សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន អគ្គ​ស្នងការ​ប៉ូលិស​ជាតិ ហុក ឡង់ឌី បាន​ទទួល​មរណភាព​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

0:00 / 0:00

លោក កែវ និមល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ឆ្នាំ​២០០៨។

អគ្គ​ស្នងការ​ប៉ូលិស​ជាតិ ហុក ឡង់ឌី ទទួល​មរណភាព​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ

លោក​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​ផ្កាយ​មាស​៤ ហុក ឡង់ឌី រួម​ជាមួយ​លោក​ឧត្តម​សេនីយ៍​យោធា​ផ្កាយ​៣ មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក សុក សាឯម និង​អ្នក​បើក​យន្តហោះ​ចំនួន​២​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ក្នុង​ពេល​ឧទ្ធម្ភាគចក្រ​ធ្លាក់​នៅ​ភូមិ​ព្រៃចៀវ ឃុំ​កំពង់ចក ស្រុក​រំដួល ខែត្រ​ស្វាយរៀង។

តាម​ការសន្និដ្ឋាន​ដំបូង​របស់​ក្រុម​អ្នក​ជំនាញ​ឯកទេស​បាន​និយាយ​ថា អាកាសធាតុ​អាក្រក់​ជា​បុព្វហេតុ​ដែល​បាន​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់។ ការស៊ើប​អង្កេត​នៅ​បន្ត​ទៀត​ដើម្បី​ឲ្យ​បាន​ពត៌មាន​ជាក់លាក់​ថា តើ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការធ្លាក់​យន្តហោះ​នោះ។

ក្រោយ​ការស្លាប់​របស់​លោក ហុក ឡង់ឌី មន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា លោក នេត សាវឿន អគ្គ​ស្នងការ​រង​ប៉ូលិស​ជាតិ​និង​ត្រូវ​ជា​ក្មួយ​ប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ការតែងតាំង​ជំនួស​លោក​ឧត្តមសេនីយ៍​ប៉ូលីស​ផ្កាយ​មាស​៤ ហុក ឡង់ឌី។

សព​លោក ហុក ឡង់ឌី បាន​ដង្ហែ​ពី​ភ្នំពេញ​ទៅ​កប់​នៅ​ស្រុក​កំណើត​លោក​នៅ​ឃុំ​បាវិត ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា។

កម្ពុជា​ប្រារព្ធ​ទិវា​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​លើក​ទី​៥៥

ទិវា​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​កម្ពុជា​លើក​ទី​៥៥​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​នៅ​ទីក្រុង​ភ្នំពេញ​ដោយ​មាន​ការរៀបចំ​ឲ្យ​មាន​ការហែ​ក្បួន​ព្យុហយាត្រា​មហាជន​ផង។

ព្រះ​មហាក្សត្រ​កម្ពុជា​និង​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​នោះ ដែល​មាន​ជា​អាទិ៍​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក​ប្រធាន​រដ្ឋសភា ហេង សំរិន លោក​ប្រធាន​ព្រឹទ្ធសភា ជា ស៊ីម។

នៅ​ក្នុង​ឱកាស​បុណ្យ​ខួប​លើក​នេះ​មាន​ការថ្លែង​សុន្ទរកថា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ព្រះ​មហាក្សត្រ​អំពី​ប្រវត្តិ​នៃ​ឯករាជ្យ​ជាតិ​កម្ពុជា​ផងដែរ។

ក្បូន​ព្យុហយាត្រា​ចំនួន​៣១​ផែន​របស់​ក្រសួង​មន្ទីរ​នានា​បាន​ចាប់ផ្តើម​ដើរ​ក្រោយ​ពេល​ព្រះ​មហាក្សត្រ​បាន​ថ្លែង​ព្រះរាជ​សុន្ទរកថា​ចប់។

តាម​មន្រ្តី​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​៦​ម៉ឺន​នាក់​ចូលរួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​នេះ។

កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក

ពិធី​បុណ្យ​អុំ​ទូក​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ដោយ​មាន​ទូក​គ្រប់​ប្រភេទ​ចូលរួម​ចំនួន​៤០៦​ទូក​ប្រកួត​នៅ​ក្នុង​ចំណោម​ទូក​ចំនួន​៤២៤​ដែល​បាន​ចុះ​ឈ្មោះ​មក​ពី​គ្រប់​ខែត្រ​ក្រុង​ទូទាំង​ប្រទេស​និង​មាន​ការបណ្តែត​ប្រទីប​ចំនួន​២១​ផង។

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឆ្នាំ​នេះ មាន​ស្លាប់​អ្នក​អុំ​ទូក​មួយ​រូប​មក​ពី​ខែត្រ​ពោធិ៍សាត់​ដែល​បាន​ធ្លាក់​ទឹក​ក្នុង​ពេល​ហាត់​សម​ដៃ​តាម​ដង​ទន្លេ​សាប​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា​កន្លង​មក។

