រៀងរាល់ឆ្នាំ មានការរៀបចំប្រារព្ធពិធីបុណ្យតាមបែបសាសនាផង និងតាមបែបប្រពៃណីផង ដោយមានវត្តមានរាជវង្សានុវង្ស។
មានព័ត៌មានថា ពរសព្ទសាធុការថ្វាយព្រះមហាក្សត្រពីសំណាក់មេដឹកនាំគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស បានត្រូវគេផ្សាយតាមរយៈទូរទស្សន៍ វិទ្យុ ហើយនិងមានការបោះពុម្ពការថ្វាយព្រះពរជ័យនៅតាមសារព័ត៌មាន និងទស្សនាវដ្ដីនានាផងដែរ។
ក្នុងអំឡុងពេលបុណ្យ មានព័ត៌មានថា មានការដោតទង់ជាតិ បដា ពាក្យស្លោកនៅតាមមហាវិថី នៅតាមផ្លូវ នៅទីសំខាន់ៗនានា ព្រមទាំងមានការតាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ដោយបង្ហាញពីការអបអរសាទរចំពោះព្រះមហាក្សត្រកម្ពុជា។
កាលក្នុងឱកាសរាជាភិសេកនាឆ្នាំ២០០៤នោះ ព្រះមហាក្សត្រព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី បានមានបន្ទូលថា ៖ «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនិងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋនិងប្រជារាស្រ្ដ»។
កាលក្នុងឱកាស៣ថ្ងៃនៃរាជាភិសេកលើកដំបូង នាចុងខែតុលា ឆ្នាំ២០០៤ នៅមុខព្រះបរមរាជវាំងភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ព្រះមហាក្សត្រព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី បានមានបន្ទូលថា ព្រះអង្គស្មោះត្រង់និងបម្រើប្រជាជន ហើយថា ព្រះអង្គនឹងមិនគង់នៅឆ្ងាយពីប្រជានុរាស្រ្ដជាទីស្នេហារបស់ព្រះអង្គនោះឡើយ។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រៀងរាល់សប្ដាហ៍ ព្រះអង្គនឹងចំណាយពេលយាងសួរសុខទុក្ខកូនចៅ នៅតាមទីប្រជុំជនក្រុងរបស់យើង តាមជនបទរបស់យើង និងនៅតាមខេត្តរបស់យើង ហើយនិងបម្រើប្រជានុរាស្រ្ដ។
កាលក្នុងឱកាសរាជាភិសេកនោះផងដែរ លោក ហូលីយោ ហែលដ្រេស អ្នកកត់ត្រាសរសេរព្រះរាជជីវប្រវត្តិរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ បានមានប្រសាសន៍ថា សម្ដេច នរោត្ដម សីហមុនី សុភាពរាបសារល្អណាស់ ប៉ិនប្រសប់ ហើយនិងមានបញ្ញាឆ្លាតវាងវៃណាស់។
ជាទូទៅប្រជាជនកម្ពុជាគោរពរាជវង្សានុវង្ស គោរពព្រះមហាក្សត្រ។
ក្នុងឱកាសពិធីបុណ្យនេះ ពលរដ្ឋខ្មែរម្នាក់ នៅក្រុងកាលហ្ការី ខេត្តអាល់បែលតា ប្រទេសកាណាដា បានថ្វាយព្រះពរថ្វាយព្រះមហាក្សត្រសូមមានព្រះជន្មយឺនយូរ ៖ «ក្នុងឱកាសឆ្នាំទី៤ នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្វាយព្រះពរសព្ទសាធុការជូនដល់ព្រះមហាក្សត្រ សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ ដើម្បីទ្រទ្រង់ប្រជាពលរដ្ឋខ្មែរនិងរាជរដ្ឋាភិបាលខ្មែរ ឲ្យបានជានិច្ចនិរន្តតរៀងទៅ»។
ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្ដម សីហមុនី បានយាងគង់លើព្រះរាជបល្ល័ង្កសោយរាជ្យបន្តនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីសម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ បានសម្រេចដាក់រាជ្យ ហើយនិងបន្ទាប់ពីមានការបោះឆ្នោតរបស់ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសព្រះមហាក្សត្រ។
