សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៥ ដល់ ១១ តុលា ២០០៩

2009-10-11

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​៦​រូប​មក​ធ្វើ​ជា​សាក្សី និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

AFP Photo

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។

លោក អ៊ួន ឈិន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៥ ដល់ ១១ តុលា ឆ្នាំ​២០០៩។

សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​ដីកា​កោះ​មន្ត្រី​ជាន់​ខ្ពស់​៦​រូប​មក​ធ្វើ​ជា​សាក្សី

សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​ចេញ​ដីកា​កោះ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​៦​រូប​ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​ករណី​សំណុំ​រឿង​លេខ​០០២ ប្រឆាំង​នឹង​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៤​រូប ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ប្រភព​ព័ត៌មាន​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អេអេហ្វភី (AFP) ផ្សាយ​កាល​ពី​ថ្ងៃ​៧ តុលា បាន​ឲ្យ​ដឹង​ថា ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ចេញ ហើយ​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​បារាំង គឺ​លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) បាន​កោះ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​៦​រូប​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នោះ មាន​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា, លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា, លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស, លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច, លោក ស៊ីម កា និង​លោក អ៊ុក ប៊ុនឈឿន ជា​សមាជិក​ព្រឹទ្ធ​សភា ដើម្បី​ទៅ​ផ្ដល់​សក្ខីកម្ម​ក្នុង​រឿង​ចោទ​ប្រកាន់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៤​រូប​ទៀត មាន​លោក នួន ជា, លោក ខៀវ សំផន, លោក អៀង សារី និង​អ្នកស្រី អៀង ធីរិទ្ធ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម។

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​កោះ​អញ្ជើញ​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា ជំហរ​រាជ​រដ្ឋាភិបាល​គឺ​មិន​ព្រម​ជា​ដាច់ខាត លើក​លែង​តែ​អ្នក​ទាំង​នោះ​ស្ម័គ្រ​ចិត្ត​ទៅ​ផ្ដល់​សក្ខីកម្ម​ក្នុង​តុលាការ​ខ្មែរ​ក្រហម។

ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ទៅ​ធ្វើ​ជា​សាក្សី

ការ​កោះហៅ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​៦​រូប​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដើម្បី​ចូល​ខ្លួន​​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​មាន​ប្រសាសន៍​ថា ការ​កោះ​អញ្ជើញ​គឺ​ជា​រឿង​ចម្លែក។

ប្រភព​ព័ត៌មាន​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងអេអេហ្វភី (AFP) បាន​ដក​ស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចោទ​សួរ​ថា តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​សាលា​ក្ដី​ខ្មែរ​ក្រហម​កោះហៅ​ដើម​បណ្ដឹង​មក​ធ្វើ​ជា​សាក្សី​ទៅ​វិញ? លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា មន្ត្រី​ជាន់​ខ្ពស់​ទាំង​៦​រូប​នោះ​គឺ​ជា​ដើម​បណ្ដឹង ពីព្រោះ​មន្ត្រី​ទាំង​នោះ​បាន​ត្រូវ​គេ​ដឹង​ថា ជា​អ្នក​ផ្ដួល​រំលំ ប៉ុល ពត មេ​ដឹកនាំ​របប​ខ្មែរ​ក្រហម ហើយ​ក៏​ដោយសារ​តែ​អ្នក​ទាំង​នោះ​ផងដែរ​ជា​អ្នក​ចូលរួម​ព្រមព្រៀង​ក្នុង​ការ​អនុម័ត​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម។

ប្រភព​ដដែល​បន្ត​ថា ដីកា​កោះ​ដែល​ចេញ​ដោយ​លោក ម៉ាកសែល ឡឺម៉ុង ចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​បារាំង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ជា​ហូរហែ​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​បំណង​ការពារ​ដល់​អតីត​មន្ត្រី​ខ្មែរ​ក្រហម​មួយចំនួន​ដែល​មាន​ឋានន្តរសក្ដិ​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

អតីត​ព្រះ​មហាក្សត្រ​មិន​ចង់​មាន​ព្រះជន្ម​រស់​នៅ​យូរ​អង្វែង

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម​៨៧​ព្រះ​វស្សា ហើយ​ដែល​កំពុង​គង់​ព្យាបាល​ព្រះ​កាយ​នៅ​ឯ​ក្រុង​ប៉េកាំង ប្រទេស​ចិន បាន​មាន​បន្ទូល​ថា ព្រះអង្គ​ចង់​សោយ​ទិវង្គត​ឆាប់ៗ មិន​ចង់​មាន​ព្រះជន្ម​គង់​នៅ​យូរ​ទេ។

ក្នុង​ព្រះ​រាជសារ​ចារ​ដោយ​ផ្ទាល់​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ិបសាយថ៍ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចារ​ថា ព្រះអង្គ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ជន​រួម​ជាតិ​ខ្មែរ​ដែល​បាន​ជូន​ពរ​ព្រះ​អង្គ​ឲ្យ​មាន​ព្រះ​ជន្ម​យឺន​យូរ​រហូត​ជាង​រយ​ព្រះ​វស្សា ប៉ុន្តែ​ចំពោះ​ព្រះ​អង្គ​ផ្ទាល់ ដោយ​ពិត​ទៅ​ព្រះអង្គ​ចង់​សោយ​ទិវង្គត​ឲ្យ​បាន​ឆាប់ៗ ពីព្រោះ​ការ​ដែល​ព្រះអង្គ​មាន​ព្រះ​ជន្ម​គង់​នៅ​យូរ​អង្វែង​នេះ​គឺ​ជា​ការ​ទ្រាំទ្រ​ជួប​បញ្ហា​និង​ការ​ឈឺ​ចាប់​យ៉ាង​ច្រើន​ដែល​ជា​ទម្ងន់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ព្រះអង្គ ព្រះអង្គ​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ។

