សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កញ្ញា ២០០៩

2009-09-13

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ឯកអគ្គរាជទូត​ខ្មែរ​ចោទ​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​ស.រ.អា.​គ្មាន​តម្លាភាព និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

www.tlhrc.house.gov

វ៉ឹបសាយថ៍​ផ្លូវការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​កុងហ្ក្រេស​សហរដ្ឋ​អាមេរិក www.tlhrc.house.gov។

លោក មុំ សុផុន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៧ ដល់ ១៣ កញ្ញា ២០០៩។

ទូត​ខ្មែរ​ចោទ​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​ស.រ.អា.​គ្មាន​តម្លាភាព

ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក (ស.រ.អា.) បាន​ថ្លែង​ចោទ​ប្រកាន់​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos នៃ​សភា​កុងហ្ក្រេស សហរដ្ឋ​អាមេរិក ថា​ជា​ក្រុម​គ្មាន​តម្លាភាព។

លោក​ឯកអគ្គរាជទូត ហែម ហេង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ប្រសាសន៍​នៅ​សប្តាហ៍​នេះ ក្រោយ​ពេល​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​១០​ចំណុច​បំភ្លឺ​សាធារណជន​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​បាន​រៀបរាប់​អំពី​ភាព​ជឿនលឿន​នៃ​ការ​ពង្រឹង​និង​ពង្រីក​សេរីភាព​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ដោយ​បាន​បង្ហាញ​ថា សព្វថ្ងៃ​កម្ពុជា​មាន​អង្គការ​សង្គម​ស៊ីវិល​រាប់​ពាន់ ក្នុង​នោះ​គ្រាន់តែ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក៏​មាន​មិន​តិច​ជាង​១១​អង្គការ​ដែរ រួមទាំង​ការិយាល័យ​អគ្គ​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស (អ.ស.ប.) ផង។

ស្តីពី​សេរីភាព​ខាង​ផ្នែក​ព័ត៌មាន កម្ពុជា​មាន​កាសែត​និង​ទស្សនាវដ្តី​ជិត​៦០០​ស្ថានីយ វិទ្យុ​៤០ និង​ទូរទស្សន៍​ដល់​ទៅ​៧​ប៉ុស្តិ៍ រួម​ទាំង​មាន​វិទ្យុ​និង​ទូរទស្សន៍​អន្តរជាតិ​មួយចំនួន​ទៀត​ផង។

ហង្ស ចក្រា សរសេរ​លិខិត​សុំ​ទោស សុខ អាន

មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ឲ្យ​ដឹង​ថា លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ដែល​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃ​ស​បាន​សរសេរ​លិខិត​ផ្ទាល់​ខ្លួន​មួយ​ច្បាប់​សុំ​ទោស​លោក សុខ អាន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​រូប​លោក​មាន​សេរីភាព​ឡើង​វិញ​នា​ពេល​ខាង​មុខ​នេះ។

លោក ខៀវ កាញារីទ្ធ មន្រ្តី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​នៅ​សប្តាហ៍​នេះ​ថា លោក​បាន​ទទួល​លិខិត​ពី​លោក ហង្ស ចក្រា ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ហើយ​លោក​បាន​ជម្រាប​រឿង​នេះ​ជូន​ទៅ​លោក សុខ អាន ហើយ ព្រម​ទាំង​សមាគម​អ្នក​កាសែត​ចំនួន​៥​ទៀត​ជុំវិញ​រឿង​នេះ ដោយ​លោក​រំពឹង​ទុក​ថា នឹង​មាន​នីតិ​វិធី​មួយ​ទៀត​សម្រាប់​ការ​លើកលែង​ការ​ចោទ​ប្រកាន់​និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​គាំទ្រ​គណបក្ស​សមរង្ស៊ី ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាធានី​ភ្នំពេញ​ផ្តន្ទា​ទោស កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា​កន្លង​ទៅ ឲ្យ​ជាប់​គុក​ចំនួន​រយៈពេល​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត។

