ប្រវត្តិ​និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល

ឆ្នាំ​ចាស់​បាន​កន្លង​ផុត​ទៅ ឆ្នាំ​ថ្មី​មួយ​ទៀត​ឈាន​ចូល​មក​ដល់។ ពិធី​បុណ្យ​ចូល​ឆ្នាំ​សាកល​គឺ​ជា​ប្រពៃណី​ដ៏​ចំណាស់​ជាង​ពិធី​បុណ្យ​នានា​នៃ​ប្រទេស​លោក​ខាង​លិច​ក្នុង​ទ្វីប​អឺរ៉ុប​នា​យុគសម័យ​បុរាណ។
ដោយ កេសរណ្ណីយ្យា
2013.01.01
កាំជ្រួច ឆ្នាំ​ថ្មី ៣០៥ ការ​បាញ់​កាំជ្រួច​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០១២ នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១ នៅ​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ។
RFA/Mom Sophon

ពិធីបុណ្យ​នេះ​បាន​ជះ​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅ​លើ​ប្រទេស​នានា​នៃ​ទ្វីប​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ដែល​ទោះ​បី​ជា​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្តី ក៏​តែង​និយម​នាំ​គ្នា​ប្រារព្ធ​ទិវា​បុណ្យ​ចូល​ឆ្នាំ​សាកល​នេះ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។

ការ​ប្រារព្ធ​ទិវា​បុណ្យ​ចូល​ឆ្នាំ​សាកល ឯកសារ​ខ្លះ​បញ្ជាក់​ថា បាន​ចាប់​ផ្ដើម​ជា​ដំបូង​បង្អស់​កាល​ពី​ប្រមាណ ៤​ពាន់​ឆ្នាំ​មុន ដោយ​កំណត់​តាម​ប្រតិទិន​ចន្ទគតិ ឬ​ដំណើរ​គោចរ​នៃ​ព្រះចន្ទ ដូច​ជា​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ខ្មែរ​ដែរ។

ប៉ុន្តែ​ការ​កំណត់​យក​ថ្ងៃ​ទី​១ នៃ​ខែ​មករា តាម​ប្រតិទិន​សុរិយគតិ ឬ​ដំណើរ​គោចរ​នៃ​ព្រះអាទិត្យ ជា​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល គឺ​ចាប់​ផ្ដើម​ក្នុង​អំឡុង​ឆ្នាំ​៤៦ មុន​គ្រិស្ត​សករាជ ដោយ​ព្រះ​ចៅ​អធិរាជ​មួយ​អង្គ​នៃ​ចក្រភព​រ៉ូម៉ាំង។

មក​ដល់​បច្ចុប្បន្ន ទិវា​បុណ្យ​ចូល​ឆ្នាំ​សាកល គឺ​ជា​វេលា​ឈប់​សម្រាក​ការងារ​ជួប​ជុំ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទទួល​ទាន​អាហារ​រួម​គ្នា និង​ការ​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ភាសា​អង់គ្លេស​ហៅ​ថា ហ្គីវ្ទ (Gift)។

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់​នៅ​រដ្ឋ​ញីវយ៉ក សហរដ្ឋ​អាមេរិក លោក សេង សុផាណា រៀប​រាប់​ថា ប្រពៃណី​ក្នុង​ការ​ទិញ​របស់​ផ្សេងៗ​ជូន​ដល់​ម្ដាយ​ឪពុក បង​ប្អូន​កូន​ចៅ និង​ញាតិ​មិត្ត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សាកល ដែល​ភ្ជាប់​ជាមួយ​នឹង​បុណ្យ​គ្រិស្តម៉ាស់៖ «ជា​ការ​ចាំបាច់​ហើយ​នៅ​ស្រុក​នេះ ជា​ទម្លាប់​អាមេរិកាំង ហើយ​យើង​មាន​បង​ប្អូន ជា​ពិសេស​កូន​តូចៗ យើង​ដាច់ខាត​ត្រូវ​តែ​ធ្វើ។ ទាំង​ខ្ញុំ ទាំង​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់​ដែល​នៅ​ក្នុង​នេះ ពី​មុន​មួយ​អាទិត្យ​ទៅ គេ​ចាប់​ផ្ដើម​ទិញ​ហ្គីវ្ទ (អំណោយ) ទុក​រួច​ហើយ​ស្រេច​ទៅ​ហើយ ដើម្បី​ដល់​ពេល​បង​ប្អូន​មក​ជួបជុំ​គ្នា​ទៅ យើង​ជូន​គេ​ទៅ។ អ្នក​ខ្លះ​គេ​ឱ្យ​តែម្ដង គេ​ឱ្យ​ទាំង​គ្រិស្តម៉ាស់ ហ្គីវ្ទ ទាំង​ញីវយា ហ្គីវ្ទ…»

