គេអាចទៅតំបន់នោះបានដោយចេញពីចំណុចអណ្ដូងទឹក ក្នុងស្រុកស្រែអំបិល តាមផ្លូវលំ កាត់ព្រៃចម្ងាយប្រហែល ១៧គីឡូម៉ែត្រ ឬក៏ជិះទូកតាមព្រែកចម្ងាយ ២៥គីឡូម៉ែត្រ ដោយចំណាយពេលជាងពីរម៉ោង ទើបទៅដល់តំបន់នោះ។
ប្រធានសហគមន៍អេកូទេសចរណ៍ឃុំជីផាត លោក ព្រំ ហឹង្ស បានអធិប្បាយឲ្យវិទ្យុអាស៊ីសេរីដឹងថា នៅតំបន់នេះ ភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះជាដើម។
ម្ចាស់ផ្ទះសំណាក់កណ្ដាលព្រៃធម្មជាតិ ដែលសង់ឡើងជារបៀបផ្ទះបុរាណ ដើម្បីស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ដែលចូលចិត្តមកលំហែអារម្មណ៍ជាមួយព្រៃប្រឹក្សា ទស្សនាសត្វព្រៃ លោក ញ៉ិល ធន់ បានមានប្រសាសន៍ថា អ្វីដែលជំរុញចិត្តឲ្យលោកបោះទន់មករកស៊ី និងចូលរួមអភិវឌ្ឍនៅតំបន់អេកូទេសចរណ៍នេះ គឺកត្តាបរិស្ថានធម្មជាតិស្រស់បំព្រង ដែលលោកសង្ឃឹមថា នៅទីនេះនឹងមានភ្ញៀវទេសចរណ៍គាំទ្រច្រើន បើសិនពុំមានអ្វីមកបំផ្លាញបរិស្ថានធម្មជាតិ ដែលកំពុងមានដូចសព្វថ្ងៃនេះទេ។
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកទេសចរណ៍ កញ្ញា ម៉ា រ៉ាត ដែលគេតែងមកលេងនៅតំបន់នេះជាញឹកញាប់ ពេលគេសម្រាកពីការសិក្សា បានឲ្យដឹងពីចំណាប់អារម្មណ៍របស់គេដែរថា ៖ «ដោយសារទីនេះមានធនធានធម្មជាតិស្រស់ស្អាត ដែលជាធនធានកម្រ ដែលនៅក្នុងខេត្តផ្សេងទៀតកម្រមាន។ ធនធានដែលចម្បង គឺទឹកក្បាលឆាយ ភ្ញៀវទេសចរណ៍ចូលចិត្តទៅលេង...»។
ប្រធានសហគមន៍ លោក ព្រុំ ហឹង្ស មានប្រសាសន៍ថា តំបន់ទេសចរណ៍ធម្មជាតិឃុំជីផាត មានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៣០%ក្នុងមួយឆ្នាំៗ ពោលគឺក្រោយឆ្នាំ២០០៧ មានភ្ញៀវប្រមាណជិត ៥០០នាក់ ហើយមកដល់ឆ្នាំ២០០៩ មានភ្ញៀវមកលេងតំបន់នេះប្រមាណជិត ១.០០០នាក់។
លោកបញ្ជាក់ទៀតថា ភ្ញៀវដែលមកលេងទីនេះ ៨០%ជាភ្ញៀវបរទេស ដូចជាជនជាតិអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម ហើយពួកគេច្រើនមកជាក្រុម តាមរយៈក្រុមហ៊ុនទេសចរណ៍ពីទីក្រុងភ្នំពេញ។
