លោក ហ៊ុយ វណ្ណៈ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៣១ សីហា ដល់ ៦ កញ្ញា ឆ្នាំ២០០៩។
ព្រះមហាវីរក្សត្រយាងទៅពិនិត្យសុខភាពនៅក្រុងប៉េកាំង
ព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម សីហនុ និងព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា បានយាងចាកចេញពីព្រះរាជដំណាក់ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនហើយ ដើម្បីឲ្យគ្រូពេទ្យតាមដាននិងពិនិត្យព្រះរោគព្រះអង្គ។
លោក អ៊ុំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ ថ្លែងថា ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ក៏បានអមដំណើរព្រះបិតានិងមាតាព្រះអង្គយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិននោះដែរ។ មន្ត្រីដដែលថ្លែងទៀតថា តាមព្រះរាជសារ ព្រះមហាវីរក្សត្រខ្មែរនឹងគង់នៅប្រទេសចិនរយៈពេល៦ខែដើម្បីឲ្យគ្រូពេទ្យតាមដានព្រះរោគ។
សូមជម្រាបថា ក្នុងអំឡុងពេលដែលព្រះមហាវីរក្សត្រនិងព្រះរាជអគ្គមហេសីគង់នៅព្រះរាជដំណាក់ក្នុងខេត្តសៀមរាបជិត២ខែ ព្រះអង្គបានជួបសំណេះសំណាលនិងផ្តល់អំណោយដល់ប្រជារាស្ត្រជាកូនចៅព្រះអង្គជាបន្តបន្ទាប់។
នៅក្នុងពិធីសំណះសំណាលជាមួយប្រជារាស្ត្រ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក៏បានមានបន្ទូលកោតសរសើរប្រជាជនចំពោះការថែរក្សាបូរណភាពដែនដីនៃប្រទេសកម្ពុជា ហើយព្រះអង្គក៏សរសើរដល់ថ្នាក់ដឹកនាំកំពូលកម្ពុជា និងចាត់ទុកថា កម្ពុជាបច្ចុប្បន្នប្រកបដោយលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនិងសន្តិភាព។
សាលាក្ដីខ្មែរក្រហមនឹងអាចបើកការស៊ើបអង្កេតរកជនសង្ស័យខ្មែរក្រហម៥រូបទៀត
សាលាក្តីខ្មែរក្រហមបានប្រកាសក្នុងសប្តាហ៍នេះថា មន្ត្រីស៊ើបអង្កេតនឹងអាចបើកការស៊ើបអង្កេតរកជនសង្ស័យខ្មែរក្រហមមួយចំនួនទៀតដើម្បីនាំយកមកផ្តន្ទាទោស ដែលប្រភពឲ្យដឹងថា សាលាក្តីនឹងស៊ើបអង្កេតលើអតីតមេខ្មែរក្រហមយ៉ាងហោច៥នាក់។
លោក រាជ សម្បត្តិ ប្រធានផ្នែកការងារសាធារណៈនៃសាលាក្ដីខ្មែរក្រហម ថ្លែងថា ព្រះរាជអាជ្ញាអន្តរជាតិនឹងត្រូវបញ្ជូនដីកាសន្និដ្ឋានបញ្ជូនរឿងទៅឲ្យសហចៅក្រមស៊ើបអង្កេតដើម្បីបើកការស៊ើបអង្កេតលើជនសង្ស័យបន្ថែមទៀតនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក រាជ សម្បត្តិ គូសបញ្ជាក់ថា ប៉ុន្តែឥឡូវនេះហាក់ដូចជាឆាប់ពេក ដែលនិយាយថា តើសហចៅក្រមស៊ើបអង្កេតនឹងស៊ើបអង្កេតថែមឬយ៉ាងណានោះ?
