លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃទី ៩ ដល់ ១៥ ខែមិថុនា ឆ្នាំ២០០៨ ។
តុលាការក្រុងភ្នំពេញប្រកាសមិនឲ្យមានការធានា ដាំ សិទ្ធិ ឲ្យនៅក្រៅឃុំ
តុលាការក្រុងភ្នំពេញបានប្រកាសនៅថ្ងៃសុក្រ ១៣ មិថុនា មិនឲ្យមានការធានាសុំដោះលែងបណ្ដោះអាសន្ន ចំពោះបេក្ខជនតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក ដាំ សិទ្ធិ នោះឡើយ ។
មេធាវីការពារក្ដីលោក ដាំ សិទ្ធិ បានថ្លែងថាសេចក្ដីសម្រេចបដិសេធនេះបានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ បើទោះបីជាមានប្រតិកម្មពីមន្ត្រីទូត ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជាច្រើនក៏ដោយ ។
លោក ដាំ សិទ្ធិ ដែលជានិពន្ធនាយកកាសែតមនសិការខ្មែរផងដែរនោះ ត្រូវគេចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ជុំវិញការផ្សាយព័ត៌មានដែលថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជាអតីតប្រធានគុកបឹងត្របែកជំនាន់របបខ្មែរក្រហម ។
ការសរសេរផ្សាយរបស់លោក ដាំ សិទ្ធិ តាំងពីខែមេសាកន្លងមក គឺបានដកស្រង់តាមប្រសាសន៍របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ។
តំណាងរាស្ត្របក្សសមរង្ស៊ីស្នើសុំឲ្យដាក់ពិន័យចៅក្រមសាលាដំបូង
ក្រុមតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីចំនួន១២រូប កាលពីថ្ងៃពុធ ១១ មិថុនា បានស្នើតាមរយៈលោកប្រធានរដ្ឋសភា ហេង សំរិន ជូនលោក ឌិត មន្ទី ប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងជាប្រធានតុលាការកំពូលនៃប្រទេសកម្ពុជា ឲ្យដាក់ពិន័យ លោក ឆាយ គង់ ចៅក្រមសាលាដំបូងក្រុងភ្នំពេញ ដោយសំអាងថា ចៅក្រមស៊ើបសួររូបនេះធ្វើការដោយរំលោភបំពានច្បាប់ ។
លិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រដដែល បានលើកឡើងនូវកំហុសចំនួន៤ចំណុចរបស់លោក ឆាយ គង់ ដែលក្នុងនោះរួមមានការចេញដីកានាំខ្លួន លោក ដាំ សិទ្ធិ យ៉ាងតក់ក្រហល់នៅថ្ងៃអាទិត្យ ទៅគុកព្រៃស ដោយនៅក្នុងដីកាឃុំខ្លួននោះ មិនទាំងមានឈ្មោះ លោក ដាំ សិទ្ធិ ផងជាដើម ។
ឧត្តមសេនីយ៍ត្រី ជា រដ្ឋា អស់សិទ្ធិស្នាក់នៅប្រទេសថៃហើយ
ប៉ូលិសខ្មែរបានឲ្យដឹងកាលពីថ្ងៃទី១២ មិថុនា ថាជនសង្ស័យឧត្តមសេនីយ៍ត្រីកងរាជអាវុធហត្ថជាតិ លោកស្រី ជា រដ្ឋា អស់សិទ្ធិស្នាក់នៅក្នុងប្រទេសថៃដោយស្របច្បាប់បានហើយ បន្ទាប់ពីទិដ្ឋាការរបស់លោកស្រីត្រូវផុតកំណត់ ។
ប៉ូលិសខ្មែរបានបញ្ជាក់ថា លោកស្រីឧត្តមសេនីយ៍ត្រី ជា រដ្ឋា ដែលប៉ូលិសអន្តរជាតិចំនួន ១៨៦ប្រទេសកំពុងស្វែងតាមចាប់ខ្លួនបានចាកចេញពីប្រទេសចិនមកប្រទេសថៃ នៅថ្ងៃទី១២ ឧសភា ត្រូវមន្ត្រីអន្តោប្រវេសន៍ថៃអនុញ្ញាតឲ្យស្នាក់នៅរយៈពេល១ខែ ។
រូបថតឧត្តមសេនីយ៍ត្រីកងរាជអាវុធហត្ថជាតិ លោកស្រី ជា រដ្ឋា ត្រូវអាជ្ញាធរថៃបិទតាមទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីតាមចាប់ខ្លួននៅគ្រាដែលការស្នាក់នៅរយៈពេលមួយខែ ក្នុងប្រទេសថៃ បានឈានដល់ថ្ងៃកំណត់ចុងក្រោយ ។