មនុស្ស​២​នាក់​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​កំពត

នៅ​ក្នុង​សប្តាហ៍​នេះ​ដែរ​នៅ​ឯ​ខេត្ត​កំពត​វិញ​ក៏​មាន​ទឹកជំនន់​បាន​ជន់​លិច​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ រួម​ទាំង​សត្វ​ពាហនៈ​និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​១០​ក្នុង​ស្រុក​ទឹក​ឈូ​និង​ក្រុង​កំពត​ទាំង​មូល​ត្រូវ​រង​ការ​ខូចខាត​ក្នុង​គ្រោះ​ទឹក​ជំនន់ ដែល​ចាប់ផ្តើម​តាំង​ពី​យប់​ថ្ងៃ​ទី​៦ ខែ​កញ្ញា​កន្លង​មក​នេះ។

លោកស្រី កង សៅភន អភិបាលរង​ខេត្ត​កំពត បាន​បញ្ជាក់​ថា អាជ្ញាធរ​ជំនាញ​ខេត្ត​បាន​ត្រៀម​អំណោយ​មួយចំនួន​និង​ស្រូវ​ពូជ​រួចរាល់​ហើយ​ដើម្បី​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្រូវ​របស់​គាត់​រង​ការ​ខូច​ខាត​ក្នុង​គ្រោះ​ទឹក​ជំនន់​នេះ។

ទឹក​ជំនន់​នេះ​បាន​បណ្តាល​ឲ្យ​ទីក្រុង​កំពត​និង​ស្រុក​ទឹកឈូ​រង​ការ​លិច​លង់​យ៉ាង​ដំណំ ប្រជាពលរដ្ឋ​ចំនួន​១១.៨៥៧​គ្រួសារ​រង​ផល​ប៉ះពាល់​ដី​ស្រែ​ប្រមាណ​៧​ពាន់​ហិកតារ​រង​ការ​ខូច​ខាត​និង​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​២នាក់​ផង។

អ្នក​ភូមិ​នៅ​រតនគិរី​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ស្នើ​សុំ​ការ​វិល​ត្រឡប់​នៃ​សកម្ម​ជន​សិទ្ធិ​មនុស្ស

អ្នក​ភូមិ​ជាង​៥០០​នាក់​មក​ពី​ស្រុក​ចំនួន​៥​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​គាំទ្រ​និង​ទាមទារ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស គឺ​លោក ប៉ែន ប៊ុណ្ណារ៍ បាន​មក​បំពេញ​ភារកិច្ច​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​រតនគិរី​នេះ​ដូច​ដើម​វិញ។

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០០៩ លោក ប៉ែន ប៊ុណ្ណារ៍ អ្នក​សម្រប​សម្រួស​សមាគម​អាដហុក​ខេត្ត​រតនគិរី ត្រូវ​បាន​ផ្លាស់​ប្ដូរ​ភារកិច្ច​មក​កាន់​ទីក្រុង​ភ្នំពេញ ជាមួយ​លោក ឆាយ ធី ជា​សហការី បន្ទាប់​ពី​លោក ថោ សារ៉ន ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​ចេញ​ដីកា​កោះហៅ​លោក​ទៅ​សាកសួរ​ក្នុង​រឿង​ក្ដី​ញុះញង់​អ្នក​ភូមិ​ប៉ាតាង​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា អង្គការ​លោក​កំពុង​តែ​ចងក្រង​ឯកសារ​ពី​ភាព​មិន​ប្រក្រតី​របស់​លោក ថោ សារ៉ន ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​រតនគិរី ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ចៅក្រម ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​តួនាទី​របស់​លោក ប៉ែន ប៊ុណ្ណារ៍។

កុមារ​៣​នាក់​នៅ​ខេត្ត​សៀមរាប​ផ្ទុក​ជំងឺ​ផ្ដាសាយ A(H1N1)

