ដើម​កំណើត​នៃ​អក្សរ​ខ្មែរ

មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ឃើញ​ថា អក្សរ​ខ្មែរ​មាន​ប្រភព​ពី​ឥទ្ធិពល​សាសនា​ដែល​បាន​នាំ​ចូល​មក​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។

0:00 / 0:00

ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រភព​កំណើត​របស់​អក្សរ​ខ្មែរ​នេះ សមណ​និស្សិត​នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហមុនី​រាជា ព្រះតេជគុណ អ៊ឹម ទៀង មាន​ដីកា​ពន្យល់​ថា អក្សរ​ខ្មែរ​មាន​ប្រភព​មក​ពី​ព្រហ្មញ្ញ​សាសនា​និង​ពី​បាលី​សំស្រ្កឹត ព្រមទាំង​មក​ពី​ខ្មែរ​មន​ផង​ដែរ ៖ «អក្សរសាស្រ្ដ​ខ្មែរ​មាន​ប្រវត្តិ ទី​១ មក​ពី​ព្រហ្មី ព្រហ្មី​ហ្នឹង​ព្រហ្មមញ្ញ​សាសនា ដែល​មាន​មក​តាំង​ពី​មុន​សម័យ​អង្គរ ហើយ​អក្សរសាស្រ្ដ​ខ្មែរ​យើង​បាន​កើត​ចេញ​ពី​បាលី​សំស្រ្កឹត​ខ្លះ​ដែរ។ ហើយ​មួយ​ទៀត កំណើត​ប្រភព​មក​ពី​ខ្មែរ​មន»

ព្រះតេជគុណ គិន ណារ៉ា សាស្រ្តាចារ្យ​ផ្នែក​ភាសា​បាលី​នៅ​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រិត មាន​ដីកា​ឲ្យ​ដឹង​ថា អក្សរ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុព្វបុរស​របស់​ខ្លួន ហើយ​ក៏​មាន​ជាប់​ទាក់ទង​ទៅ​នឹង​បាលី​សំស្រ្កឹត​ខ្លះៗ​ដែរ ៖ «អក្សរ​ខ្មែរ​យើង​តាម​ពិត​ទៅ​បង្កើត​ដោយ​អ្នក​ប្រាជ្ញ​ខ្មែរ​យើង​ខ្លួន​ឯង គ្រាន់​ថា យើង​ខ្ចី​ភាសា​បាលី​សំស្ក្រឹត​យក​មក​ប្រើ​ទេ»

គួរ​រំឭក​ផង​ដែរ​ថា ខ្មែរ​គឺ​ជា​ជាតិ​សាសន៍​មួយ​ដែល​មាន​កំណើត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ជា​យូរ​លង់ណាស់​មក​ហើយ។

យោង​ទៅ​តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់​លោក ត្រឹង ងា ភាគ​ទី​១ ហើយ​ដែល​ត្រូវ​បាន​បោះពុម្ព​ឡើង​នៅ​ក្នុង​គ្រិស្ត​សករាជ ១៩៧៣ នៅ​ត្រង់​ទំព័រ​ទី​៧ បាន​សរសេរ​ថា ខ្មែរ​ជា​ជាតិ​ចំណាស់​បាន​កើតឡើង​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ហើយ​ស្ថិត​នៅ​ក្នុង​អម្បូរ​មនុស្ស​ដោយ​ឡែក​ពី​អម្បូរ​ឥណ្ឌា ដែល​នរ​វិទូបាន​ឲ្យ​ឈ្មោះ​ថា អូស្រ្តូ​អាស្យាទិក។

មាន​ភស្តុតាង​ច្រើន​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ មាន​មនុស្ស​រស់នៅ​ជា​យូរលង់​ណាស់​មក​ហើយ។

លោក ធុយ ចាន់ធួន សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិសាស្រ្ត​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា និង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។

