លោក ហ៊ុយ វណ្ណៈ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៣ ដល់ ៩ សីហា ឆ្នាំ២០០៩។
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យមន្ត្រីរាជការគោរពច្បាប់ចរាចរណ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីរាជការឲ្យអនុវត្តតាមច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ទៀតថា នៅក្នុងទីក្រុងភ្នំពេញ លោកសង្កេតឃើញមានប្រជាពលរដ្ឋពី៧០%ទៅ៨០%ហើយដែលគោរពតាមច្បាប់ចរាចរណ៍ ដោយមានពាក់មួកការពារក្បាលនៅពេលជិះម៉ូតូនោះ។ ប៉ុន្តែលោកថ្លែងថា លោកបានសង្កេតឃើញអ្នកស្លៀកពាក់ឯកសណ្ឋានជានគរបាលនិងកងទ័ពគឺមិនបានពាក់មួកការពារនោះទេ។
របាយការណ៍មួយរបស់អង្គការជនពិការអន្តរជាតិប៊ែលហ្ស៊ិកប្រចាំកម្ពុជា បានឲ្យដឹងថា តួលេខអំពីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩នេះ គឺមានចំនួន៦០១ករណី ហើយបណ្តាលឲ្យមានជនរងគ្រោះ២០៧៨នាក់ ក្នុងនោះមានអ្នករបួសធ្ងន់ចំនួន៦៨០នាក់និងស្លាប់២០១នាក់។
កម្ពុជាមានអ្នកកើតជំងឺគ្រុនផ្ដាសាយ A(H1N1) ចំនួន២៤នាក់ហើយ
មន្ត្រីសុខាភិបាលខ្មែរបានប្រកាសឲ្យដឹងក្នុងសប្តាហ៍នេះថា ប្រទេសកម្ពុជាមានចំនួនអ្នកកើតជំងឺគ្រុនផ្តាសាយថ្មីដែលបង្កឡើងដោយមេរោគ A(H1N1) កើនដល់ចំនួន២៤នាក់ហើយ ដែលការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីគេរកឃើញថា ជំងឺគ្រុនផ្តាសាយថ្មីនេះបានកើតលើស្រ្តីខ្មែរម្នាក់អាយុ២២ឆ្នាំ និងបុរសជាតិអូស្ត្រាលីម្នាក់ អាយុ៣៨ឆ្នាំ។
អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល គឺលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា អ្នកកើតជំងឺផ្តាសាយថ្មីទាំង២៤នាក់នោះគឺបានជាសះស្បើយអស់ហើយ។
អាជ្ញាធរ៖ ទឹកទន្លេមេគង្គឆ្នាំនេះអាចនឹងឡើងធំ
ប្រធាននាយកដ្ឋានជលសានិងទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយម គឺលោក ម៉ៅ ហាក់ បានព្យាករណ៍ថា ឆ្នាំ២០០៩នេះ ទឹកទន្លេមេគង្គអាចនឹងឡើងធំដូចឆ្នាំ២០០០និងឆ្នាំ២០០១កន្លងទៅ។
ជាមួយគ្នានេះ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសកម្ពុជា គឺលោក ញឹម វណ្ណដា ថ្លែងថា ស្បៀង អង្ករ សម្ភារៈ និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ត្រូវបានត្រៀមរួចរាល់ហើយដើម្បីសង្គ្រោះបន្ទាន់នោះ។
យោងតាមមន្ត្រីដដែល កាលពីឆ្នាំ២០០០កន្លងទៅ ទឹកជំនន់ធំបានសម្លាប់ប្រជាពលរដ្ឋខែ្មរចំនួន៨២នាក់ ហើយមានពលរដ្ឋចំនួន៤២.០០០គ្រួសារបានបាត់បង់ទីជម្រក។ ជាមួយគ្នានេះ ស្រូវជាច្រើនពាន់ហិកតារដែលគិតជាទឹកប្រាក់ជាង៩លានដុល្លារអាមេរិកបានរងការបំផ្លាញនៅឆ្នាំនោះ។
អាជីវករផ្សារទន្លាប់ ខែត្រតាកែវ មកតវ៉ានៅមុខផ្ទះនាយករដ្ឋមន្ត្រី
ក្រុមអាជីវករចំនួន១២០នាក់ នៅក្នុងចំណោមអាជីវករប្រមាណ៤០០នាក់ នៅផ្សារទន្លាប់ក្នុងស្រុកគិរីវង់ ខេត្តតាកែវ បាននាំគ្នាទៅតវ៉ានៅខាងមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯក្រុងតាខ្មៅ អស់រយៈពេល២យប់៣ថៃ្ង ដើម្បីឲ្យលោកនាយករដ្ឋមន្រ្តីធ្វើកិច្ចអន្តរាគមន៍ឲ្យអាជ្ញាធរមូលដ្ឋានប្រគល់ទីកន្លែងលក់ដូរមកឲ្យពួកគាត់វិញ។
ការតវ៉ានេះបានធ្វើឡើងក្រោយពេលដែលទីកន្លែងលក់ដូររបស់គាត់ត្រូវបានកែលម្អនិងធ្វើជាតូបថ្មី លក់ក្នុងតម្លៃរវាង៨ពាន់ដុល្លារទៅជាង១ម៉ឺនដុល្លារអាមេរិក។
មន្រ្តីខុទ្ទកាល័យមួយរូបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអភិបាលខេត្តតាកែវ គឺលោក ស្រី បេន ថ្លែងថា អាជ្ញាធរកំពុងតែដោះស្រាយរឿងនេះហើយ។
អ្នកជំនាញទៅពិនិត្យប្រាសាទបន្ទាយឆ្មារដើម្បីរៀបចំដាក់ជាបេតិកភណ្ឌពិភពលោក
