សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៣១ សីហា ដល់ ៦ កញ្ញា ២០០៩

2009-09-06

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ព្រះ​មហា​វីរ​ក្សត្រ សម្ដេច​ព្រះបាទ នរោត្តម សីហនុ យាង​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រុង​ប៉េកាំង និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

AFP File

ព្រះមហា​វីរ​ក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) សម្ដេច​ព្រះ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ខាង​ឆ្វេង) ក្នុង​ឱកាស​យាង​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​៨ មេសា ២០០៧។

លោក ហ៊ុយ វណ្ណៈ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៣១ សីហា ដល់ ៦ កញ្ញា ឆ្នាំ​២០០៩។

ព្រះ​មហា​វីរ​ក្សត្រ​យាង​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រុង​ប៉េកាំង

ព្រះ​មហា​វីរ​ក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម សីហនុ និង​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​កញ្ញា បាន​យាង​ចាក​ចេញ​ពី​ព្រះ​រាជ​ដំណាក់​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិនហើយ ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​តាម​ដាន​និង​ពិនិត្យ​ព្រះ​រោគ​ព្រះ​អង្គ។

លោក អ៊ុំ ដារ៉ាវុធ មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហា​ក្សត្រ ថ្លែង​ថា ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី ក៏​បាន​អម​ដំណើរ​ព្រះ​បិតា​និង​មាតា​ព្រះអង្គ​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នោះ​ដែរ។ មន្ត្រី​ដដែល​ថ្លែង​ទៀត​ថា តាម​ព្រះ​រាជ​សារ ព្រះ​មហា​វីរ​ក្សត្រ​ខ្មែរ​នឹង​គង់​នៅ​ប្រទេស​ចិន​រយៈពេល​៦​ខែ​ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​តាមដាន​ព្រះ​រោគ។

សូម​ជម្រាប​ថា ក្នុង​អំឡុង​ពេល​ដែល​ព្រះ​មហា​វីរ​ក្សត្រ​និង​ព្រះ​រាជ​អគ្គ​មហេសី​គង់​នៅ​ព្រះ​រាជ​ដំណាក់​ក្នុង​ខេត្ត​សៀមរាប​ជិត​២​ខែ ព្រះអង្គ​បាន​ជួប​សំណេះ​សំណាល​និង​ផ្តល់​អំណោយ​ដល់​ប្រជារាស្ត្រ​ជា​កូន​ចៅ​ព្រះ​អង្គ​ជា​បន្ត​បន្ទាប់។

នៅ​ក្នុង​ពិធី​សំណះ​សំណាល​ជាមួយ​ប្រជារាស្ត្រ ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ក៏​បាន​មាន​បន្ទូល​កោត​សរសើរ​ប្រជាជន​ចំពោះ​ការ​ថែ​រក្សា​បូរណភាព​ដែន​ដី​នៃ​ប្រទេស​កម្ពុជា ហើយ​ព្រះអង្គ​ក៏​សរសើរ​ដល់​ថ្នាក់​ដឹកនាំ​កំពូល​កម្ពុជា និង​ចាត់ទុក​ថា កម្ពុជា​បច្ចុប្បន្ន​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ ស្ថិរភាព​និង​សន្តិភាព។

សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​អាច​បើក​ការ​ស៊ើប​អង្កេត​រក​ជន​សង្ស័យ​ខ្មែរ​ក្រហម​៥​រូប​ទៀត

សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា មន្ត្រី​ស៊ើប​អង្កេត​នឹង​អាច​បើក​ការ​ស៊ើប​អង្កេត​រក​ជន​សង្ស័យ​ខ្មែរ​ក្រហម​មួយចំនួន​ទៀត​ដើម្បី​នាំ​យក​មក​ផ្តន្ទា​ទោស ដែល​ប្រភព​ឲ្យ​ដឹង​ថា សាលា​ក្តី​នឹង​ស៊ើប​អង្កេត​លើ​អតីត​មេ​ខ្មែរ​ក្រហម​យ៉ាង​ហោច​៥​នាក់។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​ការងារ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ថ្លែង​ថា ព្រះរាជអាជ្ញា​អន្តរជាតិ​នឹង​ត្រូវ​បញ្ជូន​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ទៅ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​បន្ថែម​ទៀត​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក រាជ សម្បត្តិ គូស​បញ្ជាក់​ថា ប៉ុន្តែ​ឥឡូវ​នេះ​ហាក់​ដូច​ជា​ឆាប់​ពេក ដែល​និយាយ​ថា តើ​សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ស៊ើប​អង្កេត​ថែម​ឬ​យ៉ាង​ណា​នោះ?

