ថៃ​ដាក់​ឈ្មោះ​ក្រុង​ប៉ោយប៉ែត​ថា ជា​អាណាចក្រ​ឆបោក​តាម​អនឡាញ ក្រោយ​រក​ឃើញ​ទីតាំង​អាគារ​បង្ខាំង​មនុស្ស​ជា​ច្រើន​កន្លែង

0:00 / 0:00

បុគ្គលិក​ធ្វើការ​នៅ​ក្នុង​អាគារ​កាស៊ីណូ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ក្រុម​ឧក្រិដ្ឋជន កំពុង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឹណិត​យ៉ាង​អនាធិបតេយ្យ ដោយ​ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ​អនឡាញ។ ករណី​នេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ យក​មក​ចុះ​ផ្សាយ ដោយ​យក​ជនរងគ្រោះ​ដែល​បាន​លួច​រត់​ចេញ​ពី​អាគារ​ពី​ការ​ឃុំឃាំង មក​និយាយ​លាតត្រដាង​ពី​ការ​ធ្វើ​ទារុណកម្ម និង​គំរាមកំហែង ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆបោក និង​ការ​ជួញដូរ​មនុស្ស​ទៅ​កាន់​កន្លែង​ឆបោក​ផ្សេង​ទៀត ដូចជា​ទំនិញ។

ប៉ោយប៉ែត​គឺជា​ទីក្រុង​ស្រស់​ឆើតឆាយ​មួយ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ថៃ ដែល​មាន​អាគារ​បនល្បែង​កាស៊ីណូ​ច្រើន​ស្អេកស្កះ។ ទិដ្ឋភាព​បែបនេះ​មិន​បាន​ធ្វើ​ឱ្យ​តំបន់​ប៉ោយប៉ែត​ក្លាយ​ជា​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ ប៉ុន្តែ​អាច​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ដែល​បង្កប់​នូវ​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់ ការ​បង្ខាំ​មនុស្ស ធ្វើទារុណកម្ម និង​ការ​ស្លាប់​នៃ​ជនបរទេស​ដោយ​ធ្លាក់​ពី​លើ​អាគារ។

បុគ្គលិក​កាស៊ីណូ ក្រោន (Crown Casino) ម្នាក់ ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា នៅ​រយៈកាល​ចុងក្រោយ​នេះ មាន​ជនជាតិ​ថៃ និង​បរទេស​ផ្សេងទៀត​ជាច្រើន​នាក់ ត្រូវ​បាន​គេ​ល្បួង​ឱ្យ​មក​ធ្វើ​ការងារ ឆបោក​តាម​អ៊ីនធឺណិត នៅ​ក្នុង​អាគារ ១៨ជាន់ ឬ​អាគារ ហ្គោលឌិន (Golden) និង​អាគារ ២៥ជាន់​របស់​កាស៊ីណូ​ក្រោន (Crown casino) ដែល​ជា​កម្មសិទ្ធិ​របស់ លោក កុក អាន ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ បុគ្គលិក​រូប​នេះ បញ្ជាក់​ថា នៅ​ក្នុង​អាគារ​នេះ បែងចែក​ជា​ផ្នែក ដោយ​ជាន់​ទី៤ ទី៥ និង​ទី ១៤ គឺជា​កន្លែង​ប្រតិបត្តិការ​គេហទំព័រ​ល្បែង និង​ឆបោក​អនឡាញ ចំណែក​ជាន់ទី១ និង​ទី២ គឺជា​កន្លែង​ប្រតិបត្តិការ កាស៊ីណូ​អនឡាញ និងជាន់ទី៣ គឺជា​ការិយាល័យ​របស់​ថៅកែ​ជា​ជនជាតិ​ចិន។

