លោក កែវ និមល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ឆ្នាំ២០០៨។
នេត សាវឿន ត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ
លោក នេត សាវឿន ត្រូវបានតំឡើងស័ក្តិជាឧត្តមសេនីយ៍ប៉ូលិសផ្កាយមាស៤ និងប្រកាសតែងតាំងជាផ្លូវការជាអគ្គស្នងការនគរបាលជាតិជំនួស លោក ហុក ឡង់ឌី កាលពីថ្ងៃទី២១ វិច្ឆិកានេះ នៅក្រសួងមហាផ្ទៃ។
លោក នេត សាវឿន ជាអតីតស្នងការរងប៉ូលិសជាតិនៅក្នុងពេល លោក ហុក ឡង់ឌី នៅមានជីវិតនិងកាន់តំណែងជាមេប៉ូលិសជាតិ។ លោក នេត សាវឿន ត្រូវជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហុក ឡង់ឌី បានធ្លាក់យន្តហោះស្លាប់កាលពីថ្ងៃទី៩ វិច្ឆិកា ដោយសារធាតុអាកាសមិនល្អនៅស្រុករំដួល ខែត្រស្វាយរៀង។
អ្នកវិនិយោគទុន តំណាងក្រុមហ៊ុន និងមន្រ្តីរដ្ឋាភិបាល ជួបប្រជុំគ្នា
អ្នកវិនិយោគទុននៅកម្ពុជា តំណាងក្រុមហ៊ុននានា និងមន្រ្តីរដ្ឋាភិបាលប្រមាណ៦០០នាក់បានជួបជុំគ្នាកាលពីថ្ងៃទី២១ វិច្ឆិកា នៅក្នុងវេទិកាបើកទូលាយរវាងមន្រ្តីរដ្ឋាភិបាលនិងឯកជនក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្រុងភ្នំពេញ។
នៅក្នុងការជួបជុំគ្នានោះមានតំណាងក្រុមការងារទាំង៨របស់អ្នករកស៊ីវិនិយោគនៅកម្ពុជាបានលើកឡើងសំណូមពរមួយចំនួនសុំឲ្យរដ្ឋាភិបាលជួយដោះស្រាយក្នុងនោះមានជាអាទិ ការបន្ថយពន្ធ ការពង្រឹងការងារទេសចរណ៍ ការបញ្ចុះតម្លៃប្រេងនិងអគ្គិសនីជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានយោបល់លើបញ្ហាជាច្រើនទាក់ទងជាមួយការងារសេដ្ឋកិច្ចនៅកម្ពុជា ហើយលោកបានសម្រេចការងារមួយចំនួនដើម្បីជួយអ្នកវិនិយោគទុននៅកម្ពុជាក្នុងនោះមានជាអាទិ ការចេញថ្លៃលិខិតឆ្លងដែនឲ្យពលករទៅធ្វើការនៅបរទេស ការបញ្ចុះពន្ធលើតម្លៃរៀបចំការនាំចេញនិងចំណាយផ្សេងៗខាងរដ្ឋបាលចំនួន១០% ការអំពាវនាវឲ្យមានការចុះថ្លៃភ្លើងនៅតាមខែត្រក្រុងនានាក្រោយពេលតម្លៃប្រេងមានការចុះថ្លៃជាដើម។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ទាក់ទងជាមួយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងពេលប្រឈមជាមួយវិបត្តិសេដ្ឋកិច្ចពិភពលោកផងដែរ។
ក្រសួងការបរទេសកម្ពុជាឆ្លើយតបចំពោះកំណត់ទូតរបស់ថៃ
ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី២០ វិច្ឆិកា បានធ្វើការឆ្លើយតបជាផ្លូវការចំពោះកំណត់ទូតចំនួនបីរបស់ក្រសួងការបរទេសថៃដែលបានផ្ញើមកកម្ពុជាដោយបានចោទប្រកាន់ថា កម្ពុជាបានរំលោភលើបូរណភាពទឹកដីរបស់ថៃនោះ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិបន្ទាប់ពីការជួបជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជានៅទីស្តីការក្រសួងថា ប្រទេសថៃហាក់កំពុងបង្កបញ្ហាជាមួយកម្ពុជាបន្ទាប់ពីការរារាំងមិនបានសម្រេចនូវការបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជានាពេលថ្មីៗកន្លងទៅនេះ។
