សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កក្កដា ២០០៨

2008-07-13

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន អ្នក​កាសែត​មនសិការ​ខ្មែរ​មួយ​រូប គឺ​លោក ឃឹម សំបូរ និង​កូន​ប្រុស​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

AFP Photo

អ្នក​ចូលរួម​រំលែក​មរណទុក្ខ​អុជ​ធូប​សម្ដែង​ការគោរព​រូបថត​សព​កាសែត​លោក ឃឹម សម្បូរណ៍ នៅ​វត្ត​ស្វាយ​ដង្គំ ក្រុង​ភ្នំពេញ នា​ថ្ងៃ​១២ កក្កដា ២០០៨។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៧ ដល់ ១៣ កក្កដា ឆ្នាំ​២០០៨ ។

អ្នក​កាសែត​មនសិការ​ខ្មែរ​មួយ​រូប​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កណ្ដាល​ក្រុង​ភ្នំពេញ

អ្នក​កាសែត​មនសិការ​ខ្មែរ​មួយ​រូប គឺ​លោក ឃឹម សំបូរ និង​កូន​ប្រុស​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ កក្កដា​កន្លង​ទៅ​នេះ ។

លោក ឃឹម សំបូរ ដែល​ជា​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប អាយុ​៤៧​ឆ្នាំ ហើយ​ត្រូវ​គេ​ស្គាល់​ក្រោម​នាម​ប៉ាកកា​ថា «ដែន​សុរិន្ទ» និង «សេរីកា» ហើយ​តែងតែ​សរសេរ​ទិតៀន​រដ្ឋាភិបាល ជា​ពិសេស​លោក​ធ្លាប់​ជា​អ្នក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ស្តីពី​រដ្ឋប្រហារ​ថ្ងៃ​៥​-​៦ កក្កដា ឆ្នាំ​១៩៩៧​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មក​តាម​បាញ់​នៅ​ក្បែរ​ស្តាត​អូឡាំពិក ។

កូន​ប្រុស​របស់​លោក ឃឹម សំបូរ ឈ្មោះ ខាត់ សារិនសុភាតា ដែល​ជា​និស្សិត​សាកល​វិទ្យាល័យ​មួយ​រូប បាន​ទទួល​មរណភាព​ទៅ​ហើយ​ដោយ​គ្រូពេទ្យ​ពុំ​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ទាន់​ពេល​វេលា​ពី​មុខ​របួស​ដែល​ត្រូវ​បាញ់​ចំ​បេះដូង​នោះ ។

ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតកិភណ្ឌ​ពិភពលោក

ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតកិភណ្ឌ​ពិភពលោក ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​រាត្រី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កក្កដា​ ដើម​សប្ដាហ៍​នេះ ។

បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការស្នើសុំ​ដាក់​បញ្ចូល​ប្រាសាទ​​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នោះ​មក មាន​ប្រជាពលរដ្ឋ សិស្ស និស្សិត រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​មនុស្ស​រាប់ពាន់​នាក់​នៅតាម​ខេត្ត​ផ្សេង​ទៀត ក៏​បាន​សម្ដែង​សេចក្ដី​អបអរ​ចំពោះ​សេចក្ដី​សម្រេច​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផងដែរ ។

ទន្ទឹម​នឹង​នេះ​មាន​សេចក្តី​រាយការណ៍​មក​ថា ព្រះសង្ឃ​ក្នុង​ទី​វត្ត​អារាម​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​សូត្រ​ធម៌​និង​ទូង​ស្គរ​ដើម្បី​អបអរ​ការដាក់​បញ្ចូល​នោះ​ដែរ ។

ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​មេ​ដឹកនាំ​រដ្ឋាភិបាល​ក៏​បាន​សម្ដែង​ការអបអរ​ចំពោះ​ជ័យជម្នះ​របស់​កម្ពុជា​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ។

អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ដែល​បាន​បង្ខំ​ប្រទេស​ថៃ​ឲ្យ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​កម្ពុជា​វិញ តាម​ផ្លូវ​តុលាការ​អន្តរជាតិ​បាន​មាន​ព្រះរាជ​ឱង្ការ​តាមរយៈ​មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង គឺ​លោក អ៊ុំ ដារាវុធ កាលពី​ថ្ងៃ​សុក្រ ទី​១១ កក្កដា ថា​លទ្ធផល​ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក គឺ​ជាប់​ទាក់ទង​នឹង​ថ្ងៃ​ដែល​តុលាការ​ក្រុង​ឡាអេ​កាត់ក្តី​ឲ្យ​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​វិញ ។

ទន្ទឹម​នឹង​នេះ​ព្រះអង្គ​ក៏​បាន​សព្វ​ព្រះទ័យ​យល់ព្រម​ឲ្យ​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ​សាងសង់​មន្ទីរពេទ្យ​ខា្នត​តូច​មួយ សម្រាប់​ថែរក្សា​ព្យាបាល​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ​នា​ពេល​ខាង​មុខ​នេះ​ដោយ​មិន​យក​កម្រៃ​អ្វី​ឡើយ ។

ថៃ​មួយ​ក្រុម​គំរាម​ថា​នឹង​យក​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​មួយ​ខែ

សារព័ត៌មាន​ថៃ​មួយ​ឈ្មោះ The Nation បាន​សរសេរ​ថា​ក្រុម​ប្រជាពលរដ្ឋ​ថៃ​មួយ​ក្រុម​ដែល​រស់នៅ​ក្នុង​ខេត្ត​ស៊ីសាកេត បាន​គំរាម​ថា​នឹង​យក​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​មួយ​ខែ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួក​គេ​ចំពោះ​ការ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ។

កាសែត The Nation បាន​សរសេរ​ថា​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើការ​តវ៉ា​ជិត​ប្រាសាទ​ព្រះវិហារ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​៩ កក្កដា ថា​ពួក​គេ​នឹង​យក​ប្រាសាទ​ព្រះវិហារ ប្រសិន​ណា​បើ​អាជ្ញាធរ​មិន​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​លំនៅ​ដែល​តាំង​លើ​តំបន់​ជម្លោះ​នោះ​ទេ ។

ព្រះ​មហាវីរក្សត្រ​សុំ​ឲ្យ​ប្រជារាស្ត្រ​ថៃ​និង​ខ្មែរ​រក្សា​មិត្តភាព​នឹង​គ្នា

ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ខ្មែរ​រក្សា​មិត្តភាព​ប្រទេស​ជិត​ខាង ដោយ​កុំ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ជម្លោះ​រវាង​ប្រជាជាតិ​ទាំង​ពីរ ។

ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ក្នុង​ព្រះរាជ​សារ​ថា ព្រះអង្គ​មាន​ការសោកស្តាយ​ដែល​មាន​ប្រជារាស្ត្រ​ថៃ​ខ្លះ​ដែល​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​រឿង​ជាមួយ​នឹង​ប្រជារាស្ត្រ​ខ្មែរ ហើយ​ព្រះអង្គ​ក៏​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ប្រជារាស្រ្ត​ខ្មែរ ខិតខំ​កសាង​មិត្តភាព​និង​សហ​ប្រតិបត្តិការ​ជាជាង​ការយក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​ជា​បញ្ហា​នឹង​គ្នា​នោះ ។

ព្រះ​មហាវីរក្សត្រ​បាន​រំឮក​ថា ប្រាសាទ​ព្រះវិហារ​ដែល​បាន​កសាង​ឡើង​នៅ​មុន​សតវត្សរ៍​ទី​១០ និង​ទី​១១ ក្នុង​សម័យ​ចក្រភព​ខ្មែរ​ដែល​ពេល​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ​ដោយសារ​តែ​ពេល​នោះ​ដី​ខ្មែរ​មាន​វិសាលភាព​ទូលំ​ទូលាយ ។

កម្ពុជា​ចាត់​វិធានការ​ការពារ​សាក្សី​ដែល​បាន​ឃើញ​ការសម្លាប់​ខ្មែរ​២​រូប​ក្នុង​ទឹក​ដី​ថៃ

