គណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត
ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ បានចាប់ផ្ដើមហើយ កាលពីថ្ងៃព្រហស្បតិ៍ ២៦ មិថុនា កន្លងទៅនេះ ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតសកលដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២៧ កក្កដា ខាងមុខ ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត បានឲ្យដឹងថា ស្ថានការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១១ អំឡុងពេលពីរបីថ្ងៃក្នុងសប្ដាហ៍នេះ មានសភាពល្អប្រសើរជាងអំឡុងពេលឃោសនាបោះឆ្នោតនាអាណត្តិមុនៗ ។
យុទ្ធនាការឃោសនាបោះឆ្នោតកើតមានបញ្ហាខ្លះៗ
យ៉ាងហោចណាស់មានបញ្ហាមួយចំនួនកើតមានឡើងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃឃោសនាទី១ គឺថ្ងៃទី២៦ មិថុនា ក្នុងខេត្តបាត់ដំបង ដោយសារអាជ្ញាធររឹបអូសស្លាកនិងកាត់ផ្តាច់ក្បួនគណបក្សសមរង្ស៊ី បើកផ្លូវឲ្យក្បួនគណបក្សប្រជាជនកម្ពុជាឆ្លងកាត់ ។
លោក សោ ចាន់ដេត អនុប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី បានចោទថា ក្រុមអាជ្ញាធរមានឯកសណ្ឋានជាប៉ូលិសច្រើននាក់ បាននាំគ្នាកាច់ស្លាកគណបក្សសមរង្ស៊ី ក្រោយដែលស្លាកគណបក្សនេះត្រូវបានលើកដាក់នៅលើសួនសាធារណៈក្បែរផ្សារណាត់ក្នុងខេត្តបាត់ដំបង ។
លោក ធុច រ៉ា អធិការប៉ូលិសស្រុកបាត់ដំបង បានអះអាងថា ក្រុមនគរបាលស្រុកមិនបានរឹបអូសយកស្លាកគណបក្សសមរង្ស៊ី ដូចការចោទប្រកាន់នោះទេ ។
យ៉ាងហោចណាស់មានពីរករណីដែរ ដែលអាជ្ញាធរបានកាត់ផ្តាច់ក្បួនគណបក្សសមរង្ស៊ី បើកផ្លូវឲ្យក្បួនគណបក្សប្រជាជនកម្ពុជា នៅចំណុចផ្លូវគល់ស្ពានថ្មថ្មី និងកំណាត់ផ្លូវជិតស្នាក់ការគណបក្សសមរង្ស៊ីក្នុងខេត្តបាត់ដំបង ។
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតចែកបាន ៨៤%
ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតរយៈពេលជាង២១ថៃ្ងកន្លងមកនេះ បានឈានដល់ថៃ្ងបញ្ចប់ហើយកាលពីថៃ្ងទី២៥ ខែមិថុនាកន្លងទៅថ្មីៗនេះ គឺចែកបានចំនួន៦លាន៨សែនសន្លឹកស្មើនឹង៨៤% ក្នុងចំណោមប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនោះមានចំនួន ៨លាន ១២៥ពាន់សន្លឹកឯណោះ ។
ជាមួយនឹងលទ្ធផលនៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតមិនបានឲ្យអស់ទាំង ៨លាន១២៥ពាន់សន្លឹកនោះ បានញុំាងឲ្យតំណាងគណបក្សនយោបាយមួយចំនួន ព្រមទាំងតំណាងរបស់អង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោតបានសម្ដែងការមិនពេញចិត្តនិងព្រួយបារម្ភ ។
គណបក្ស១០ក្នុងចំណោម១១សន្យាធ្វើច្បាប់ប្រឆាំងអំពើពុករលួយបើសិនជាប់ឆ្នោត
សម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយបានឲ្យដឹងថា គណបក្សនយោបាយចំនួន១០ ក្នុងចំណោមបក្សទាំង១១ ដែលត្រូវចូលរួមក្នុងការបោះឆ្នោតសភាឆ្នាំ២០០៨ បានសន្យាថា បើសិនជាជាប់ឆ្នោតនៅក្នុងការដឹកនាំប្រទេស នឹងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយយ៉ាងយូរបំផុតក្នុងរយៈពេល៦ខែ បន្ទាប់ពីបង្កើតរដ្ឋាភិបាលថ្មី ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់សម្ព័ន្ធសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៥ មិថុនា បានឲ្យដឹងថា គណបក្សដែលមិនទាន់បានសន្យាថា នឹងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនោះ គឺគណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាចជិត ៣០ឆ្នាំមកហើយនោះ ។
ទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា គេត្រូវពិនិត្យចំណុចលម្អិតលើសេចក្ដីព្រាងច្បាប់នោះ ឲ្យបានហ្មត់ចត់មុននឹងធ្វើការអនុម័ត ។
រដ្ឋមន្ត្រីការបរទេសប្ដឹងប្រធានបក្សប្រឆាំងទៅតុលាការបារាំង
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់កាលពីថ្ងៃសុក្រ ២៧ មិថុនាកន្លងទៅ ថាលោកបានដាក់ពាក្យបណ្ដឹងក្នុងករណីបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត ទៅលើលោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំងហើយ ទាក់ទងនឹងប្រសាសន៍របស់ប្រធានគណបក្សប្រឆាំងរូបនេះថា លោក ហោ ណាំហុង គឺជាអតីតមេគុកបឹងត្របែកក្នុងរបបខ្មែរក្រហម ។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានសម្ដែងការសប្បាយចិត្តដែលករណីបណ្ដឹងនោះ ត្រូវបានដាក់ទៅតុលាការប្រទេសបារាំង ដែលលោកបានអះអាងថាមានឯករាជភាពជាងតុលាការក្នុងប្រទេសកម្ពុជា ។
លោកក៏បានមានប្រសាសន៍ថា ដំណើរការនៃការតទល់គ្នាក្នុងពាក្យបណ្ដឹងនោះនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ ។
ទន្ទឹមគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានប្រកាសថា លោកនឹងដកពាក្យបណ្ដឹងចោទប្រកាន់បេក្ខជនតំណាងរាស្ត្រគណបក្សសមរង្ស៊ីប្រចាំមណ្ឌលភ្នំពេញគឺលោក ដាំ សិទ្ធិ ដែលជានិពន្ធនាយកកាសែតមនសិការខ្មែរ ពីតុលាការក្រុងភ្នំពេញ ផងដែរ ។
នៅកម្ពុជា គ្មានចលនាប្រឆាំងថៃទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារទេ
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍កាលពីថ្ងៃ២៧ មិថុនាថា គេមិនទាន់ឃើញមានចលនាខ្មែរណាមួយ ក្នុងការប្រឆាំងថៃទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារនោះឡើយ ។
ការបញ្ជាក់របស់លោក ហោ ណាំហុង នេះ បានធ្វើឡើងនៅពេលដែលមានការលើកឡើងពីក្តីបារម្ភខ្លះរបស់ពលរដ្ឋថៃនិងអ្នកជំនួញថៃនានា ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថា អាចមានចលនាប្រឆាំងថៃកើតឡើងដែលអាចនឹងប៉ះពាល់ដល់បញ្ហាសន្តិសុខនិងការរកស៊ីរបស់ពួកគេ ដូចកាលព្រឹត្តិការណ៍កូដកម្មប្រឆាំងនឹងថៃ កាលពីឆ្នាំ២០០៣នោះ ។
លោក ហោ ណាំហុង ក៏បានមានប្រសាសន៍ថា ការដែលអ្នកប្រឆាំងថៃបានលើកយកបញ្ហាការបាត់ទឹកដី និងចោទប្រកាន់ថា មានការទាក់ទងផែនការរកស៊ីសម្ងាត់រវាងនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាមួយនឹងការដាក់ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោកនោះ គឺជាលេសនយោបាយសុទ្ធសាធដើម្បីចង់ទម្លាក់លោក សាម៉ាក់ នាយករដ្ឋមន្រ្តីថៃពីអំណាចតែប៉ុណ្ណោះ ។
