ព័ត៌មាន​សង្ខេប​ប្រចាំ​សប្ដាហ៍ ៣០ សីហា​-​៥ កញ្ញា ២០១០

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សង់​អាគារ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី ក្នុង​ទីក្រុង​ភ្នំពេញ និង​ព័ត៌មាន​ផ្សេងៗ​មួយ​ចំនួន​ទៀត។

0:00 / 0:00

កម្ពុជា​គ្រោង​សង់​អគារ​ខ្ពស់​ជាង​គេ​នៅ​អាស៊ី​ក្នុង​ក្រុង​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋាភិបាល និង​ក្រុម​អ្នក​វិនិយោគ កំពុង​សិក្សា​គម្រោង​សាង​សង់​អគារ​មួយ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​អាស៊ី ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ។

ថ្លែង​ពី​ថ្ងៃ​ពុធ ទី​១ ខែ​កញ្ញា សប្ដាហ៍​នេះ នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា អគារ​នោះ​មាន​កម្ពស់ ៥៥៥​ម៉ែត្រ ដែល​អាច​នឹង​សង់​នៅ​លើ​ទីតាំង​កោះពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​នាយក​រដ្ឋមន្ត្រី​មិន​ទាន់​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​នោះ​ជា​នរណា ក្នុង​ដើម​ទុន​វិនិយោគ​ប៉ុន្មាន ហើយ​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ពេល​ណា​នោះ​ទេ។

ហ៊ុន សែន អត្ថាធិប្បាយ​ពី​ទំនាក់​ទំនង​ខ្មែរ​-​ថៃ និង​រឿង​ថាក់ស៊ីន

នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​១ កញ្ញា សប្ដាហ៍​នេះ ពី​ទំនាក់​ទំនង​កម្ពុជា​-​ថៃ ដែល​នៅតែ​មិន​ទាន់​ល្អ​ដូច​មុន និង​អំពី​មូលហេតុ​នៃ​ការ​លា​ឈប់​របស់​លោក ថាក់ស៊ីន ពី​ទីប្រឹក្សា​ផ្ទាល់​របស់​លោក និង​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ ថា​មិន​មែន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​ភាគី​ថៃ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា សូម​កុំ​ឲ្យ​ភាគី​ថៃ​កេង​ចំណេញ​ផ្នែក​នយោបាយ​ពី​បញ្ហា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ​-​ថៃ។ លោក​បញ្ជាក់​ថា កន្លង​មក​ប្រទេស​ថៃ​បាន​និយាយ​ថា ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​លា​ឈប់​ពី​ទីប្រឹក្សា​កម្ពុជា​នោះ ដោយ​មាន​ជម្លោះ​ជាមួយ ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា មក​ដល់​ពេល​នេះ​កម្ពុជា និង​ថៃ មាន​ការ​ធូរ​ស្រាល​ខាង​ការទូត ប៉ុន្តែ​លោក​បញ្ជាក់​ទៀត​ថា លោក​មិន​សប្បាយ​ចិត្ត​ឡើយ ដ៏​រាប​ណា​កង​ទ័ព​ថៃ​មិន​ទាន់​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ។

ថាក់ស៊ីន ប្រាប់​ពី​មូលហេតុ​នៃ​ការ​លា​ឈប់​ពី​តំណែង​ជា​ទីប្រឹក្សា ហ៊ុន សែន

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅ​ថ្ងៃ​៣ កញ្ញា​សប្ដាហ៍​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​លា​ឈប់​ពី​តំណែង​ជា​ទីប្រឹក្សា​​របស់​លោក ហ៊ុន សែន និង​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចៀសវាង​ការ​រំខាន និង​ដោយសារ​តែ​លោក​គ្មាន​ពេល​វេលា​គ្រប់គ្រាន់។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ទណ្ឌិត​កំពុង​តែ​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ថៃ បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​បាន​ឈប់​ពី​តួនាទី​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​លោក ហើយ​លោក​ត្រូវ​ការ​ពេល​វេលា​ទំនេរ​សម្រាប់​ខ្លួន​លោក​ផ្ទាល់។

