ព្រះរាជសាររបស់អតីតព្រះមហាក្សត្រពីបញ្ហាអនាគតរាជានិយម
អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃសុក្រ បានព្រលយពាក្យថា ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រារបស់ព្រះអង្គអាចនឹងដាក់រាជ្យ ហើយទៅស្នាក់នៅក្នុងប្រទេសបារាំងក្នុងនាមជាមនុស្សធម្មតាវិញ ។
នៅក្នុងសំបុត្រចុះថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ហើយដែលបានផ្សាយលើគេហទំព័ររបស់ព្រះអង្គកាលពីថ្ងៃសុក្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា ព្រះបរមនាថ នរោត្តម សីហមុនី បានទូលថ្វាយព្រះអង្គថា ទ្រង់អាចនឹងវិលត្រឡប់ទៅរស់នៅក្នុងជីវិតធម្មតា នៅឯប្រទេសបារាំងវិញ ហើយថា ទ្រង់នឹងជួលបន្ទប់តូចមួយដើម្បីស្នាក់នៅជាមួយនឹងមហេសី មានបន្ទប់ងូតទឹកសាមញ្ញ សោយក្រយាធម្មតាៗដែលទ្រង់អាចរកទិញបាននៅក្នុងហាងសាមញ្ញៗ ។
ប៉ូលិសអន្តរជាតិតាមចាប់ខ្លួនឧត្តមសេនីយ៍ត្រី ជា រដ្ឋា
មន្ត្រីខ្មែរបានជូនដំណឹងថា ប៉ូលិសអន្តរជាតិចំនួន ១៨៦ប្រទេសកំពុងតាមស្វែងរកចាប់ខ្លួនលោកស្រីឧត្តមសេនីយ៍ត្រីកងរាជអាវុធហត្ថជាតិ ជា រដ្ឋា នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ។
ប្រធានប៉ូលិសអន្តរជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ កែវ វណ្ណថន បានថ្លែងថា លោកស្រី ជា រដ្ឋា ដែលគេជឿថាកំពុងតែលាក់ខ្លួននៅក្នុងទីក្រុងបាងកក នឹងមិនអាចគេចផុតពីកណ្តាប់ដៃប៉ូលិសអន្តរជាតិនោះឡើយ ។
លោកបានបន្ថែមទៀតថា រូបថតលោកស្រី ជា រដ្ឋា ត្រូវគេបានបិទតាមចាប់នៅគ្រប់ច្រកអន្តរជាតិយាមចេញចូលនៅប្រទេសថៃ ។ លោកស្រី ជា រដ្ឋា ត្រូវតុលាការខ្មែរបានចេញដីកាចាប់ខ្លួនពីបទចោទប្រកាន់ប៉ុនប៉ងធ្វើឃាតគិតទុកជាមុន និងបទរំលោភសិទ្ធិបុគ្គល ។
ការចេញដីកាចាប់ខ្លួនគឺនៅបន្ទាប់ពីមានសេចក្តីចោទប្រកាន់ថា លោកស្រីឧត្តមសេនីយ៍ត្រីកងរាជអាវុធហត្ថ ជា រដ្ឋា បានជាប់ចោទពីបទនៅពីក្រោយខ្នងរឿងករណីឧក្រិដ្ឋពាក់ព័ន្ធនឹងការជះទឹកអាស៊ីដទៅលើស្រ្តីម្នាក់ជាម្តាយមីងរបស់អតីតបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០០២ ហើយករណីនោះបានញ៉ាំងឲ្យអតីតបវរកញ្ញាទេសចរណ៍អន្តរជាតិ អ៊ិន សុខលីដា រស់ក្នុងសភាពភ័យលាក់ខ្លួនមិនហ៊ានបញ្ចេញមុខ ។
សុខភាពមេខ្មែរក្រហម ខៀវ សំផន មានបញ្ហាធ្ងន់
មន្ត្រីសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា អតីតប្រមុខរដ្ឋរបបខ្មែរក្រហម ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់សាលាក្ដីវិញហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា កន្លងទៅ បន្ទាប់ពីបានពិនិត្យសុខភាព អស់រយៈពេលជាងពីរសប្តាហ៍មក ។
ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម លោកស្រី ហេឡិន ចាវីស (Helen Jarvis) បានមានប្រសាសន៍ថា លោក ខៀវ សំផន ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីទទួលបានការត្រួតពិនិត្យតាមដានពីសំណាក់វេជ្ជបណ្ឌិតឯកទេស រួចមក ។
សាលាក្ដីនៅមិនទាន់បានបង្ហាញពីលទ្ធផលនៃការត្រួតពិនិត្យសុខភាពរបស់លោក ខៀវ សំផន នៅឡើយទេ រហូតមកទល់ចុងសប្តាហ៍នេះ ។
