សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១ ដល់ ៧ កុម្ភៈ ២០១០

ព័ត៌មាន​សង្ខេប​ប្រចាំ​សប្តាហ៍​នេះ មាន​ជា​អាទិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​សួរ​សុខ​ទុក្ខ​យុទ្ធជន​នៅ​ព្រំដែន​ព្រះវិហារ មេរោគ​ផ្តាសាយ​បក្សី​ផ្ទុះ​ឡើង​ជា​ថ្មី​តាកែវ និង​ព័ត៌មាន​សំខាន់ៗ​ផ្សេងៗ​ទៀត។

0:00 / 0:00

មន្ត្រី​ថៃ​មួយ​ក្រុម​បាន​ជ្រៀត​ឆ្លង​ព្រំដែន​មក​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នៅ​ប្រាសាទ​ព្រះវិហារ

ចៅហ្វាយ​ខេត្ត​ស៊ីសាកេត​របស់​ថៃ និង​មេ​បញ្ជាការ​យោធា​ថៃ​បាន​ព្យាយាម​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដើម្បី​ស្វាគមន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ដែល​លោក​កំពុង​ចុះ​សួរ​សុខ​ទុក្ខ​យុទ្ធជន​ដែល​កំពុង​តែ​ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ព្រះវិហារ​នៅ​ចុង​សប្តាហ៍​នេះ។

ក្រុម​មន្ត្រី​ថៃ​ដែល​ទី​បំផុត​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​ចូល​មក​ជួប​នោះ​បាន​ប្រាប់​ថា មេកើយ​របស់​ខ្លួន​គឺ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ សាថេប ធុកសាបាន ចង់​មក​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​នៅ​ទី​នេះ។

តែ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នោះ​គ្មាន​សិទ្ធិ​ចូល​មក​ជួប​លោក​នៅ​ក្នុង​ដែន​ដី​ព្រះវិហារ​ដែល​ជា​ដី​ខ្មែរ​នោះ​បាន​ទេ ក៏​ប៉ុន្តែ​បើ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​អនុញ្ញាត​ឲ្យ​ជួប ទើប​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​មាន​សិទ្ធិ​ចូល​បាន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ថា មន្ត្រី​ថៃ​បាន​តាំង​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ចាត់ទុក​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដែល​ជា​ម្ចាស់​ទឹក​ដី​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ព្រះវិហារ​នោះ​ជា​ភ្ញៀវ​ទៅ​វិញ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ឫកពា​របស់​ថៃ​ដូច្នេះ​មិន​ចេះ​អៀន​ខ្មាស​អ្នក​ជិត​ខាង​សោះ។

ជំងឺ​ផ្ដាសាយ​បក្សី​ផ្ទុះ​ឡើង​វិញ​នៅ​ខេត្ត​តាកែវ

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម លោក កៅ ផល មាន​ប្រសាសន៍​ថា មន្ទីរ​ពិសោធន៍​​បាន​រក​ឃើញ​មាន​មេរោគ​ផ្តាសាយ​បក្សី H5N1 លើ​សត្វ​ទា​ងាប់​នៅ​ភូមិ​ប្រឡាយមាស ឃុំ​រមិញ ស្រុក​កោះអណ្តែត ខេត្ត​តាកែវ កាលពី​ដើម​ខែ​នេះ។

ក្រុម​ពេទ្យ​សត្វ​ប្រកាស​ហាម​ចល័ត​សត្វ​មាន់​ទា​ឆ្លង​កាត់​ភូមិ​នោះ​ចម្ងាយ ៥​គីឡូម៉ែត្រ​ក្រឡា បង្ការ​មេរោគ​នេះ​កុំ​ឲ្យ​ឆ្លង​ទៅ​សត្វ​និង​មនុស្ស​នៅ​ភូមិ​ឃុំ​ដទៃ​ទៀត ដែល​ការ​ហាមប្រាម​នេះ​មាន​រយៈពេល ១​ខែ​ទើប​បើក​វិញ។

ជំងឺ​ផ្តាសាយ​បក្សី​នេះ​ផ្ទុះ​ឡើង​ចំ​ពេល​ជិត​ពេល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម ដែល​មាន់​ទា​ជា​មុខ​ម្ហូប​ដ៏​យ៉ាង​សំខាន់​ត្រូវ​គេ​និយម​ប្រើ​ដាក់​សែន ឬក៏​ជា​ដង្វាយ​ដូន​តា​ក្នុង​ពិធី​បុណ្យ​នេះ។