ក្រុម​គ្រូ​ពេទ្យ​ដែល​កំពុង​ធ្វើការ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​មួយ​នៅ​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ​កុមារ​ខ្មែរ​ចំនួន​៣​នាក់​ដែល​មាន​ផ្ទុក​មេរោគ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ក្នុង​ចំណោម​កុមារ​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​នាំ​ទៅ​រក​សេវា​ថែទាំ​សុខភាព។

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភត្ត្រា ប្រធាន​គ្រូ​ពេទ្យ​ផ្នែក​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​មិត្ត​គ្មាន​ព្រំដែន​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​ពេទ្យ​របស់​លោក​បាន​ជួប​ប្រទះ​កុមារ​ខ្មែរ​ដែល​បាន​មក​រក​សេវា​សុខភាព​គឺ​ផ្ទុក​មេរោគ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ដោយ​ការ​ជួប​ប្រទះ​នោះ​បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក ក៏​ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​មិន​អាច​ដឹង​បាន​ទេ​ថា តើ​កុមារ​ដែល​មាន​មេរោគ A(H1N1) មក​ពី​ខេត្ត​ណា​មួយ​និង​ការ​ចម្លង​មេរោគ​នោះ​តាម​របៀប​ណា​ទេ។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា រហូត​មក​ដល់​ដើម​ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​អ្នក​ផ្ទុក​មេរោគ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ចំនួន​៣១​នាក់​ហើយ។

ហោ ណាំហុង គ្រោង​ជួប​ចរចា​ជាមួយ​ប្រមុខ​ការទូត​ស.រ.អា.

ប្រមុខ​ការទូត​ប្រទេស​កម្ពុជា លោក ហោ ណាំហុង មាន​គម្រោង​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រមុខ​ការទូត​នៃ​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton ក្នុង​ឱកាស​ចូលរួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ខាង​មុខ​នេះ។

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ការបរទេស​កម្ពុជា មាន​គម្រោងការ​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថៃ្ង​ទី​២២ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ទៅ​ចូលរួម​នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៦៤​នៃ​អ.ស.ប. ហើយ​លោក​មាន​គម្រោងការ​ជួប​ចរចា​ទ្វេ​ភាគី​ផងដែរ​ជាមួយ​នឹង​លោកស្រី Hillary Clinton រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត។

កម្ពុជា​បញ្ចប់​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ពិភព​លោក​លើ​គម្រោង​ចុះ​បញ្ជី​ដី​ធ្លី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ពិភព​លោក​លើ​គម្រោង​រៀបចំ​កម្មសិទ្ធិ​ដី​ធ្លី​និង​រដ្ឋបាល កាល​ពី​ពេល​កន្លង​មក​នេះ ដោយសារ​តែ​ធនាគារ​ពិភព​លោក​មាន​លក្ខ​ខណ្ឌ​ស្មុគស្មាញ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​បូក​សរុប​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ជំរឿន​ទូទៅ​នៃ​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ នៅ​ឯ​សាល​សន្និសីទ​ចតុមុខ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ចរចា​យ៉ាង​ណា​ក៏​មិន​សហការ​ក្នុង​គម្រោង​នេះ​បន្ត​ទៀត​ដែរ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០០៩ លោកស្រី អាណែត ឌិកសុន (Annette Dixon) នាយិកា​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា សុវត្ថិភាព​ដី​ធ្លី​និង​ដំណោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌​និង​តម្លាភាព​ដើម្បី​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​និង​ការ​ផ្លាស់​ប្តូរ​លំនៅ​ថ្មី គឺ​ជា​បញ្ហា​ប្រឈម​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ដ៏​ធំ​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ។ ប្រជាជន​ដែល​គ្មាន​ដីឬ​គ្មាន​កម្មសិទ្ធិ​ដី​ធ្លី ទំនង​ជា​មាន​បញ្ហា​ខាង​ជីវភាព​និង​អាច​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​បន្ត​ទៀត៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