ការ​ថ្លែង​របស់​បុគ្គលិក​កាស៊ីណូ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ១ របស់​ថៃ កាលពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ បាន​ចុះផ្សាយ​ពី​ ករណី​យុវតី​អាយុ ១៨ឆ្នាំម្នាក់ មកពី​ខេត្ត ឧដន ថានី (Udon Thani) បាន​ស្រែក​យំ​តាម​ទូរស័ព្ទ​ប្រាប់​មក​គ្រួសារ ដើម្បី​សុំ​ការ​ជួយសង្គ្រោះ ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​អាគារ​ឆបោក​មួយ​កន្លែង នៅ​ក្រុង​ប៉ោយប៉ែត។ យុវតី​រូបនេះ​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន បាន​​យក​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ផ្ទាល់ខ្លួន​របស់​នាង ទៅ​ប្រើប្រាស់​សម្រាប់​បង្កើត​គណនី​ធនាគារ​ខុសច្បាប់​ជាច្រើន​គណនី។

យុវតី៖«គេ(ក្រុម​ឆបោក)មិន​ឱ្យ​កូន​ត្រឡប់​ទៅវិញ​ទេ។ គេ​គំរាម​ថា បើ​ត្រឡប់​ទៅវិញ នឹង​ត្រូវ​ចាប់​ខ្លូន។ គេ​ប្រាប់​ថា មិន​ឱ្យ​លេង​ហ្វេសប៊ុក​ទេ ជាមួយ​ពុក(តា)ទេ និង​បាន​ចាប់​យក​ទូរស័ព្ទ​ខ្ញុំ គេ​មិន​ឱ្យ​លេង​ទូរស័ព្ទ គេ​ឱ្យ​ទុក​ទូរស័ព្ទ។ គេ​ប្រាប់​ឱ្យ​ប្លុក​ហ្វេសប៊ុក​ពុក​ទៅ។ កុំ​ទៅ​ប្រាប់​នរណា​គេ​ណា៎ កូន​ខ្លាច​គេ​សម្លាប់»។

ដោយឡែក ​ទូរទស្សន៍ ថៃរ៉ាត(THAIRATH TV Original) ផ្សាយ​កាលពី​ថ្ងៃ​ទី៣១ ខែមករា បាន​សាកសួរ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​អះអាង​ថា បាន​រត់​គេចខ្លួន​ចេញ​ពី​ទីតាំង​ឆបោក នៅ​អាគារ ១៨ជាន់ ក្នុង​កាស៊ីណូ ក្រោន នៅ​ក្រុង​ប៉ោយប៉ែត ជាមួយ​ប្ដី និង​កូនប្រុស​អាយុ ២ឆ្នាំ​ម្នាក់។ ស្ត្រី​រូប​នេះ​អះអាង​ថា លោកស្រី និង​ប្ដី​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​ចាប់​យក​ទៅ​កាន់​ជាន់​ទី៤ នៃ​អាគារ ហើយ​ត្រូវ​គេ​បង្ខំ​ឱ្យ​ស្កេន​មុខ និង​យក​ឯកសារ​សម្គាល់​ខ្លួន ទៅ​បង្កើត​គណនី​ធនាគារ​ក្លែងក្លាយ ឬ​ដែល​ហៅ​ថា «បញ្ជី​សេះ» ដោយ​ក្រុម​ឧក្រិដ្ឋជន បាន​យក​គណនី​នេះ ទៅ​ប្រើប្រាស់​សម្រាប់​ផ្ទេរ​ប្រាក់ ដែល​ឆបោក​បាន​ពី​ជនរងគ្រោះ រហូត​មាន​ទឹកប្រាក់​នៅ​ក្នុង​គណនី​ជាង ១ម៉ឺន ២ពាន់​ដុល្លារ។