បច្ចុប្បន្ន​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៥​នាក់​ហើយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដែល​រួម​មាន នួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធ និង កាំង ហ្កិចអ៊ាវ ហៅ ឌុច។

សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ថវិកា​ជាង​១១​លាន​យូរ៉ូ​ដល់​កម្ពុជា

ក្នុង​សប្ដាហ៍​នេះ​សហភាព​អឺរ៉ុប​ប្រកាស​ផ្តល់​មូលនិធិ​ចំនួន​ជាង​១១​លាន​យូរ៉ូ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​គម្រោង​កម្មវិធី​បង្កើន​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជាថ្លែង​ថា ការ​ផ្តល់​មូលនិធិ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខាង​ផ្នែក​ស្បៀង​អាហារ​ដែល​កំពុង​ឡើង​ថ្លៃ​នៅ​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នេះ លោក រ៉ាហ្វាអែល ដូចៅ ម៉ូរ៉េណូ ជា​ភារៈធារី​នៃ​ប្រតិភូ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹងដែរ​ថា សហគមន៍​អឺរ៉ុប​គ្រោង​នឹង​បង្កើន​ថវិកា​ជំនួយ​ថែម​ទៀត​ដើម្បី​ជួយ​ពង្រឹង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដែល​ថវិកា​ជំនួយ​នេះ​នឹង​ត្រូវ​បង្កើន​ពី​ជាង​៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ជាង​៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក​ថ្លែង​ទៀត​ថា ចាប់​ពី​ឆ្នាំ​២០០០​មក ជំនួយ​របស់​សហគមន៍​អឺរ៉ុប​បាន​ជួយ​បង្កើន​ផ្នែក​សមត្ថភាព​គ្រូ​បង្រៀន​ជាង​៨​ពាន់​នាក់​និង​សិស្ស​ជាង​១​លាន​២​សែន​នាក់។

កម្មករ​រោងចក្រ Sky High បន្ត​ការ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ

នៅ​ក្នុង​សប្តាហ៍​នេះ កម្មករ​រោងចក្រ​កាត់ដេរ Sky High យ៉ាង​ហោច​១០០​នាក់​ក្នុង​ចំណោម​កម្មករ​ជិត​២​ពាន់​នាក់​បាន​នាំ​គ្នា​បន្ត​ការ​តវ៉ា​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ក្រុង​តាខ្មៅ ប្រយោជន៍​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​ឲ្យ​គោរព​ច្បាប់​ការងារ។

តំណាង​កម្មករ​គឺ​លោក ញឹម ចំរើន ថ្លែង​ថា កម្មករ​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការងារ​រយៈពេល​១០​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ជា សុំ​ឲ្យ​គិតគូរ​ប្រាក់​អតីត​ភាព​ការងារ​នៅ​ពេល​បញ្ឈប់​កម្មករ, ទាមទារ​ឲ្យ​រោងចក្រ​ទទួល​ខុស​ត្រូវ​នូវ​រាល់​ការ​បាត់បង់​យាន​យន្ត​របស់​កម្មករ និង​ទាមទារ​ឲ្យ​បង្កើត​កន្លែង​សម្រាប់​មើល​ក្មេង​នៅ​ក្នុង​រោងចក្រ​ជាដើម។

រោងចក្រ​មួយ​នៅ​ខែត្រ​កណ្ដាល​ត្រូវ​គេ​សង្ស័យ​ថា​បញ្ចេញ​ជាតិ​ពុល​ទៅ​ក្នុង​ទន្លេ

នៅ​ក្នុង​សប្តាហ៍​នេះ​ដែរ រោងចក្រ​ផលិត​អេតាណុល MPH Bio Energy ដែល​មាន​ទីតាំង​នៅ​ឃុំ​ព្រែកព្នៅ ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​បាន​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល សម្រេច​ឲ្យ​ផ្អាក​ដំណើរការ​មួយរយៈ បន្ទាប់​ពី​គេ​សង្ស័យ​ថា កាក​សំណល់​រាវ​ដែល​បញ្ចេញ​ដោយ​រោងចក្រ​នេះ​បណ្តាល​ឲ្យ​ងាប់​ត្រី​ចិញ្ចឹម​ប្រមាណ​៣០​តោន​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​តាម​ដង​ទន្លេ​សាប។