កាលណោះ គ្មានច្បាប់ណាមួយបានចែកអំពីករណីដែលព្រះមហាក្សត្រដាក់រាជ្យនោះឡើយ ហើយពេលនោះ រដ្ឋសភាក៏ប្រញាប់ប្រញាល់រៀបចំតាក់តែងច្បាប់ដើម្បីអនុញ្ញាតឲ្យក្រុមប្រឹក្សារាជសម្បត្តិ កោះប្រជុំបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រដើម្បីឡើងសោយរាជ្យបន្ត។
កាលពីមុនៗកន្លងមក ព្រះរាជាកម្ពុជាធ្លាប់មានរាជសិទ្ធិអំណាចធំធេង ក៏ប៉ុន្តែយោងតាមច្បាប់ ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គង់នៅជានិមិត្តរូបប៉ុណ្ណោះ គឺគ្មានអំណាចឡើយ។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ជំពូក២ ស្ដីពីព្រះមហាក្សត្រ ត្រង់មាត្រា ៧ មានចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ រីឯនៅមាត្រា ៨ មានចែងថា ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ។
លោក សំអាន ឡោ ជនជាតិខ្មែរម្នាក់រស់នៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានមានប្រសាសន៍ក្នុងឱកាសខួបទី៤ នៃបុណ្យរាជាភិសេកព្រះមហាក្សត្រនេះថា ៖ «ខ្ញុំជាមនុស្សម្នាក់ដែលរត់ចោលស្រុក តែខ្ញុំនៅតែនិយមព្រះមហាក្សត្រ តម្កល់ជានិមិត្តរូបរបស់ប្រទេសកម្ពុជា អ៊ីចឹង ប៉ុន្តែគ្រាន់តែសុំឲ្យមហាក្សត្រ បើបានសោយរាជ្យហើយ ត្រូវឲ្យមានគំនិតឈ្លាសវៃ ដូចគេឲ្យយើងហើយ ដូចជារដ្ឋធម្មនុញ្ញដែលគេប្រគល់សិទ្ធិឲ្យយើងហើយអីហើយ ឲ្យគាត់ចាត់ចែងចុះ ព្រោះគាត់ជាអាជ្ញាកណ្ដាល ជាមហាក្សត្រគ្រងរាជ្យ។ នៅក្នុងនោះ ខ្ញុំឃើញថា រដ្ឋធម្មនុញ្ញគេនិយាយថា ស្ដេចគ្មានអំណាចទេ ប៉ុន្តែនៅក្នុងហ្នុង គេសរសេរ ឃើញអំណាចខ្លះ ដែលឲ្យព្រះអង្គក៏មានដែរ គួរតែព្រះអង្គស្រាវជ្រាវ។ ឧទាហរណ៍ទៅសច្ចាប្រណិធាន រដ្ឋសភាហ្នឹង នៅក្នុងហ្នឹងខ្ញុំឃើញ (លក្ខន្តិកៈ) គេសរសេរថា ទាល់តែមាន ១២០តំណាងរាស្រ្ដ បានស្ដេចទៅជាអធិបតីក្នុងការស្បថស្បែនោះបាន ប៉ុន្តែមានតែ ៩០តំណាងរាស្រ្ដ ក៏ព្រះអង្គទៅដែរ។ គួរឲ្យព្រះអង្គពិចារណាថា ជាអាជ្ញាកណ្ដាល គួរតែមកទាំងអស់មក បានទៅ បើអ្នកឯងមិនដោះស្រាយទេ កុំទៅ កុំឲ្យព្រះអង្គធ្វើលម្អៀងអ៊ីចឹង មានយោបល់បុណ្ណឹង។ ខ្ញុំទុកស្ដេចឲ្យនៅដដែល ជានិមិត្តរូប ព្រោះខ្ញុំជាកូនខ្មែរ កើតមកមានស្ដេចទៅហើយ ទោះខ្ញុំរត់ចោលស្រុក មកនៅស្រុកដែលគ្មានស្ដេច ក៏ខ្ញុំនៅតែតម្កល់ក្នុងបេះដូងខ្ញុំអ៊ីចឹង។ ហើយសូមជូនពរព្រះអង្គឲ្យមានព្រះជន្មយឺនយូរ ហើយធ្វើអ្វីបានជោគជ័យសម្រាប់ប្រទេសជាតិ»។
ក្នុងជីវិតរបស់ព្រះអង្គ ព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី បានគង់នៅក្រៅប្រទេសរយៈពេលយូរ ដោយព្រះអង្គបានសិក្សាផ្នែករបាំបាឡេ ជានាដករបាំ ជាសាស្រ្ដាចារ្យរបាំ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ៕