ទាក់ទង​នឹង​ការ​ជូន​របស់​របរ​ដល់​ញាតិ​មិត្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ដែល​ខ្មែរ​យើង​និយម​ហៅ​តាម​ភាសា​បារាំង​ថា «កាដូ» ឯកសារ​ខ្លះ​កត់​ត្រា​ថា គឺ​មាន​តាំង​ពី​សម័យ​បុរេប្រវត្តិ (Pre-historic Area) ហើយ​ក៏​នៅ​ពេញ​និយម​រហូត​មក​ដល់​សព្វថ្ងៃ​នេះ នៅ​តាម​ប្រទេស​នានា​លើ​ពិភពលោក។

ប្រពៃណី​ពិសេស​មួយ​ទៀត​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ គឺ​ការ​ជួប​ជុំ​គ្នា​នា​រាត្រី​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។ ១0 វិនាទី មុន​ម៉ោង ១២ ពាក់​កណ្ដាល​អធ្រាត្រ គេ​ចាប់​ផ្ដើម​ស្រែក​ព្រមៗ​គ្នា ដោយ​រាប់​ថយ​រហូត​ដល់​ទ្រនិច​នាឡិកា​ដើរ​ដល់​ម៉ោង ១២ គត់ គេ​ក៏​ចាប់​ផ្ដើម​បាញ់​កាំជ្រួច ជះ​ពន្លឺ​ព្រោងព្រាយ​ចម្រុះ​ពណ៌​គួរ​ឱ្យ​គយគន់ និង​លាន់​សូរ​កង​រំពង​ទៅ​លើ​អាកាស លាយ​ឡំ​នឹង​សំឡេង​ស្រែក​អបអរ​សាទរ​ស្វាគមន៍​ឆ្នាំ​ថ្មី​ពី​មនុស្ស​ម្នា​ដែល​ចូល​រួម​នា​ឱកាស​នោះ។

នៅ​សហរដ្ឋអាមេរិក ពិធី​ជួបជុំ​គ្នា​នា​រាត្រី​ចុង​ក្រោយ​នៃ​ឆ្នាំ​ចាស់ ដើម្បី​ទទួល​ស្វាគមន៍​ឆ្នាំ​សាកល​ដែល​ល្បី​ជាង​គេ គឺ​នៅ​ទីក្រុង​ញីវយ៉ក។ អ្វី​ដែល​ពិសេស​នោះ គឺ​ប្រពៃណី​ទម្លាក់ «បាល់​ជូនពរ» (Wishing Ball) ធ្វើ​អំពី​គ្រីស្តាល់ ដែល​គេ​ចុច​គន្លឹះ​យន្ត​ទម្លាក់​យឺតៗ នៅ​វេលា​ពាក់​កណ្ដាល​អធ្រាត្រ នៅ​ទីលាន «ថែមស្គ្វែរ» (Times Square) ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី។ បាល់​គ្រីស្តាល់​នេះ មាន​ចារ​សព្ទសាធុការពរ​ដែល​មនុស្ស​ពី​ទី​ផ្សេងៗ​បាន​សរសេរ​ទៅ​កាន់​អ្នក​ជា​ទី​ស្រឡាញ់​របស់​គេ ព្រម​ទាំង​ក្ដី​សង្ឃឹម បំណង​ប្រាថ្នា និង​ការ​តាំង​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី។