ក្រៅពីនេះ កន្លែងដែលភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ទៀតនោះ គឺមានល្អាងបុរាណ ល្អាងប្រចៀវ សំណល់ផ្នូរមនុស្សសម័យដើម ពាងបុរាណ ជាដើម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងគាំទ្រចំពោះការអភិវឌ្ឍតំបន់អេកូទេសចរណ៍ នៅតំបន់ឃុំជីផាតនោះ ដែលកំពុងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោកបន្តថា នៅទីនោះមានសក្ដានុពលធម្មជាតិខ្ពស់ ដែលគេអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនទៅថ្ងៃអនាគត ហើយបច្ចុប្បន្នប្រជាពលរដ្ឋនៅទីនោះកំពុងមានការរីកចម្រើនក្នុងការកសាងជីវភាពរស់នៅ ដោយទទួលចំណូលពីភ្ញៀវទេសចរណ៍។
ទន្ទឹមនឹងការអភិវឌ្ឍដែលកំពុងមានដំណើរការល្អនេះទៅមុខនេះ ក៏នៅមានបញ្ហាលំបាកខ្លះៗដែរ ដូចជាបញ្ហាផ្លូវថ្នល់ចូលទៅតំបន់នោះ មិនទាន់មានភាពល្អប្រសើរនៅឡើយ។
ម្យ៉ាងវិញទៀត អ្វីដែលប្រជាពលរដ្ឋ សង្គមស៊ីវិល បារម្ភជាងគេនោះ គឺការសិក្សារុករករ៉ែនៅតំបន់នោះ ដោយក្រុមហ៊ុនឯកជន ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល។ ក្ដីបារម្ភនោះ គឺថា បើសិនជាមានការទាញយករ៉ែទីតាញ៉ូមនៅតំបន់នោះ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពោលគឺបាត់បង់នូវភាពស្រស់បំព្រងនៃព្រៃឈើធម្មជាតិ សត្វព្រៃ ជាដើម។
អង្គការអន្តជាតិមួយឈ្មោះថា សម្ព័ន្ធមិត្តសត្វព្រៃ ដែលអង្គការនេះបានចូលរួមបង្កើតតំបន់អេកូទេសចរណ៍នេះ តាំងពីឆ្នាំ២០០៧មក ដោយចំណាយថវិការាប់សិបម៉ឺនដុល្លារ បានសម្ដែងការបារម្ភដោយបានចេញរបាយការណ៍ កាលពីពេលថ្មីៗនេះឲ្យដឹងថា បើសិនជាមានការរុករករ៉ែ ឬធ្វើអាជីវកម្មរ៉ែនៅតំបន់នោះ អ្វីដែលជាការខិតខំប្រឹងប្រែងរបស់អង្គការ និងប្រជាពលរដ្ឋក្នុងសហគមន៍ជីផាតកន្លងមក ព្រមទាំងក្តីសង្ឃឹមទៅអនាគតក៏ត្រូវបំផ្លាញទៅវិញយ៉ាងឆាប់។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសណាក៏គេត្រូវប្រើប្រាស់ធនធានរ៉ែ ដែលខ្លួនមានដែរ។ ចំពោះនៅតំបន់ជីផាតទើបនឹងមានការសិក្សានៅឡើយ ហើយបើសិនជាត្រូវយក ក៏ខាងជំនាញគេថ្លឹងថ្លែងពីបញ្ហាខាតបង់ និងចំណេញពីផលរ៉ែក្រោមដី និងបរិស្ថានព្រៃឈើធម្មជាតិនោះដែរ។
មន្ត្រីសម្ព័ន្ធមិត្តសត្វព្រៃ និងប្រជាពលរដ្ឋ ថា បើមានការជីកកកាយខួងយករ៉ែ ទោះក្នុងរូបភាពណាក៏ដោយ សត្វព្រៃ អេកូទេសចរណ៍ មិនអាចបន្តនៅទីនោះបានទៀតទេ អ្វីៗនឹងត្រូវបញ្ចប់ទាំងស្ដាយស្រណោះ ហើយអ្នកខាតបង់ជាងគេគឺប្រជាពលរដ្ឋ។
ទោះយ៉ាងណាក្ដី មកដល់ពេលនេះភ្ញៀវទេសចរណ៍នៅតែមកលេងជាធម្មតានៅជីផាតនៅឡើយ ហើយនៅ ៦ខែដើមឆ្នាំ២០១០នេះ ភ្ញៀវកើនឡើងប្រហែល ៦០០នាក់ថែមទៀត៕