លោក ម៉េង សក្តិធារ៉ា អគ្គ​នាយក​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល ថ្លែង​ថា មន្ត្រី​ក្រសួង​បាន​ចុះ​ពិនិត្យ​ហើយ​រក​ឃើញ​ថា ប្រព័ន្ធ​គ្រប់គ្រង​សំណល់​រាវ​នៃ​រោងចក្រ​នេះ​មិន​គ្រប់គ្រាន់​តាម​ស្តង់ដារ​បច្ចេកទេស ទើប​ក្រសួង​សម្រេច​ឲ្យ​រោងចក្រ​នេះ​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន។

តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ ជា រដ្ឋា

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ក្នុង​សប្តាហ៍​នេះ​បាន​ចេញ​ដីកា​កំបាំង​មុខ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លោកស្រី ជា រដ្ឋា រួម​ទាំង​ជន​ជាប់​សង្ស័យ​៦​រូប​ទៀត ក្នុង​ករណី​ចោទ​ថា នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​លើ​ស្រី​ម្នាក់​ជា​ម្តាយ​មីង​របស់​អតីត​បវរ​កញ្ញា​ទេសចរណ៍​ឆ្នាំ​២០០២ គឺ​កញ្ញា អ៊ិន សូលីដា។

សូម​ជម្រាប​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៨ ស្រ្តី​ឈ្មោះ យ៉ា សុខនីម ជា​ម្តាយ​មីង​របស់​កញ្ញា អ៊ិន សូលីដា ត្រូវ​គេ​ជះ​ទឹក​អាស៊ីត​បណ្តាល​ឲ្យ​រង​របួស​ដោយ​បន្សល់​នូវ​ការ​ខូច​មុខ​និង​ដើមទ្រូង​រហូត​មក​ទល់​បច្ចុប្បន្ន នៅ​ក្នុង​រឿង​គំនុំ​ថា អ្នកស្រី​បាន​រួម​គំនិត​បំបែក កញ្ញា អ៊ិន សូលីដា កុំ​ឲ្យ​ទាក់ទង​ស្នេហា​ជាមួយ​ស្រ្តី​ដូច​គ្នា គឺ​លោកស្រី ជា រដ្ឋា ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ។

ការ​ស៊ើប​អង្កេត​បាន​ឈាន​ដល់​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​នាំ​ទៅ​ឃុំ​ខ្លួន ហើយ​តុលាការ​ក៏​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​អ្នកស្រី ជា រដ្ឋា នោះ​ផង។

ការ​មិន​អាច​ចាប់​ជន​សង្ស័យ​ក្នុង​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ ត្រូវ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​រិះគន់​ថា អាជ្ញាធរ​កំពុង​បណ្តោយ​ឲ្យ​បន្ត​មាន​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​សប្តាហ៍​នេះ កញ្ញា អ៊ិន សូលីដា ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​និង​ការពារ​សន្តិសុខ​ឲ្យ​គ្រួសារ​នាង​ផងដែរ ដោយសារ​បារម្ភ​ខ្លាច​មាន​ការ​តាម​ព្យាបាទ​បន្ត​ទៀត ក្រោយ​ពេល​សាលា​ដំបូង​បាន​សម្រេច​លើកលែង​ការចោទ​ប្រកាន់​លើ​លោកស្រី ជា រដ្ឋា នោះ។

មន្ត្រី​អាមេរិក៖ កម្ពុជា​ត្រូវ​បង្កើន​ការ​ទប់​ស្កាត់​ករណី​ជួញដូរ​មនុស្ស​បន្ថែម​ទៀត

នៅ​ក្នុង​សប្តាហ៍​នេះ ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក គឺ​លោក លូអ៊ីស ស៊ីដឺបាកា (Luis CdeBaca) បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ ថា កម្ពុជា​បាន​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​​អំពើ​ជួញដូរ​មនុស្ស ក៏​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​មាន​វិធានការ​ទប់​ស្កាត់​ករណី​នេះ​ឲ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត។

កាល​ពី​ឆ្នាំ​កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​លើ​លំដាប់​លេខ​ពីរ​ក្នុង​ការ​ឃ្លាំ​មើល​ពី​អំពើ​ជួញដូរ​មនុស្ស៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