បំណង​ប្រាថ្នា និង​ការ​តាំង​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​ទៀត​នៃ​ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​សកល។

យុវជន​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀមរាប យល់​ថា ការ​តាំង​ចិត្ត​កំណត់​ទិសដៅ​ជាក់លាក់​ក្នុង​កិច្ច​ការងារ​ជា​ប្រយោជន៍​អ្វី​មួយ គឺ​ជា​ប្រការ​ល្អ​ប្រសើរ​សម្រាប់​ជីវិត​ផ្ទាល់​នៃ​បុគ្គល​ម្នាក់ៗ ដែល​ក៏​នឹង​ជួយ​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល៖ «ខ្ញុំ​បាទ​ឈ្មោះ នៅ ចៅស្រេង ខ្ញុំ​សព្វថ្ងៃ​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​អគ្គិសនី និង​អេឡិចត្រូនិក។ ក្នុង​ការ​ផ្លាស់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី ជា​បំណង​ចង់​បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ឱ្យ​បាន​កម្រិត​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់»

ពិធី​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​នេះ គេ​តែង​រៀបចំ​ធ្វើ​នៅ​ទីតាំង​សំខាន់ៗ ជា​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​តំណាង​នៃ​ប្រទេស ឬ​ទីក្រុង​នីមួយៗ។

នៅ​ប្រទេស​អ៊ីតាលី មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​តែង​មក​ប្រជុំ​គ្នា​នៅ​ទីក្រុង​រ៉ូម (Rome) អតីត​រាជធានី​នៃ​ចក្រភព​រ៉ូម៉ាំង និង​ជា​ប្រភព​ដើម​កំណើត​នៃ​ទិវា​ឆ្នាំ​ថ្មី ឆ្នាំ​សាកល។ នា​ឱកាស​នោះ តែង​មាន​រៀបចំ​ពិធី​ដើរ​ក្បួន​ព្យុហយាត្រា និង​ក្រុម​តន្ត្រី​បុរាណ បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​អ៊ីតាលី។

ការ​បរិភោគ​អាហារ​ល្ងាច​ជុំ​គ្នា​ជាមួយ​ម្ដាយ​ឪពុក និង​បង​ប្អូន​មិត្តភ័ក្ដិ​នា​រាត្រី​ឆ្លង​ឆ្នាំ​ឈាន​ចូល​ឆ្នាំ​ថ្មី គឺ​ប្រពៃណី​មួយ​នៃ​ជនជាតិ​អ៊ីតាលី ក្នុង​នោះ​មាន​អាហារ​ពិសេស​ម្យ៉ាង​ដែល​គេ​រម្ងាស់​គ្រាប់​សណ្ដែក​ជាមួយ​និង​បន្លែ​ផ្សេងៗ។ អាហារ​ពិសេស​នេះ គេ​ទុក​ទទួល​ទាន​នៅ​វេលា​ម៉ោង ១២ ពាក់​កណ្តាល​អធ្រាត្រ។ នៅ​ពេល​ស្នូរ​ជួង ឬ​អន្លូង​នាឡិកា​វាយ​ម្ដង គេ​ទទួល​ទាន​សម្ល​ពិសេស​នេះ​មួយ​ស្លាបព្រា ដរាប​ដល់​ឆ្លង​ផុត​ឆ្នាំ​ចាស់ ដែល​គេ​ជឿ​ថា នឹង​នាំ​មក​នូវ​សិរីសួស្តី ជ័យមង្គល ក្នុង​ឆ្នាំ​ថ្មី។

