សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៦-២២ មិថុនា ២០០៨

2008-06-22

ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ ព្រឹត្តិការណ៍​សំខាន់​ៗ រួម​មាន​ការប្រារព្ធ​ទិវា​ដែល​កម្ពុជា​បាន​ឈ្នះ​ក្ដី​ក្នុង​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ លើ​ប្រទេស​ថៃ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នា​ឆ្នាំ​១៩៦២ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

កម្ពុជា​រំឭក​ទិវា​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នា​ឆ្នាំ​១៩៦២

ប្រទេស​កម្ពុជា នៅថ្ងៃ​ទី​១៥ មិថុនា​នេះ បានប្រារព្ធ​ទិវា​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ឆ្នាំទី​៤៦ នៃ​ទិវា​ដែល​កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នៅ​ទីក្រុង​ឡាអេ កាលពី​ឆ្នាំ​១៩៦២ ហើយ​ការប្រារព្ធ​នេះ គឺ​ជា​លើក​ដំបូង​បង្អស់​ហើយ ។

មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​ទិវា​នេះ ដោយ​បាន​បង្ហាញ​ពី​គោលបំណង​ដើម្បី​រំឭក​និង​បង្ហាញ​កូន​ខ្មែរ​បច្ចុប្បន្ន​និង​អនាគត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​នឹក​ដល់​ប្រវត្តិសាស្រ្ត​និង​បេតិកភណ្ឌ​ជាតិ​នា​សម័យ​មហា​នគរ​ដ៏រុងរឿង ដែល​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា ចាំបាច់​ត្រូវ​សម្តែង​កតញ្ញូតា​ធម៌​ដល់​មហា​បុព្វបុរស​ខ្មែរ ព្រះមហាក្សត្រ​ខ្មែរ អ្នកដឹកនាំ​ដ៏​ក្លាហាន​មុះមុត គ្រប់​ជំនាន់ ដែល​បាន​កសាង​ប្រាសាទ​ព្រះវិហារ​និង​ការពារ​អធិបតេយ្យ​ជាតិ​បាន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ។

នាយក​រដ្ឋមន្ត្រី​ព្រមាន​អង្គការ​ក្រៅ​រដ្ឋាភិបាល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន កាលពី​ថ្ងៃ​ពុធ ១៨ មិថុនា កន្លង​ទៅ​នេះ ដល់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន ដែល​ធ្វើ​អធិប្បាយ​ណា​មួយ​ទាក់ទង​ការបើក​ការស្រាវជ្រាវ​នៃ​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល ទៅលើ​ករណី​ដែល​លោក​ហៅ​ថា ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រាប់​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ភេរវកម្ម​នោះ គឺ​រួម​មាន ការវាយ​ប្រហារ​មួយ​នៅក្នុង​ខេត្ត​សៀមរាប ដោយ​ការបាញ់​បេ​៤០ ទៅ​លើ​ក្បួន​រថយន្ត​របស់​លោក កាលពី​១០​ឆ្នាំ​មុន ការស្រាវជ្រាវ​លើ​បណ្តាញ​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា CFF នៅឆ្នាំ​២០០០ និង​ចលនា​មហានគរ​ប្រឆាំង​រដ្ឋាភិបាល នៅខេត្ត​ពោធិ៍សាត់ ។

កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល បើក​ការស្រាវជ្រាវ​ករណី​ខាង​លើ​នេះ បន្ទាប់ពី​មាន​ការអះអាង​ពី​អតីត​សមាជិក​គណបក្ស​សមរង្ស៊ី ថា សមាជិក​របស់​គណបក្ស​សមរង្ស៊ី​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​ទាំងអស់​នោះ ។

ការប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​ផ្អាក

សហគមន៍​អឺរ៉ុប​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ២០ មិថុនា ថា ការប៉ុនប៉ង​របស់​តុលាការ​ខ្មែរ​ក្នុង​ការដក​អភ័យ​ឯកសិទ្ធិ​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចេញពី​រដ្ឋ​សភា ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​លោក ហោ ណាំហុង ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ហើយ ។

ប្រធាន​ក្រុម​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​របស់​សហគមន៍​អឺរ៉ុប និង​ជា​សមាជិក​សភា​អឺរ៉ុប លោក Martin Callanan ដែល​បាន​មក​ដល់​កម្ពុជា ហើយ​បាន​ជួប​ជាមួយ​នឹង​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បាន​អះអាង​ថា លោក ហោ ណាំហុង បាន​យល់ព្រម​ផ្អាក​ចំពោះ​រឿង​នេះ ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ ស្នើសុំ​ដក​អភ័យ​ឯកសិទ្ធិ​ជា​បន្ទាន់ ដើម្បី​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​មួយ​ទាក់ទិន​នឹង​ការបរិហារកេរិ៍្ត លោក ហោ ណាំហុង ថា ជា​មេ​គុក​បឹងត្របែក​កាលពី​សម័យ​ខ្មែរ​ក្រហម ។

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដល់​ថវិកា​ដល់​សាលាក្ដី​ខ្មែរក្រហម