បច្ចុប្បន្នមានអតីតមេដឹកនាំខ្មែរក្រហម៥នាក់ហើយដែលត្រូវបានចាប់ខ្លួន ដែលរួមមាន នួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធ និង កាំង ហ្កិចអ៊ាវ ហៅ ឌុច។
សហភាពអឺរ៉ុបផ្ដល់ជំនួយថវិកាជាង១១លានយូរ៉ូដល់កម្ពុជា
ក្នុងសប្ដាហ៍នេះសហភាពអឺរ៉ុបប្រកាសផ្តល់មូលនិធិចំនួនជាង១១លានយូរ៉ូដល់ប្រទេសកម្ពុជាសម្រាប់គម្រោងកម្មវិធីបង្កើនសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។
តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាថ្លែងថា ការផ្តល់មូលនិធិនេះគឺជាការឆ្លើយតបជាបន្ទាន់ដើម្បីជួយដោះស្រាយបញ្ហាខាងផ្នែកស្បៀងអាហារដែលកំពុងឡើងថ្លៃនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក រ៉ាហ្វាអែល ដូចៅ ម៉ូរ៉េណូ ជាភារៈធារីនៃប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ឲ្យដឹងដែរថា សហគមន៍អឺរ៉ុបគ្រោងនឹងបង្កើនថវិកាជំនួយថែមទៀតដើម្បីជួយពង្រឹងវិស័យអប់រំនៅប្រទេសកម្ពុជាផងដែរ ដែលថវិកាជំនួយនេះនឹងត្រូវបង្កើនពីជាង៥លានដុល្លារក្នុងមួយឆ្នាំរហូតដល់ជាង៩លានដុល្លារក្នុងមួយឆ្នាំ។
លោកថ្លែងទៀតថា ចាប់ពីឆ្នាំ២០០០មក ជំនួយរបស់សហគមន៍អឺរ៉ុបបានជួយបង្កើនផ្នែកសមត្ថភាពគ្រូបង្រៀនជាង៨ពាន់នាក់និងសិស្សជាង១លាន២សែននាក់។
កម្មកររោងចក្រ Sky High បន្តការតវ៉ាទាមទារឲ្យថៅកែគោរពច្បាប់ការងារ
នៅក្នុងសប្តាហ៍នេះ កម្មកររោងចក្រកាត់ដេរ Sky High យ៉ាងហោច១០០នាក់ក្នុងចំណោមកម្មករជិត២ពាន់នាក់បាននាំគ្នាបន្តការតវ៉ានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯក្រុងតាខ្មៅ ប្រយោជន៍ដើម្បីឲ្យថៅកែរោងចក្រឲ្យគោរពច្បាប់ការងារ។
តំណាងកម្មករគឺលោក ញឹម ចំរើន ថ្លែងថា កម្មករបន្តធ្វើកូដកម្មមិនចូលធ្វើការងាររយៈពេល១០ថ្ងៃមកហើយ ដើម្បីទាមទារចំណុចសំខាន់ៗមួយចំនួនដូចជា សុំឲ្យគិតគូរប្រាក់អតីតភាពការងារនៅពេលបញ្ឈប់កម្មករ, ទាមទារឲ្យរោងចក្រទទួលខុសត្រូវនូវរាល់ការបាត់បង់យានយន្តរបស់កម្មករ និងទាមទារឲ្យបង្កើតកន្លែងសម្រាប់មើលក្មេងនៅក្នុងរោងចក្រជាដើម។
រោងចក្រមួយនៅខែត្រកណ្ដាលត្រូវគេសង្ស័យថាបញ្ចេញជាតិពុលទៅក្នុងទន្លេ
នៅក្នុងសប្តាហ៍នេះដែរ រោងចក្រផលិតអេតាណុល MPH Bio Energy ដែលមានទីតាំងនៅឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល សម្រេចឲ្យផ្អាកដំណើរការមួយរយៈ បន្ទាប់ពីគេសង្ស័យថា កាកសំណល់រាវដែលបញ្ចេញដោយរោងចក្រនេះបណ្តាលឲ្យងាប់ត្រីចិញ្ចឹមប្រមាណ៣០តោនដែលប្រជាពលរដ្ឋចិញ្ចឹមតាមដងទន្លេសាប។
