សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ មិថុនា ២០០៩

2009-06-28

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​ត្រូវ​បាន​ចាប់​បញ្ជូន​ដាក់​ពន្ធនាគារ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

RFA Photo/Zakariya

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​«ខ្មែរ​ម្ចាស់​ស្រុក»។

លោក កែវ និមល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២២ ដល់ ២៨ មិថុនា ឆ្នាំ​២០០៩។

ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​ត្រូវ​បាន​ចាប់​បញ្ជូន​ដាក់​ពន្ធនាគារ

លោក ហង្ស ចក្រា ជា​ចាងហ្វាង​នៃ​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​ហើយ​និង​បញ្ជូន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២៦ មិថុនា​កន្លង​ទៅ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ដាក់​គុក​រយៈពេល​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល​ក្រោម​បទ​ចោទ​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ចំនួន​កាលពី​ខែ​មេសា​និង​ឧសភា ថា មន្រ្តី​មួយចំនួន​នៅ​ជុំវិញ​លោក​ឧប​នាយក​រដ្ឋមន្រ្តី សុខ អាន ជា​មន្រ្តី​ពុក​រលួយ។

ការសម្រេច​ផ្តន្ទា​ទោស លោក ហង្ស ចក្រា បាន​ធ្វើ​ឡើង​ដោយ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ដោយ​ចេញ​សាលក្រម​កំបាំង​មុខ។

សវនាការ​រយៈពេល​ខ្លី​និង​ជា​បន្ទាន់​នោះ​បាន​ធ្វើ​ទ្បើង​ដោយ​គ្មាន​ការចូលរួម​របស់​ជន​ជាប់​ចោទ​មក​បង្ហាញ​មុខ​ទេ រីឯ​មេធាវី​ការពារ​ក្តី​លោក ហង្ស ចក្រា ក៏​មិន​បាន​ចូលរួម​ផង​ដែរ ដោយសារ​តែ​តុលាការ​បាន​បដិសេធ​សំណើ​របស់​មេធាវី​ក្នុង​ការសុំ​ពន្យារ​ពេល​សវនាការ​នោះ​ទៅ​ថៃ្ង​ក្រោយ។

នាយក​រដ្ឋមន្ត្រី​បារម្ភ​ពី​ការកើន​ឡើង​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​អំពី​ការប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថា​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ថ្លែង​ទៅ​កាន់​សិស្ស​និង​មហាជន​ជា​ច្រើន​ពាន់​នាក់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​មិថុនា ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿង​ញៀន​ក្រោម​ប្រធានបទ "តើ​គ្រឿង​ញៀន​ត្រួតត្រា​ជីវិត​អ្នក​ឬ?" លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ប្រទេស​កម្ពុជា​គេ​បាន​រក​ឃើញ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ប្រើ​គ្រឿង​ញៀន​ប្រមាណ​៤៦​ពាន់​នាក់។

របាយការណ៍​មួយ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដែល​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ​២០០៩​នេះ បាន​ឲ្យ​ដឹង​ថា ឧក្រិដ្ឋជន​គ្រឿង​ញៀន​នៅតែ​បន្ត​នាំ​គ្រឿង​ញៀន​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ឡើយ ជា​ពិសេស​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន ហើយ​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​ចែកចាយ​ឲ្យ​ប្រើប្រាស់​នៅ​តាម​កន្លែង​ជា​ច្រើន ដូច​ជា​នៅ​តាម​ទី​សាធារណៈ លំនៅ​ឋាន ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាដើម។

