សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៩ ដល់ ១៥ មិថុនា ២០០៨

2008-06-15

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​មិន​ឲ្យ​មាន​ការធានា​សុំ​ដោះលែង​បណ្ដោះអាសន្ន ចំពោះ​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ នោះ​ឡើយ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

AFP photo

លោក ដាំ សិទ្ធិ និពន្ធនាយក​កាសែត​មនសិការ​ខ្មែរ (រូប​កណ្ដាល) ត្រូវ​ប៉េអឹម​នាំ​ខ្លួន​ចូល​រថយន្ត​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ២០០៨។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី ៩ ដល់ ១៥ ខែ​មិថុនា ឆ្នាំ​២០០៨ ។

តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​មិន​ឲ្យ​មាន​ការធានា ដាំ សិទ្ធិ ឲ្យ​នៅ​ក្រៅ​ឃុំ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ១៣ មិថុនា មិន​ឲ្យ​មាន​ការធានា​សុំ​ដោះលែង​បណ្ដោះអាសន្ន ចំពោះ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លោក ដាំ សិទ្ធិ នោះ​ឡើយ ។

មេធាវី​ការពារ​ក្ដី​លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា​សេចក្ដី​សម្រេច​បដិសេធ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​សុក្រ បើ​ទោះបី​ជា​មាន​ប្រតិកម្ម​ពី​មន្ត្រី​ទូត ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ជា​ច្រើន​ក៏ដោយ ។

លោក ដាំ សិទ្ធិ ដែល​ជា​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ​ផងដែរ​នោះ ត្រូវ​គេ​ចោទប្រកាន់​ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍ ជុំវិញ​ការផ្សាយ​ព័ត៌មាន​ដែល​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង គឺ​ជា​អតីត​ប្រធាន​គុក​បឹងត្របែក​ជំនាន់​របប​ខ្មែរក្រហម ។

ការសរសេរ​ផ្សាយ​របស់​លោក ដាំ សិទ្ធិ តាំងពី​ខែ​មេសា​កន្លង​មក គឺ​បាន​ដកស្រង់​តាម​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ។

តំណាងរាស្ត្រ​បក្ស​សមរង្ស៊ី​ស្នើ​សុំ​ឲ្យ​ដាក់​ពិន័យ​ចៅក្រម​សាលាដំបូង

ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី​ចំនួន​១២​រូប កាលពី​ថ្ងៃ​ពុធ ១១ មិថុនា បាន​ស្នើ​តាមរយៈ​លោក​ប្រធាន​រដ្ឋសភា ហេង សំរិន ជូន​លោក ឌិត មន្ទី ប្រធាន​ក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម និង​ជា​ប្រធាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា ឲ្យ​ដាក់​ពិន័យ លោក ឆាយ គង់ ចៅក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ ដោយ​សំអាង​ថា ចៅក្រម​ស៊ើបសួរ​រូប​នេះ​ធ្វើការ​ដោយ​រំលោភ​បំពាន​ច្បាប់ ។

លិខិត​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​ដដែល បាន​លើក​ឡើង​នូវ​កំហុស​ចំនួន​៤​ចំណុច​របស់​លោក ឆាយ គង់ ដែល​ក្នុង​នោះ​រួមមាន​ការចេញ​ដីកា​នាំខ្លួន លោក ដាំ សិទ្ធិ យ៉ាង​តក់ក្រហល់​នៅ​ថ្ងៃ​អាទិត្យ ទៅ​គុក​ព្រៃ​ស ដោយ​នៅ​ក្នុង​ដីកា​ឃុំ​ខ្លួន​នោះ មិន​ទាំ​ងមាន​ឈ្មោះ លោក ដាំ សិទ្ធិ ផង​ជាដើម ។

ឧត្តមសេនីយ៍​ត្រី ជា រដ្ឋា អស់​សិទ្ធិ​ស្នាក់នៅ​ប្រទេស​ថៃ​ហើយ

ប៉ូលិស​ខ្មែរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ មិថុនា ថា​ជនសង្ស័យ​ឧត្តមសេនីយ៍​ត្រី​កង​រាជអាវុធហត្ថ​ជាតិ លោកស្រី ជា រដ្ឋា អស់​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​បាន​ហើយ បន្ទាប់ពី​ទិដ្ឋាការ​របស់​លោកស្រី​ត្រូវ​ផុត​កំណត់ ។

ប៉ូលិស​ខ្មែរ​បាន​បញ្ជាក់​ថា លោកស្រី​ឧត្តមសេនីយ៍​ត្រី ជា រដ្ឋា ដែល​ប៉ូលិស​អន្តរជាតិ​ចំនួន ១៨៦​ប្រទេស​កំពុង​ស្វែង​តាម​ចាប់​ខ្លួន​បាន​ចាកចេញ​ពី​ប្រទេស​ចិន​មក​ប្រទេស​​ថៃ នៅ​ថ្ងៃ​ទី​១២ ឧសភា ត្រូវ​មន្ត្រី​អន្តោប្រវេសន៍​ថៃ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​រយៈពេល​១​ខែ ។