លោក ធុយ ចាន់ធួន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មនុស្ស​រស់​នៅ​ស្រុក​ខ្មែរ​យើង​មាន​តាំង​តែ​ប្រហែល ៦០០​ពាន់​ឆ្នាំ​មុន ដែល​មាន​តឹក​តាង​នៅ​ស្រែ​ស្បូវ នៅ​ម្លូព្រៃ នៅ​តំបន់​ខាង​កើត​ទន្លេ​មេគង្គ ពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ»

ចំពោះ​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ភាសា​ខ្មែរ​វិញ ក៏​មាន​អតីតកាល​របស់​ខ្លួន​ជា​យូរយារ​ណាស់​មក​ហើយ។

លោក ច័ន្ទ សំណព្វ បណ្ឌិត​ផ្នែក​ភាសា​វិទ្យា និង​ជា​អនុប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ព្រមទាំង​ជា​ប្រធាន​ដេប៉ាតឺម៉ង់​ភាសា​វិទ្យា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ​នោះ បាន​ធ្វើការ​ពន្យល់​ថា ភាសា​ខ្មែរ​មាន​កំណើត​ចាប់​ពី​ពេល​ដែល​មាន​មនុស្ស​ខ្មែរ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។

លោក ច័ន្ទ សំណព្វ មាន​ប្រសាសន៍​ថា ៖ «ភាសា​កើត​មាន​តាំង​តែ​ពី​មាន​កំណើត​ជនជាតិ​ខ្មែរ​យើង អ្នក​ខ្លះ​ថា ៥​ពាន់​ឆ្នាំ អ្នក​ខ្លះ​ថា យូរ​ជាង​ហ្នឹង​ទៀត​ទៅ។ ហើយ​យើង​កុំ​ច្រឡំ​ថា​យើង​មក​ពី​ឥណ្ឌា​អី​មិន​មែន​ទេ»

តាមរយៈ​ឯកសារ​អក្សរសាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ លី ធាមតេង ដែល​បាន​បោះពុម្ព​លើក​ទី​២ ដោយ​បណ្ណាគារ សេង ងួនហ៊ួត នៅ​ក្នុង​គ្រិស្ត​សករាជ ១៩៦០ នៅ​ត្រង់​ទំព័រ​ទី​១៣​នោះ បាន​កត់​ត្រា​ថា ខ្មែរ​មាន​ភាសា​ប្រចាំ​ជាតិ​យូរ​អង្វែង​កាល​ណាស់​មក​ហើយ គឺ​តាំង​ពី​មុន​សម័យ​កាល​ប្រវត្តិសាស្រ្ត​មក​ម៉្លេះ។

ចំពោះ​អក្សរ​ខ្មែរ​វិញ ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ថា បាន​ចាប់​កំណើត​នៅ​ក្នុង​សតវត្សរ៍​ទី​២ នៃ​គ្រិស្ត​សករាជ ដោយ​បុព្វ​បុរស​ខ្មែរ​ក្នុង​សម័យ​កាល​នោះ​បាន​យក​លំនាំ​ទម្រង់​អក្សរ​របស់​ឥណ្ឌា​មក​កែ​ច្នៃ លុះត្រា​តែ​កើត​បាន​ជា​បែប​ពិសេស​ដោយ​ឡែក គឺ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ជា​អក្សរ​របស់​ជាតិ​ខ្លួន​ពិតៗ។

តាម​សៀវភៅ ស្ថាន​នាម​វិទ្យា របស់​លោក​បណ្ឌិត ឡុង សៀម ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ត្រង់​ទំព័រ​ទី​៣ បាន​កត់​ត្រា​ថា អក្ខរ​វិធី​ដែល​គេ​ប្រើប្រាស់​សម្រាប់​សរសេរ​អត្ថបទ​សិលា​ចារឹក​ជា​ភាសា​ខ្មែរ គ្មាន​លក្ខណៈ​ខុស​គ្នា​អ្វី​ពី​សិលា​ចារឹក​ជា​ភាសា​សំស្រ្កឹត​នោះ​ឡើយ។ អក្ខរ​វិធី​នោះ មាន​កំណើត​ពី​ប្រព័ន្ធ​អក្សរ​ព្រហ្មី ដែល​មាន​ន័យ​ថា អក្សរ​បង្កើត​ដោយ​ព្រះព្រហ្ម។

