អង្គការ៤គ្រោងធ្វើសិក្ខាសាលាស្ដីអំពីហិរញ្ញវត្ថុនយោបាយ
2013.02.17
ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោតនេះ ជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ កាន់តែសុក្រឹត និងមានតម្លាភាពសម្រាប់គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងទាំងអស់។
អង្គការសង្គមស៊ីវិលចំនួន ៤ គ្រោងនឹងធ្វើសិក្ខាសាលានៅចុងខែកុម្ភៈ និងនៅដើមខែមីនា ខាងមុខ ស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោត មានម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រចូលរួម ដែលគេធ្វើឡើងនៅខែត្រព្រះសីហនុ និងនៅខែត្រតាកែវ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅថា និចហ្វិក (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១៧ កុម្ភៈ ថា ការរៀបចំសិក្ខាសាលាស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោតនេះ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងអ្នកនយោបាយ ពីព្រោះថា សេចក្ដីពា្រងច្បាប់នេះមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយអំពើពុករលួយ និងការប្រើប្រាស់ថវិការបស់គណបក្សនយោបាយដែលគ្មានប្រភពចំណូលច្បាស់លាស់។
អង្គការចំនួន ៤ សហការគ្នា គ្រោងនឹងធ្វើសិក្ខាសាលាស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោត រួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា អង្គការ ដ្រាក និងសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យសង្គម។
សិក្ខាសាលានេះនឹងធ្វើឡើងនៅខែត្រតាកែវ នៅថ្ងៃទី២៦ កុម្ភៈ និងនៅខែត្រព្រះសីហនុ នៅថ្ងៃទី៤ មីនា ឆ្នាំ២០១៣។
លោកបណ្ឌិត ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា សេចក្ដីព្រាងច្បាប់នេះ នឹងបញ្ជូនទៅរដ្ឋាភិបាលដើម្បីសុំការគាំទ្រពីរដ្ឋាភិបាល ដើម្បីផ្ញើទៅសភាអនុម័ត។ មួយវិញទៀត អង្គការសង្គមស៊ីវិលក៏ស្វែងរកការគាំទ្រពីសភាដោយផ្ទាល់ដែរ ដើម្បីធ្វើយ៉ាងណាឲ្យសភាទទួលយក និងអនុម័តច្បាប់នេះនៅមុនពេលបោះឆ្នោតឆ្នំា២០១៣។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានគាំទ្រចំពោះសេចក្ដីព្រាងច្បាប់នេះ។ ដោយលោកបានលើកហេតុផលថា ច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយឃោសនាបោះឆ្នោតនេះ មានសារសំខាន់ណាស់ក្នុងការធានាដល់លទ្ធផលបោះឆ្នោត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយកំណត់ត្រាសង្ខេបរបស់ខ្លួនកាលពីសប្ដាហ៍មុន ស្ដីពីកំណែទម្រង់នយោបាយ និងប្រព័ន្ធបោះឆ្នោតសម្រាប់កម្ពុជា។ នៅក្នុងកំណត់ត្រានេះ ក៏បានសរសេរអំពីគម្លាតខុសគ្នារវាងគណបក្សកាន់អំណាច និងគណបក្សដទៃទៀតក្នុងការប្រើប្រាស់ថវិកានៅពេលឃោសនាបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា បានចំណាយលុយច្រើនលើសលុបនៅក្នុងពេលយុទ្ធនាការបោះឆ្នោត។
អង្គការខុមហ្វ្រែល បានរកឃើញថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១២ នោះ គណបក្សប្រជាជនកម្ពុជា បានប្រើថវិកាច្រើនជាងគេ គឺការចំណាយក្នុងការឃោសនានៅមូលដ្ឋានម្តង បានចំណាយថវិកាប្រមាណ ៩ពាន់ដុល្លារ។ គណបក្ស សម រង្ស៊ី ចំណាយ ១.៥០០ដុល្លារ គណបក្សសិទ្ធិមនុស្ស ចំណាយ ៣០០ដុល្លារ គណបក្ស នរោត្តម រណឫទ្ធិ ចំណាយ ២០០ដុល្លារ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំណាយតិចជាង ២០០ដុល្លារក្នុងមួយដងនៃយុទ្ធនាការឃោសនានៅមូលដ្ឋាន។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី សេចក្ដីព្រាងច្បាប់នេះគេមិនទាន់ដឹងនៅឡើយទេថា សភានឹងទទួលយក និងអនុម័តឲ្យបានមុនពេលបោះឆ្នោតអាណត្តិទី៥ នៅខែកក្កដា ឆ្នាំ២០១៣ នេះ ឬយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។