រូបថត​ឧត្តមសេនីយ៍​ត្រី​កង​រាជអាវុធហត្ថ​ជាតិ លោកស្រី ជា រដ្ឋា ត្រូវ​អាជ្ញាធរ​ថៃ​បិទ​តាម​ទីកន្លែង​សាធារណៈ​សំខាន់​ៗ ដើម្បី​តាម​ចាប់​ខ្លួន​នៅ​គ្រា​ដែល​ការស្នាក់នៅ​រយៈពេល​មួយ​ខែ ក្នុង​ប្រទេស​ថៃ បាន​ឈាន​ដល់​ថ្ងៃ​កំណត់​ចុងក្រោយ ។

ព្រះមហាក្សត្រ​ខ្មែរ​គាំទ្រ​ទិវា ១៥ មិថុនា

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ប្រទាន​កិច្ចគាំទ្រ​ដល់​ទិវា ១៥ មិថុនា ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​កាត់​សេចក្តី​ឲ្យ​ប្រាសាទ​ព្រះវិហារ​មក​ជា​ទ្រព្យ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ខ្មែរ​វិញ ។

ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជបន្ទូល​ក្នុង​ព្រះរាជ​សារ​មួយ ដោយ​ទ្រង់​សម្ដែង​ក្តី​កោតសសើរ​និង​ថ្លែង​អំណរគុណ​ដល់​លោក មឿង សុន ដែល​បាន​ប្រឹងប្រែង​បង្កើត​បាន​នូវ​ក្រុម​អភិរក្ស​ប្រាសាទ​បុរាណ ឈ្មោះ មូលនិធិ​អារ្យធម៌​ខ្មែរ​នោះ ។

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​មាន​ការការពារ​បក្ស​នយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​សា​ជា​ថ្មី​កាលពី​ថ្ងៃ​ពុធ ទី​១១ មិថុនា សុំ​ឲ្យ​អាជ្ញាធរ​ការពារ​សុវត្ថិភាព​ដល់​គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​សកល​នា​ពេល​ខាង​មុខ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​គ្មាន​អំពើ​ហិង្សា ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា រាល់​ពេល​មុន​ការបោះ​ឆ្នោត​តែង​មាន​ការវាយប្រហារ​គ្នា​ក្នុង​ចំណោម​គណបក្ស​នយោបាយ ដែល​មាន​លក្ខណៈ​ពិសពុល គ្រោះថ្នាក់ សាហាវ ព្រៃផ្សៃ ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការព្រួយ​បារម្ភ​ថា ការបោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ អាច​គ្មាន​ភាព​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មាន​ការគំរាម​កំហែង​ទៀត​ផង បន្ទាប់ពី​មាន​ការចាប់​ខ្លួន​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី និង​ការបិទ​វិទ្យុ​អង្គរ​រដ្ឋា FM 105.25MHz នៅ​ឯ​ខេត្ត​ក្រចេះ ។

ការ​លុប​ឈ្មោះ​ពលរដ្ឋ​ពី​បញ្ជី​បោះឆ្នោត​ដោយ​គ.ជ.ប.​នៅ​មាន​ភាព​មិន​ត្រឹមត្រូវ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ​ (NDI) រួម​ជាមួយ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ផ្សេងៗ​ទៀត បាន​ចេញ​ផ្សាយ​លទ្ធផល​ការអង្កេត​សវនកម្ម​មួយ​ទាក់ទង​ជាមួយ​ការលុប​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) ថា​នៅ​មាន​ការមិន​ត្រឹមត្រូវ​មួយចំនួន ។

លោក ហង្ស ពុទ្ធា ជា​ប្រធាន​អង្គការ​និចហ្វិក​ដែល​ចូលរួម​ធ្វើការ​អង្កេត​សវនកម្ម​ការលុប​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះឆ្នោត​ជំហាន​ទី​២​នោះ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ដែល​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការរក​ឃើញ​ថា ៨៧,៩% នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​បាន​ចុះឈ្មោះ​រួចហើយ​ដើម្បី​បោះឆ្នោត តែ​មាន​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន ០,៧% នៃ​បញ្ជី​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស​មាន​ការលុប​មិន​បាន​ត្រឹមត្រូវ ។

អគ្គលេខាធិការ​គ.ជ.ប. លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ចំនួន ៥៨៥.៧២៣​នាក់ ដែល​ត្រូវ​ជា ៧,៥១​% ត្រូវ​បាន​លុប​ឈ្មោះ​ពី​បញ្ជី​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ។

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បង្អាក់​វេទិកា​ជំនួប​មួយ​របស់​បក្ស​ប្រឆាំង

