តំបន់​អារ៉ែង ទៅ​ជា​តំបន់​ព្រៃ​សន្តិភាព​នេះ នៅ​បន្ទាប់​ពី​ក្រុម​យុវជន​ជាច្រើន​ក្រុម​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​សកម្មភាព​ចុះ​ទៅ​ទស្សនកិច្ច និង​ធ្វើ​កម្មសិក្សា​ជាច្រើន​ពី​សក្ដានុពល​តំបន់​អារ៉ែង។

យុវជន​កសាង​សន្តិភាព​វ័យ​ក្មេង​នៃ​វិទ្យាស្ថាន​សន្តិភាព លោក គួយ កក្កដា ដែល​បាន​ដឹក​នាំ​យុវជន​ទៅ​ទស្សនកិច្ច​តំបន់​អារ៉ែង កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​នៃ​សក្ដានុពល​អេកូ​ទេសចរណ៍​តំបន់​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចាប់​ផ្ដើម​ស្គាល់​កាន់​តែ​ច្បាស់​ពី​សម្រស់​ធម្មជាតិ កេរ​ដំណែល​របស់​ដូនតា​ដែល​បន្សល់​ទុក​នៅ​ទីនោះ។ លោក​បន្ថែម​ថា ការ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ងាក​ទៅ​រក​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​ធម្មជាតិ​វិញ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដ៏​កម្រ ក៏ដូចជា​ថែរក្សា​បរិស្ថាន​ដើម្បី​ធានា​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ៖ «»។

តំបន់​អារ៉ែង ជា​ផ្នែក​មួយ​នៃ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ជិត ១០​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​ដោយ​ព្រៃ​ស្រោង ព្រៃ​របោះ ដី​ចម្ការ ដី​ស្រែ និង​ដង​ស្ទឹង។ តំបន់​ជាយ​អារ៉ែង​នេះ សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ សត្វ​ព្រៃ និង​កន្លែង​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ និង​ល្អ​ស្អាត​ជាច្រើន​កន្លែង។ ដោយសារ​តែ​តំបន់​ជាយ​អារ៉ែង​ជា​តំបន់​ព្រៃ​ចុង​ក្រោយ ក្រុម​យុវជន និង​ប្រជា​សហគមន៍ ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​ជាយ​អារ៉ែង​នេះ​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ និង​ចង់​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​នេះ ឲ្យ​នៅ​គង់វង្ស និង​រក្សា​សភាព​ដើម។ ក្រុម​យុវជន​មួយ​ចំនួន កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ផុសផុល ដើម្បី​ការពារ​បរិស្ថាន ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ ថែម​ទាំង​កិច្ចការ​នយោបាយ​ផង។

យុវជន​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ខុម សេរីវឌ្ឍន៍ លើក​ឡើង​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាន​ស្ងប់ស្ងាត់​បន្តិច​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ។ លោក​បញ្ជាក់​ថា បញ្ហា​សំខាន់ លោក​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជួយ​ពង្រឹង​សហគមន៍​តំបន់​អារ៉ែង​ឲ្យ​ទៅ​ជា​សហគមន៍​ដ៏​រឹងមាំ​មួយ ដើម្បី​រក្សា​ព្រៃ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​នៅ​តំបន់​អារ៉ែង៖ «»។

របាយការណ៍​ស្រាវជ្រាវ​របស់ លោក គួយ កក្កដា ឲ្យ​ដឹង​ថា ជ្រលង​អារ៉ែង គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា មាន​ប្រភេទ​សត្វ​ព្រៃ​ដ៏​កម្រ ហើយ​ព្រៃ​ឈើ​ដ៏​ស្រស់​ត្រកាល​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​កន្លែង​ដែល​ជនជាតិ​ដើម​ភាគ​តិច​ជង កំពុង​រស់នៅ​ក្នុង​ភាព​សុខដុម​ជាមួយ​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​គេ នៅ​ក្នុង​ជ្រលង​ភ្នំ​នេះ ជាពិសេស​តំបន់​នេះ​ជា​ព្រលឹង​នៃ​ព្រៃ​ឈើ​ចុង​ក្រោយ និង​ជា​ជម្រក​សម្រាប់​សត្វ​ព្រៃ​ដ៏​កម្រ​មួយ​ចំនួន ដូចជា សត្វ​ក្រពើ​ភ្នំ ត្រី​នាគ ដំរី​ធំៗ និង​ជនជាតិ​ដើម​ភាគ​តិច​ជង ប្រមាណ ១.៥០០​នាក់ ដែល​រស់នៅ​ទីនោះ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។

ប្រធាន​វិទ្យាស្ថាន​សន្តិភាព លោក ឡុង ខែត្រ មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​តំបន់​អារ៉ែង​នេះ​ជា​តំបន់​ធម្មជាតិ ឬ​ជា​ព្រៃ​សន្តិភាព ដោយ​ពុំ​អភិវឌ្ឍ​អ្វី​ផ្សេង​នោះ​ឡើយ ព្រោះ​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែល​ជា​ធនធាន​ចុង​ក្រោយ​ដ៏​សំខាន់​របស់​កម្ពុជា៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ឋិត​នៅ​ក្នុង​ខេត្ត​កោះកុង ដ៏​ចម្រូងចម្រាស​នោះ នឹង​មិន​ត្រូវ​ធ្វើ​ទេ​នៅ​អាណត្តិ​នេះ ដោយ​រង់ចាំ​ការ​សិក្សា​បន្ថែម​ជា​មុន​សិន។ លោក​បញ្ជាក់​ថា ចិត្ត​របស់​លោក លោក​ចង់​រក្សា​តំបន់​នោះ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជា​អ្នក​សម្រេច ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច? ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​ក្រុម​យុវជន កំពុង​ចង់​បាន​នៅ​ពេល​នេះ គឺ​ពួក​គេ​ចង់​រក្សា​តំបន់​ព្រៃ​ភ្នំ​អារ៉ែង​នេះ ឲ្យ​នៅ​គង់វង្ស​ដដែល និង​ប្រែ​ក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ និង​ជា​តំបន់​ព្រៃ​សន្តិភាព។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា ហាក់​ដូចជា​មិន​ទាន់​មាន​ទំនុក​ចិត្ត​ជាមួយ​រដ្ឋាភិបាល​ទាំង​ស្រុង​នៅ​ឡើយ។ លោក​បញ្ជាក់​ថា គម្រោង​ការ​របស់​រដ្ឋាភិបាល​អាច​ប្រែប្រួល​បាន​គ្រប់​ពេល៖ «»។

របាយការណ៍​របស់ លោក គួយ កក្កដា ដដែល​បញ្ជាក់​ថា ការ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ហើយ​ងាក​ទៅ​រក​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​ធម្មជាតិ​វិញ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង អភិរក្ស​ព្រៃ​ឈើ​របស់​យើង និង​សត្វ​ព្រៃ​ដ៏​កម្រ ក៏ដូចជា​ថែ​រក្សា​បរិស្ថាន ដើម្បី​ធានា​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ និង​ភាព​សុខសាន្ត​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ទីនោះ ដែល​ពួក​គាត់​រស់នៅ​អាស្រ័យ​អនុផល​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​តាំង​ពី​ជីដូន​ជីតា​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។