សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៤ ដល់ ១០ សីហា ២០០៨

2008-08-10

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ព្រះ​មហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជ​លិខិត​ស្នើសុំ​ឲ្យ​មាន​ការអន្តរាគមន៍​ដោះលែង​ពលរដ្ឋ​៦​នាក់​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ទំនាស់​ដី​ធ្លី និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

AFP Photo

ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ស្ដាំ) ។

លោក មុំ សុផុន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៤ ដល់ ១០ សីហា ឆ្នាំ​២០០៨ ។

ព្រះ​មហាក្សត្រ​ស្នើសុំ​ឲ្យ​មាន​ការអន្តរាគមន៍​ដោះលែង​ពលរដ្ឋ​៦​នាក់

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ចេញ​ព្រះរាជ​លិខិត​ដែល​ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​៦​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយសារ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​កន្លង​ទៅ​នោះ ។

ព្រះរាជ​ចំណារ​របស់​ព្រះ​មហាក្សត្រ​មាន​ខ្លឹមសារ​ថា ព្រះអង្គ​បាន​ទទួល​សំណុំ​លិខិត​របស់​ភរិយា និង​ឪពុក​ម្តាយ​បង​ប្អូន​ទាំង​៦​គ្រួសារ នៅ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ព្រះអង្គ​ទៅ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ លើកលែង​ការចោទ​ប្រកាន់​ចំពោះ​ស្វាមី​របស់​គាត់​ទាំង​៦​នាក់ ឈ្មោះ ម៉ាន់ ច័ន្ទថន, ម៉ាន់ ច័ន្ទថា, រឹម រឿយ, ឈឿន ឆេង, នៅ ទិត្យ និង សុំ សុភ័ក្រ្ត ។

នៅ​ឆ្នាំ​២០០៧ អាជ្ញាធរ​បាន​បណ្តេញ​ក្រុម​អ្នក​ស្រុក​ចេញ​ពី​តំបន់ដែល​សំអាង​ថា ដី​នោះ​គឺ​ជា​តំបន់​ហាមឃាត់ ។ ការបណ្តេញ​ពលរដ្ឋ​គ្រា​នោះ​ត្រូវ​មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​អះអាង​ថា​ក៏​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា ការចាប់​ខ្លួន និង​ការបាញ់​សម្លាប់​ពលរដ្ឋ​យ៉ាង​ហោច​២​នាក់​ផងដែរ ។

កម្ពុជា​រំពឹង​ថា​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​មហា​អំណាច​ផ្នែក​កសិកម្ម

កម្ពុជា​កំពុងតែ​រំពឹង​ថា​នឹង​កា្លយ​ខ្លួន​ទៅ​ជា​ប្រទេស​មហា​អំណាច​ផ្នែក​កសិកម្ម បន្ទាប់​ពី​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី គូវ៉េត អ្នកអង្គម្ចាស់ អាល់ហ្សែរបារ និង​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​មក​នេះ​នៅ​ឯ​រដ្ឋ​សភា ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​នាយករដ្ឋមន្ត្រី​គូវ៉េត​នៅ​កម្ពុជា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អ្នកអង្គម្ចាស់ អាល់ហ្សែរបារ បាន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​សំខាន់​ទៅ​លើ​ការវិនិយោគ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា ដូចជា​ការនាំ​ចេញ​គ្រឿង​បរិភោគ​ទៅ​កាន់​ប្រទេស​គូវ៉េត ការនាំ​ចេញ​ផលិតផល​កសិកម្ម​និង​ការដាក់​ទុន​ទៅ​លើ​ការដាំ​ដុះ​ស្រូវ​នៅ​កម្ពុជា​ដើម្បី​ទីផ្សារ​គូវ៉េត ។

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​ថ្លែង​ដោយ​សង្ឃឹម​លើ​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ថ្ងៃ​មុខ ដោយ​ផ្អែក​លើ​គម្រោង​នាំ​ចេញ​ស្រូវ​ថា គេ​នឹង​ធ្វើ​ឲ្យ​បាន​លើស​៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ បន្ទាប់ពី​មាន​ការវិនិយោគ​នោះ ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ទៀត​ថា អ្នក​អង្គម្ចាស់​នាយក​រដ្ឋមន្រ្តី​គូវ៉េត ទ្រង់​មាន​បន្ទូល​ថា នឹង​រុញ​ឲ្យ​ប្រទេស​កម្ពុជា​ជា​មហា​អំណាច​កសិកម្ម​ក្នុង​ពិភពលោក ។