មន្រ្តី​តុលាការ​ខេត្ត​រតនគិរី​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា លោក ថោ សារ៉ន អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី កំពុង​ទន្ទ្រាន​កាន់​កាប់​តំបន់​ដី​ព្រៃ​ដែល​ជា​សម្បត្តិ​រដ្ឋ បើ​ទោះ​បី​អាជ្ញាធរ​ធ្វើការ​បង្ក្រាប​ពីរ​លើក​រួច​ទៅ​ហើយ​ក៏​ដោយ។

កម្មករ​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក ថោ សារ៉ន បាន​ជួល​ពួក​កម្មករ​​ឲ្យ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ ដែល​តាម​គម្រោង​មាន​ទំហំ​២៥០​ម៉ែត្រ​គុណ​នឹង​១.០០០​ម៉ែត្រ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ការ​អង្កេត​លើ​ករណី​នេះ​រួច​ហើយ ហើយ​ថា ពិត​ជា​មាន​ការ​ទន្ទ្រាន​យក​ដី​ដែល​ជា​សម្បត្តិ​រដ្ឋ ដោយ​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី​ប្រាកដ​មែន។

ចំនួន​អ្នក​ស្លាប់​និង​កើត​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ទ្បើង​គួរ​ឲ្យ​ព្រួយ​បារម្ភ

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៣១​នាក់​ហើយ​មក​ដល់​ពេល​នេះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ ទន្ទឹម​នឹង​នេះ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ទៀត​កំពុង​តែ​កើត​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស។

តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ស្លាប់​និង​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​ជាង​គេ​នោះ មាន​ទីក្រុង​ភ្នំពេញ, ខេត្ត​កំពង់ចាម, ខេត្ត​កណ្តាល, ខេត្ត​តាកែវ, ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​ខេត្ត​ទាំង​នោះ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន និង​មាន​បញ្ហា​អនាម័យ​ដោយសារ​មាន​ការ​ស្តុក​ទឹក​ជា​ជម្រក​សត្វ​មូស។

កម្ពុជា​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ពិភពលោក​លើ​ផ្នែក​ទេសចរណ៍ សហគ្រាស​ផលិត​ទំនិញ​និង​វិស័យ​កាត់​ដេរ

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បរទេស​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​មាន​ផល​ប៉ះពាល់​ផ្នែក​ទេសចរណ៍ សហគ្រាស​ផលិត​ទំនិញ​និង​វិស័យ​កាត់​ដេរ​ជា​ដើម ខណៈ​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​តែ​កើត​មាន។

លោក ឡូរ៉េនស៍ អេច្ឆ. វ៉ាយថ៍ (Lawrence H. White) សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​​នៃ​សកល​វិទ្យាល័យ Mason នៃ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​សន្និសីទ​អាស៊ី​អន្តរជាតិ ដែល​មាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មក​ពី​១៧​ប្រទេស​នៃ​ទី្វប​អាស៊ី អាមេរិក​និង​អឺរុប ចូលរួម​ពិភាក្សា​គ្នា​​នៅ​ខេត្ត​សៀមរាប។

ទោះ​យ៉ាង​ណា​អ្នក​សេដ្ឋ​កិច្ច​កម្ពុជា​បាន​អះអាង​ថា មិន​មាន​ការ​ព្រួ​យបារម្ភ​ធ្ងន់ធ្ងរ​ទេ​អំពី​ការ​ប៉ះពាល់​ដល់​វិស័យ​មួយចំនួន​របស់​កម្ពុជា ពីព្រោះ​តែ​សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​កំណើន​បន្ត​ទៀត តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​ខ្លាច​ការ​គោរព​ច្បាប់​សេដ្ឋកិច្ច​មិន​បាន​ពិត​ប្រាកដ​ទៅ​វិញ។

អាជ្ញាធរ​ខែត្រ​ឧត្ដរមានជ័យ​រង​ការ​ចោទ​ថា​គំរាម​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ដី

នគរបាល តម្រួត​យោធា​និង​ទាហាន​រាប់​សិប​នាក់​នៃ​ខេត្ត​ឧត្តរមានជ័យ រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អាវុធ​គំរាម​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ឲ្យ​ចេញ​ពី​ដី​ភូមិ​ដើម្បី​យក​ដី​នោះ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ANGKOR SUGAR។

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​បាត់​បង់​ទី​ជម្រក​ត្រូវ​រស់​នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង បន្ទាប់​ពី​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គ្រឿង​ចក្រ​ឈូស​ឆាយ រំលំ និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា យោង​ទៅ​តាម​ពាក្យ​បណ្ដឹង មាន​ប្រជាពលរដ្ឋ​ជាង​២១០​គ្រួសារ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ឲ្យ​ចេញ​ពី​ដី​នោះ ប៉ុន្តែ​អាជ្ញាធរ​ព្រម​ទទួល​ស្គាល់​និង​ត្រៀម​ដោះស្រាយ​ជា​សំណង​ជូន​ប្រជាពលរដ្ឋ​តែ​ជាង​៨០​គ្រួសារ​ប៉ុណ្ណោះ ដោយ​សំអាង​ថា សង​ទៅ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ចំពោះ​អ្នក​ដែល​កំពុង​តែ​រស់​នៅ​លើ​ដី​ដែល​កំពុង​មាន​បញ្ហា៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