ស្ត្រី​រងគ្រោះ៖«ពេល​ត្រឡប់​មក​វិញ មាន​ដីកា​កោះហៅ និង​រឿងក្ដី​ជាច្រើន​ជាប់​មក​ជាមួយ។ មាន​ដី​កោះហៅ​ច្រើន​ណាស់ ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ មាន​ដីកា​កោះហៅ​ចំនួន ៣ទៅ៤ ហើយ​ប្ដី​របស់​ខ្ញុំ​ក៏​ទទួល​បាន​មួយ​ដែរ ហើយ​នៅ​មាន​ដីកា​កោះហៅ​ដែល​មិនទាន់​មក​ដល់​ជា​ច្រើន​ទៀត។ ពេល​នោះ​បញ្ជី​ធនាគារ​របស់​ខ្ញុំ ប្រើ​ការ​លែង​បាន​ទៀត​ហើយ សូម្បី​លុយ​ទុក​សម្រាប់​ផ្គត់ផ្គង់​កូន ក៏​មិន​អាច​ដក​បាន​ដែរ ហើយ​ខ្ញុំ​ក៏​មិន​មាន​លុយ​ទិញ​បាយ​ហូប​ឡើយ ហើយ​ត្រូវ​ដើរ​រឿង​ក្ដី​នៅ​តុលាការ​ថែមទៀត។ ពេល​ខ្លះ​ខ្ញុំ​ធ្លាប់​គិត​ខ្លី​ដែរ ព្រោះ​គ្មាន​មធ្យោបាយ​ដោះស្រាយ។ បាន​រួចផុត​ពី​សេចក្ដី​ស្លាប់​មក​ហើយ ប៉ុន្តែ​មក​ជួប​រឿង​ក្ដី​នេះ​ទៀត»។

ប្រភព​ខាង​លើ​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន បាន​ស្កេន​មុខ​ពួក​គេ ដើម្បី​បង្កើត​គណនី​ធនាគារ​ខុស​ច្បាប់ ក្នុង​អាគារ​ជា​ច្រើន​កន្លែង ដែល​មាន​ទីតាំង និង​អ្នក​គ្រប់គ្រង ឬ​ដែល​ឧក្រិដ្ឋជន​ហៅ​ថា មេ (boss) ផ្សេងៗ គ្នា។ ជន​រងគ្រោះ​បញ្ជាក់​ថា មេខ្លោង​របស់​ក្រុម​ឆបោក​ទាំង​នោះ មាន​ទាំង​ជនជាតិ​ចិន និង​ជនជាតិ​ថៃ ដែល​ពួកគេ​មាន​ខ្សែ​បណ្ដាញ​ទាំង​នៅ​កម្ពុជា និង​ថៃ ដោយ​មាន​អ្នក​ល្បួង​ជន​រងគ្រោះ​ទៅ​ធ្វើការ អ្នក​នាំ​ឆ្លងដែន និង​អ្នក​ដឹកជញ្ជូន​ទៅ​កាន់​អាគារ។

ចំណែក​ពលរដ្ឋ ដែល​បាន​ឃ្លាំមើល​ហេតុការណ៍​នៅ​កាស៊ីណូ អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ថ្មីៗ នេះ បុគ្គលិក​នៅ​ក្នុង​អាគារ ២៥ជាន់ និង ១៨ជាន់ នៅ​កាស៊ីណូ ក្រោន មួយ​ចំនួន ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​បិទ​កញ្ចក់​ខ្មៅ ទៅ​កាន់​អាគារ​ឆបោក​មួយ​កន្លែង​ទៀត នៅ​ក្នុង​តំបន់​កាស៊ីណូ ស្តាហ្គោល (STAR GOLD) និង​ខ្លះ​ទៀត ត្រូវ​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​អាគារ​នៅ​តំបន់​អភិវឌ្ឍ​ដី​ឡូត៍ និង​ផ្ទះ​ល្វែង​មួយ​កន្លែង​ឈ្មោះ «ឧទ្យាន ឈួ វិចិត្រ សានកូ (CHOU VICHET SANCO) ក្នុង​ក្រុង​ប៉ោយប៉ែត។ ប្រភព​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ត្រូវ​គេ​ចាប់​ឃុំឃាំង​មួយ​ចំនួន ត្រូវ​គេ​បញ្ជូន​បន្ត ទៅ​អាគារ​ផ្សេង​ទៀត នៅ​តាម​ខេត្ត​ជាប់​ព្រំដែន មាន​ដូចជា ច្រក​អន្តរជាតិ​អូរស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​នៅ​ក្រុង​បាវិត ក្នុង​ខេត្ត​ស្វាយរៀង។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែក​ឯ​បុគ្គលិក​ជា​ជនជាតិ​ថៃ​វិញ ពួក​គេ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​រៀបចំ​ឧបាយ ឱ្យ​បន្លំ​ខ្លួន​ជា​ប៉ូលិស ឬ​ភ្នាក់ងារ​ធនាគារ ដើម្បី​ឆបោក​ពលរដ្ឋ​ថៃ​ដូច​គ្នា។ ក្នុង​ចំណោម​ប្រតិបត្តិការ​តាម​អនឡាញ​ទាំង​នោះ មាន​មួយ​ចំនួន គឺ​ជា​អ្នក​ចាញ់បោក និង​បង្ខំ​ឱ្យ​ធ្វើការ ប៉ុន្តែ​ខ្លះ​ទៀត គឺ​ស្ម័គ្រចិត្ត​ធ្វើ​ការងារ ដោយ​ពេញចិត្ត​ប្រាក់ខែ​ខ្ពស់ ឬ​បាន​ភាគរយ​ពី​ថៅកែ។ រីឯ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ឆបោក​នោះ ក្រុម​ឧក្រិដ្ឋជន​បាន​បញ្ជូន​ទៅ​ក្នុង​គណនី​ធនាគារ​ខុស​ច្បាប់​ផ្សេងៗ គ្នា មុន​នឹង​ផ្ទេរ​ទៅ​កាន់​ទីតាំង​លាង​លុយ​កខ្វក់ មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​គេ​បំប្លែង​ទៅ​ជា​រូបិយប័ណ្ណ​ឌីជីថល ឬ​គ្រីបតូ (Crypto) និង​បែងចែក​ភាគរយ​ឱ្យ​ទៅ​អ្នក​ចូលរួម​ឆបោក​ចន្លោះ​ពី ៥ ទៅ ៦ភាគរយ។