បើ​តាម​គណៈកម្មការ​បុណ្យ​អុំ​ទូក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធី​នោះ​មាន​ការបែងចែក​ពាន​រង្វាន់ ហើយ​អ្នក​ដែល​ទទួល​ពាន​រង្វាន់​ក្នុង​ផែន​លេខ​មួយ​នឹង​ទទួល​បាន​ទឹក​ប្រាក់​៣៥​ម៉ឺន​រៀល ហើយ​អ្នក​ដែល​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ផែន​លេខ​២ បាន​ទទួល​ទឹក​ប្រាក់​៣០​ម៉ឺន​រៀល អ្នក​ទទួល​ពាន​រង្វាន់​ក្នុង​ផែន​លេខ​៣​បាន​២៥​ម៉ឺន​រៀល និង​អ្នក​ទទួល​ពាន​រង្វាន់​ក្នុង​ផែន​លេខ​៤​បាន​២០​ម៉ឺន​រៀល។

ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ​នៅ​ក្នុង​ខេត្ត​កណ្តាល​និង​នៅ​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន​៧​នាក់ គឺ​ភាគ​ច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

ក្រុម​ប៉ូលិស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ពិធី​បុណ្យ​នេះ​សមត្ថកិច្ច​ចាប់​បាន​ចោរ​លូក​ហោប៉ៅ​ចំនួន​៤​នាក់​និង​ចោរ​ឆក់​ចំនួន​៦​នាក់។ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​មាន​កម្លាំង​សន្តិសុខ​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់​បាន​ដាក់​ពង្រាយ​ការពា​សន្តិសុខ។

កម្ពុជា​-​ថៃ​ជួប​ចរចា​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​ឯ​ខែត្រ​សៀមរាប

កិច្ច​ចរចា​កម្ពុជា​និង​ថៃ​ថ្នាក់​គណៈកម្មាធិការ​ព្រំដែន​និង​រដ្ឋមន្រ្តី​ការបរទេស​បាន​ប្រព្រឹត្តទៅ​នៅ​ខែត្រ​សៀមរាប​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី ១០ ១១ និង ១២ វិច្ឆិកា។

ការប្រជុំ​ចំនួន​ពីរ​ថ្ងៃ​ដំបូង​ជា​ការប្រជុំ​ថ្នាក់​គណៈកម្មាធិការ​បច្ចេកទេស​និង​ការប្រជុំ​នៅ​ថ្ងៃ​ទី​១២​ជា​ការប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស។

លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​នេះ​គឺ​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​លើ​ការវាស់វែង​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ខាង​មុខ ព្រម​ទាំង​មាន​ការដោះ​មីន​ផងដែរ។

ការប្រជុំ​បាន​ផ្តោត​ទៅ​លើ​ការទទួល​ស្គាល់​ចំពោះ​ការរក​ឃើញ​បង្គោល​ព្រំដែន​មួយចំនួន​ផងដែរ។ចំពោះ​ការដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​មិន​ទាន់​បាន​ឯកភាព​គ្នា​នៅ​ឡើយ​ទេ ដោយ​ភាគី​ថៃ​ត្រូវការ​ឆ្លង​មតិ​របស់​សភា​ថៃ​ជា​បន្ត​ទៀត​សិន។

អៀង សារី និង អៀង ធីរិទ្ធ នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​មួយ​ឆ្នាំ​ទៀត​មុន​ពេល​កាត់​ទោស

លោក យូ ប៊ុនឡេង សហ​ចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ថា លោក អៀង សារី និង​ភរិយា​ឈ្មោះ អៀង ធីរិទ្ធ នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ចំនួន​មួយ​ឆ្នាំ​ទៀត​មុន​ពេល​កាត់ទោស​ជា​សាធារណៈ។

លោក​សហ​ចៅក្រម​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ទៀត​ថា ការប្រកាស​អំពី​ការឃុំ​ខ្លួន​នេះ​នឹង​ប្រកាស​ក្រោយ​បុណ្យ​អុំ​ទូក។

លោក អៀង សារី និង​ភរិយា បាន​ត្រូវ​ឃុំ​ខ្លួន​ចំនួន​មួយ​ឆ្នាំ​មក​ហើយ​ដោយសារ​ការខ្លាច​ពួក​គាត់​អាច​បំផ្លាញ​វត្ថុ​តាង​ឬ​បង្ក​ចលាចល​នៅ​ពេល​នៅ​ក្រៅ​ឃុំ។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជាប់​ជា​វីរនារី​១០​នាក់​របស់​ទូរទស្សន៍ CNN

លោកស្រី នួន ភិមាន ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ បាន​ត្រូវ​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ទូរទស្សន៍ CNN ១០​នាក់ ប្រចាំ​ឆ្នាំ​២០០៨ ដែល​រើស​ចេញ​មក​ពី​បេក្ខជន​ចំនួន​៤០០០​នាក់​ពី​ប្រទេស​ចំនួន​៧៥ លើ​ពិភពលោក។