លោក ហោ ណាំហុង បន្តថា រាល់ការចោទប្រកាន់របស់ប្រទេសថៃពុំមានមូលដ្ឋានច្បាស់លាស់ឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ វិច្ឆិកា ក្រសួងការបរទេសថៃបានផ្ញើកំណត់ទូតតវ៉ាមួយមកក្រសួងការបរទេសកម្ពុជាដោយអះអាងថា សំណង់មួយចំនួនដែលសង់នៅប៉ោយប៉ែតក្បែរព្រំដែនកម្ពុជាថៃបានសង់រំលោភចូលទឹកដីថៃ។ ហើយនៅថ្ងៃទី១២ និង ១៣ វិច្ឆិកា ថៃក៏បានផ្ញើកំណត់ទូតចំនួនពីរទៀតតវ៉ាចំពោះការដោតទង់ជាតិកម្ពុជា ទង់សម្គាល់បេតិកភណ្ឌពិភពលោកនិងទង់ការពារបេតិកភណ្ឌរបស់យូណេស្កូនៅលើតំបន់ប្រាសាទព្រះវិហារ ព្រមទាំងការដង្ហែអង្គកឋិនទានចូលវត្តកែវសិក្ខាគិរីស្វៈរៈរបស់ពុទ្ធបរិស័ទខ្មែរ។
លោក ហោ ណាំហុង បានព្រមានចំពោះភាគីថៃដែលបានធ្វើការតវ៉ាដោយគ្មានមូលដ្ឋានដោយលោកបានចាត់ទុកទង្វើនេះថាជាសកម្មភាពរំខានបរិយាកាសចរចានាពេលខាងមុខ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយលោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុកជម្រើសប្តឹងទៅអង្គការសហប្រជាជាតិថាជាជម្រើសចុងក្រោយសម្រាប់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃ។
ប្រទេសអភិវឌ្ឍន៍តិចព្រួយបារម្ភពីវិបត្តិហិរញ្ញវត្ថុសកល
រដ្ឋមន្រ្តីនិងប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចចំនួន៤៩ប្រទេសបានចេញសេចក្តីប្រកាសរួមគ្នាមួយបង្ហាញការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នចំពោះវិបត្តិផ្នែកហិរញ្ញវត្ថុសកល ផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសប៉ះពាល់ចំពោះបណ្ដាប្រទេសអភិវឌ្ឍន៍តិច។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីជំនួយសម្រាប់ពាណិជ្ជកម្មនៃកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ទី២០ ខែវិច្ឆិកានេះ នៅទីក្រុងសៀមរាបប្រទេសកម្ពុជា។
សេចក្តីប្រកាសរួមមានទាំងអស់១២ចំណុចដែលក្នុងនោះរួមមានការស្នើសុំដោយទទូចដល់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិបន្តធ្វើចល័តកម្មមូលនិធិបន្ថែមទៀតដែលនឹងប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញវត្ថុដល់កម្មវិធីទ្រទ្រង់នានានៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច។
ក្នុងសេចក្តីប្រកាសនោះរដ្ឋមន្រ្តីនិងប្រធានគណៈប្រតិភូទាំងអស់ក៏បានបង្ហាញនូវភាពចាំបាច់ជាបន្ទាន់ដើម្បីធានាឱ្យបានតុល្យភាពនិងការអភិវឌ្ឍឆាប់រហ័សព្រមទាំងការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួនផងដែរ។