ព្រះមហាក្សត្រខ្មែរគាំទ្រទិវា ១៥ មិថុនា
ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានកិច្ចគាំទ្រដល់ទិវា ១៥ មិថុនា ដែលតុលាការអន្តរជាតិក្រុងឡាអេ បានកាត់សេចក្តីឲ្យប្រាសាទព្រះវិហារមកជាទ្រព្យសម្បត្តិបេតិកភណ្ឌជាតិខ្មែរវិញ ។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលក្នុងព្រះរាជសារមួយ ដោយទ្រង់សម្ដែងក្តីកោតសសើរនិងថ្លែងអំណរគុណដល់លោក មឿង សុន ដែលបានប្រឹងប្រែងបង្កើតបាននូវក្រុមអភិរក្សប្រាសាទបុរាណ ឈ្មោះ មូលនិធិអារ្យធម៌ខ្មែរនោះ ។
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យមានការការពារបក្សនយោបាយដែលចូលរួមការបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសាជាថ្មីកាលពីថ្ងៃពុធ ទី១១ មិថុនា សុំឲ្យអាជ្ញាធរការពារសុវត្ថិភាពដល់គណបក្សនយោបាយដែលនឹងចូលរួមក្នុងការបោះឆ្នោតសកលនាពេលខាងមុខ ដើម្បីធានាឲ្យបាននូវការបោះឆ្នោតមួយដែលមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងគ្មានអំពើហិង្សា ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រាល់ពេលមុនការបោះឆ្នោតតែងមានការវាយប្រហារគ្នាក្នុងចំណោមគណបក្សនយោបាយ ដែលមានលក្ខណៈពិសពុល គ្រោះថ្នាក់ សាហាវ ព្រៃផ្សៃ ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភថា ការបោះឆ្នោតនាពេលខាងមុខនេះ អាចគ្មានភាពសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានការគំរាមកំហែងទៀតផង បន្ទាប់ពីមានការចាប់ខ្លួននិពន្ធនាយកកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ដែលជាបេក្ខជនឈរឈ្មោះជាតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី និងការបិទវិទ្យុអង្គររដ្ឋា FM 105.25MHz នៅឯខេត្តក្រចេះ ។
ការលុបឈ្មោះពលរដ្ឋពីបញ្ជីបោះឆ្នោតដោយគ.ជ.ប.នៅមានភាពមិនត្រឹមត្រូវ
វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) រួមជាមួយអង្គការសង្កេតការណ៍បោះឆ្នោតផ្សេងៗទៀត បានចេញផ្សាយលទ្ធផលការអង្កេតសវនកម្មមួយទាក់ទងជាមួយការលុបឈ្មោះរបស់ប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថានៅមានការមិនត្រឹមត្រូវមួយចំនួន ។
លោក ហង្ស ពុទ្ធា ជាប្រធានអង្គការនិចហ្វិកដែលចូលរួមធ្វើការអង្កេតសវនកម្មការលុបឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតជំហានទី២នោះ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតដែលផ្សព្វផ្សាយលទ្ធផលនៃការរកឃើញថា ៨៧,៩% នៃអ្នកមានសិទ្ធិបោះឆ្នោតបានចុះឈ្មោះរួចហើយដើម្បីបោះឆ្នោត តែមានឈ្មោះអ្នកបោះឆ្នោតចំនួន ០,៧% នៃបញ្ជីអ្នកបោះឆ្នោតទូទាំងប្រទេសមានការលុបមិនបានត្រឹមត្រូវ ។
អគ្គលេខាធិការគ.ជ.ប. លោក ទេព នីថា បានឲ្យដឹងថាមកទល់ពេលបច្ចុប្បន្ននេះមានមនុស្សចំនួន ៥៨៥.៧២៣នាក់ ដែលត្រូវជា ៧,៥១% ត្រូវបានលុបឈ្មោះពីបញ្ជីអ្នកមានសិទ្ធិបោះឆ្នោត ។