ប្រទេស​កម្ពុជា​នឹង​ចាត់​វិធានការ​ការពារ​សាក្សី​ដែល​បាន​ឃើញ​ការសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ពីរ​រូប​នៅ​ក្នុង​ទឹក​ដី​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍​​​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ ទី​៨ កក្កដា​កន្លង​ទៅ​ថា សាក្សី​ពីរ​នាក់​ដែល​បាន​ឃើញ​ការបាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​សុវត្ថិភាព​នៅ​ឯ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ហើយ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បាន​ឲ្យ​ដឹង​ថា​ការរក្សា​ទុក​សាក្សី​ពីរ​នាក់​នោះ​គឺ​ដើម្បី​សហការ​ជាមួយ​នឹង​ភាគី​ថៃ ក្នុងការ​ជា​សាក្សី​នៃ​ការបាញ់​ប្រហារ​និង​ជួយ​អាជ្ញាធរ​ថៃ​គូរ​គំនូរ​ព្រាង​កំណត់​មុខ​សញ្ញា​ដែល​បាន​ធ្វើការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ ។

មេ​ដឹកនាំ​បក្ស​សមរង្ស៊ី​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​ភ្នំពេញ

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី កាលពី​ថៃ្ង​ពុធ ទី​៨ កក្កដា​កន្លង​ទៅ​នេះ បាន​មក​បង្ហាញ​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ចំពោះ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ចម្លើយ​និង​ឯកសារ​ភស្តុតាង​នានា​ជូន​តុលាការ នៅ​គ្រា​ដែល​រូប​លោក​កំពុងតែ​រង​ការប្តឹង​ពី​លោក​ឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ក្រោម​បទ​បរិហារ​កេរ្តិ៍​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ។

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ក្រោយ​ពី​រូប​លោក​បាន​ចូល​ក្នុង​តុលាការ​រយៈពេល​ជាង​១០​នាទី​នោះ​ថា មន្រ្តី​តុលាការ​ក្រុង​​បាន​គេច​ខ្លួន​មិន​ជួប​ជាមួយ​នឹង​រូបលោក​ទ្បើយ ។

គ.ជ.ប.​អំពាវនាវ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​មិន​លម្អៀង

មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​ធ្វើការ​អំពាវនាវ​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឲ្យ​បណ្តាញ​សារព័ត៌មាន​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​មិន​លម្អៀង ឲ្យ​មាន​តុល្យភាព និង​សមធម៌​ផងដែរ ក្នុង​យុទ្ធនាការ​ឃោសនា​ដើម្បី​ឲ្យ​ការបោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​តំណាង​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍ នៅ​ឯ​ទីស្នាក់ការ​គ.ជ.ប. លោក សុកុលៈ ទីប៉ោ ប្រធាន​គណៈកម្មការ​សម្រប​សម្រួល​កម្មវិធី​ស្មើភាព​របស់​គ.ជ.ប. បាន​ឲ្យ​ដឹង​ថា​តាម​ការពិនិត្យ​ឃើញ​ក្នុង​រយៈពេល​កន្លង​មក​នេះ មាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ជា​ច្រើន​បាន​ធ្វើការ​ផ្សព្វផ្សាយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ។

សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​បន្ត​ឃុំ​ខ្លួន អៀង ធីរិទ្ធ

អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម គឺ​លោកស្រី អៀង ធីរិទ្ធ ត្រូវ​អង្គបុរេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ទី​៨ កក្កដា សម្រេច​បន្ត​ឃុំ​ខ្លួន​លោកស្រី​ត​ទៅ​ទៀត ។

សូម​ជម្រាប​ថា​សំណុំរឿង​បណ្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​ជា​សាធារណៈ​រយៈពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​ទៅ ។

លោកស្រី អៀង ធីរិទ្ធ បាន​ជាប់​ឃុំ​បណ្ដោះអាសន្ន​ជាមួយ​ប្តី​របស់​លោកស្រី​គឺ លោក អៀង សារី ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​របប​ខ្មែរ​ក្រហម ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៧​មក ដោយ​លោកស្រី​រង​ការចោទ​ជា​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