ពលរដ្ឋ​ជិត​២០០​នាក់​នៅ​រតនគិរី​ដង្ហែ​ក្បួន​ទាមទារ​ឲ្យ​បញ្ឈប់​ការកាប់​រាន​ព្រៃ​ឈើ

មនុស្ស​ជិត​២០០​នាក់​មក​ពី​ស្រុក​និង​ក្រុង​ចំនួន​៧​ក្នុង​ខេត្ត​រតនគិរី​បាន​នាំ​គ្នា​ស្រែក​បួងសួង​និង​ដើរ​ហែ​ក្បួន​ទាមទារ​ឲ្យ​មាន​ការផ្តន្ទា​ទោស​និង​បញ្ឈប់​ការកាប់​រាន​ព្រៃ​ឈើ បញ្ឈប់​ការរំលោភ​យក​ដី​និង​សកម្មភាព​កាប់​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​បានលុង ទីរួម​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មិថុនា ក្រោយ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នក​ភូមិ​សាយ៉ោះ​លើ​នៃ​ស្រុក​លំផាត់​ម្នាក់​បាន​រង​ការបាញ់​ឲ្យ​របួស​ជើង និង​ជាង​១០​នាក់​ទៀត​រង​ការបាញ់​គំរាម​ពី​កង​ទាហាន​និង​ប៉ូលិស​ការពារ​ក្រុមហ៊ុន​ឈ្មោះ ឌីអ៊ឹមហ្គ្រូប ក្នុង​ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ភូមិ​និង​ក្រុមហ៊ុន។

អ្នក​កាសែត​៣​នាក់​នៅ​កំពង់ចាម​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់

អ្នក​កាសែត​ក្នុង​ស្រុក​ចំនួន​៣​នាក់​ត្រូវ​បាន​ប៉ូលិស​ខេត្ត​កំពង់ចាម​ចាប់​ខ្លួន ហើយ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មិថុនា ដោយ​ចោទ​ពី​បទ​ជំរិត​ទារ​ប្រាក់។

ស្នងការ​រង​ប៉ូលិស​ខេត្ត​កំពង់ចាម​ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក ជឹម សេងហុង បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ថា​លោក​បាន​សុំ​ដីកា​ឃាត់​ខ្លួន​អ្នក​កាសែត​៤​នាក់ បន្ទាប់​ពី​ទទួល​របាយការណ៍​ពី​អ្នក​ស្រុក​ថា អ្នក​កាសែត​ទាំង​៤​នាក់​នោះ​បាន​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ស្រុក​ម្នាក់​នៅ​ក្នុង​ភូមិ​សុខសាន្ត ឃុំ​កំពង់ព្រីង ស្រុក​ដំបែ ខេត្ត​កំពង់ចាម ដោយ​គំរាម​ថា នឹង​ចុះ​ផ្សាយ​រឿង​អាស្រូវ​ថា​បាន​នាំ​កូន​អ្នក​ដទៃ​ទៅ​ជួញដូរ បើ​សិន​ជា​មិន​បង់​ប្រាក់​ឲ្យ​ពួក​គេ ដែល​ករណី​នេះ​លោក​ស្នងការ​រង​បាន​អះអាង​ថា​រឿង​នេះ​ជា​ភារកិច្ច​របស់​ប៉ូលិស។

លោក​ស្នងការ​រង​បាន​បន្ថែម​ថា អ្នក​កាសែត​៣​នាក់​នោះ​មាន​ឈ្មោះ ស ផៃ នៅ​កាសែត​ខ្មែរ​ថ្មី, ច័ន្ទ សារឿន នៅ​កាសែត​ដំណឹង​ពិស្តារ, មាស ច័ន្ទតារា នៅ​កាសែត​ប្រព័ន្ធ​យុត្តិធម៌ ឯ​អ្នក​កាសែត​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​រួច។

មន្រ្តី​អ.ស.ប.៖ កម្ពុជា​ត្រូវការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​មាន​ឯករាជ​ភាព

មន្រ្តី​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាង​ថា ប្រទេស​កម្ពុជា​ត្រូវការ​ពង្រឹង​ជា​ចាំបាច់​នូវ​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​មាន​ឯករាជ​ភាព គ្មាន​អំពើ​ពុក​រលួយ ហើយ​មិន​ត្រូវ​រង​ឥទ្ធិពល​ណា​មួយ​ទេ​នៅ​ក្នុង​ការអនុវត្ត​ឬ​ប្រតិបត្តិ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​នេះ។

លោក Surya Subedi ជា​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ថែ្លង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​២៥ មិថុនា ថា​ការធ្វើការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តុលាការ​ទទួល​បាន​ការជឿ​ទុក​ចិត្ត​និង​ការគោរព​ពី​ពលរដ្ឋ។

លោក​បាន​បន្ត​ថា បញ្ហា​ខ្វះខាត​នានា​ខាង​លើ​គឺ​ត្រូវការ​ពេល​ដើម្បី​ដោះស្រាយ​និង​កែ​លម្អ។ គេ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ។