អាជ្ញាធរខណ្ឌឫស្សីកែវបង្អាក់វេទិកាជំនួបមួយរបស់បក្សប្រឆាំង
អាជ្ញាធរខណ្ឌឫស្សីកែវបានប្រើកម្លាំងរុះរើនិងបង្អាក់វេទិកាជំនួបមួយរវាងមេដឹកនាំបក្សប្រឆាំងនិងពលរដ្ឋខ្មែរអ៊ិស្លាម កាលពីថ្ងៃសុក្រ ១៣ មិថុនា នៅសង្កាត់ច្រាំងចម្រេះ ក្រុងភ្នំពេញ ក៏ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ ។
លោក សម រង្ស៊ី បានហៅទង្វើនោះថាជាការរារាំងខុសច្បាប់និងជាការគំរាមកំហែងពីសំណាក់គណបក្សកាន់អំណាចដែលកំពុងព្រួយអំពីចរន្តគាំទ្រមកលើគណបក្សរបស់លោក នៅគ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ។
អភិបាលរងស្រុកឫស្សីកែវ លោក កូប ស្លេះ ថ្លែងថាក្រុមមន្រ្តីបក្សប្រឆាំងបានយកព្រះវិហារអ៊ិស្លាមដែលជាកន្លែងសាធារណៈមកធ្វើជាវេទិកា ទើបនាំឲ្យមានការប្ដឹងផ្ដល់ពីប្រធានគណៈកម្មការព្រះវិហារ ហើយក្រុមសមត្ថកិច្ចបានធ្វើអន្តរាគមន៍អំពីរឿងនេះ ។
ក្រុមសិទ្ធិមនុស្សកំពុងបារម្ភអំពីការប្រើអំពើហិង្សាដាក់គ្នាដ៏អាក្រក់នៅពេលឃោសនារកសំឡេងឆ្នោត ។
WFP ប្រកាសបន្តឧបត្ថម្ភអាហារពេលព្រឹកដល់សិស្សានុសិស្សខ្មែរ
កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បានប្រកាសបន្តឧបត្ថម្ភអាហារពេលព្រឹកដល់សិស្សានុសិស្សខ្មែររាប់សែននាក់ជាបន្តទៀត ហើយកម្មវិធីចែកអាហារនេះគ្រោងនឹងធ្វើជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៥ ខែកក្កដា ។
លោក Thomas Keusters នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា កុមារនៅសាលារៀនចំនួន១៣៤៤កន្លែង នឹងទទួលបានអាហារពេលព្រឹកនេះ ។
កាលពីខែមុនកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានផ្អាកចែកអាហារពេលព្រឹកដល់កុមារ ដោយសារតែកង្វះថវិកាខណៈដែលស្បៀងអាហារកំពុងឡើងថ្លៃខ្ពស់ដែរនោះ ។ ក៏ប៉ុន្តែកម្មវិធីនេះនឹងត្រូវដំណើរការឡើងវិញ បន្ទាប់ពីប្រទេសសារ៉ាប់ប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប បានផ្តល់ជំនួយជាថវិកាចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនេះ ។
អាជ្ញាធរខេត្តកំពតប្រកាសប្រគល់ដីព្រៃកោងកាង៧២ហិកតាជូនពលរដ្ឋវិញ
ដីព្រៃកោងកាងលិចទឹកចំនួន៧២ហិកតានៅស្រុកកំពត ខេត្តកំពត ត្រូវបានប្រកាសប្រគល់ជូនប្រជាពលរដ្ឋវិញហើយ ។
ដីព្រៃកោងកាងលិចទឹកនៅភូមិកំពង់ត្នោត និងភូមិកំពង់នង់ ក្នុងស្រុកកំពត ខេត្តកំពត ដែលត្រូវបានប្រគល់ទៅឲ្យបុគ្គលបួននាក់កាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈលិខិតស.ជ.ណ. លេខ៥១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៨ ដូចដែលវិទ្យុអាស៊ីសេរីធ្លាប់បានផ្សាយជូនរួចមកហើយនោះ ពេលនេះត្រូវបានប្រកាសប្រគល់ជូនប្រជាពលរដ្ឋចំនួន៦៤០គ្រួសារ ដើម្បីប្រើប្រាស់ទុកជាប្រយោជន៍រួមក្នុងសហគមន៍វិញហើយ តាមរយៈលិខិត ស.ជ.ណ. លេខ២៣០ របស់សាលាខេត្តកំពត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ៕