ក្រុម​សង្គមស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា នៅថ្ងៃ​សុក្រ ២០ មិថុនា​នេះ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ផ្ដល់​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់ ដល់​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ថវិកា ។

គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​នៃ​សមាគម​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​មាន​អង្គការ​ចំនួន​៦ ជា​សមាជិក បាន​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​ថា ការតាំងចិត្ត​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការបន្ត​ផ្ដល់​ថវិកា​ដល់​សាលាក្ដី គឺ​ជា​បញ្ហា​សំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​និង​ស្ដារ​នីតិរដ្ឋ​របស់​កម្ពុជា​ឡើង​វិញ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សង្គម​ស៊ីវិល បាន​ឲ្យ​ដឹង​ផងដែរ​ថា កង្វះ​ថវិកា​នឹង​ធ្វើ​ឲ្យ​ឯករាជ​ភាព​របស់​តុលាការ​និង​លទ្ធភាព​ក្នុង​ការស្វែង​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ជួប​បញ្ហា​ផងដែរ ។

នៅ​សប្ដាហ៍​នេះ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។ កន្លងមក សាលាក្ដី​បាន​ស្នើសុំ​ប្រទេស​ម្ចាស់​ជំនួយ​ឲ្យ​ផ្ដល់​ថវិកា​ចំនួន​ប្រមាណ ១១៤​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បន្ត​ដំណើរការ​របស់​សាលាក្ដី ។

បញ្ហា​នៃ​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នៅ​ខេត្ត​សៀមរាប

សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឃុំ​ស្ពានត្នោត ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​និង​មេ​ភូមិ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា កំពុង​មាន​ការរើសអើង​និន្នាការ​គណបក្ស​នយោបាយ​ក្នុង​ការចែក​ប័ណ្ណ​ព័ត៌មាន​ទៅ​ឲ្យ​អ្នក​បោះឆ្នោត​ភាគច្រើន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ ។

សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រចាំ​ឃុំ​ស្ពានត្នោត លោក ហុក ឃឿន បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា ដោយ​ចោទប្រកាន់​មេ​ភូមិ​ត្រពាំងវែង ឈ្មោះ ព្រំ ភី ថា បាន​រើសអើង​ដល់​អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិន​បាន​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ឲ្យ​ដល់​អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​ប្រមាណ ២០០ នាក់ ។

ប៉ុន្តែ​មេ​ឃុំ​ស្ពានត្នោត លោក កង អំ បាន​បដិសេធ​ចោល​ការចោទប្រកាន់​នោះ​ដោយ​មាន​ប្រសាសន៍​ថា មេ​ភូមិ​ត្រពាំងវែង លោក ព្រំ ភី ពុំ​មែន​ជា​អ្នក​ដើរ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ទេ គឺ​គ្រាន់តែ​ជា​អ្នក​ដើរ​ហៅ​និង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​យក​ប័ណ្ណ​ព័ត៌មាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ភូមិ​ជាច្រើន​មិន​បាន​យក​ចិត្ត​ទុកដាក់ មិនមែន​ជា​ការរើសអើង​គណបក្ស​នយោបាយ​ទេ ។

សិស្ស​សាលា​ព្រួត​វាយ​គ្រូបង្រៀន​ម្នាក់​ឲ្យ​របួស​ធ្ងន់​នៅ​ខេត្ត​បន្ទាយមានជ័យ

ក្រុម​គ្រូ​បង្រៀន​ជាង​២០០​នាក់​មកពី​៥​វិទ្យាល័យកាលពីថ្ងៃ ច័ន្ទសប្ដាហ៍នេះ ​បាន​នាំ​គ្នា​ទាមទារ​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ឲ្យ​អភិបាល​ខេត្ត​ជួយ​រក​សំណង​ដើម្បី​ព្យាបាល លោក មុត ប៊ុនធឿន ជា​គ្រូបង្រៀន​ដែល​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សិស្ស​សាលា​វាយ​នឹង​ដុំ​ថ្ម ។

លោក មុត ប៊ុនធឿន អាយុ ៣៨​ឆ្នាំ បង្រៀន​នៅ​វិទ្យាល័យ​សម្តេចឪ ត្រូវ​បាន​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​ឈ្មោះ អឿន ទីគា រៀន​ថ្នាក់​ទី​៩​A និង​បក្សពួក​ម្នាក់​ទៀត ព្រួតគ្នា​វាយ​នឹង​ដុំ​ថ្ម​ចំ​ក្បាល កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០០៨ ដោយសារតែ​លោក​ប្រៀនប្រដៅ​កុំឲ្យ​សិស្ស​រូប​នេះ​លេង​ទូស័ព្ទ​នៅក្នុង​ថា្នក់​រៀន​ដែល​រំខាន​ដល់​អ្នកដទៃ ។

