ការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ប៉ុន្តែមិនផ្ដល់សិទ្ធិឲ្យលោកធ្វើនយោបាយ ត្រូវបានគេមើលឃើញថា គ្រាន់តែជារូបភាពបោកបញ្ជោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្លំភ្នែកពលរដ្ឋនិងសហគមន៍អន្តរជាតិ ឲ្យមើលឃើញថា កម្ពុជាកំពុងមានការបង្រួមបង្រួមជាតិនិងសាមគ្គីជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានលើកឡើងថា ការបោកបញ្ជោតនេះ នឹងមិនអាចធ្វើឲ្យពលរដ្ឋនិងសហគមន៍អន្តរជាតិជឿជាក់ឡើយ ពីព្រោះលោក ហ៊ុន សែន ហាក់នៅខ្លាចលោក កឹម សុខា វិលចូលធ្វើនយោបាយឡើងវិញ។
ធម្មតា នៅក្នុងប្រទេសប្រជាធិបតេយ្យ មេដឹកនាំនយោបាយ គេមានសិទ្ធិក្នុងការអនុវត្ត ផ្នែកសិទ្ធិសេរីភាពនយោបាយហ្នឹង ប៉ុន្តែប្រសិនបើអ្នកនយោបាយមួយ ត្រូវបានរឹតត្បិតដោយច្បាប់ចេញពីមាត់មេដឹកនាំគណបក្សប្រកួតប្រជែងមួយទៀត អ៊ីចឹង តើគេមើលមកថា វាជាសេរីភាពពិតប្រាកដ ឬជាការបង្កើតសាមគ្គីភាពជាតិ រួបរួមជាតិ មិនអាចធ្វើទៅបានទេ។ វាលុះត្រាតែ បើកលំហសេរីភាព ទី១ មិនមែនត្រឹមលោក កឹម សុខា មានសេរីភាពទេ ត្រូវផ្ដល់សិទ្ធិពេញលេញទាំងផ្នែកនយោបាយ ទាំងការដើរហើរដោយសេរី ស្របតាមកតិកាសញ្ញា និងអនុសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
— ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនកុរណា
ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសប៊ុកថា ការដែលឪពុករបស់លោក គឺលោក ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រឹត្យក្នុងនាមជាប្រមុខរដ្ឋស្ដីទី ដើម្បីលើកលែងទោសជាប់ពន្ធនាគារ២៧ឆ្នាំឲ្យលោក កឹម សុខា គឺជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
ទោះជាយ៉ាងណា ព្រះរាជក្រឹត្យបានបញ្ជាក់ថា ទោសបន្ថែម ដែលបានដាក់បម្រាមមិនឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយ និងចេញទៅក្រៅប្រទេស មិនត្រូវបានលើកលែងឡើយ។
ការលើកលែងទោសជាប់ឃុំនេះ ក្រោយពីលោក កឹម សុខា តាមរយៈមេធាវី បានដាក់លិខិតទៅប្រធានសាលាឧទ្ធរណ៍ថា មិនប្ដឹងសារទុក្ខទៅតុលាការកំពូលនោះទេ បើទោះជាលោកមិនបានទទួលយកការសម្រេចផ្ដន្ទាទោសក្ដី។ ម្យ៉ាងវិញទៀត ការសម្រេចរបស់លោក ហ៊ុន សែន ដើម្បីលើកលែងទោសឲ្យលោក កឹម សុខា គឺក្រោយពីមេបក្សប្រឆាំងរូបនេះ បានលើកឡើងពីបំណងឈប់ខ្វាយខ្វល់រឿងនយោបាយ ហើយគ្រាន់តែចង់បួសសងគុណម្ដាយ និងមើលថែម្ដាយដែលកំពុងឈឺចាស់ជរាប៉ុណ្ណោះ ប្រសិនបើមានសេរីភាព។
ក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសអូស្ដ្រាលីជាដើម បានស្វាគមន៍ចំពោះការលើកលែងទោសឲ្យលោក កឹម សុខា ប៉ុន្តែប្រទេសទាំងនោះបានគូសបញ្ជាក់ជាថ្មីថា ពួកគេនៅតែចង់ឃើញកម្ពុជា បើកលំហសេរីភាពផ្នែកនយោបាយដ៏ពិតប្រាកដមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