កិច្ចពិភាក្សា​រយៈពេល​មួយ​ម៉ោង​រវាង​នាយក​រដ្ឋមន្រ្តី​គូវ៉េត បាន​លើក​មក​បន្ថែម​ទៀត​នូវ​គម្រោង​ដាក់​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ។ ហើយ​ជាមួយ​គ្នា​នោះ​ដែរ​ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​នូវ​ចំណុច​ចំនួន​៥ ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​-​គូវ៉េត ការព្រមព្រៀង​របស់​កម្ពុជា​ក្នុង​ការធ្វើ​ច្បាប់​គាំពារ​អ្នក​វិនិយោគ​គូវ៉េត និង​ការ​ព្រមព្រៀង​លើ​មូលនិធិ​ប្រាក់​កម្ចី​ដើម្បី​រៀបចំ​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ជាដើម ។

ទាហាន​ថៃ​រារាំ​ង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រាសាទ​តាមាន់ធំ

ទាហាន​ថៃ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ទី​បរិវេណ​ខាង​ក្នុង​នៃ​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក បើ​ទោះបី​ជា​មាន​ការស្នើសុំ​ពី​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ក៏ដោយ ។

លោក​វរសេនីយ៍​ឯក នាក់ ពង់ មេ​បញ្ជាការ​កងពល​៤២​ដែល​បាន​ដាក់​ទ័ព​ពង្រាយ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​បាន​ថ្លែង​ថា ភាគី​ទ័ព​ឈុត​ខ្មៅ​របស់ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់់​ធំ​នោះ​ឡើយ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨​នេះ ។

លោក​បន្ត​ថា​ភាគី​ថៃ​បាន​សំអាង​ថា មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​នោះ​មិន​នៅ ដូច្នេះ​ហើយ​ក្រុម​កូន​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​នោះ​ទេ ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​ឲ្យ​ដឹង​ថា​ថៃ​បាន​ប្រកាស​ឲ្យ​រង់ចាំ​ពីរ​សប្ដាហ៍​ទៀត​ទើប​អាច​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ចូល​បាន ។

មនុស្ស​ជាង​៣០​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើងទៅ​ជើង​ភ្នំ​ដងរែក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨​នេះ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា អន្ទង​មហិទ្ធិឫទ្ធិ​និង​បារមី​បុព្វបុរស​ដូន​តា​អតីត​ព្រះ​មហាក្សត្រ​នៅ​ទី​នោះ ឲ្យ​បណ្ដេញ​កងទ័ព​ឈ្លានពាន​របស់​ថៃ​ចេញ​ពី​ទឹក​ដី​ប្រាសាទ​តាមាន់​ធំ ។ ការហាមឃាត់​និង​ការឈ្លានពាន​របស់​ថៃ​បាន​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ការខកចិត្ត​និង​ខឹងសម្បា​យ៉ាង​ខ្លាំង ។

លោកស្រី ព្រាប ស៊ីនរ៉ា បាន​ឲ្យដឹង​ថា​លោកស្រី​មាន​ការខកចិត្ត​ខ្លាំង​ណាស់​ព្រោះ​ជនជាតិ​ខ្មែរ​មិន​អាច​ចូល​ទៅ​ជាន់​ឬ​ប៉ះ​ប្រាសាទ​របស់​ខ្មែរ​បាន ។

ហ៊ុន សែន​៖ ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការបោះ​ឆ្នោត​ជា​ជោគជ័យ​ដ៏​សម្បើម

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​កសិករ​រាប់​រយ​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​ហៅ​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការបោះ​ឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ជា​ជោគជ័យ​ដ៏​សម្បើម ហើយ​ថ្លែង​អំណរ​គុណ​ចំពោះ​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ធ្វើ​នាយក​រដ្ឋមន្រ្តី​ត​ទៅ​ទៀត ។