កាលពីពេលថ្មីៗនេះ មេធាវីរបស់លោក ខៀវ សំផន គឺលោក សាយ បូរី បានប្រាប់អ្នកកាសែតថា សុខភាពរបស់លោក ខៀវ សំផន មានសភាពធ្ងន់ធ្ងរ ដោយលោកនិយាយមិនច្បាស់និងផ្នែកខាងឆ្វេងនៃសារពាង្គកាយកម្រើក បានតិចតួច ។
លោក ខៀវ សំផន ដែលឆ្នាំនេះ មានអាយុ ៧៦ឆ្នាំ ត្រូវបានសាលាក្ដីខ្មែរក្រហម ឃុំខ្លួននិងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាម ។
រដ្ឋមន្ត្រីមហាផ្ទៃសន្យាដាក់ទោសមន្ត្រីដែលធ្វើបាបស្ត្រីរកស៊ីផ្លូវភេទ
លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស ខេង បានមានប្រសាសន៍បញ្ជាក់ថា លោកនឹងត្រួតពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីណា ដែលបានធ្វើទុក្ខទារុណកម្មចំពោះស្ត្រីរកស៊ីផ្លូវភេទដែលគេត្រូវចាប់ខ្លួន ។
ការមានប្រសាសន៍របស់លោក ស ខេង បានកើតមានឡើង ក្រោយពីមានរបាយការណ៍ព័ត៌មានអំពីស្រ្តីរកស៊ីផ្លូវភេទដែលបានជួបជុំគ្នាប្រមាណ ៤០០នាក់ កាលពីថ្ងៃទី៤ មិថុនា ថា មានការធ្វើបាបចំពោះស្រ្តីរកស៊ីផ្លូវភេទ ក្រោយពេលពួកគេត្រូវប៉ូលិសចាប់ ។
តាមរបាយការណ៍របស់ក្រសួងការបទេសអាមេរិក ដែលចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានប្រឹងប្រែងជាខ្លាំងក្នុងការប្រឆាំងការជួញដូរនិងកេងប្រវ័ញ្ចផ្លូវភេទ ដោយក្នុងឆ្នាំ២០០៨នេះ កម្ពុជាបានទទួលឋានៈជាប្រទេសបានលំដាប់លេខ២ ហើយមន្ត្រីរដ្ឋាភិបាលបានប្រកាសជាសាធារណៈនូវគោលនយោបាយ គ្មានការអត់ឱនចំពោះមន្រ្តីដែលបានទទួលផលប្រយោជន៍ឬឃុបឃិតក្នុងការជួញដូរមនុស្សទៀតផង ។
ចាប់ពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាមេរិកបានផ្តល់លុយប្រមាណ ១៤លានដុល្លារហើយ ដើម្បីជួយលើការប្រឆាំងការជួញដូរមនុស្សនេះ ។
ខ្មែរកម្ពុជាក្រោមរំឭកថ្ងៃដែលបារាំងកាត់ដីខ្មែរឲ្យវៀតណាម
ប្រជាជនខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា កន្លងទៅ បានប្រារព្ធទិវាគម្រប់ខួប ៥៩ឆ្នាំ ថ្ងៃដែលអាណានិគមបារាំង សម្រេចកាត់ទឹកដីខ្មែរ ឲ្យវៀតណាមនិងឧទ្ទិសដល់វិញ្ញាណក្ខន្ធដល់បុព្វបុរស ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ ដោយទទួលរងទុក្ខវេទនា ក្រោមអាជ្ញាធរវៀតណាម ហើយការប្រារព្ធពិធីរំឭកនេះ បានប្រព្រឹត្តទៅនៅកន្លែងខុសៗគ្នា។
សហគមន៍ខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីរំឭកថ្ងៃ ដែលអាណានិគមបារាំងកាត់ទឹកដីខ្មែរឲ្យទៅប្រទេសវៀតណាម នៅឯទីស្នាក់ការសហគមន៍ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ប្រមាណ ២០០០នាក់និងអង្គ ។
ចំណែកឯគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីរំឭកនេះ នៅឯវត្តអង្គតាមិញ ដោយមានព្រះសង្ឃខ្មែរក្រោមចូលរួមប្រមាណ ៥០០អង្គ និងប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណ ៦០០នាក់ ។
ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសកម្ពុជាវិញ បានប្រារព្ធពិធីរំឭកខួបទី៥៩ ដែលបារាំងកាត់ទឹកដីខ្មែរឲ្យទៅវៀតណាមនោះ នៅឯវត្តសាមគ្គីរង្សី ហើយមានព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណ ១០០នាក់និងអង្គចូលរួម ។
នាយករដ្ឋមន្រ្តីមិនទាន់អនុញ្ញាតឲ្យកូនចូលនយោបាយទេ
