ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន ប្រទេសកម្ពុជាបានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង័្គល ក្រោមរាជអធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរ និងព័ត៌មានផ្សេងៗដទៃទៀត ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៨ ។
លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៩ ដល់ ២៥ ឧសភា ឆ្នាំ២០០៨ ។
កម្ពុជាប្រារព្ធព្រះរាជពិធីច្រត់ព្រះនង័្គល
ប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ ទី២៣ ឧសភាកន្លងទៅ បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង័្គល ក្រោមរាជអធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្ដម សីហមុនី ។
នៅក្នុងកិច្ចប្រារព្ធរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ព្រាហ្មណ៍ព្រះរាជគ្រូបានធ្វើការទស្សន៍ទាយតាមរយៈបរិមាណអាហារដែលគោព្រះឧសភរាជបានបរិភោគថា ស្រូវឆ្នាំនេះបានផលល្អបង្គួរ ពោតបានផលច្រើន ហើយសណ្ដែកបានផលមធ្យម ។
គួរជម្រាបថាមានមនុស្សរាប់ពាន់នាក់បានមកទស្សនាព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ។
កម្ពុជាប្រារព្ធទិវាចងកំហឹង ថ្ងៃ២០ ឧសភា
មនុស្សប្រមាណ២ពាន់នាក់បានប្រារព្ធទិវាចងកំហឹងថ្ងៃ២០ ឧសភា ដែលរំឭកដល់ការឈឺចាប់និងការខឹងសម្បាដល់អតីតរបបខ្មែរក្រហម ចំពោះការចោទប្រកាន់ករណីសម្លាប់និងធ្វើឲ្យមនុស្សស្លាប់ជិត២លាននាក់ ។
កិច្ចប្រារព្ធនោះបានធ្វើនៅអតីតទីលានសម្លាប់មនុស្សនៅបឹងជើងឯក ដោយអ្នកចូលរួមបានអំពាវនាវសុំឲ្យមានការកាត់ទោសបានឆាប់ ដល់អតីតមេដឹកនាំខ្មែរក្រហម៥នាក់ដែលកំពុងតែជាប់ឃុំនិងរង់ចាំការកាត់ទោសនោះទៀតផង ។
សាលាក្ដីខ្មែរក្រហមបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ អៀង ធីរឹទ្ធ
អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមបានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរបស់ខ្មែរក្រហម លោកស្រី អៀង ធីរឹទ្ធ កាលពីថ្ងៃ២១ ឧសភាកន្លងទៅនេះ ។
នៅក្នុងសវនាការនោះ លោកស្រី អៀង ធីរឹទ្ធ បានឡើងសម្ពាធឈាមរហូតដល់មិនអាចស៊ូទ្រាំតទល់ក្នុងសវនាការបាន ។ ការឡើងសម្ពាធឈាមនោះគឺបណ្ដាលមកពីសំណួរមួយចំនួននៅក្នុងសវនាការសម្ងាត់ និងភាពក្រេវក្រោធរបស់លោកស្រី អៀង ធីរឹទ្ធ ។ បន្ទាប់មកលោកស្រីត្រូវបានអនុញ្ញាតឲ្យនាំទៅកាន់បន្ទប់សម្រាក ដោយទុកតួនាទីដល់សហមេធាវីទាំងពីរបន្តការតវ៉ារហូតដល់ចប់អង្គសវនាការ ។
នៅថ្ងៃធ្វើសវនាការលើបណ្ដឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់លោកស្រី អៀង ធីរឹទ្ធនោះដែរ អតីតប្រធានគណៈប្រធានរដ្ឋ លោក ខៀវ សំផន ត្រូវបាននាំទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពិនិត្យសុខភាពជាលើកដំបូង ហើយក្រុមវេជ្ជបណ្ឌិត បានពិនិត្យឃើញថា គាត់មានសម្ពាធឈាមឡើងខ្ពស់ ។
មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក រាជ សម្បត្តិ បានប្រាប់អ្នកកាសែតថា លោក ខៀវ សំផន បានចំណាយពេលវេលាច្រើនក្នុងការតែងនិពន្ធសៀវភៅថ្មីមួយទៀតរបស់លោក ហើយដែលត្រូវក្រុមគ្រូពេទ្យសន្និដ្ឋានថា ជាមូលហេតុដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ។
