សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន មន្ត្រី​យោធា​ថៃ​និង​ខ្មែរ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

0:00 / 0:00

លោក កែវ និមល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២០ ដល់ ២៦ តុលា ឆ្នាំ​២០០៨។

វៀតណាម​និង​កម្ពុជា​គ្រោង​បោះ​បង្គោល​ព្រំដែន​គោក​រួម​គ្នា​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ

ប្រទេស​វៀតណាម​និង​កម្ពុជា​មាន​គម្រោង​បោះ​បង្គោល​ព្រំដែន​គោក​រួម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ចំនួន​១០០​បង្គោល​នៅ​មុន​ដំណាច់​ឆ្នាំ​២០០៨​នេះ។

ការសម្រេច​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​មាន​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២៣​-​២៤ នៅ​ក្រុង​ភ្នំពេញ។

ប្រទេស​កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង​១២៧០​គីឡូម៉ែត្រ ហើយ​ប្រទេស​ទាំង​ពីរ​មាន​គម្រោង​ដាំ​បង្គោល​ចំនួន​៣១៤​នៅ​តាម​ព្រំដែន​នេះ ហើយ​គម្រោង​ដាំ​នេះ​នឹង​ធ្វើ​ឲ្យ​ហើយ​នៅ​ឆ្នាំ​២០១២។

មន្ត្រី​យោធា​ថៃ​និង​កម្ពុជា​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ពី​បញ្ហា​ព្រំដែន

គណៈប្រតិភូ​យោធា​ថៃ​យោធភូមិភាគ​២​និង​កម្ពុជា​យោធភូមិភាគ​៤ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៣​-​២៤ តុលា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​និង​ការប្រឈម​មុខ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​កម្ពុជា។

កិច្ច​ពិភាក្សា​នោះ​មិន​បាន​ដោះស្រាយ​ឲ្យ​មាន​ការដក​ទ័ព​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ទេ តែ​មាន​ការសន្យា​រួម​គ្នា​មួយ​ថា នឹង​ខិតខំ​រក្សា​មិន​ឲ្យ​មាន​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ដូច​កាលពី​ថ្ងៃ​ទី​១៥ តុលា។

មាន​ការរើស​សេនាជន​និង​ទាហាន​នៅ​ក្នុង​ខែត្រ​ឧត្តរមានជ័យ

ប្រភព​ព័ត៌មាន​ពី​ខែត្រ​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា មាន​ការរើស​សេនាជន​និង​ទាហាន​នៅ​ក្នុង​ស្រុក​ចំនួន​៤​របស់​ខែត្រ​ឧត្តរមានជ័យ។

មេ​បញ្ជាការ​រង​យោធា​ខែត្រ​ឧត្តរមានជ័យ លោក ហ៊ឹម សៀប បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​លោក​ដឹង​ក្នុង​មួយ​ស្រុក​មាន​រើស​សេនាជន​ចំនួន​១០០​នាក់។

ការរើស​សេនាជន​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​ជាមួយ​ថៃ ចាប់​តាំងពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​មក។

នាយក​រដ្ឋមន្រ្តី​ខ្មែរ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ចិន

លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២០ ដល់ ២៦ តុលា។ នៅ​ក្នុង​ពេល​ទៅ​ប្រជុំ​នោះ​មាន​ជួប​ជាមួយ​ភាគី​ថៃ។

តាម​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការពិភាក្សា​លើ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​នៅ​តំបន់​ព្រំដែន ជា​ប្រធានបទ​សំខាន់​ក្នុង​ការជួប​គ្នា​រវាង​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ថៃ​នៅ​ប្រទេស​ចិន។

តាម​លោក ស្រ៊ី ថាមរុង្គ សមាជិក​គណៈប្រតិភូ​បាន​ឲ្យ​ដឹង​ថា ប្រតិភូ​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ចូលរួម​ក្នុង​ពិព័រណ៍​អាស៊ាន​លើក​ទី​៩ នៅ​ខែត្រ​ណាននឹង ប្រទេស​ចិន ពី​ថ្ងៃ​ទី​២២ ដល់ ២៣ តុលា ហើយ​ដល់​ថ្ងៃ​ទី​២៤ និង ២៥ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អ៊ឺរ៉ុប​នៅ​ទីក្រុង​ប៉េកាំង​ដែល​មាន​ប្រតិភូ​មក​ពី​ប្រទេស​ចំនួន​៤៥​ចូលរួម។

អូស្រ្តាលី​ផ្តល់​ប្រាក់​៥​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​ភាគី​អ.ស.ប.

រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​បាន​ផ្តល់​ប្រាក់​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្តី​ខ្មែរ​ក្រហម ភាគី​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដែល​កំពុង​ប្រឈម​មុខ​ជាមួយ​ការខ្វះ​លុយ​ដំណើរការ។

យោង​តាម​ឯកសារ​ពី​ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី​ធ្លាប់​បាន​ថ្តល់​ថវិកា​ដល់​សាលាក្តី​ខ្មែរ​ក្រហម​កន្លង​មក​ចំនួន​៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ។

បើ​ទោះបី​ជា​មាន​ការសន្យា​ផ្តល់​ជា​បន្ត​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ប្រទេស​អូស្ត្រាលី នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ លោក រាជ សម្បត្តិ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ថ្លែង​ឲ្យ​ដឹង​ថា ភាគី​អង្គការ​សហប្រជាជាតិ​នៅ​ខ្វះ​ថវិកា​ច្រើន​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក រាជ សម្បត្តិ បាន​ឲ្យ​ដឹង​ទៀត​ថា ភាគី​កម្ពុជា​នៃ​សាលាក្តី​ក៏​នៅ​ខ្វះ​ថវិកា​ជិត​៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ។

កម្ពុជា​គ្រោង​រៀបចំ​ការបោះឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង ខែត្រ ខណ្ឌ និង​ស្រុក

ប្រទេស​កម្ពុជា​មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង ខែត្រ ខណ្ឌ និង​ស្រុក នៅ​ខែ​ឧសភា ឆ្នាំ​២០០៩។ ការបោះឆ្នោត​នោះ​អាច​ចំណាយ​ប្រាក់​ចំនួន​១​លាន​ដុល្លារ​អាមេរិក​កន្លះ។

មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ តុលា ថា ការបោះឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខែត្រ ស្រុក និង​ខណ្ឌ នៅ​ខែ​ឧសភា ឆ្នាំ​២០០៩​ខាង​មុខ ជា​ការបោះឆ្នោត​អសកល ដែល​មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​បាន។

ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​នៅ​ក្រុង​ឡាអេ

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​មាន​គម្រោង​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ខាង​មុខ​នេះ នៅ​មុខ​ទីស្នាក់ការ​តុលាការ​អន្តរជាតិ ទីក្រុង​ឡាអេ និង​នៅ​មុខ​ស្ថានទូត​ថៃ ប្រចាំ​ក្រុង​ឡាអេ។

ក្នុង​លិខិត​មួយ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ពី​គណៈកម្មការ​រៀបចំ​កម្មវិធី​សម្រាប់​បាតុកម្ម​នេះ​បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ នៅ​គ្រប់​ទិសទី គ្រប់​និន្នាការ​នយោបាយ គ្រប់​ស្រទាប់​វណ្ណៈ ក្រោក​ឈរ​ឡើង​ដើម្បី​រួម​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​មក​លើ​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

វៀតណាម​ហាមឃាត់​ការសាងសង់​របង​វត្ត​ខ្មែរ​នៅ​ខែត្រ​កំពង់ចាម

វត្ត​ខ្មែរ​មួយ​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​នៃ​ច្រក​បឹងជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម ត្រូវ​បាន​អាជ្ញាធរ​ការពារ​ព្រំដែន​វៀតណាម​ហាមឃាត់​មិន​ឲ្យ​សាងសង់​របង​ឡើយ ដោយ​គេ​អះអាង​ថា​កន្លែង​នោះ​ជា​តំបន់​ស។