ហ៊ុន សែន៖ កម្ពុជាមិនទាន់អនុវត្តច្បាប់កាតព្វកិច្ចយោធាទេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី២០ វិច្ឆិកា ថា ប្រទេសកម្ពុជាមិនទាន់អនុវត្តច្បាប់កាតព្វកិច្ចយោធាទេ បើទោះបីជាមានការប្រឈមមុខរវាងកងទ័ពជាមួយប្រទេសថៃនៅតំបន់ប្រាសាទព្រះវិហារក៏ដោយ។
ថ្លែងក្នុងឪកាសជួបជាមួយនិស្សិតប្រមាណ១០០នាក់នៅក្រុងភ្នំពេញ លោកនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ពិតមែនថាយើងត្រូវការកែទម្រង់កងទ័ព ប៉ុន្តែមិនមែនអនុវត្តច្បាប់កាតព្វកិច្ចនៅពេលនេះទេ ពីព្រោះត្រូវចំណាយប្រាក់ច្រើនណាស់។
លោក ហ៊ុន សែន បានបដិសេធមិននិយាយចេញអំពីចំនួនកងទ័ពផងទេ។ តាមមន្រ្តីខ្លះបាននិយាយាថា ប្រទេសកម្ពុជាមានកងទ័ពប្រមាណ១០ម៉ឺននាក់។
ពលរដ្ឋប្រមាណ៣០០គ្រួសារនៅខែត្រកំពតត្រូវគេបណ្ដេញចេញ
ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារបានត្រូវបណ្តេញចេញពីដីតំបន់ឃុំតាកែននៅស្រុកឈូក ខែត្រកំពត កាលពីថ្ងៃទី១៧-១៨ វិច្ឆិកាកន្លងទៅ។
ទាហាននិងកងប៉ូលិសបានដុតផ្ទះខ្ទមតូចៗជាច្រើនខ្នងនិងបានប៉ះទង្គិចជាមួយអ្នកភូមិដែលបណ្តាលឲ្យអ្នកភូមិប្រមាណ៧នាក់រងរបួស។ អាជ្ញាធរបានចោទប្រកាន់ថា ពួកអ្នកស្រុកទាំងនោះបានមកតាំងទីលំនៅលើដីរដ្ឋដែលជាចំណែកមួយនៃឧទ្យានជាតិបូកគោ។
លោក ទី សុគន្ធ ប្រធានរដ្ឋបាលព្រៃឈើបានហៅអ្នកភូមិនោះថាជាក្រុមអនាធិបតេយ្យដែលមានអាជីពជាអ្នកចាប់ដី ហើយត្រូវអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។ ក្រុមអ្នកភូមិបានបដិសេធចេញពីតំបន់ឃុំតាកែននោះដោយបាននិយាយថា ពួកគេមិនមានកន្លែងជ្រកទេបើចាកចេញពីទីនោះ។
អាណូ បង្ហាញខ្លួនតាមទូរទស្សន៍ប៉ុស្តិ៍លេខ៣
ពិធីការិនីរូបស្អាតមួយរូបឈ្មោះ អាណូ ឈ្មោះ សួន ភក្តី បានបង្ហាញខ្លួនកាលពីថ្ងៃទី១៩ វិច្ឆិកា តាមទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្រុងភ្នំពេញ ក្រោយពីមានដំណឹងថា នាងបានរងគ្រោះដោយសារមានការវាយធ្វើបាបនិងឆូតឡាមលើរាងកាយនិងមុខមាត់របស់នាងជាយូរមកដោយសារមានទំនាក់ទំនងស្នេហាត្រីកោណជាមួយមន្រ្តីជាន់ខ្ពស់មក។
ការបង្ហាញខ្លួនរបស់កញ្ញា អាណូ បានលុបចោលពាក្យចចាមអារ៉ាមនានាដែលបានកើតមានទាក់ទងជាមួយរូបនាង។
កញ្ញា អាណូ បានបដិសេធថា នាងមិនមានទំនាក់ទំនងស្នេហាអីឬត្រូវគេធ្វើបាបនោះទេ នាងបានសុំឲ្យអាជ្ញាធរជួយវែកមុខរកអ្នកបង្កើតពាក្យចចាមអារ៉ាមទាក់ទងជាមួយរូបនាងទៀតផង។
កន្លងមកមានសិល្បការិនីជាច្រើននាក់បានត្រូវរងគ្រោះដោយសារមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយមន្រ្តីជាន់ខ្ពស់ហើយត្រូវគេធ្វើបាបជាទម្ងន់៕