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ប្រជាពលរដ្ឋ​តែង​យក​ឱកាស​ចូល​ឆ្នាំ​សាកល​នេះ ជួប​ជុំ​គ្រួសារ ញាតិមិត្ត​បង​ប្អូន ទទួល​ទាន​អាហារ និង​ជូន​កាដូ​គ្នា​ទៅ​តាម​ធនធាន​រៀងៗ​ខ្លួន៖ «ខ្ញុំ​ឈ្មោះ ពិន ណារិន ខាង​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​វ័យ​ក្មេង​នៅ​កម្ពុជា។ ធម្មតា​ចូល​ឆ្នាំ​គ្រាន់​ជួប​ជុំ​គ្នា​ញ៉ាំ​អី​តិចតួច និង​ជួប​ជុំ​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ»

ចំណែក​យុវជន-​យុវតី​ខ្មែរ​ខ្លះ​ទៀត ក៏​បាន​យក​ឱកាស​ទិវា​ចូល​ឆ្នាំ​សាកល​នេះ​ជា​ការ​បង្ហាញ​នូវ​ទឹក​ចិត្ត​ដឹង​គុណ​ចំពោះ​លោក​ឪពុក​អ្នក​ម្ដាយ៖ «ខ្ញុំ​ឈ្មោះ ភីរម្យ ពី​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ការ​នៅ​រោងចក្រ​ទឹក​កក។ ឆ្នាំ​នេះ​ខ្ញុំ​បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជូន​ពួកគាត់ សង​គុណ​ដែល​គាត់​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ពួក​ខ្ញុំ ផ្ដល់​ឱកាស​ឱ្យ​បាន​រៀន​សូត្រ​រហូត​ដល់​ចប់​រៀងៗ​ខ្លួន។ ខ្ញុំ​ឈ្មោះ ឃាង សុខហៃ ជា​និស្សិត​រៀន​ខាង​ផ្នែក Business and Management (ជំនួញ និង​ការ​គ្រប់គ្រង)។ ដល់​ថ្ងៃ​ហ្នឹង មាន​ការ​ជួប​ជុំ​គ្នា មាន​ការ​ជូនពរ​ដល់​ឪពុក​ម៉ែ​ខ្ញុំ​ឱ្យ​គាត់​មាន​អាយុ​វែង មាន​សុខភាព​ល្អ ខ្ញុំ​ក៏​ធ្វើ​ការ​បាន​ប្រាក់​កម្រៃ​ខ្លះៗ ខ្ញុំ​នឹង​ទិញ​សំលៀក​បំពាក់​ជូន​ពួក​គាត់ ឱ្យ​គាត់​សប្បាយ​ចិត្ត និង​ភ្ញាក់ផ្អើល​ផង…»

ដូចជា​ប្រពៃណី​ឆ្នាំ​ថ្មី​របស់​ខ្មែរ ឬ​ក៏​ជាតិ​សាសន៍​ផ្សេង​ទៀត​ដែរ ការ​ជូន​ពរ​សព្ទសាធុការ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ផ្នែក​មួយ​ទៀត​នៃ​ប្រពៃណី​បុណ្យ​ចូល​ឆ្នាំ​សកល។

បទចម្រៀង «អូល ឡាង ស្ហាន-Auld Lang Syne» មាន​ន័យ​ថា៖ «លា​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី» ដែល​ពលរដ្ឋ​នៃ​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ស្ទើរ​ទាំង​អស់​នៅ​លើ​ពិភពលោក តែង​និយម​នាំ​គ្នា​ច្រៀង​បន្ទរ​នា​ឱកាស​រាត្រី​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី។

ពិធី​ស្វាគមន៍​ឆ្នាំ​សាកល​ឆ្នាំ​ថ្មី​២០១៣ នេះ មាន​លក្ខណៈ​ពិសេស​ជា​ប្រវត្តិសាស្ត្រ ដោយ​ពិភពលោក​បាន​ឆ្លង​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការ​ទស្សន៍ទាយ​របស់​ប្រតិទិន​ដ៏​ចំណាស់​មួយ ឈ្មោះ «ម៉ាយ៉ា» ដែល​គេ​ជឿ​ថា ភព​ផែនដី​យើង​នេះ​នឹង​វិនាស​សាបសូន្យ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។