លោក យាង វីរបុត្រ ជា​សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក​និង​ភាសា​សាស្រ្ត​របស់​ដេប៉ាតឺម៉ង់​អក្សរសាស្រ្ត​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អក្សរ​ខ្មែរ​មាន​ប្រភព​មក​ពី​បរទេស ហើយ​ខ្មែរ​យើង​ចាប់​ផ្តើម​សរសេរ​ដំបូង​គេ​ជា​ភាសា​សំស្រ្កឹត​នៅ​ក្រោយ​គ្រិស្ត​សករាជ។

លោក យាង វីរបុត្រ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អក្សរ​ខ្មែរ​គឺ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​ឈ្មោះ​អក្សរ​ហ្នឹង​គឺ​យើង​ឲ្យ​ឈ្មោះ​ថា​អក្សរ ព្រាហ្មី។ បន្ត​ទៅ​ទៀត ខ្មែរ​យើង​ចាប់​ផ្ដើម​សរសេរ​អក្សរ​ដំបូង​គេ​នៅ​រវាង​ប្រហែល​ជា​សតវត្សរ៍​ទី​៣ នៃ​គ្រិស្ត​សករាជ។ សរសេរ​ដំបូង​គេ យើង​សន្មត​យក​សិលា​ចារឹក វ៉ូកាញ់ ហើយ​សរសេរ​ហ្នឹង ជា​ភាសា​សំស្រ្កឹត​ដែល​កត់ត្រា​នូវ​រឿងរ៉ាវ​របស់​ព្រះ​ពុទ្ធ​សាសនា នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ ស្រីមារៈ»

សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា តាមរយៈ​សិលា​ចារឹក​ដែល​បន្សល់​ទុក​ភាគ​ច្រើន​សុទ្ធ​តែ​ត្រូវ​បាន​តាក់តែង​ឡើង​ជា​ភាសា​សំស្រ្កឹត ហើយ​សិលា​ចារឹក​ដែល​សរសេរ​ជា​ភាសា​ខ្មែរដំបូង​គេ​នោះ គឺ​ស្ថិត​នៅ​ក្នុង​សតវត្សរ៍​ទី​៧ នៃ​គ្រិស្ត​សករាជ ៖ «យើង​បាន​រក​ឃើញ​សិលា​ចារឹក​នៅ​ក្នុង​ឆ្នាំ​៦១១ នៃ​គ្រិស្ដ​សករាជ​នៅ​តំបន់​អង្គរ​បុរី នៅ​ភូមិ​មួយ ឈ្មោះ​ថា ភូមិ​អង្គរ​បុរី​ហ្នឹង​នៅ​លើ​ទួល​មួយ​ឈ្មោះ​ថា​ទួល​វត្ត​គំនូរ។ ពេល​នោះ​គឺ​គេ​ធ្វើការ​សន្និដ្ឋាន​ថា ខ្មែរ​យើង​ចាប់​ផ្ដើម​សរសេរ​អត្ថបទ​សិលា​ចារឹក​ជា​ភាសា​ខ្មែរ​ដំបូង​គេ​នៅ​សតវត្សរ៍​ទី​៧ ដែល​យើង​ថា នៅ​ឆ្នាំ​៦១១ នៃ​គ្រិស្ដ​សករាជ»

ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​បណ្ឌិត​ផ្នែក​ភាសា​វិទ្យា លោក ច័ន្ទ សំណព្វ នៅ​មិន​ទាន់​យល់​ស្រប​ថា អក្សរ​ខ្មែរ​ប្រាកដ​ជា​មាន​ប្រភព​ដើម​ពី​អក្សរ​ព្រាហ្មី​របស់​ឥណ្ឌា​នោះ​ដែរ ៖ «អក្សរ​ខ្មែរ​យើង​នេះ បើ​តាម​ឯកសារ​ហ្នឹង គឺ​គេ​ចេះ​តែ​ថា​តៗ​គ្នា មាន​ឯកសារ​លោក ម៉ាស្ពេរ៉ូ លោក​អី​ផ្សេងៗ​ទៀត​ដែល​គាត់​បាន​សរសេរ​ហ្នឹង គឺ​គ្រាន់​តែ​ខ្ញុំ​បាន​ឃើញ​កាល​ខ្ញុំ​រៀន​សូត្រ​នៅ​បារាំង​ហ្នឹង គឺ​ថា​វា​មាន​លក្ខណៈ​ដូចជា​អក្សរ​ឥណ្ឌា​នៅ​ភាគ​ខាង​ត្បូង អ្នក​ខ្លះ​ថា យើង​ខ្ចី​មក​ពី​អក្សរ​ព្រហ្មី​អី​អ៊ីចឹង ប៉ុន្តែ​ការ​ពិត​យ៉ាង​ម៉េច វា​ធម្មតា​ទេ អ្នក​ស្រាវជ្រាវ គ្មាន​អី​អះអាង​ឲ្យ​បាន​ច្បាស់​ថា នែ៎​យើង​ដក​ពី​ឥណ្ឌា មក​ចំណុច​នេះៗ​ផ្ទាល់​តែ​ម្ដង គឺ​វា​អត់​ទេ ខ្ញុំ​មើល​ឯកសារ​ហ្នឹង គឺ​ថា​ស្រដៀង មាន​លក្ខណៈ​ស្រដៀង​ដូច​អក្សរ​ខាង​ត្បូង​ៗ​នៃ​ឥណ្ឌា​ហ្នឹង»

នៅ​ក្នុង​ឯកសារ​វេយ្យាករណ៍​ភាសា​ខ្មែរ​របស់​លោក ចច ម៉ាស្ពេរ៉ូ ជា​អ្នក​ស្រាវជ្រាវ​ជន​ជាតិ​បារាំង បាន​សរសេរ​ថា អក្សរ​ខ្មែរ​តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ការ​វិវត្តចំនួន ១០​លើក រួច​មក​ហើយ។

ចំពោះ​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការ​វិវត្តរបស់​អក្សរ​ខ្មែរ​នេះ​ដែរ សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក លោក យាង វីរបុត្រ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ យល់​ឃើញ​ថា អក្សរ​ខ្មែរ​មាន​ការ​វិវត្ត​តាម​គ្រប់​សម័យកាល​ទាំង​អស់​នៃ​របត់​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន ៖ «អក្សរ​ខ្មែរ​វិវត្តគ្រប់​សម័យ​កាល​ទាំង​អស់ យើង​និយាយ​ដោយ​ខ្លី​គឺ​ក្នុង​មួយ​សតវត្សរ៍ អក្សរ​មាន​ការ​វិវត្តដល់​តែ ២ ឬ ៣​លើក»

ទោះ​បី​ជា​មាន​មតិ​មិន​ទាន់​ឯកភាព​គ្នា​ខ្លះៗ​អំពី​ប្រភព​ដើម​នៃ​អក្សរ​ខ្មែរ​ក៏​ដោយ ក៏​លោក​សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក​ខ្មែរ និង​បណ្ឌិត​ខាង​ភាសា​វិទ្យា​នៅ​តែ​យល់​ស្រប​គ្នា​ថា អក្សរ​ខ្មែរ​ប្រាកដ​ជា​មិន​មានដើម​កំណើត​ពី​បាលី​សំស្រ្កឹត​នោះ​ឡើយ៕