រដ្ឋាភិបាល​ខ្មែរ​ហាម​មន្ត្រី​រាជការ​ជក់​បារី​នៅ​កន្លែង​ធ្វើ​ការ

ក្រសួង​មហាផ្ទៃ​បាន​ចេញ​បំរាម​ហាម​មិន​ឲ្យ​មន្ត្រី​រាជការ និង​នគរបាល ជក់​បារី​នៅ​ក្នុង​កន្លែង​ធ្វើ​ការងារ​រដ្ឋ។

បំរាម​ហាម​មិន​ឲ្យ​ជក់​បារី​នៅ​ទី​កន្លែង​ធ្វើ​ការ​រដ្ឋ​របស់​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​ខ្លឹមសារ​នៃ​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ស្តី​ពី​គោលការណ៍​ហាម​ជក់​បារី​នៅ​ក្នុង​កន្លែង​ធ្វើ​ការ​របស់​មន្ត្រី​រាជការ នៅ​ក្នុង​សាល​ប្រជុំ រោង​មហោស្រព និង​ផល​វិបាក​នៃ​ការ​ជក់​បារី​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារណជន បរិស្ថាន ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​គ្រួសារ​និង​សេដ្ឋកិច្ច​ជាតិ​ផង។

អាជ្ញាធរ​វៀតណាម​ហាម​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ

ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពុំ​មាន​ដី​ស្រែ​ធ្វើ​កសិកម្ម​ទៀត​ទេ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​បាន​រឹបអូស​យក​ដើម្បី​ជីក​ប្រទ្បាយ​ទឹក។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ទី​នោះ បាន​បញ្ជូន​កូនៗ​ឲ្យ​ស៊ី​ឈ្មួល​គេ​នៅ​ព្រៃនគរ ឬ​ក្រុង​ហូជីមិញ និង​ខេត្ត​ដទៃ​ទៀត​ដើម្បី​រក​កម្រៃក្រៅ​ចិញ្ចឹម​គ្រួសារ​ជំនួស​ការ​ធ្វើ​ស្រែ នៅ​ពេល​ដែល​ពួក​គាត់​បាត់​បង់​ដី​ស្រែ​ទាំង​នោះ។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង​នោះ​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ឲ្យ​ថា អាជ្ញាធរ​វៀតណាម​បាន​គាប​សង្កត់ និង​តាមដាន​ខ្មែរ​ក្រោម​ទាំង​នោះ​ជា​ប្រចាំ​ថ្ងៃ​និង​ដិតដល់​ជា​ទីបំផុត។

គណៈកម្មការ​ប្រឹក្សា​ការងារ​សុំ​ដំឡើង​ប្រាក់​ខែ​កម្មករ

គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​មាន​សមាសភាព​រួម​គ្នា​ពី​សហជីព​តំណាង​កម្មករ​រោងចក្រ កាត់​ដេរ​នានា តំណាង​ក្រសួង​ការងារ និង​តំណាង​ថៅកែ​រោងចក្រ មាន​គម្រោង​កោះ​ប្រជុំ​គ្នា​មួយ ដើម្បី​ពិភាក្សា​ស្ដីពី​ស្ថានភាព​កម្មករ​កាត់​ដេរ​កម្ពុជា​និង​សុំ​ឡើង​ប្រាក់​ខែ។

លោក ជួន មុំថុល អនុ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មករា ថា កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​សប្តាហ៍​ក្រោយ​នេះ ហើយ​នឹង​​សុំ​តម្លើង​ប្រាក់​ខែ​កម្មករ​កាត់ដេរ ដែល​បច្ចុប្បន្ន​មាន​កម្មករ​ទាំង​នោះ​មាន​ប្រាក់​ខែ​ពី ៥០​ដុល្លារ សុំ​ឲ្យ​ឡើង ៩៣​ដុល្លារ​ក្នុង​មួយ​ខែ។

នគរបាលក្រុង​​ប៉ោយប៉ែត​៤​នាក់​ត្រូវ​បាន​គេ​ចោទ​ថា​ធ្វើ​ទារុណកម្ម​មនុស្ស

អ្នក​ស្រី សុខ វណ្ណឌី ម្តាយ​យុវជន​រង​គ្រោះ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា អ្នក​ស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​ក្រុម​នគរបាល​ក្រុង​ប៉ោយប៉ែត ៤​នាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទ​ថា នគរបាល​ទាំង ៤​នាក់​នោះ​បាន​វាយ​ទាត់​ធាក់​កូន​គាត់ គឺ​យុវជន​ឈ្មោះ ចាន់ អ៊ិច បោក​ក្បាល​ផ្ទប់​នឹង​សសរ​ថ្ម​រហូត​ដល់​សន្លប់ ទាំង​ដៃ​ជាប់​ខ្នោះ ក្នុង​ពេល​សួរចម្លើយ។