គណៈកម្មការ​វត្ត​គឺ​លោក ប៉ឹម ខេន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​២២ តុលា ថា វត្ត​គិរីមានជ័យ ត្រូវ​បាន​សាងសង់​តាំង​ពី​យូរ​មក​ម៉្លេះ វត្ត​នេះ​នៅ​ជិត​ព្រំដែន​ខ្មែរ​វៀតណាម ហើយ​មាន​ផ្ទៃ​ដី​ជាង​១​ហិកតារ មាន​របង​ព័ទ្ធ​នៅ​ខាង​មុខ​និង​សង​ខាង សល់​ផ្នែក​ខាង​ក្រោយ ទើប​គណៈកម្មការ​វត្ត​បាន​រៀបចំ​សាងសង់​ផ្នែក​ខាង​ក្រោយ​នោះ​ដែល​មាន​ប្រវែង​ប្រមាណ​ជា ១០០​ម៉ែត្រ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ព្រំដែន​វៀតណាម​ហាម​ឃាត់។

លោក​បាន​បន្ត​ថា ការហាមឃាត់​មិន​ឲ្យ​សាងសង់​របង​នេះ​គឺ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​កន្លង​ទៅ ដោយ​អនុប្រធាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​វៀតណាម​បាន​មក​ប្រាប់​មិន​ឲ្យ​សាងសង់​នៅ​ពេល​ដែល​កម្មករ​កំពុង​សាងសង់។

ថៃ​ប្រគល់​កំណត់ហេតុ​ទាក់ទិន​នឹង​បញ្ហា​ទំនាស់​ព្រំដែន​ដល់​កម្ពុជា

មន្រ្តី​តំណាង​រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​កំណត់ហេតុ​នៃ​ចំណុច​សំខាន់​ពីរ​ឲ្យ​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា គឺ​ទាក់ទិន​នឹង​បញ្ហា​ទំនាស់​ព្រំដែន​រវាង​ប្រទេស​ខ្មែរ​និង​ថៃ​កាលពី​ថ្ងៃ​ទី​២១ តុលា។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​ថៃ ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ បាន​ឲ្យ​ដឹង​ថា អគ្គនាយក​ការិយាល័យ​ផ្នែក​កិច្ចការ​សន្ធិសញ្ញា​និង​ច្បាប់​នៃ​ក្រសួង​ការបរទេស​ថៃ គឺ​លោក វីឆ័យ ផ្លាស័យ បាន​ជួប​ជាមួយ​លោក អ៊ុក សោភ័ណ ភារធារី​អម​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ នៅ​ឯ​ក្រសួង​ការបរទេស​ថៃ​នៅ​ទីក្រុង​បាងកក។

មន្ត្រី​ថៃ​រូប​នោះ​បាន​ប្រគល់​កំណត់ហេតុ​មួយ​ជូន​ទៅ​លោក អ៊ុក សោភ័ណ។ កំណត់ហេតុ​នោះ​មាន​ន័យ​ទី​មួយ​គឺ​ថា ភាគី​ថៃ​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​ដែល​មិន​គួរ​ឲ្យ​មាន​ភាព​តានតឹង​បញ្ហា​ជម្លោះ​ព្រំដែន ដែល​ថៃ​ចោទ​ថា បណ្តាល​មក​ពី​ភាគី​កម្ពុជា​ចល័ត​ទ័ព​ចូល​ទៅ​កាន់​តំបន់​ដែល​កំពុង​ប្រទាញ​ប្រទង់​ជាមួយ​នឹង​ថៃ​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​នោះ។

ចំណុច​ទី​ពីរ ថៃ​បញ្ជាក់​ថា​ជា​ថ្មី​ម្តង​ទៀត​ថា ភាគី​ថៃ​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា​ដោយ​សន្តិវិធី។

ជាមួយ​គ្នា​នោះ​ដែរ ភាគី​ថៃ​បាន​ស្នើ​សុំ​ឲ្យ​ភាគី​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ត្រីកោណ​ដែល​ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​ជួប​គ្នា​នៃ​បី​ប្រទេស គឺ​កម្ពុជា ថៃ និង​លាវ៕