មន្ត្រីរាជរដ្ឋាភិបាលខ្មែរ រួមទាំងមន្ត្រីអង្គការយូណេស្កូ (UNESCO) និងអ្នកបច្ចេកទេសជាន់ខ្ពស់មកពីបរទេសផ្នែកស្រាវជ្រាវបេតិកភណ្ឌនិងបូរាណវិទ្យា ប្រមាណ២០០នាក់ បានធ្វើដំណើរទៅកាន់ប្រាសាទបូរាណបន្ទាយឆ្មារ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលនិងសិក្សាការអភិរក្ស ដើម្បីឈានទៅដល់ការដាក់បញ្ចូលប្រាសាទនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលអនាគត។
លោក អ៊ឹម សុរិទ្ធី អ្នកស្រាវជ្រាវផ្លូវបូរាណរបស់អាជ្ញាធរអប្សរា មានប្រសាសន៍ថា ប្រាសាទបន្ទាយឆ្មារដែលបច្ចុប្បន្នស្ថិតនៅជិតតំបន់ជាយដែនខ្មែរថៃនោះ ត្រូវបានកសាងនៅអំឡុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាល ព្រះបាទ ជយវរ្ម័នទី៧ ដែលទីនោះជាអតីតទីក្រុងតូចមួយរបស់អាណាចក្រខ្មែរ។
សាលាក្ដីខ្មែរក្រហមកោះហៅអ្នកប្រវត្តិសាស្ត្រជាតិអាមេរិកាំងមកបំភ្លឺក្នុងសវនាការ
ទាក់ទិននឹងសាលាក្តីខ្មែរក្រហមវិញ នៅក្នុងសប្តាហ៍នេះ ក្រៅពីកោះហៅសាក្សីជាអតីតឆ្មាំគុកទួលស្លែង តុលាការក៏បានកោះហៅសាក្សីជំនាញមួយរូបទៀត គឺលោកសាស្ត្រាចារ្យ David P. Chandler ឲ្យបំភ្លឺនៅក្នុងសវនាការជំនុំជម្រះក្តីករណីជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ផងដែរ។
លោកសាស្ត្រាចារ្យ David P. Chandler គឺជាអ្នកប្រវត្តិសាស្ត្រជាតិអាមេរិកាំង ហើយក៏បានសិក្សាអំពីរបបខ្មែរក្រហមផងដែរ។
លោកDavid P. Chandler បានបកស្រាយក្នុងសាលាក្ដីថា នាអំឡុងរបបខ្មែរក្រហម ការកំណត់សមាសភាពខ្មាំងគឺមានលក្ខណៈអរូបី ដូច្នេះហើយដែលនាំឲ្យការចាប់មនុស្សយកទៅសម្លាប់កើតមានជាបន្តបន្ទាប់នាសម័យខ្មែរក្រហមនោះ។
តុលាការផាកពិន័យ មូរ សុខហួរ ១៦,៥លានរៀល ពីបទបរិហារកេរ្តិ៍
តុលាការក្រុងភ្នំពេញបានសម្រេចឲ្យលោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសមរង្ស៊ីចាញ់ក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយតម្រូវឲ្យលោកស្រីបង់ប្រាក់ផាកពិន័យចំនួន១៦លាន៥សែនរៀល ក្នុងរឿងក្តីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីនោះ។
ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថា សាលក្រមរបស់តុលាការក្រុងភ្នំពេញដែលផ្តន្ទាទោសលោកស្រី មូរ សុខហួរ ហាក់ដូចជាមិនស្របតាមធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិស្តីពីសេរីភាពក្នុងការបញ្ចេញមតិនោះទេ។
សេចក្តីថ្លែងការណ៍ដដែលក៏បានលើកឡើងអំពីសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារនិងការផាកពិន័យជាប្រាក់ក្នុងករណីលោក មឿង សុន ជាប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ និងលោក ហង្ស ចក្រា ជានិពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក ដោយគូសបញ្ជាក់ថា ផលប៉ះពាល់នៃសាលក្រមនោះគឺអាចនាំឲ្យសាធារណជនលែងហ៊ានជជែកពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងផលប្រយោជន៍សាធារណៈ ក៏ដូចជាកាត់បន្ថយកម្រិតសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានោះផង។
ប្រមុខរដ្ឋាភិបាលខ្មែរព្រមានចំពោះអ្នកប្រើពាក្យ "របបផ្ដាច់ការ"
នៅក្នុងសប្តាហ៍នេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចំពោះអ្នកនយោបាយប្រឆាំងឲ្យប្រយ័ត្នប្រយែងក្នុងការប្រើពាក្យរបបផ្តាច់ការនៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការប្រើពាក្យនេះក៏អាចប្រឈមចំពោះមុខច្បាប់ផងដែរ ដោយលោកគូសបញ្ជាក់ថា បើថា រដ្ឋាភិបាលផ្ដាច់ការ ឬបើថា ហ៊ុន សែន ផ្ដាច់ការ នោះគឺប៉ះតែ ហ៊ុន សែន ម្នាក់ឯងទេ ប៉ុន្តែការប្រើពាក្យរបបផ្ដាច់ការ គឺធ្វើឲ្យប៉ះពាល់ទៅលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលជាការប៉ះពាល់រួមនោះ។
ប៉ុន្តែអង្គការសិទ្ធិមនុស្សអន្តរជាតិមួយឈ្មោះ Human Rights Watch ដែលមានមូលដ្ឋាននៅឯបុរីញូវយ៉ក សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បិទមាត់ក្រុមជំទាស់ដោយប្រើវិធីអុកឡុករំខាន សម្លុតគំរាមកំហែង និងប្រើវិធីប្តឹងផ្តល់ទៅតុលាការ៕