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងជាសាធារណៈ កាលពីព្រឹកថ្ងៃច័ន្ទថា លោកមិនទាន់អនុញ្ញាតឲ្យកូនប្រុសបង្កើតម្នាក់ ចូលប្រឡូកក្នុងឆាកនយោបាយនោះឡើយ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធន៍ផ្លូវមួយខ្សែ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បដិសេធចំពោះការលើកឡើងថា កូនប្រុសរបស់លោកឈ្មោះ ហ៊ុន ម៉ាណែត ឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រនៅមណ្ឌលសៀមរាប ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងទៀតថា លោក ហ៊ុន ម៉ាណែត ក្រៅពីធ្វើកិច្ចការយោធានឹងអាចប្រឡូកក្នុងសកម្មភាពមនុស្សធម៌ និងការធ្វើបុណ្យទាន ។
នាយករដ្ឋមន្ត្រីព្រមានថា សម្ដេចក្រុមព្រះអាចនឹងជាប់ខ្នោះបើចូលស្រុក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពីថ្ងៃអាទិត្យ ១ មិថុនា កន្លងទៅថា បើព្រះអង្គយាងមកកម្ពុជា ចូលរួមក្នុងសម័យបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ ព្រះអង្គនឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចដាក់ខ្នោះ ។
តុលាការក្រុងភ្នំពេញ បានកាត់ទោសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដោយកំបាំងមុខ កាលពីឆ្នាំ២០០៧ ឲ្យជាប់ពន្ធនាគារ ១៨ខែ បន្ទាប់ពីមន្រ្តីជំនិតនឹងព្រះអង្គ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ប្តឹងព្រះអង្គពីបទដោះដូរ ឬលក់ទីតាំងគណបក្ស ហើយមិនយកលុយដាក់បញ្ចូលក្នុងគណបក្ស ។
សង្គមស៊ីវិលបារម្ភអំពីអំពើហិង្សានៅមុនការបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃច័ន្ទ ទី២ មិថុនា ដោយសម្ដែងសេចក្ដីព្រួយបារម្ភជុំវិញស្ថានភាពអំពើហិង្សាទៅលើសកម្មជននយោបាយ នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតជាតិអាណត្តិទី៤ ។
ប្រធានសមាគមអាដហុក លោក ធន សារាយ ថ្លែងថា អំពើហិង្សានិងឃាតកម្មប្រឆាំងនឹងសកម្មជនគណបក្សនយោបាយ វាជះឥទ្ធិពលដល់សេរីភាពរបស់ប្រជាជននិងអ្នកនយោបាយ ក្នុងប្រទេសកម្ពុជា មុនការឃោសនាបោះឆ្នោត ថ្ងៃ២៦ ខែមិថុនា ខិតជិតមកដល់នេះ ។
លោកថា កំណើនឃាតកម្មនិងអំពើគំរាមកំហែង បំភិតបំភ័យ បានកើនឡើង ពីខែមករា ដល់ខែឧសភា ឆ្នាំ២០០៨ ។
អាមេរិកផ្ដល់ឡានទាហានចាស់ៗឲ្យទាហានខ្មែរ
សហរដ្ឋអាមេរិក (ស.រ.អា.) បានផ្ដល់រថយន្តដឹកជញ្ជូនយោធាធុនធ្ងន់ម៉ាក GMC ចំនួន ៣១គ្រឿងដល់កងយោធពលខេមរភូមិន្ទ ដែលការប្រគល់នេះបានប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង នារសៀលថ្ងៃច័ន្ទ ទី២ ខែមិថុនា ។
លោកស្រី Piper Campbell ភារធារីស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការផ្ដល់រថយន្តទាំងនេះ គឺដើម្បីបំពេញតម្រូវការរបស់យោធាកម្ពុជា ក្នុងការដឹកជញ្ជូន ប្រតិបត្តិការថែរក្សាសន្តិភាពនិងសន្តិសុខដែនសមុទ្ទ ។
លោកស្រី Piper Campbell បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយជារថយន្តយោធាមកឲ្យប្រទេសកម្ពុជា ចំនួនពីរលើកទៀតក្នុងពេលឆាប់ៗខាងមុខនេះ គឺលើកទីពីរមានចំនួន៨គ្រឿង ដែលអ្នកស្រីថាគេបានរៀបចំរួចរាល់ហើយ ដើម្បីបញ្ជូនមកប្រទេសកម្ពុជា និងលើកទីបីមានចំនួន២១គ្រឿង សរុបទាំងបីលើកមាន ៦០គ្រឿង ។
ដោយសារតែរថយន្តទាំងនោះ ជារថយន្តជជុះ គេមិនអាចប៉ាន់ថាតើរថយន្តទាំងអស់នោះ មានតម្លៃប៉ុន្មាននោះទេ ៕