លោក Surya Subedi បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​រយៈពេល​ពីរ​សប្តាហ៍ ចាប់​ពី​ថៃ្ង​ទី​១៦ ខែ​មិថុនា​កន្លង​ទៅ ហើយ​លោក​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថៃ្ង​ទី​២៦ ខែ​មិថុនា។

នៅ​ក្នុង​អំទ្បុង​ពេល​នៃ​ការបំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​នៅ​កម្ពុជា​នេះ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា មាន​ជា​អាទិ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​នានា​មួយចំនួន​ទៀត។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បំភ្លឺ​ពី​ការលាលែង​ចេញ​ពី​មុខ​តំណែង

លោក Robert Petit សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ថ្លែង​ថា ការព្រួយ​បារម្ភ​អំពី​ការលាលែង​របស់​លោក​ពី​មុខ​តំណែង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មិន​ប៉ះពាល់​ដល់​ការស្នើសុំ​ចោទ​ប្រកាន់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​នោះ​ទេ។

លោក Robert Petit បាន​ថ្លែង​អំពី​ការសម្រេច​ចិត្ត​ចាកចេញ​របស់​លោក​កាលពី​ថ្ងៃ​២៤ មិថុនា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ថា មូលហេតុ​នៃ​ការសុំ​លាលែង​នោះ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​គ្រួសារ​របស់​លោក​ផ្ទាល់​និង​បញ្ហា​ខ្លួន​លោក​ផ្ទាល់​តែម្ដង មិន​ទាក់ទង​ទៅ​នឹង​ការទទួល​ខុស​ត្រូវ​ខាង​វិជ្ជាជីវៈ​ឬ​ការងារ​នៅក្នុង​តុលាការ​ទេ។

ការថ្លែង​របស់​លោក Robert Petit នៅ​ក្នុង​សន្និសីទ​កាសែត​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦​បាន​រួម​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​សម្តែង​អំពី​ការព្រួយ​បារម្ភ​របស់​ខ្លួន​ថា ការចាក​ចេញ​របស់​លោក Robert Petit អាច​ប៉ះពាល់​ដល់​ដំណើរការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បក្ស​សមរង្ស៊ី​២​រូប

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២ មិថុនា​កន្លង​ទៅ បាន​បោះឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោកស្រី មូរ សុខហួរ និង​លោក ហូ វ៉ាន់ សមាជិក​សភា​មក​ពី​គណបក្ស​សមរង្ស៊ី យោង​តាម​ការស្នើសុំ​របស់​តុលាការ។

លោកស្រី មូរ សុខហួរ បាន​ត្រូវ​ដក​អភ័យ​ឯកសិទ្ធិ​ដោយសារ​មាន​ទាក់ទង​ជាមួយ​នឹង​ពាក្យ​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែក​លោក ហូ វ៉ាន់ បាន​ត្រូវ​ដក​អភ័យ​ឯកសិទ្ធិ​ទាក់ទង​ជាមួយ​ពាក្យ​បណ្តឹង​របស់​មន្រ្តី​យោធា​ជាន់ខ្ពស់​ចំនួន​២២​រូប។

ករណី​ជំងឺ​ផ្តាសាយ A(H1N1) កើន​ឡើង​ដល់​៦​ករណី​នៅ​កម្ពុជា

មន្រ្តី​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​មាន​កើត​ជំងឺ​ផ្តាសាយ​បង្ក​ដោយ​មេរោគ A(H1N1) ចំនួន​៦​ករណី គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ មិថុនា​មក។

អ្នក​កើត​ជំងឺ​ផ្តាសាយ​ទាំង​៦​ករណី​នោះ​មាន​៤​នាក់​ជា​និស្សិត​ស្ម័គ្រ​ចិត្ត​អាមេរិកាំង​ដែល​មក​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​២​នាក់​ផ្សេង​ទៀត ម្នាក់​ជា​ជនជាតិ​ហ្វីលីពីន​និង​ម្នាក់​ជា​ជនជាតិ​កម្ពុជា៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៥ ដល់ ១១ តុលា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៨ កញ្ញា ដល់ ៤ តុលា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កញ្ញា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កញ្ញា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កញ្ញា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៣១ សីហា ដល់ ៦ កញ្ញា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ សីហា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ សីហា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ សីហា ២០០៩

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៣ ដល់ ៩ សីហា ២០០៩