សមាគមខ្មែរកម្ពុជាក្រោមគ្រោងប្រារព្ធទិវាចងកំហឹងផ្សេងៗពីគ្នា
មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមនានា នឹងប្រារព្ធទិវាចងកំហឹងផ្សេងៗពីគ្នា ដើម្បីរំឭកពីថ្ងៃដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម ។
ប្រធានគណៈកម្មការសម្របសម្រួលខ្មែរកម្ពុជាក្រោម លោក គឹម វ៉ាន់ឆេង បានមានប្រសាសន៍កាលពីថ្ងៃ ២៤ ឧសភាកន្លងទៅថា លោកនឹងរៀបចំទិវាចងកំហឹងដោយឡែកមួយនៅថ្ងៃទី៤ មិថុនា នៅសាលចតុមុខ ដោយមានពិធីរាប់បាត្រនិងមិនពាក់ព័ន្ធនឹងនយោបាយឡើយ ។
ចំណែកឯប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថាការលើកឡើងរបស់លោក គឹម វ៉ាន់ឆេង គឺជាការបំផ្លើស ព្រោះពិធីដែលប្រារព្ធកន្លងមកគឺក្រោមព្រះរាជអធិបតីភាព និងការគាំទ្រពីព្រះមហាក្សត្រ ។ លោកថាពិធីនោះនឹងប្រារព្ធធ្វើនៅមុខវត្តបទុមវតី និងនិមន្តព្រះសង្ឃចំនួន១៩៤៩អង្គបិណ្ឌបាត្រ និងមានពុទ្ធបរិស័ទចំនួនរវាងពី ២ ឬ ៣ពាន់នាក់ចូលរួម ។
អាជ្ញាធរខ្មែររឹបអូសយកកាសែត The Burma Daily
អាជ្ញាធរខ្មែរកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ បានរឹបអូសយកអត្ថបទបន្ថែមដែលមានចំណងជើងថា The Burma Daily ដែលត្រូវបានដាក់បញ្ចូលក្នុងកាសែត The Cambodia Daily តាមតូបលក់កាសែត ហើយបានធ្វើការព្រមានចាងហ្វាងកាសែត The Cambodia Daily ឲ្យបញ្ឈប់ការបោះពុម្ពផ្សាយអត្ថបទបន្ថែមនោះ ដោយចោទថាវាជាការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសភូមានិងកម្ពុជា ។
ចាងហ្វាងកាសែត The Cambodia Daily លោក Bernard Krisher បាននិយាយថា ការរឹបអូសនោះគឺជាការរំលោភលើសិទ្ធិសេរីភាពសារព័ត៌មាន ។
រដ្ឋាភិបាលបានព្រមានថា នឹងបិទកាសែត The Cambodia Daily ប្រសិនបើកាសែតនេះនៅតែបោះពុម្ពផ្សាយអត្ថបទបន្ថែម ដែលមានចំណងជើងថា The Burma នោះទៀត ។
ទោះជាយ៉ាងណាបន្ទាប់ពីមានការព្រមានរួច កាសែត The Cambodia Daily ក៏បានបញ្ឈប់ការបោះពុម្ពផ្សាយអត្ថបទបន្ថែមនោះទៀតដែរ ។
អង្គការ Human Rights Watchបានថ្កោលទោសរដ្ឋាភិបាលខ្មែរដែលបានរារាំងមិនឲ្យមានការបោះពុម្ពផ្សាយអត្ថបទបន្ថែមនោះ ។
ប៉ូលិសខេត្តកំពង់ធំចាប់ឃាត់ខ្លួនអ្នកកាសែត៣នាក់
សមត្ថកិច្ចប៉ូលិសស្រុកសន្ទុក ខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនភ្នាក់ងារកាសែតក្នុងស្រុកចំនួន៣នាក់ និងបន្តតាមរកម្នាក់ទៀតដែលកំពុងគេចខ្លួន ដោយចោទប្រកាន់ថា បានកាក់ឡានដឹកឈើជំរិតទារប្រាក់ខុសច្បាប់ ។
អ្នកកាសែតដែលប៉ូលិសចាប់ខ្លួនទាំងបីនោះមានឈ្មោះ សួន ស៊ីណាត ជាភ្នាក់ងាររបស់កាសែត មាតុភូមិ ឈ្មោះ តុប សួន ជាភ្នាក់ងាររបស់កាសែត ភ្នំពេញ PRESS ឈ្មោះ រស់ ចាន់ទី ជាភ្នាក់ងារកាសែត សំឡេងសន្តិភាព និងម្នាក់ទៀតកំពុងគេចខ្លួនឈ្មោះ សង្ហា ជាភ្នាក់ងារកាសែត វប្បធម៌ខ្មែរ ។
