ក្រមសីលធម៌
អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទាំងអស់ (រួមទាំងអ្នកដែលប្រមូល អ្នកចុះផ្សាយ ឬអ្នកចែកចាយនូវសេចក្ដីរាយការណ៍ ឬកម្មវិធីរបស់វិទ្យុអាស៊ីសេរី) ត្រូវតែប្រកាន់ឥរិយាបទប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីលើកស្ទួយបទដ្ឋានវិស័យសារព័ត៌មាន ដោយអនុលោមទៅតាមគោលការណ៍ជាមូលដ្ឋានដូចតទៅ៖
· សេចក្ដីរាយការណ៍ និងកម្មវិធីរបស់វិទ្យុអាស៊ីសេរី ត្រូវតែសុក្រឹត យុត្តិធម៌ និងមានតុល្យភាព។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវតែរក្សានូវរបៀបនិយាយដែលមានលក្ខណៈស្ងប់ស្ងៀម មិនលាយឡំនឹងមនោសញ្ចេតនា ព្រមទាំងជៀសវាងនូវការបង្កជម្លោះ ការឃោសនា ឬការប្រមាថលើជនណា ក្រុមណា ឬរដ្ឋាភិបាលណាមួយ។ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនត្រូវប្រដៅ ឬមើលងាយអ្នកស្ដាប់ឡើយ។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនត្រូវញុះញង់អ្នកស្ដាប់ឲ្យប្រព្រឹត្តអំពើហិង្សា ឬលើកទឹកចិត្តឲ្យមានការបះបោរ ឬធ្វើចំណាកស្រុកឡើយ។ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ មានការផ្សព្វផ្សាយព័ត៌មានដោយសេរី និងផ្តល់នូវវេទិកាសំរាប់មានការបញ្ចេញមតិ និងទស្សនៈពីគ្រប់មជ្ឈដ្ឋាន។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនត្រូវបញ្ចូលពាក្យចចាមអារាម និងព័ត៌មានដែលមិនមានភស្តុតាងគ្រប់គ្រាន់ទៅក្នុងសេចក្ដីរាយការណ៍ ឬកម្មវិធីរបស់ខ្លួនទេ។
· ប្រសិនបើអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មានកំហុសក្នុងការផ្សាយសំឡេង ឬផ្សាយលើគេហទំព័រ អ្នកកាសែតនោះត្រូវទទួលកំហុស ហើយកែតម្រូវជាបន្ទាន់ តាមមធ្យោបាយ ដូចដែលកាលពីផ្សាយកំហុសនោះ។ បើអាចធ្វើទៅបាន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវស្វះស្វែង និងរកឲ្យបាននូវប្រភពឲ្យលើសពីមួយសំរាប់រឿងនីមួយៗ។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវតែប្រាប់ពីប្រភពឲ្យបានពេញលេញ នៅពេលដែលប្រើប្រាស់ផ្នែកណាមួយនៃព័ត៌មានពីអង្គភាពព័ត៌មានដទៃ ឬបទសម្ភាសន៍ សេចក្តីរាយការណ៍ ឬអ្វីៗដទៃទៀតពីប្រព័ន្ធផ្សព្វផ្សាយដទៃ។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវរក្សានូវឯករាជ្យរបស់ខ្លួនពីគណបក្សនយោបាយ ក្រុមប្រឆាំង អង្គការក្រៅប្រទេស និងអង្គការសាសនានានា នៅក្នុងប្រទេសដែលព័ត៌មានរបស់វិទ្យុអាស៊ីសេរី ផ្សាយទៅ ដោយមិនត្រូវគាំទ្រទស្សនៈនយោបាយណាមួយដែលអាចប៉ះពាល់ ឬធ្វើឲ្យគេមើលឃើញថា ប៉ះពាល់ដល់កម្មវិស័យភាព ឬ អព្យាក្រឹតភាពរបស់វិទ្យុអាស៊ីសេរី ជាយថាហេតុ។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបញ្ជាក់អត្តសញ្ញាណនៃអ្នកបរិច្ចាគស្នាដៃពីខាងក្រៅ ដោយប្រកាសនៅចុងបញ្ចប់នៃការអត្ថាធិប្បាយរបស់អ្នកនោះ ថាការបញ្ចេញមតិរបស់អ្នកនោះមិនមែនជាទស្សនៈ ឬយោបល់របស់វិទ្យុអាស៊ីសេរីឡើយ។ វិទ្យុអាស៊ីសេរី រក្សាសិទ្ធិក្នុងការកែសម្រួលស្នាដៃរបស់អ្នកបរិច្ចាគពីខាងក្រៅ និងធ្វើការសម្រេចចិត្តជាចុងក្រោយលើអ្វីដែលត្រូវដាក់ក្នុងសេចក្ដីរាយការណ៍ ឬកម្មវិធី។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនត្រូវទទួលយកអំណោយ ឬក៏ការធ្វើដំណើរពីប្រភពព័ត៌មាន ឬពីនរណាដែលអាចនៅក្នុងតំណែងមួយដែលអាចមានឥទ្ធិពលលើសេចក្តីរាយការណ៍ ឬកម្មវិធីរបស់វិទ្យុអាស៊ីសេរីឡើយ។
· អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនត្រូវទទួលយកការងារខាងក្រៅដែលអាចប៉ះពាល់ដល់ការទទួលខុសត្រូវចំពោះវិទ្យុអាស៊ីសេរីឡើយ។ ជនណាក៏ដោយដែលទទួលយកការទទួលខុសត្រូវ ឬសកម្មភាពនានានៅខាងក្រៅ ដោយរាប់បញ្ចូលទាំងការថ្លែងសុន្ទរកថា និងការបង្ហាញខ្លួនជាសាធារណៈផ្សេងទៀត ដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់វិទ្យុអាស៊ីសេរី ត្រូវតែសុំការអនុញ្ញាតជាមុនសិន ដូចដែលបានចែងក្នុងគោលការណ៍ទំនាស់ផលប្រយោជន៍។
· ក្នុងការបំពេញការងារសម្រាប់វិទ្យុអាស៊ីសេរី អ្នកយកព័ត៌មានមិនត្រូវលាក់អត្តសញ្ញាណខ្លួនឯង ឬថាជាតំណាងនៃអង្គភាពដទៃ ឬអង្គភាពព័ត៌មានដទៃ ស្ថាប័នរដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាលឡើយ៕