កាលពី​ថ្ងៃទី៣ ខែ​កុម្ភៈ ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​របស់​ថៃ បាន​ចាប់​ខ្លួន​ជន​សង្ស័យ ២នាក់ ពី​បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​លាង​លុយ​កខ្វក់។ អាជ្ញាធរ​ថៃ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជន​សង្ស័យ​បាន​សារភាព​ថា ពួក​គេ​បាន​ក្លែង​បន្លំ​អត្តសញ្ញាណ​ជា​មន្ត្រី​ប៉ូលិស និង​ឆបោក​ជន​រងគ្រោះ​ជា​ប្រព័ន្ធ​ចំនួន ១៦៣ករណី ដែល​មាន​ទឹកប្រាក់​សរុប​ជាង ១០ម៉ឺន​ដុល្លារ។ ពួក​គេ​សារភាព​ទៀត​ថា មូលហេតុ​ដែល​ថៅកែ​ចិន បញ្ជូន​ពួក​គេ​ត្រឡប់​មក​ថៃ​វិញ គឺ​ដោយសារ​ពួក​គេ​មាន​ជំងឺ និង​ធ្វើការ​លែង​កើត ដោយ​ថៅកែ​បាន​ផ្ដល់​ប្រាក់ ដែល​បាន​មក​ពី​ការ​ឆបោក​មួយ​ចំនួន​ទៀត ដល់​ពួក​គេ។ ជន​សង្ស័យ​អះអាង​ថា ពួក​គេ​ត្រូវ​ថៅកែ​ជនជាតិ​ចិន​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក ប៉ុន្តែ​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ពួក​គេ​ពេញចិត្ត​នឹង​ការងារ​ឆបោក​តាម​អនឡាញ​នេះ។