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ប្រើ​កម្លាំង​រុះរើ​និង​បង្អាក់​វេទិកា​ជំនួប​មួយ​រវាង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម កាលពី​ថ្ងៃ​សុក្រ ១៣ មិថុនា នៅ​សង្កាត់​ច្រាំងចម្រេះ ក្រុង​ភ្នំពេញ ក៏ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

លោក សម រង្ស៊ី បាន​ហៅ​ទង្វើ​នោះ​ថា​ជា​ការរារាំង​ខុស​ច្បាប់​និង​ជា​ការគំរាម​កំហែង​ពី​សំណាក់​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ព្រួយ​អំពី​ចរន្ត​គាំទ្រ​មកលើ​គណបក្ស​របស់​លោក នៅគ្រា​ដែល​ការបោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់ ។

អភិបាល​រង​ស្រុក​ឫស្សីកែវ លោក កូប ស្លេះ ថ្លែង​ថា​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​បាន​យក​ព្រះវិហារ​អ៊ិស្លាម​ដែល​ជា​កន្លែង​សាធារណៈ​មក​ធ្វើ​ជា​វេទិកា ទើប​នាំ​ឲ្យ​មាន​ការប្ដឹងផ្ដល់​ពី​ប្រធាន​គណៈកម្មការ​ព្រះវិហារ ហើយ​ក្រុម​សមត្ថកិច្ច​បាន​ធ្វើ​អន្តរាគមន៍​អំពី​រឿង​នេះ ។

ក្រុម​សិទ្ធិ​មនុស្ស​កំពុង​បារម្ភ​អំពី​ការប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ដ៏​អាក្រក់​នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត ។

WFP ប្រកាស​បន្ត​ឧបត្ថម្ភ​អាហារ​ពេល​ព្រឹក​ដល់​សិស្សានុសិស្ស​ខ្មែរ

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​បន្ត​ឧបត្ថម្ភ​អាហារ​ពេល​ព្រឹក​ដល់​សិស្សានុសិស្ស​ខ្មែរ​រាប់​សែន​នាក់​ជា​បន្ត​ទៀត ហើយ​កម្មវិធី​ចែក​អាហារ​នេះ​គ្រោង​​នឹង​ធ្វើ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា ។

លោក Thomas Keusters នាយក​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ថា កុមារ​នៅ​សាលារៀន​ចំនួន​១៣៤៤​កន្លែង នឹង​ទទួល​បាន​អាហារ​ពេល​ព្រឹកនេះ ។

កាលពី​ខែ​មុន​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ផ្អាក​ចែក​អាហារ​ពេល​ព្រឹក​ដល់​កុមារ ដោយសារ​តែ​កង្វះ​ថវិកា​ខណៈ​ដែល​ស្បៀង​អាហារ​កំពុង​ឡើង​ថ្លៃ​ខ្ពស់​ដែរ​នោះ ។ ក៏ប៉ុន្តែ​​កម្មវិធី​នេះ​នឹង​ត្រូវ​ដំណើរការ​ឡើង​វិញ បន្ទាប់ពី​ប្រទេស​សារ៉ាប់ប៊ីសាអ៊ូឌីត សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អឺរ៉ុប បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន ៨០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិនេះ ។

អាជ្ញាធរ​ខេត្ត​កំពត​ប្រកាស​ប្រគល់​ដី​ព្រៃ​កោងកាង​៧២​ហិកតា​ជូន​ពលរដ្ឋ​វិញ

ដី​ព្រៃ​កោងកាង​លិច​ទឹក​ចំនួន​៧២​ហិកតា​នៅ​ស្រុក​កំពត ខេត្ត​កំពត ត្រូវ​បាន​ប្រកាស​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញហើយ ។

ដី​ព្រៃ​កោងកាង​លិច​ទឹក​នៅ​ភូមិ​កំពង់ត្នោត និង​ភូមិ​កំពង់នង់ ក្នុង​ស្រុក​កំពត ខេត្ត​កំពត ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បុគ្គល​បួន​នាក់​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន តាមរយៈ​លិខិត​ស.ជ.ណ. លេខ​៥១៥ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០០៨ ដូច​ដែល​វិទ្យុ​អាស៊ីសេរី​ធ្លាប់​បាន​ផ្សាយ​ជូន​រួច​មកហើយ​នោះ ពេល​នេះ​ត្រូវ​បាន​ប្រកាស​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦៤០​គ្រួសារ ដើម្បី​ប្រើប្រាស់​ទុក​ជា​ប្រយោជន៍​រួម​ក្នុង​សហគមន៍​វិញ​ហើយ តាមរយៈ​លិខិត​ ស.ជ.ណ. លេខ​២៣០ របស់​សាលា​ខេត្ត​កំពត ចុះ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០០៨ ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៥ ដល់ ២១ កញ្ញា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៨ ដល់ ១៤ កញ្ញា ២០០៨