លោក ម៉េង សក្តិធារ៉ា អគ្គនាយកក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ថ្លែងថា មន្ត្រីក្រសួងបានចុះពិនិត្យហើយរកឃើញថា ប្រព័ន្ធគ្រប់គ្រងសំណល់រាវនៃរោងចក្រនេះមិនគ្រប់គ្រាន់តាមស្តង់ដារបច្ចេកទេស ទើបក្រសួងសម្រេចឲ្យរោងចក្រនេះផ្អាកដំណើរការជាបណ្តោះអាសន្ន។
តុលាការលើកលែងការចោទប្រកាន់លើ ជា រដ្ឋា
តុលាការក្រុងភ្នំពេញនៅក្នុងសប្តាហ៍នេះបានចេញដីកាកំបាំងមុខសម្រេចលើកលែងការចោទប្រកាន់លោកស្រី ជា រដ្ឋា រួមទាំងជនជាប់សង្ស័យ៦រូបទៀត ក្នុងករណីចោទថា នៅពីក្រោយការវាយប្រហារដោយទឹកអាស៊ីតលើស្រីម្នាក់ជាម្តាយមីងរបស់អតីតបវរកញ្ញាទេសចរណ៍ឆ្នាំ២០០២ គឺកញ្ញា អ៊ិន សូលីដា។
សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០០៨ ស្រ្តីឈ្មោះ យ៉ា សុខនីម ជាម្តាយមីងរបស់កញ្ញា អ៊ិន សូលីដា ត្រូវគេជះទឹកអាស៊ីតបណ្តាលឲ្យរងរបួសដោយបន្សល់នូវការខូចមុខនិងដើមទ្រូងរហូតមកទល់បច្ចុប្បន្ន នៅក្នុងរឿងគំនុំថា អ្នកស្រីបានរួមគំនិតបំបែក កញ្ញា អ៊ិន សូលីដា កុំឲ្យទាក់ទងស្នេហាជាមួយស្រ្តីដូចគ្នា គឺលោកស្រី ជា រដ្ឋា ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកអាវុធហត្ថលើផ្ទៃប្រទេសនោះ។
ការស៊ើបអង្កេតបានឈានដល់ចេញដីកាចាប់ខ្លួនមនុស្សពីរនាក់នាំទៅឃុំខ្លួន ហើយតុលាការក៏បានចេញដីកាតាមចាប់ខ្លួនអ្នកស្រី ជា រដ្ឋា នោះផង។
ការមិនអាចចាប់ជនសង្ស័យក្នុងករណីវាយប្រហារដោយទឹកអាស៊ីតនេះ ត្រូវលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា ថ្លែងរិះគន់ថា អាជ្ញាធរកំពុងបណ្តោយឲ្យបន្តមានវប្បធម៌និទណ្ឌភាពនៅកម្ពុជា។
នៅក្នុងសន្និសីទកាសែតមួយក្នុងសប្តាហ៍នេះ កញ្ញា អ៊ិន សូលីដា ក៏បានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមត្ថកិច្ចជួយអន្តរាគមន៍និងការពារសន្តិសុខឲ្យគ្រួសារនាងផងដែរ ដោយសារបារម្ភខ្លាចមានការតាមព្យាបាទបន្តទៀត ក្រោយពេលសាលាដំបូងបានសម្រេចលើកលែងការចោទប្រកាន់លើលោកស្រី ជា រដ្ឋា នោះ។
មន្ត្រីអាមេរិក៖ កម្ពុជាត្រូវបង្កើនការទប់ស្កាត់ករណីជួញដូរមនុស្សបន្ថែមទៀត
នៅក្នុងសប្តាហ៍នេះ ប្រធានការិយាល័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺលោក លូអ៊ីស ស៊ីដឺបាកា (Luis CdeBaca) បានថ្លែងក្នុងសន្និសីទកាសែតមួយ នៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ ថា កម្ពុជាបានប្រឹងប្រែងក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលខ្មែរត្រូវតែមានវិធានការទប់ស្កាត់ករណីនេះឲ្យបានខ្លាំងក្លាថែមទៀត។
កាលពីឆ្នាំកន្លងទៅ សហរដ្ឋអាមេរិកបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីលើលំដាប់លេខពីរក្នុងការឃ្លាំមើលពីអំពើជួញដូរមនុស្ស៕