ងាក​មក​ក្នុង​កាស៊ីណូ​វិញ ស្ត្រី​ធ្វើការ​ក្នុង​អាគារ ២៥ជាន់ ក្នុង​កាស៊ីណូ ក្រោន ដែល​នៅ​ក្បែរ​អាគារ ១៨ជាន់ ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​អះអាង​ថា នៅ​ក្នុង​អាគារ​ទាំង ២ នេះ មាន​បុគ្គលិក​ចម្រុះ​ជាតិសាសន៍ ដូចជា ថៃ (Thai) ឥណ្ឌូណេស៊ី (Indonesia) ចិន (China) ឥណ្ឌា (India) និង​នេប៉ាល់ (Nepal) ជា​ដើម។ កញ្ញា​បញ្ជាក់​ថា ថៅកែ​ជនជាតិ​ចិន បាន​ធ្វើ​ទារុណកម្ម​មក​លើ​បុគ្គលិក នៅ​ពេល​ដែល​ពួក​គេ​មិន​អាច​ឆបោក ឬ​អូសទាញ​ជន​រងគ្រោះ​ឱ្យ​មក​លេង​ល្បែង​ភ្នាល់​តាម​អនឡាញ​បាន ដូចជា បង្អត់​អាហារ វាយ ឬ​ឆក់​នឹង​ដំបង​អគ្គិសនី បង្ខំ​ឱ្យ​ទទួលទាន​ផ្លែ​ម្ទេស និង​ផ្លែ​ម្រះ​ជា​ដើម។

ប្រភព​ដដែល​អះអាង​ទៀត​ថា នៅ​ពេល​មាន​បុគ្គលិក​ណា​ម្នាក់ សុំ​លា​ឈប់​ពី​ការងារ ពួក​គេ​ត្រូវ​ថៅកែ​ប្រាប់​ឱ្យ​ធ្វើការ​បន្ត​រយៈ​ពេល ៦ខែ​ទៀត ប៉ុន្តែ​ក្រោយ​ការ​កំណត់ ៦ខែ ពួក​គេ​នៅ​តែ​មិន​អាច​សុំ​លា​ឈប់​បាន ដោយសារ​ថៅកែ​តម្រូវ​ឱ្យ​ពួក​គេ រក​ប្រាក់​ធានា​ខ្លួន​ចំនួន​ជិត ១ម៉ឺន​ដុល្លារ​បន្ថែម។ ប្រភព​បន្ត​ថា នៅ​ពេល​បុគ្គលិក​នោះ រក​ប្រាក់​ធានា​បាន​គ្រប់​ចំនួន​ហើយ​នោះ ថៅកែ​នៅ​តែ​មិន​អនុញ្ញាត​ដដែល និង​បាន​ប្ដូរ​កន្លែង​ធ្វើការ​របស់​ពួកគេ​ទៅ​កន្លែង​ផ្សេង​ទៅ​វិញ។

ប្រការ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​មួយ​ចំនួន ទទួល​រង​សម្ពាធ​ផ្លូវចិត្ត រហូត​មាន​អ្នក​ខ្លះ រក​វិធី​រត់​ចេញ ដោយ​ទម្លាក់​ខ្លួន​តាម​ខ្សែ ខ្លះ​ប្រថុយ​ជីវិត​ លោត​ពី​លើ​អាគារ និង​ផ្លោះ​របង​បន្លា​លួស ដែល​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី។ ក៏ប៉ុន្តែ​ភាគ​ច្រើន វាសនា​របស់​អ្នក​លួច​រត់ បាន​ធ្លាក់​ស្លាប់ និង​ឆក់​ខ្សែភ្លើង​ស្លាប់ និង​ខ្លះ​ទៀត ត្រូវ​សន្តិសុខ​របស់​ក្រុមហ៊ុន​ចាប់​ខ្លួន​បាន និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។

ជា​ឧទាហរណ៍ កាល​ពី​ថ្ងៃទី៨ ខែមករា មាន​ជនជាតិ​ថៃ​ម្នាក់ បាន​ធ្លាក់​ពី​ជាន់​ទី១៤ នៃ​អាគារ ហ្គោលឌិន នេះ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ។ ក្រោយ​កើត​ហេតុ​នោះ អាជ្ញាធរ​កម្ពុជា​បាន​ដឹក​សាកសព​យក​ទៅ​រក្សា​ទុក​ភ្លាមៗ ខណៈ​សន្តិសុខ​នៅ​កាស៊ីណូ​នោះ បាន​ចាប់​យក​ទូរស័ព្ទ​អ្នក​សារព័ត៌មាន និង​បង្ខំ​ឱ្យ​លុប​វីដេអូ និង​រូបភាព​ចោល​ទាំងអស់។ ទោះជា​យ៉ាងណា ប៉ូលិស​ស៊ើបអង្កេត​ថៃ រក​ឃើញ​ថា អ្នក​ដែល​ធ្លាក់​ពី​លើ​អាគារ​នោះ គឺជា​ជន​រងគ្រោះ ដែល​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន បង្ខំ​ឱ្យ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ ឬ​ហៅ​ទូរស័ព្ទ​ឆ្លង​ប្រទេស (Call Center)។