គួរជម្រាបថា បន្ទាបពីមានការធ្វើបាតុកម្មដោយប្រជាពលរដ្ឋថៃមកខាងភាគីកម្ពុជា កាលពីល្ងាចថ្ងៃទី២២ មិថុនា ក៏បានធ្វើការបិទច្រកចូលប្រាសាទព្រះវិហារពីខាងទឹកដីថៃ ជាបណ្ដោះអាសន្ន ដោយខ្លាចក្រែងមានការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ ។ រហូតមកទល់នឹងថ្ងៃសៅរ៍នេះ ច្រកទ្វារចូលប្រាសាទព្រះវិហារនៅមិនទាន់បានបើកនៅឡើយទេ ។
ព្រះមហាក្សត្រខ្មែរបញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅវៀតណាម
ព្រះមហាក្សត្រខ្មែរ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងត្រឡប់មកកម្ពុជាវិញហើយ កាលពីថ្ងៃ២៦ មិថុនា បន្ទាប់ពីបានធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាមចំនួន ៣ថ្ងៃរួចមក ។
ព្រះរាជដំណើរទស្សនកិច្ចចំនួន ៣ថ្ងៃនៅវៀតណាម ត្រូវមន្ត្រីក្រុងហាណូយ បានពណ៌នាថា ជាកិច្ចពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម និងដើម្បីផ្តល់ផលប្រយោជន៍ចំពោះប្រទេសទាំង២ ផងដែរ ។
ព្រះមហាក្សត្រខ្មែរ ត្រូវវិទ្យុរដ្ឋរបស់វៀតណាមដកស្រង់ព្រះរាជបន្ទូល ដែលបញ្ជាក់ថា ព្រះអង្គមានមោទនភាពដែលមានមិត្តស្មោះត្រង់ និងអ្នកជិតខាងល្អ ដូចប្រទេសវៀតណាមនេះ ។
ប្រធានគណបក្សនរោត្ដមរណឫទ្ធិរិះគន់ថា ការបោះឆ្នោតគ្មានយុត្តិធម៌ទេ
មេដឹកនាំគណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ២៦ មិថុនាថា ដំណើរការបោះឆ្នោតនាពេលនេះ គឺមិនមានយុត្តិធម៌ សេរី និងតម្លាភាពឡើយ ដោយសារតែមានការគំរាមកំហែងសេរីភាពនៃការធ្វើសកម្មភាពរបស់គណបក្សនានា ជាពិសេសគឺការរារាំងដល់វត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស នាអំឡុងពេលដំណើរការបោះឆ្នោតនេះ ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិបានស្តីបន្ទោសថា អវត្តមានរបស់ព្រះអង្គដែលជាមេដឹកនាំបក្សមួយក្នុងការបោះឆ្នោតនាពេលនេះ គឺជាការអាម៉ាស់របស់ប្រទេសនិងសហគមន៍អន្តរជាតិអ្នកផ្តល់ជំនួយផងដែរ ។
ទូតអាមេរិកចង់ឃើញការវិលត្រឡប់របស់សម្ដេចក្រុមព្រះ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (ស.រ.អា.) ប្រចាំកម្ពុជា លោក Joseph Mussomeli បានមានប្រសាសន៍កាលពីថ្ងៃទី ២៣ មិថុនា បង្ហាញការចង់ឃើញសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតសកលខែកក្ដដា ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០០៦ ហើយមិនដែលបានយាងវិលត្រឡប់មកវិញឡើយ ។ ព្រះអង្គត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែ និងបង់ការផាកពិន័យជាទឹកប្រាក់១០ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងការលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ។ សម្តេចក្រុមព្រះបានបដិសេធចំពោះការកាត់ទោសនោះ ។
នាយករដ្ឋមន្ត្រីប្រកាសថានឹងចុះពីតំណែងបើសិនចាញ់ឆ្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅឯខេត្តពោធិ៍សាត់កាលពីថ្ងៃទី ២២ មិថុនា ថា លោកនឹងចុះចេញពីតំណែងព្រមទាំងធ្វើពិធីប្រគល់និងផ្ទេរត្រាជូនរដ្ឋមន្រ្តីថ្មីនៃគណបក្សដែលឈ្នះឆ្នោតដោយសន្តិវិធី ប្រសិនបើគណបក្សប្រជាជនចាញ់ឆ្នោត នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០០៨ ខាងមុខនេះ ៕
