ប្រវត្តិព្រះបាទស្រីសុគន្ធបទត្រូវនាយកនជាប្អូនថ្លៃបះបោរដណ្ដើមរាជ្យ (ភាគ២៧)
2014.09.30
នៅដើមសតវត្សទី១៦ ព្រះរាជាខ្មែរមួយអង្គ គឺព្រះបាទស្រីសុគន្ធបទ ត្រូវបានក្មេងវត្តមួយរូប ដែលកើតក្នុងអំបូរពលព្រះ គឺជាពូជអ្នកងារចាំបោសសម្អាតវត្ត វាយដណ្ដើមយករាជបល្ល័ង្កបាន។
នាយកន ដែលជាអតីតក្មេងវត្ត ត្រូវបានព្រះអង្គដំឡើងឋានៈជាស្ដេចកន បន្ទាប់ពីព្រះអង្គសព្វព្រះរាជហឫទ័យនឹងបងស្រីរបស់នាយកន គឺអ្នកម្នាងកេសរបុប្ផា។
សូមអញ្ជើញលោកអ្នកនាងស្តាប់ការរៀបរាប់ពីប្រវត្តិសាស្ត្រខ្មែរ នាដំណាក់កាលនេះរបស់ លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
គ.៥ ព្រះបាទស្រីសុគន្ធបទ (ឆ្នាំ១៥០៤-ឆ្នាំ១៥១២)
ក្រោយពីព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា ទ្រង់ចូលទិវង្គតទៅ ចៅពញាដាំខាត់រាជា ជាព្រះរាជបុត្រច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទស្រីសុគន្ធបទ គង់នៅរាជធានីចតុមុខ។
មិនយូរប៉ុន្មាន ដោយព្រះអង្គយល់ថា ទួលបាសានជាទីឋានដែលព្រះអយ្យកោរបស់ព្រះអង្គ គឺព្រះបាទពញាយ៉ាត បានរៀបចំយកជាកន្លែងហាត់ហ្វឹកហ្វឺនទ័ពនោះ មានជ័យភូមិល្អ ព្រះបាទស្រីសុគន្ធបទ ក៏ទ្រង់សព្វព្រះទ័យប្ដូរទីក្រុងពីចតុមុខ ទៅតាំងនៅទួលបាសាននោះវិញ។ ព្រះអង្គទ្រង់តែងតាំងព្រះរាជអនុជពញាច័ន្ទរាជា ដែលជាមហាឧបរាជ អោយគង់នៅការពារក្រុងចតុមុខ និងមើលការខុសត្រូវលើអាណាខេត្តភាគខាងលិចផង។
នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះបាទស្រីសុគន្ធបទ បានត្រូវនាយកនជាប្អូនថ្លៃ ដែលជាអនាគតស្ដេចគ្រងរាជ្យបន្ទាប់ពីព្រះអង្គ បះបោរដណ្ដើមរាជ្យ។
រាជពង្សាវតារសរសេរថា ស្ដេចសោយរាជ្យ គឺព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជមួយដេញខាំព្រះអង្គ ហើយពាំយកទាំងស្វេតច្ឆត្ររបស់ព្រះអង្គទៅបាត់ផងដែរ។ ពួកហោរាបានទាយពីសុបិននេះថា អាចនឹងមានកោលាហលកើតឡើងបង្កឡើងដោយព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង គឺឆ្នាំនាគនោះ។
ព្រះបាទស្រីសុគន្ធបទ ដែលជឿថាព្រះគ្រោះរបស់ព្រះអង្គកើតឡើងពីនាយកន ក៏ទ្រង់ពិភាក្សាជាសម្ងាត់ជាមួយមន្ត្រីជំនិតព្រះអង្គ ដើម្បីរកល្បិចបំផ្លាញស្ដេចកនអោយបានមុន។ ប៉ុន្តែឧបាយកលនោះ ត្រូវបាននាងស ឬកេសរបុប្ផា ជាស្នំឯករបស់ព្រះអង្គ និងជាបងបង្កើតរបស់ព្រះស្ដេចកន លបស្តាប់បាន ហើយលួចផ្តល់ដំណឹងទៅស្ដេចកនជាប្អូនព្រះនាង អោយបានដឹងជាមុន។
ផែនការសម្លាប់ព្រះស្ដេចកន នោះ គឺគេបានប្រើល្បិចមួយដែលអាចធ្វើអោយគេឯងគិតថា នាយកនលង់ទឹកស្លាប់ ដើម្បីបំបិទសាច់រឿងចោលតែម្តង។ ថ្ងៃមួយ ព្រះបាទស្រីសុគន្ធបទ ជាស្ដេចផែនដី ធ្វើល្បិចជាយាងចេញទៅបង់សំណាញ់កម្សាន្ត។ សំណាញ់ដែលព្រះអង្គបង់នោះ ជាប់សម្រាស់លើកពុំរួច ហើយក៏ប្រើនាយកនអោយចុះមុជទឹកទៅដោះសម្រាស់ រួចហើយមន្ត្រីដែលហែហមព្រះអង្គ ក៏ព្រួតគ្នាបង់សំណាញ់ជាច្រើន ឆ្ពោះទៅត្រង់កន្លែងដែលស្ដេចកនលោតចុះទឹកនោះ ក្នុងគោលបំណងធ្វើអោយនាយកនជាប់សំណាញ់លង់ទឹកស្លាប់។