អ្នក​ស្រី សុខ វណ្ណឌី ថ្លែង​ថា នគរបាល​ភាគ​ច្រើន​ប្រើ​អំណាច​រំលោភ​សិទ្ធិ​ជន​ស្លូត​ត្រង់ ហើយ​អ្នក​ស្រី​ប្តឹង​ទាម​ទារ​ឲ្យ​នគរបាល​ទាំង​៤​រូប​នោះ​ឲ្យ​សង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់ៗ ៣​លាន​រៀល ក៏​ប៉ុន្តែ​នគរបាល​ទាំង ៤​រូប​នោះ​បដិសេធ​ពាក្យ​ចោទ​ប្រកាន់​នេះ។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ថ្មី​ស្បថ​ចូល​កាន់​តំណែង

ការ​ធ្វើ​សច្ចា​ប្រណិធាន​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ថ្មី គឺ​លោក អេនឌ្រូ ខេលៃ (Andrew Cayley) និង​សហ​ព្រះរាជអាជ្ញា​បម្រុង​លោក នីកូឡាស គុំជាន (Nicholas Koumjian) បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១០។

នៅ​ក្នុង​ពិធី​សច្ចា​ប្រណិធាន​នោះ លោក អេនឌ្រូ ខេលៃ បាន​ប្រកាស​​ថា លោក​នឹង​បំពេញ​តួនាទី និង​ប្រើ​អំណាច​កាត់​ក្តី​ឧក្រិដ្ឋជន​ដោយ​ស្មោះ​ស មិន​លម្អៀង និង​មិន​ទទួល​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋាភិបាល ឬ​ក៏​ជនណា​ម្នាក់​នោះ​ឡើយ។

មណ្ឌល​កែប្រែ​មួយចំនួន​រង​ការ​ចោទ​ប្រកាន់​ថា​ធ្វើ​ទារុណកម្ម​អ្នក​ញៀន​ថ្នាំ​ញៀន

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) នៅ​ថៃ្ង​៣១ មករា​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត ឬ​ក៏​បិទ​មណ្ឌល​ស្តារ​នីតិសម្បទា​នៅ​ចោមចៅ​និង​មណ្ឌល​មួយ​ចំនួន​ទៀត​តែម្ដង នៅ​គ្រា​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​វាយ​ដំ វាយ​នឹង​ខ្សែ​តី ឆក់​ខ្សែ​ភ្លើង​មនុស្ស​ដែល​កំពុង​តែ​ទទួល​ការ​អប់រំ​កែ​ប្រែ​ខ្លួន​នៅ​ក្នុង​មណ្ឌល​ទាំង​នោះ។

សេចក្តី​ថែ្លង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថៃ្ង​អាទិត្យ ទី​៣១ ខែ​មករា បាន​បង្ហាញ​ថា ជន​រង​គ្រោះ​ដែល​គេ​ធ្វើ​ទារុណកម្ម​នោះ មាន​កុមារ និង​អ្នក​ជំងឺ​សរសៃ​ប្រសាទ នៅ​ក្នុង​មណ្ឌល​ចំនួន ៧​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តែ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

អង្គការ​អាដហុក​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ឆ្នាំ​២០០៩​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា

សមាគម​សទ្ធិមនុស្ស អាដហុក ថា ឆ្នាំ​២០០៩​កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​បាន​ប្តឹង​អ្នក​នយោបាយ តំណាង​រាស្ត្រ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​អ្នក​កាសែត​មួយចំនួន ដែល​ក្នុង​នោះ​មាន​តួលេខ​ដូច​ជា​អ្នក​តំណាង​រាស្ត្រ និង​សហគមន៍​ការពារ​ដី​ធ្លី​ចំនួន ២៣៥​នាក់​ត្រូវ​បាន​គេ​ប្តឹងផ្តល់​ទៅ​កាន់​តុលាការ និង​ជាប់​ឃុំ​ចំនួន ១៤៧​នាក់ និង​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ចំនួន ៥៨​នាក់ ហើយ ៨៨​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​ពី​ការ​ចាប់​ខ្លួន​របស់​តុលាការ។

ជា​ថ្មី​ម្តង​ទៀត​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​ចោល។

លោក ឱម យ៉ិនទៀង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​ឆ្លើយ​តប​បែប​ពេប​ជ្រាយ​វិញ​ថា អាដហុក សរសេរ​របាយ​ការណ៍​នោះ​ដូច​បិទ​ភ្នែក ហើយ​ចង់​ឲ្យ​អ្នក​ដទៃ​បិទភ្នែក​តាម​របាយការណ៍​នោះ​ដែរ៕