ការ​ប្រកាស​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺ​ក្រោយ​ពេល​ជាង​មួយ​សប្ដាហ៍ បន្ទាប់​ពី​លោក​បាន​លាលែង​ពី​តំណែង​របស់​គាត់ ហើយ​ការ​លាលែង​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បាន​ធ្វើ​ឲ្យ​កម្ពុជា និង​ថៃ បន្ត​ទំនាក់ទំនង​ការទូត​ឡើង​វិញ ក្រោយ​ពេល ៩​ខែ ដែល​ប្រទេស​ទាំង​ពីរ​នេះ បាន​កោះ​ហៅ​ឯកអគ្គរាជទូត​រៀង​ៗ​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​វិញ​នោះ។

អាណិកជន​ខ្មែរ​ដែល​អាមេរិក​ចាប់​បញ្ជូន​៥​នាក់​មក​ដល់​កម្ពុជា

ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​ពុំ​មាន​សញ្ជាតិ​ចំនួន ៥​នាក់ ត្រូវ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ចន្ថារិទ្ធ បាន​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​សញ្ជាតិ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បញ្ជូន​ត្រឡប់​មក​មាតុភូមិ​វិញ​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​កញ្ញា សប្ដាហ៍​នេះ។

ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​មក​នោះ​មាន​ចំនួន ៥​នាក់ បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បណ្ដោះ​អាសន្ន​មួយ​រយៈ​សិន រង់ចាំ​បង​ប្អូន​មក​ទទួល ហើយ​អ្នក​ដែល​មិន​មាន​បង​ប្អូន ត្រូវ​រង់ចាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​យក​ទៅ​រក្សា​ដើម្បី​អប់រំ និង​សិក្សា​ជំនាញ​ផ្សេងៗ។

តុលាការ​កាត់​ទោស​ខ្មែរ​ក្រោម​ប្រឆាំង​បក្ស​ប្រជាជន​និង​វៀតណាម

មាន​មនុស្ស​ចំនួន​ជិត​៣០០​នាក់ មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ប្រជា​ពល​រដ្ឋ និង​តំណាង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក បាន​ចូលរួម​តាម​ដាន​តុលាការ​ខេត្ត​តាកែវ បើក​សវនាការ​លើ​សំណុំរឿង​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​នោះ​មាន​ជន​សង្ស័យ​ជា​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ផង​ដែរ។

តុលាការ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា សប្ដាហ៍​នេះ បាន​បើក​សវនាការ​កាត់​ទោស​ជន​សង្ស័យ​ចំនួន ៤​នាក់ ឲ្យ​ជាប់​គុក​រវាង ២​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​រវាង​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល ក្រោម​បទ​ចោទ​ថា បាន​បាច់​ខិត្តប័ណ្ណ ឬ​បាច​ត្រាក់​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ នៅ​ក្នុង​ខេត្ត​តាកែវ។

ចៅក្រម​ជម្រះ​ក្ដី​នៃ​តុលាការ​ខេត្ត​តាកែវ គឺ​លោក ចេង ប៊ុនលី បាន​អាន​សាលក្រម​ផ្ដន្ទា​ទោស ឈ្មោះ ថាច់ ទ្បេ អ្នក​រត់​ម៉ូតូ​ឌុប​ឲ្យ​ជាប់​គុក ២​ឆ្នាំ ផាក​ពិន័យ ២​លាន​រៀល, ផ្តន្ទា​ទោស ឈ្មោះ ថាច់ វណ្ណៈ ឲ្យ​ជាប់​គុក ២​ឆ្នាំ ផាក​ពិន័យ ២​លាន​រៀល និង​ផ្តន្ទា​ទោស​កំបាំង​មុខ ឈ្មោះ ថាច់ កុងភួង ចំនួន ៣​ឆ្នាំ ផាក​ពិន័យ​ចំនួន ៦​លាន​រៀល។