លោកស្រី នួន ភិមាន មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។ លោកស្រី​អះអាង​ថា មុន​នឹង​ទូរទស្សន៍ CNN អាមេរិក សម្រេច​ជ្រើសរើស​ជា​វីរនារី​ឆ្នើម ក្រុម​ការងារ​ស្ថានីយ​ទូរទស្សន៍​នោះ​បាន​សាកសួរ​លោកស្រី​ជា​ច្រើន​អំពី​ការធ្វើ​ការងារ​និង​អង្គការ​ដែល​លោកស្រី​បំពេញ​ភារកិច្ច​ក្នុង​ការបង្កើត ដែល​ជួយ​កុមារ​រើស​សំរាម កុមារ​ក្រីក្រ និង​ស្រ្តី​ខ្មែរ​គ្មាន​មុខ​របរ យក​ទៅ​បណ្តុះ​បណ្តាល​ឲ្យ​បាន​រៀន​ពី​ថ្នាក់​មតេ្តយ្យ​ដល់​ថ្នាក់​ទី​៩ និង​កុមារី និង​ស្រ្តី​មួយ​ចំនួន​ទៀត ត្រូវ​បាន​បង្រៀន​មុខ​ជំនាញ​ផ្សេងៗ​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រមាណ​៦០០​នាក់។

ពិធី​ប្រកាស លោកស្រី នួន ភិមាន ជា​បេក្ខជន​របស់ CNN បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៩ វិចិ្ឆកា​កន្លង​ទៅ នៅ​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ ក្រុង​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​តំណាង​ទូរទស្សន៍ CNN ផងដែរ។

តំណាង​ឲ្យ​ទូរទស្សន៍ CNN អបអរ​លោកស្រី នួន ភីមាន ជាប់​ជា​វីរនារី​ឆ្នើម​ក្នុង​ចំណោម​នារី​១០​រូប​ប្រចាំ​ទូរទស្សន៍ CNN កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ថា ក្រុម​ការងារ​របស់​ស្ថានីយ​នោះ​បាន​ចុះ​ដល់​កន្លែង​ដែល​លោកស្រី​កំពុង​ធ្វើការ​ជាមួយ​ក្រុម​កុមារ​រើស​សំរាម កុមារ​កំព្រា និង​គ្រួសារ​ក្រីក្រ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរ​នោះ​ដែរ បាន​មាន​ប្រសាសន៍​ថា លោកស្រី នួន ភិមាន ដែល​ជាប់​ជា​វីរនារី​មួយ​រូប​ក្នុង​ចំណោម​នារី​១០​រូប ប្រចាំ​ទូរទស្សន៍ CNN ប្រចាំ​ឆ្នាំ​២០០៨ គាត់​ត្រូវ​បាន​ជ្រើសរើស​និង​ល្បី​ឈ្មោះ​នៅ​ក្នុង​ចំណោម​ប្រជារាស្រ្ដ​ជាង​៦​ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក។ នេះ​ក៏​ជា​មោទនភាព​មួយ​ដែរ​ចំពោះ​ប្រទេស​កម្ពុជា​យើង​ដែល​យើង​បាន​ឃើញ​ថា យើង​មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​សុឆន្ទៈ មាន​បំណង​ចង់​ជួយ​សង្គម​របស់​យើង។

ផលិតផល​ស្រូវ​ឆ្នាំ​២០០៨​នេះ​នឹង​មាន​បរិមាណ​គ្រប់គ្រាន់

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប៉ាន់​ប្រមាណ​ថា ផលិតផល​ស្រូវ​វស្សា​សម្រាប់​ឆ្នាំ​២០០៨​នេះ​នឹង​មាន​បរិមាណ​គ្រប់គ្រាន់​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​នៅ​ចុង​ឆ្នាំ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ម៉ាក់ សឿន អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ ស្ថិតិ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៨​នេះ មាន​ការកើនទ្បើង​នៃ​ការធ្វើ​ស្រូវ​រដូវ​វស្សា​រហូត​ដល់​ជាង​២​លាន​២​សែន​ហិកតារ​ច្រើន​ជាង​ឆ្នាំ​២០០៧​កន្លង​ទៅ។

លោក​បាន​ឲ្យ​ដឹង​ថា ផលិតផល​ស្រូវ​ឆ្នាំ​២០០៨​នេះ​នឹងរំពឹង​មាន​ការកើនឡើង​ជាង​ឆ្នាំ​២០០៧​កន្លង​ទៅ។

លោក​បាន​ឲ្យ​ដឹង​ផងដែរថា ផលិតផល​ស្រូវ​កាលពី​ឆ្នាំ​២០០៧​កន្លង​ទៅ គឺ​មាន​ចំនួន​ប្រមាណ​៧​លាន​៦​សែន​តោន​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