ដោយឡែក កាលពី​ថ្ងៃទី១ ខែ​កុម្ភៈ មាន​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ធ្លាក់​ពី​លើ​អាគារ​កាស៊ីណូ ក្រោន (Crown Casino) នៅ​ប៉ោយប៉ែត បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង។ ក្នុង​ករណី​នេះ អាជ្ញាធរ​អះអាង​ថា គឺ​បណ្ដាល​មក​ពី​ជន​រងគ្រោះ​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​អ្នក​រួម​ការងារ ដែល​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ដូចគ្នា​ចំនួន ៥នាក់​ទៀត និង​បង្ក​ទៅ​ជា​អំពើ​ហិង្សា ហើយ​ជន​រងគ្រោះ​បាន​រត់​គេច​ខ្លួន​តាម​បង្អួច​ជាន់​ទី៣ ទើប​បណ្ដាល​ឱ្យ​ធ្លាក់​ស្លាប់។

ទោះជា​បែបនេះ​ក្ដី បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​ក្រោន អះអាង​ថា ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង​នោះ គឺ​ជា​អ្នក​ធ្វើការ​ផ្នែក​វ៉េបសាយ​បនល្បែង​តាម​អនឡាញ​ខុស​ច្បាប់ ខណៈ​អាជ្ញាធរ ដែល​បាន​ចូល​ទៅ​ត្រួត​ពិនិត្យ​ទីតាំង​កើត​ហេតុ​នៅ​ក្នុង​កាស៊ីណូ​នោះ មិន​បាន​ពិនិត្យ​លើ​ករណី​ឆបោក​នេះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក កុក អាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែកុម្ភៈ។ ចំណែក​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក្ដី កាល​ពី​ពេល​កន្លង​មក ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មិន​បាន​ដឹង​ពី​ករណី​ឆបោក​តាម​អនឡាញ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ឡើយ ទោះ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់(Thaksin Shinawatra) បាន​ចង្អុល​បង្ហាញ​ថា អាគារ ២៥ជាន់ នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ក្រោន គឺ​ជា​ទីតាំង​ឆបោក​តាម​អនឡាញ។

អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត កត់សម្គាល់​ឃើញ​ថា មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត តែងតែ​កំណត់​យក​ប្រទេស ដែល​មាន​នីតិរដ្ឋ​ខ្សោយ និង​សម្បូរ​អំពើពុករលួយ សម្រាប់​ធ្វើជា​ទីតាំង​ប្រតិបត្តិការ​ឆបោក។ ទោះជា​យ៉ាងណា លោក អ៊ិន គង់ជិត ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ស៊ើបអង្កេត​រឿង​នេះ ដើម្បី​លាង​ជម្រះ​ការ​ចោទប្រកាន់​របស់​បរទេស ជាពិសេស​គឺ​ប្រទេស​ថៃ។

លោក អ៊ិន គង់ជិត៖«ការ​បើក​ការ​ស៊ើបអង្កេត ឬ​ការ​បង្ក្រាប​ផ្សេងៗ គួរតែ​ធ្វើឡើង​ដោយ​ស្ងប់ស្ងាត់ និង​ត្រជាក់ ដើម្បី​ស្រាវជ្រាវ​រក​មុខសញ្ញា​ឱ្យ​ឃើញ ហើយ​ការ​បង្ក្រាប​ហ្នឹង​ ប្រសិនបើ​ទទួល​បាន​ជោគជ័យ នឹង​ស្ដារ​មុខមាត់​ដល់​រដ្ឋាភិបាល និង​ប្រទេសជាតិ​យើង និង​ធ្វើ​ឱ្យ​ប្រទេស​គេ​ផ្សេង​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​យើង»។

ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​នេះ អាជ្ញាធរ​ថៃ​បាន​បង្កើត​ប្រតិបត្តិការ​ពិសេស​មួយ ដែល​មាន​ឈ្មោះ​ថា «ការ​បំផ្ទុះ​ស្ពាន​ឧក្រិដ្ឋជន» ដោយ​បាន​ដាក់​ពង្រាយ​ទាហាន​ដើរ​ល្បាត​តឹងរ៉ឹង​ជាង​មុន ពង្រាយ​របង​ខ្សែ​បន្លា​លួស បិទ​ច្រក​ឆ្លងដែន​ខុសច្បាប់ កាត់​ផ្ដាច់​បង្គោល​ខ្សែ​បណ្ដាញ ដែល​តភ្ជាប់​ចេញ​ពី​ក្រុង​ប៉ោយប៉ែត ចូល​មក​ទឹកដី​ថៃ និង​ត្រួតពិនិត្យ​គណនី​ធនាគារ និង​ជនបរទេស​ដែល​ឆ្លងដែន​ចូល​មក​ទឹកដី​ថៃ។

អត្ថបទដែលទាក់ទង៖

អាជ្ញាធរ​ថៃ​ផ្ដាច់​បណ្ដាញ​អ៊ីនធឹណិត និង​សេវា​ទូរស័ព្ទ ដែលភ្ជាប់​ទៅ​ក្រុង​ប៉ោយប៉ែត ដើម្បីឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

ថៃដាក់ឈ្មោះក្រុងប៉ោយប៉ែត​ថា ជា​អាណាចក្រឆបោកតាមអនឡាញ ក្រោយ​រកឃើញទីតាំងអាគារបង្ខាំង​មនុស្ស​ជា​ច្រើន​កន្លែង

ប៉ូលិស​ថៃ​បំផ្លាញបង្គោល​អង់តែន​ដែល​តភ្ជាប់​ចេញពីអាគារឆបោក​តាម​អនឡាញ​មួយ​កន្លែង​ នៅ​ប៉ោយប៉ែត

ចំណែក​នៅ​ប៉ែក​ខាង​ប្រទេស មីយ៉ាន់ម៉ា(Myanmar) វិញ រដ្ឋាភិបាល​ថៃ បាន​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី សេវា​អ៊ីនធឹណិត និង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ នៅ​ក្នុង​តំបន់​មួយ​ចំនួន នៃ​ទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ដែល​គេ​ចោទ​ថា ជា​ទីតាំង​របស់​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត ខណៈ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paethongthan Shinawatra) បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចិន ជួយ​បង្ក្រាប​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ទឹកដីមីយ៉ាន់ម៉ា នេះ​ផង​ដែរ។

ក៏ប៉ុន្តែ វិធានការ​នេះ មិន​អាច​បញ្ឈប់​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឹណិត នៅ​ក្នុង​ទឹកដី មីយ៉ាន់ម៉ា បាន​ឡើយ ដោយ​អាគារ​មួយ​ចំនួន​បាន​ដំឡើង​ម៉ាស៊ីន​ភ្លើង និង​ខ្លះ​ទៀត បាន​ត​បណ្ដាញ​អគ្គិសនី​ពី​ប្រទេស​ឡាវ និង​បើក​ដំណើរការ​ជា​ធម្មតា។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ថៃ រក​ឃើញ​ថា ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ជាច្រើន​នាក់ បាន​ផ្លាស់ប្ដូរ​ទីតាំង​ឆបោក ចូល​មក​ក្នុង​ទឹកដី​ថៃ និង​កម្ពុជា។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ កំពុង​ពិចារណា​លើក​វិធានការ​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី ទឹក​ស្អាត និង​សេវា​អ៊ីនធឹណិត ក្នុង​ក្រុងប៉ោយប៉ែត ដូច​នៅ​ទីក្រុង មីយ៉ាវ៉ាឌី ដែរ ប្រសិនបើ​ក្រុម​ឧក្រិដ្ឋកម្ម​មួយ​នេះ នៅតែ​បង្ក​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ក្នុង​សង្គម និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។