លោក ហ៊ុន សែន សម្ដែង​មោទនភាព​ដែល​ថា​ការបោះ​ឆ្នោត​នោះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ប្រពៃ ហើយ​គេ​វាយតម្លៃ​ថា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ដោយ​យុត្តិធម៌ និង​គួរ​ទទួល​យក​បាន ។

បក្ស​នយោបាយ​៣​រួម​គ្នា​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត

គណបក្ស​នយោបាយ​បី​មាន​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ នៅ​សប្តាហ៍​នេះ​ដែរ​ជួបជុំ​គ្នា​ធ្វើការ​បដិសេធ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​មក​នេះ ។

ការច្រាន​ចោល​លទ្ធផល​នេះ​ត្រូវ​គណបក្ស​ទាំង​បី​អះអាង​ថា ការបោះ​ឆ្នោត​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​នោះ​ទេ ហើយ​បាន​ចោទ​ប្រកាន់​ទៀត​ថា ការបោះ​ឆ្នោត​នោះ​មាន​ការកេងបន្លំ ដូច​ជា ការលុប​ឈ្មោះ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ការចេញ​ទម្រង់ ១០១៨ ច្រើន​ពេក មាន​ជនជាតិ​វៀតណាម​បាន​ចូលរួម​បោះ​ឆ្នោត និង​ឈ្មោះ​មួយចំនួន​មាន​អ្នក​បោះឆ្នោត​ជំនួស​ជាដើម ។

គណបក្ស​ទាំង​បី​បាន​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ធ្វើការ​បោះ​ឆ្នោត​ឡើងវិញ​នៅ​តាម​មណ្ឌល​មួយចំនួន ។ ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​គ.ជ.ប.​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មិន​អាច​កើត​មាន​នូវ​ដំណើរការ​បោះ​ឆ្នោត​ឡើង​វិញ​បាន​ឡើយ ។

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ព្រមាន​ពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ទី​៦ សីហា​នេះ ថា ប្រសិនបើ​មាន​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្លាយ​ទៅ​ជា​ការផ្ទុះ​អាវុធ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រង​ការលំបាក​ជា​មិន​ខាន ។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍​បន្ត​ថា​ជំហរ​រាជ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ចង់​ឲ្យ​មាន​ការដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ​ដោយ​សន្តិវិធី ហើយ​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​ពង្រីក​មិត្តភាព​និង​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត ។

នៅ​ទន្ទឹម​នឹងនោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​រិះគន់​ចំពោះ​ខិត្តប័ណ្ណ​ដែល​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​នាំ​ទំនិញ​ថៃ​ចូល​ក្នុងប្រទេស​កម្ពុជា​និង​ឈប់​ទិញ​ទំនិញ​ទាំង​នោះ​យក​មក​ប្រើប្រាស់ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​កងទាហាន​ថៃ​ដែល​រំលោភ​ចូល​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​នៅ​វត្ត​កែវសិក្ខា​គិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ និង​នៅ​ប្រាសាទ​តាមាន់​ធំ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

លោក​ថា​គ្រាន់តែ​បញ្ហា​ជម្លោះ​ព្រំដែន​គេ​មិន​គួរ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា​នូវ​រាល់​គ្រប់​បញ្ហា​ទាំងអស់​នោះ​ឡើយ ។

កម្ពុជា​បញ្ជូន​កីឡាករ​៤​នាក់​ទៅ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ចិន

កីឡាករ​ប្រទេស​កម្ពុជា​ចំនួន​៤​នាក់​បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ ទី​៧ សីហា​នេះ ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឯ​ទីក្រុង​ប៉េកាំង ។

លោក មាស សារិន អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​កីឡាករ​ខ្មែរ​ទាំង​៤​នាក់ មាន​ស្រី​២​នាក់ និង​ប្រុស​២​នាក់ បាន​ទទួល​យក​វិញ្ញាសា​ចំនួន​២​ដើម្បី​ប្រកួត គឺ​ទី​១ ការប្រឡង​ហែល​ទឹក​និង​អត្តពលកម្ម ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