តុលាការ​ខេត្ត​តាកែវ​ដដែល បាន​ផ្ដន្ទា​ទោស​មាន​ឈ្មោះ លាង សុខ​ជឿន ជា​បុគ្គលិក​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ឲ្យ​ជាប់​គុក ២​ឆ្នាំ និង​ផាក​ពិន័យ ២​លាន​រៀល។ អ្នក​ទាំង​អស់​គ្នា​រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរ​កាល​សម័យ​អ៊ុនតាក់ (UNTAC) ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

មន្ត្រី​​ប្រឆាំង​អំពើ​ពុក​រលួយ​១៤​នាក់​ស្បថ​ចូល​កាន់​តំណែង​ជា​នគរបាល​យុត្តិធម៌

មន្ត្រី​ស៊ើប​អង្កេត ១៤​នាក់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​៣១ ខែ​សីហា បាន​ចូល​ស្បថ និង​ធ្វើ​សច្ចាប្រណិធាន​រួម​គ្នា នៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​នីតិ​សម្បទា​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​អំពើ​ពុក​រលួយ និង​ចាប់​ខ្លួន​ជន​សង្ស័យ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ក្នុង​ឋានៈ​ជា​នគរបាល​យុត្តិធម៌។

ដំណើរ​ស៊ើប​អង្កេត​នោះ នឹង​ចាប់ផ្ដើម​នៅ​ពេល​ណា​អង្គភាព​នេះ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រភព​នានា ហើយ​ដំណើរ​ការ​ស៊ើប​អង្កេត​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ្យ ប៉ុន្តែ​ក្រោម​ការ​ត្រួត​ពិនិត្យ​លើ​នីតិ​វិធី ដោយ​អគ្គ​ព្រះរាជអាជ្ញា​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ លោក អ៊ុក សាវុធ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង និង​ជា​ទេស​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ពិធី​សច្ចាប្រណិធាន​នោះ​ថា លោក​បាន​ប្រើប្រាស់​កម្លាំង​ចារកម្ម ដើម្បី​ស៊ើប​ការណ៍​សម្ងាត់ ប្រមូល​ព័ត៌មាន និង​ភស្តុតាង​នានា នៅ​ពេល​ណា​បាន​ទទួល​ពាក្យ​បណ្ដឹង។

សង្គម​ស៊ីវិល​ប្ដឹង​ករណី​ពុក​រលួយ​កាប់​ឈើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុកលួយ​ឲ្យ​ចាត់ការ​ជា​បន្ទាន់ លើ​ករណី​ពុក​រលួយ​ក្នុង​បទល្មើស​កាប់​ឈើ​ប្រណីត នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា​សប្ដាហ៍​នេះ ថា អង្គការ​លោក​បាន​ដាក់​សំណុំ​លិខិត រួម​ជាមួយ​នឹង​ភស្តុតាង​ជា​ច្រើន និង​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​ស៊ើប​អង្កេត​លើ​ក្រុម​ពាក់ព័ន្ធ​ការ​កាប់​ឈើ​ប្រមាណ​ជាង ២០០​នាក់ ក្នុង​នោះ​រួម​មាន​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ផង​ដែរ ដាក់​ចូល​ក្នុង​ប្រអប់​ខ្មៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​៣០ សីហា។

សាលាក្ដី​ទទួល​សំណើ​សុំ​ធ្វើ​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​០០២​ជិត​៤​ពាន់​នាក់

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​សម្រេច​ទទួល​យក​ទៅ​ពិនិត្យ​នូវ​សំណើ​របស់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ចំនួន ៣.៩៨៨​នាក់ ដែល​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំ​រឿង​០០២។

ការ​សម្រេច​ទទួល​យក​សំណើ​សុំ​ទាំង​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា សប្ដាហ៍​នេះ។

សហ​ចៅក្រម​ស៊ើប​អង្កេត​លើក​ឡើង​ថា ខ្លួន​បាន​អង្កេត និង​វិភាគ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​សុំ​នីមួយ​ៗ ទាំង​ទម្រង់​ដាក់​ព័ត៌មាន​បន្ថែម និង​ការ​រៀប​រាប់​លម្អិត​អំពី​អង្គហេតុ​ដែល​បាន​ចោទ និង​ដាក់​សុំ​ក្នុង​ពេល​កំណត់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១០៕