ដោយបានដឹងពីល្បិចកលនេះមុន នាយកនបានមុជគេចរួចផុតពីការប៉ុនប៉ងសម្លាប់នោះ ដោយមាននាគរាជមួយមកព័ទ្ធកណ្ដាលខ្លួនព្រះស្ដេចកន នាំហែលរត់គេចយ៉ាងរហ័សផុតពីសំណាញ់ទៅ។ លុះបានចាកផុតពីគ្រោះថ្នាក់ហើយ នាយកន បានភៀសខ្លួនទៅដល់បាភ្នំ ហើយខំកេណ្ឌទ័ពដោយប្រើល្បិចប្រាប់រាស្ត្រថា ខ្លួនត្រូវស្ដេចផែនដី គឺព្រះបាទស្រីសុគន្ធបទ ប្រើអោយមកកេណ្ឌទ័ព ដើម្បីទៅវាយកំចាត់ពញាច័ន្ទរាជា ជាឧបរាជ និងជាព្រះអនុជដែលមានចិត្តក្បត់ ចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ។
ពាក្យឃោសនារបស់ស្ដេចកន នេះ បានឮទៅដល់ពញាច័ន្ទរាជា ជាឧបរាជ។ ព្រះអង្គទ្រង់ជឿថាមានហេតុភេទមិនស្រួលមែន ក៏ភៀសព្រះកាយទៅស្រុកសៀម ហើយសុំជ្រកកោននឹងស្ដេចសៀម ទៅ។
ព្រះបាទស្រីសុគន្ធបទ ពេលដែលដឹងថាព្រះអនុជច័ន្ទរាជា ភៀសទៅសៀម ដោយចាញ់កលល្បិចសម្ដីឃោសនារបស់ស្ដេចកន ដើម្បីបំបែកបំបាក់ប្អូនពីព្រះអង្គដូច្នោះ ព្រះអង្គទ្រង់តូចព្រះទ័យណាស់ ហើយក៏ទ្រង់ប្រមូលទ័ពបម្រុងការពារព្រះនគរ។
ស្ដេចកន ក្រោយពីកេណ្ឌទ័ពបានច្រើនហើយ ក៏ចាប់វាយលុកចូលរាជធានីទួលបាសាន។ ព្រះរាជាទ្រង់លើកទ័ពតទល់ផ្ទាល់ព្រះអង្គ តែត្រូវបរាជ័យ ហើយទ្រង់ថយទៅកេណ្ឌទ័ពបន្ថែមនៅក្រុងចតុមុខ តែត្រូវស្ដេចកន វាយបែកបន្ទាយភ្នំពេញនោះទៀត។
ព្រះបាទស្រីសុគន្ធបទ កាលបើទទួលបរាជ័យនៅភ្នំពេញហើយ ព្រះអង្គក៏ដកថយទៅតាំងបន្ទាយនៅស្រុកលង្វែក តែក្រោយមកបន្ទាយនៅលង្វែកនេះក៏បែកទៅទៀត ព្រះអង្គក៏ថយទ័ពទៅគង់នៅស្រុកអម្រិន្ទបូរ (កំពង់ឆ្នាំង) រួចទីបំផុតក៏ឆ្លងទៅគង់នៅក្នុងបន្ទាយស្ទឹងសែន ក្នុងស្រុកអាសន្ទុក ក្នុងគ.ស.១៥១២។
គឺនៅក្នុងបន្ទាយស្ទឹងសែន ក្នុងឆ្នាំ១៥១២ នោះហើយ ដែលស្ម័គ្របក្ខពួករបស់ស្ដេចកនឈ្មោះ ឱកម៉ឺន សុរិន្ទកែវ ប្រើឧបាយកលសម្លាប់ព្រះបាទស្រីសុគន្ធបទ ជាស្ដេចផែនដីបាន។
ដំបូង ឱកម៉ឺន សុរិន្ទកែវ ធ្វើលេសជាក្បត់ស្ដេចកន ហើយត្រូវស្ដេចកន ដាក់ទោសប្រហារជីវិត។ បន្ទាប់មក ក៏ប្រើល្បិចអោយទាហាន ២០០នាក់ ទៅវាយរំដោះយក ឱកម៉ឺន សុរិន្ទកែវ អោយរួចផុតពីកណ្ដាប់ដៃស្ដេចកន រួចនាំគ្នាមកសុំចុះចូលជាមួយនឹងស្ដេចផែនដី។ ក្នុងពេលដែលស្ដេចកន លើកទ័ពវាយសន្ធាប់យកបន្ទាយស្ទឹងសែន ក្នុងខេត្តអាសន្ទុក នេះ ពួកខ្មាំងបង្កប់ក្រោមបញ្ជាការរបស់ ឱកម៉ឺន សុរិន្ទកែវ នេះ ក៏ឆក់ឱកាសធ្វើគត់ស្ដេចផែនដីបានក្នុងពេលនោះទៅ។
ព្រះបាទស្រីសុគន្ធបទ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១៥០៤ នៃគ.ស ហើយទ្រង់សោយទិវង្គតក្នុងសង្គ្រាមជ្រែករាជ្យរបស់ស្ដេចកន ក្នុងឆ្នាំ១៥១២ នៅខេត្តអាសន្ទុក។ ឯព្រះរាជបុត្ររបស់ព្រះអង្គ ជាមួយអ្នកម្នាងកេសរបុប្ផា (បងស្រីរបស់ព្រះស្ដេចកន) នាមពញាយសរាជា បានភៀសខ្លួនទៅជ្រកកោនឯប្រទេសសៀម រស់នៅជាមួយនឹងព្រះច័ន្ទរាជា ជាព្រះបិតុលា៕