លោក ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា ក្រុម​ប៉ូលិស​បាន​ដឹង​ពី​កន្លែង​លាក់​ខ្លួន​ជន​ដៃដល់​ទាំង​ពីរ​នាក់​ហើយ ។ បើ​តាម​លោក ស៊ឹម គុជ ចៅក្រម​ស៊ើប​អង្កេត បាន​ថ្លែង​ថា ភាគី​ជន​រងគ្រោះ​ជា​គ្រូបង្រៀន ឈ្មោះ មុត ប៊ុនធឿន បាន​ទារ​សំណង់​ចំនួន​បី​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ។

មាន​គេ​ឃើញ​រថយន្ត​ជំនួយ​យោធា​អាមេរិក​ត្រូវ​គេ​យក​ទៅ​ដឹង​ឈើ ប៉ុន្តែ​ទូត​អាមេរិក​ថា​មិន​ពិត

សាក្សី​ជា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា មាន​ការយក​រថយន្ត​យោធា​ដែល​សហរដ្ឋ​អាមេរិក​ទើប​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទៅ​ប្រើប្រាស់​ដឹក​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ថា រឿង​នោះ​ជា​រឿង​មិន​ពិត​ទេ ។

អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​បាន​អះអាង​ថា ក្រុម​ទាហាន​កងពល​តូច ង​៧០ បាន​ដក​ម៉ាស៊ីន​ថតរូប​របស់​ខ្លួន​ខណៈ​ដែល​កំពុង​បំពេញ​ការងារ​ថតរូប​នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​ឃាត់​ឡាន​ដឹក​ឈើ​២​គ្រឿង ដែល​គេ​សង្ស័យ​ថា​ជា​ឡាន​អំណោយ​របស់​សហរដ្ឋ​អាមេរិក ។

មន្ត្រី​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក Jeff Daigle បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឮ​រឿង​នេះ​តាំងពី​ថ្ងៃ​ច័ន្ទ ហើយ​លោក​ក៏​បាន​បញ្ជូន​អ្នកជំនាញ​ឲ្យ​ទៅ​ពិនិត្យ ប៉ុន្តែ​បាន​កត់​សម្គាល់​ឃើញ​ថា រថយន្ត​យោធា​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ចំនួន ៣១​គ្រឿង ដល់​រដ្ឋាភិបាល​នោះ​នៅ​មិន​ទាន់​បាន​ប្រើប្រាស់​នៅ​ឡើយ​ទេ ហើយ​លោក​ថា អ្វី​ដែល​បាន​និយាយ​នោះ​គឺ​ជា​ពាក្យ​ចចាមអារ៉ាម ។

គណនី​ធនាគារ​របស់ ជា រដ្ឋា ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រើប្រាស់

អាជ្ញាធរ​ខ្មែរ​បាន​ចាត់​វិធានការ​បញ្ឈប់​ការធ្វើ​ចរាចរណ៍​លុយ​តាម​ធនាគារ​របស់​ជនសង្ស័យ​ឧត្តមសេនីយ៍​ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាតិ លោកស្រី ជា រដ្ឋា ដែល​ប៉ូលិស​អន្តរជាតិ​ចំនួន ១៨៦​ប្រទេស កំពុង​ស្វែង​តាម​ចាប់​ខ្លួន ។

ប្រធាន​នាយកដ្ឋាន​ប៉ូលិស​អន្តរជាតិ​របស់​កម្ពុជា លោក​ឧត្តមសេនីយ៍​ទោ កែវ វណ្ណថន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​បង្កក​លុយ​របស់​លោកស្រី ជា រដ្ឋា តាម​គណនី​ធនាគារ​តាំងពី​សប្តាហ៍​មុន​មក​ម៉្លេះ ។

លោកស្រី ជា រដ្ឋា ដែល​គេ​ជឿ​ថា កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​តុលាការ​ខ្មែរ​ចេញ​ដីកា​ចាប់​ខ្លួន​ពីបទ​ចោទ​ប្រកាន់​ប៉ុនប៉ង​ធ្វើ​ឃាត​ទុក​ជា​មុន និង​បទ​រំលោភ​សិទ្ធិ​បុគ្គល ។

ការចេញ​ដីកា​ចាប់​ខ្លួន​គឺ​នៅ​បន្ទាប់ពី​មាន​សេចក្តី​ចោទប្រកាន់​ថា លោកស្រី  ជា រដ្ឋា បាន​ជាប់​ចោទ​ពីបទ​នៅ​ពី​ក្រោយ​ខ្នង​រឿង​ករណី​ឧក្រិដ្ឋ​ពាក់ព័ន្ធ​ការជះ​ទឹក​អាស៊ីដ​ដល់​ស្រ្តី​ម្នាក់​ជា​ម្តាយមីង​របស់​អតីត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ ឆ្នាំ​២០០២ កញ្ញា អ៊ិន សុខលីដា ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១ ដល់ ៧ កញ្ញា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៥ ដល់ ៣១ សីហា

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៨ ដល់ ២៤ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១១ ដល់ ១៧ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៤ ដល់ ១០ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​២៨ កក្កដា ដល់ ៣ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៣០ មិថុនា ដល់ ៦ កក្កដា ២០០៨