លោក រស់ ចាន់ទី ជាភ្នាក់ងារកាសែតសំឡេងសន្តិភាពដែលកំពុងឃុំខ្លួនក្នុងចំណោមអ្នកកាសែត២រូបផ្សេងទៀត បានបដិសេធការចោទប្រកាន់របស់មន្រ្តីប៉ូលិសនិងមន្រ្តីតុលាការនោះ ។ លោកក៏បានមានប្រសាសន៍ថា ក្រុមលោកទាំងបីនាក់បានឃើញឡានដឹកឈើមួយដែលអាជ្ញាធរបានកាក់ ហើយក្រុមលោកបានទៅថតរូប និងសាកសួរម្ចាស់រថយន្តតែប៉ុណ្ណោះ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការចាប់ខ្លួនអ្នកកាសែតទាំងនោះទំនងជាធ្វើឡើងដើម្បីបិទបាំងអំពើពុករលួយនៃការកាប់ឈើ និងដឹកឈើខុសច្បាប់ ហើយមន្ត្រីសមត្ថកិច្ចមិនដែលបង្ក្រាបឡើយ ដោយសារមានការសូកប៉ាន់ពីក្រុមឈ្មួញ ។ ក្រសួងព័ត៌មានបានផ្ញើលិខិតទៅឲ្យប្រធានតុលាការខេត្តកំពង់ធំដោះលែងអ្នកកាសែតទាំង៤នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរិះគន់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ឧសភា បានរិះគន់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋនាពេលកន្លងមក ។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាជ្ញាធរដោះស្រាយវិវាទដីធ្លីមិនបានដោះស្រាយវិវាទដីធ្លីបានច្រើនឡើយ ហើយជួនកាលដោះស្រាយរហូតដល់ទៅ៥ដងនៅតែមិនរួចទៀត ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីជួយដល់វិបត្តិទំនាស់ដីធ្លីដែលកំពុងកើតមានឡើង អភិបាលខេត្តត្រូវតែពង្រឹងក្របខ័ណ្ឌក្នុងខេត្តនីមួយៗ ត្រូវដើរតួនាទីជាក្បាលម៉ាស៊ីនដោះស្រាយផ្ទាល់នៅនឹងខេត្ត ទើបមានប្រសិទ្ធភាពជាងអាជ្ញាធរដែលចុះពីថ្នាក់លើទៅ ។
គណបក្សនយោបាយត្រៀមខ្លួនបើកយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សមួយចំនួនក្នុងប្រទេសកម្ពុជាបានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបើកយុទ្ធនាការឃោសនារកការគាំទ្រពីអ្នកបោះឆ្នោតនៅក្នុងដំណើរការជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៤ ឆ្នាំ២០០៨នេះ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថាយុទ្ធនាការឃោសនារកសំឡេងគាំទ្រពីប្រជាពលរដ្នម្ចាស់ឆ្នោត នឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ គ.ជ.ប.ក៏បានកំណត់ឲ្យគណបក្សនយោបាយទំាងអស់ ដែលមានក្នុងបញ្ជីបោះឆ្នោតអាចចាប់ផ្តើមឃោសនាពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ ។
រហូតមកទល់នឹងសប្ដាហ៍នេះ មានគណបក្សចំនួន១១ហើយដែលគ.ជ.ប.បានសម្រេចជាផ្លូវការឲ្យចូលរួមក្នុងការបោះឆ្នោតសកលនាអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមលុបចោលមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន
មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានលុបចោលមហាសន្និបាតប្រចាំឆ្នាំលើកទី១ភា្លមៗ បន្ទាប់ពីកម្លាំងនគរបាលក្រសួងមហាផ្ទៃពីរនាក់ ចូលទៅខាងក្នុងបរិវេណមជ្ឈមណ្ឌល តាមបញ្ជាក្រុមប្រឹក្សាភិបាលដើម្បីប្រគល់លិខិតបញ្ចប់ការងារឲ្យកញ្ញា សេង ធារី ដែលជានាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល ។
ការប្រគល់លិខិតបញ្ចប់ការងារ ដល់ កញ្ញា សេង ធារី ត្រូវបានក្រុមបុគ្គលិកនៅទីនោះរារាំងដោយសំអាងថាខុសនីតិវិធី ។
ប្រធានក្រុមប្រឹក្សាភិបាល លោក វី ហ៊ុយ ដែលប្រើកម្លាំងនគរបាលពីរនាក់ឲ្យយកលិខិតបញ្ចប់ការងារជូនកញ្ញា សេង ធារី នោះ បានថ្លែងថា បញ្ហានេះកើតឡើងដោយសារតែទំនាស់ផ្ទៃក្នុងរវាងក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ។ បើតាមភាគីទាំងសងខាង គេកំពុងតែស្វែងរកចំណុចកណ្ដាលដើម្បីដោះស្រាយវិបត្តិនេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