សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ប្រទេស​កម្ពុជា​ត្រៀម​រៀបចំ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​និង​បុណ្យ​អុំ​ទូក និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

0:00 / 0:00

កម្ពុជា​ប្រារព្ធ​ខួប​ទី​៥៥​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​៩ វិច្ឆិកា​នេះ ប្រារព្ធ​ពិធីបុណ្យ​ខួប​ទី​៥៥ នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ហើយ​នៅ​ថ្ងៃ​អង្គារ ១១ វិច្ឆិកា នឹង​ធ្វើការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ទីក្រុង​ភ្នំពេញ។

កង​កម្លាំង​ការពារ​សន្តិសុខ​ជាង ១​ម៉ឺន​នាក់ នឹង​ត្រូវ​គេ​ដាក់​ពង្រាយ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​ភ្នំពេញ ក្នុង​ខណៈ​ដែល​ក្រុង​នេះ​ទទួល​មនុស្ស​វាល់​លាន​នាក់​ចូលរួម​ក្នុង​ពិធី​បុណ្យ​ជាតិ គឺ​ថ្ងៃ​៩ វិច្ឆិកា ជា​បុណ្យ​ឯករាជ្យ​ជាតិ និង​បន្ទាប់​មក​គឺ​ពិធី​បុណ្យ​អុំ​ទូក។

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​​ថា អាជ្ញាធរ​នឹង​បិទ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ហាម​ឃាត់​ការ​បើក​យាន​យន្ត​ឆ្លង​កាត់ ហើយ​អនុញ្ញាត​ឲ្យ​តែ​អ្នក​ដំណើរ​ថ្មើរ​ជើង​ប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ នឹង​បិទ​ផ្លូវ​សុធារស​ពី​វិមាន​ឯករាជ្យ ដល់​វត្ត​ភ្នំ ដោយសារ​តែ​ថ្ងៃ​នោះ​មាន​រៀបចំ​ដង្ហែ​ព្យុហយាត្រា​អបអរ​បុណ្យ​ឯករាជ​ជាតិ​លើ​ទី​៥៥​នោះ។

នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំ​នេះ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា នឹង​មាន​មនុស្ស​រាប់​លាន​នាក់​ចូលរួម​ពិធី​បុណ្យ​ជាតិ​នេះ នៅ​ទីក្រុង​ភ្នំពេញ។

ទង់​អង្គការ​យូណេស្កូ​និង​អង្គការ​បេតក​ភណ្ឌ​ពិភពលោក​ត្រូវ​បាន​ដោត​នៅ​ប្រាសាទ​ព្រះវិហារ

ទង់​ជាតិ​និង​ផ្លាក​សញ្ញា​របស់​អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ​បេតិក​ភណ្ឌ​ពិភពលោក​ត្រូវ​បាន​ដោត​ដំឡើង​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​នេះ នៅ​ឯ​បរិវេណ​ប្រាសាទ​ព្រះវិហារ។

ទង់​ជាតិ​និង​ផ្លាក​សញ្ញា​ទាំង​នោះ​ត្រូវ​បាន​ដោត​ដំឡើង​ដោយ​មន្ត្រី​ចម្រុះ​មួយ​ក្រុម​ដែល​រួម​មាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​តំណាង​ខ្មែរ​អាមេរិក​ទៅ​ពី​សហរដ្ឋ​អាមេរិក​ផង និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង។

ទង់​ដែល​ត្រូវ​បាន​គេ​លើក​នៅ​ឯ​ប្រាសាទ​ព្រះវិហារ​នោះ មាន​ចំនួន​៣ ទី​១ គឺ​ទង់ជាតិ ទី​២ គឺ​ទង់​របស់​អង្គការ​យូណេស្កូ ហើយ​និង​ទី​៣ គឺ​ជា​ទង់​របស់​អង្គការ​បេតិកភណ្ឌ​ពិភព​លោក។

អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា អ្នកស្រី តាន់ ភានី បាន​ឲ្យ​ដឹង​ថា ការ​លើក​ទង់​នេះ​មាន​លក្ខណៈ​ពិសេស​សម្រាប់​ការពារ​ដល់​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក ហើយ​ប្រកាស​កំណត់​ទីតាំង​យ៉ាង​ច្បាស់​ថា​មិន​ឲ្យ​មាន​កម្លាំង​ប្រដាប់​អាវុធ​ណា​រំលោភ​ឬ​ក៏​ទៅ​ប៉ះពាល់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​របស់​ប្រទេស​កម្ពុជា ហើយ​ស្ថិត​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​របស់​មនុស្ស​ជាតិ​នោះ​បាន​ទៀត​ទេ។

កម្ពុជា​-ថៃ​នឹង​ជួប​ប្រជុំ​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​១០​-១១ ខែ​វិច្ឆិកា

មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-ថៃ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ពិសេស​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​ឯ​ខេត្ត​សៀមរាប ដើម្បី​ជំរុញ​ល្បឿន​នៃ​ការកំណត់​ខណ្ឌ​សីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ប្រធាន​គណៈកម្មការ​ព្រំដែន​ខ្មែរ លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា លោក​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​នេះ​នឹង​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា ព្រោះ​កិច្ចប្រជុំ​នេះ​គឺ​ជា​ការបូក​សរុប​នូវ​លទ្ធផល​ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​រួច​ហើយ​នា​ពេល​កន្លង​ទៅ។

នៅ​ថ្ងៃ​១២ វិច្ឆិកា​នោះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ ក៏​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​សម​ភាគី​ថៃ គឺ​លោក សំភុង អៈម៉នវីវ៉ាត់ នៅឯ​ខេត្ត​សៀមរាប​នោះ​ផង​ដែរ​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា កន្លង​ទៅ​នេះ ដែល​បាន​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ ៣​នាក់ និង​ទាហាន​ថៃ​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត។

រូប​ប្រាសាទ​ព្រះហារ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​លើ​តែមប្រិ៍​ប្រៃសណីយ៍

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​តែមប្រិ៍​ប្រៃសណីយ៍​ចំនួន​៥​សន្លឹក​ដែល​មាន​រូប​ប្រាសាទ​ព្រះវិហារ​និង​មាន​ឈ្មោះ​ថា ឈុត​អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

តែមប្រិ៍​ប្រៃសណីយ៍​ដែល​មាន​រូបភាព​ប្រាសាទ​ព្រះវិហារ​ទាំង​៥​សន្លឹក​ថ្មី​នេះ មាន​តម្លៃ​ខុសៗគ្នា​គឺ​មាន​សន្លឹក​តម្លៃ ៦០០​រៀល តម្លៃ ៧០០​រៀល តម្លៃ ១០០០​រៀល តម្លៃ ២០០០​រៀល និង​តម្លៃ ៣០០០​រៀល។

ភាព​មិន​ប្រក្រតី​នៃ​ការ​ចែក​ស្បៀង​ជួយ​ជន​ក្រីក្រ

ប្រជាជន​ច្រើន​ខេត្ត​តវ៉ា​ភាព​មិន​ប្រក្រតី​ក្នុង​ការចែក​ស្បៀង​ជួយ​ជន​ក្រីក្រ​ដោយ​គម្រោង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​រដ្ឋាភិបាល​កម្ពុជា។

ការតវ៉ា​នេះ​បាន​លេច​ឮ​គ្រប់​កន្លែង​ដែល​បាន​ចែក​អង្ករ​ជួយ​ជន​ក្រីក្រ​ជុំវិញ​បឹង​ទន្លេ​សាប មាន​៧​ខែត្រ និង​២០០​ឃុំ។ អ្នក​ស្រុក​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​រើសអើង​ប្រកាន់​បក្សពួក​និង​គ្រួសារ​និយម។

មន្រ្តី​គម្រោង​សន្តិសុខ​ស្បៀង​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ឡុង ពិសិដ្ឋ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​ថា មុន​ការ​ចែក​អង្ករ​១​ម៉ឺន​២​ពាន់​តោន​ដល់​២០០​ឃុំ​នៃ​៧​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេ​សាប បាន​ជួល​អង្គការ​ពីរ មានអង្គការ BFDនិង CEDACឲ្យ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ក្រោយ​ការចែក​អង្ករ​នៅ​ក្នុង​ខេត្ត​ទាំង​៧​នោះ។

លោក ឡុង ពិសិដ្ឋ បន្ត​ថា ធនាគារ​និង​រដ្ឋាភិបាល​នឹង​បើក​កិច្ចប្រជុំ​រក​វិធី​ដោះស្រាយ​កែ​លម្អ​អាច​មិន​មាន​ការតវ៉ា​ក្រោយ​ការចែក​ស្បៀង​ដល់​ជន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​បុណ្យ​អុំ​ទូក។

អ្នកស្រុក​នៅ​ខេត្ត​ក្រចេះ​តវ៉ា​បញ្ហា​ថ្លៃ​អគ្គិសនី​ខ្ពស់

ប្រជាពលរដ្ឋ​ជាង​៧០០​នាក់​នៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ផ្ដិត​មេ​ដៃ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ជាវ​អគ្គិសនី​បញ្ចុះ​តម្លៃ​មក​វិញ បន្ទាប់ពី​ប្រេង​ឥន្ធនៈ​បាន​ចុះ​តម្លៃ​ស្ទើរតែ​ដូច​ដើម​វិញ​ហើយ​នោះ។

តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ប្រេង​ឥន្ធនៈ​បាន​ឡើង​ខ្ពស់ តម្លៃ​ជាវ​អគ្គិសនី​បាន​ដំឡើង​ដល់ ៣៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ ប៉ុន្តែ​បច្ចុប្បន្ន តម្លៃ​ប្រេង​ឥន្ធនៈ​បាន​ចុះ​ស្ទើរ​មក​ដល់​កម្រិត​ដើម​វិញ​ហើយ​នោះ អ្នក​ស្រុក​ថា មាន​ការបញ្ចុះ​តម្លៃ​ជាវ​អគ្គិសនី​ដែរ តែ​បន្តិច​បន្តួច​មិន​មាន​តុល្យភាព​ទៅ​នឹង​ការបញ្ចុះ​តម្លៃ​ប្រេង។

អភិបាល​ខេត្ត​ក្រចេះ​គឺ​លោក ខាំ ភឿន បាន​ជម្រាប​ថា ក្រោយ​ទទួល​ពាក្យ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ លោក​បាន​ហៅ​ម្ចាស់​អាជីវកម្ម​មក​ពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ជំនន់​ទឹក​ភ្លៀង​បំផ្លាញ​ដំណាំ​អ្នក​ស្រុក​នៅ​ខេត្ត​ឧត្តរ​មានជ័យ

ទឹក​ជំនន់​ដែល​ហូរ​ខ្លាំង​ចុះ​ពី​តំបន់​ភ្នំ កំពុង​ហូរ​កាត់​កំណាត់​ផ្លូវ​ចន្លោះ​ពី​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ បណ្ដាល​ឲ្យ​ដំណាំ​ស្រូវ សណ្ដែក​សៀង ដែល​ត្រូវ​ប្រមូល​ផល​ទទួល​រង​ការ​ខូចខាត​រាប់​សិប​ហិកតារ​និង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ជួប​ការ​លំបាក​ផ្នែក​ដឹក​ជញ្ជូន។

អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក កែវ ប៉ាន់ បាន​ឲ្យ​ដឹង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា ចំនួន ៤​ថ្ងៃ​មក​ហើយ នៅ​តំបន់​នោះ បណ្ដាល​ឲ្យ​ស្រូវ សណ្ដែក​របស់​កសិករ​ទូទាំង​ស្រុក​ត្រពាំង​ប្រាសាទ ទទួល​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួលេខ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ក្រុម​យោធា​រុះរើ​បំផ្លាញ​ផ្ទះ​អ្នក​ស្រុក​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ក្រុង​ព្រះសីហនុ

តំណាង​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០០​គ្រួសារ​រស់​នៅ​ក្នុង​សង្កាត់ ៤ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ បាន​សម្ដែង​ការតវ៉ា​និង​ព្រួយ​បារម្ភ​ជា​ខ្លាំង​នៅ​គ្រា​ដែល​ក្រុម​យោធា​មួយ​ក្រុម​ប្រដាប់​អាវុធ​កំពុង​តែ​ធ្វើ​សកម្មភាព​ឈូសឆាយ​កម្ទេច​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ថៃ្ង​អង្គារ​នេះ​ដើម្បី​រឹប​យក​ដី​ចំនួន​ជាង​៦​ហិកតារ។

កាល​ពី​ថៃ្ង​ច័ន្ទ​កន្លង​ទៅ​នេះ មាន​ក្រុម​យោធា​ប្រដាប់​អាវុធ​ចំនួន​៥​នាក់​បាន​មក​រុះរើ​ផ្ទះ​ចំនួន​ជាង ១០​ខ្នង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន និង​គ្មាន​ឯកសារ​ដីកា​ឬ​បទ​បញ្ជា​អ្វី​ឡើយ។

ទោះ​ជា​យ៉ាង​ណា ក្រុម​យោធា​ប្រដាប់​អាវុធ​ដែល​បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​កាលពី​ថៃ្ង​ច័ន្ទ​និង​ថៃ្ង​អង្គារ​នោះ បាន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​នោះ​ហើយ​ដោយសារ​ការរារាំង​និង​ការតវ៉ា​ជា​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់​ដីធ្លី​និង​ទី​ជម្រក​របស់​ខ្លួន។

លោក សឿន វ៉ា ជា​មន្រ្តី​យោធា​ជាន់ខ្ពស់​នៃ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ទទួល​បន្ទុក​អភិវឌ្ឍន៍​នៅ​តំបន់​ក្បាលឆាយ​ជា​តំបន់​មាន​វិវាទ​ដី​ធ្លី​នោះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​ផ្អាក​ការឈូសឆាយ​នោះ​មួយ​រយៈពេល​មួយ​សប្តាហ៍​សិន​ដោយសារ​មាន​ការតវ៉ា​ជា​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ថា ផ្អែក​តាម​គម្រោង​របស់​លោក គ្រោង​នឹង​រុះរើ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​តែ​ប៉ុណ្ណោះ​ដែល​លោក​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​ទំាង​នោះ​បាន​មក​តាំង​ទី​លំនៅ​នៅ​លើ​ដី​ធ្លី​ហាមឃាត់​ដោយ​អនុក្រឹត្យ៕