លោក ឃួង ស្រេង ពីមន្ត្រីខណ្ឌតូចតាចទៅជាអភិបាលក្រុងភ្នំពេញដោយសារស្នាដៃបម្រើគ្រួសារត្រកូលហ៊ុន
2025.01.16

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាល រាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន។
ក្នុងអាណត្តិដឹកនាំរបស់លោកអំពើហិង្សាជាច្រើន ករណីបានកើតឡើងមកលើពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំងប្រព្រឹត្តដោយអាជ្ញាធរក្រុងភ្នំពេញ។ ក្នុងអំពើឃាតកម្មសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ប្រភពមួយចំនួនអះអាងថា ជនសង្ស័យជនជាតិខ្មែរឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលតុលាការថៃបានចេញដីកាតាមចាប់ខ្លួននោះ ក៏ជាកូនចៅរបស់លោក ឃួង ស្រេង ថែមទៀត។
រាសីរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឡើងជាបន្តបន្ទាប់ គឺឡើងពីមន្ត្រីសាលាខណ្ឌទួលគោក កាលពីក្នុងឆ្នាំ១៩៩៨ រហូតលោកទទួលបានការទុកចិត្ត និងត្រូវបានលោក ហ៊ុន សែន ប្រកាសជាចំហគាំទ្ររូបលោក ឱ្យឡើងធ្វើជាអភិបាលរាជធានីភ្នំពេញ ដែលមកដល់ពេលនេះ មានរយៈពេលជាង៧ឆ្នាំ មកហើយ។ តំណែងនេះ គឺលោកទទួលបានបន្តពីលោក ប៉ា សុជាតិវង្ស នៅក្នុងខែមិថុនា ឆ្នាំ២០១៧ គឺប្រមាណ ៥ខែ មុនការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ឃួង ស្រេង ចាប់ផ្ដើមប្រឡូកការងាររដ្ឋ ជាមន្ត្រីសាលាខណ្ឌទួលគោកតែមួយឆ្នាំក៏បានឡើងជាអភិបាលរងខណ្ឌនេះ នៅឆ្នាំ១៩៩៩ បន្ទាប់មកក្លាយជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០០៨។ មួយឆ្នាំក្រោយមក លោកត្រូវបានផ្ទេរឱ្យកាន់តំណែងជាអភិបាលខណ្ឌសែនសុខក្នុងឆ្នាំ២០០៩។ ក្រោយមក លោក ឃួង ស្រេង ឡើងជាអភិបាលរងរាជធានីភ្នំពេញរយៈពេល ៥ឆ្នាំ មុននឹងលោកឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញនៅខែមិថុនា ឆ្នាំ២០១៧។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ចាប់តាំងពីកាន់តំណែងជាអភិបាលរងខណ្ឌទួលគោកនៅឆ្នាំ១៩៩៩មក លោក ឃួង ស្រេង ជាប់ពាក់ព័ន្ធនឹងការបង្ក្រាបឆៅៗជាច្រើនទៅលើប្រជាពលរដ្ឋរងគ្រោះ បាតុកម្មអហិង្សារបស់និស្សិត ព្រះសង្ឃ សហជីព កម្មករ និងសកម្មជនគណបក្សប្រឆាំង។
កាលពីឆ្នាំ២០០៦ ប្រជាពលរដ្ឋ ១៣៨០គ្រួសារ នៅតំបន់សំបុកចាបដីក្រហមក្បែរ ស្ថានទូតរុស្ស៊ី និងប្រជាពលរដ្ឋ ១៦៨គ្រួសារនៅសហគមន៍ក្បែរមន្ទីរព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបណ្ដេញចេញដោយហិង្សា។ ក្នុងឆ្នាំ២០០៧ ប្រជាពលរដ្ឋបុរីកីឡាជាង ១០០០គ្រួសារ ត្រូវបានបណ្ដេញចេញដោយបង្ខំ ហើយចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ប្រជាពលរដ្ឋតំបន់បឹងកក់ជាង ៤០០០ គ្រួសារ ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញវាយសំពង ឱ្យចេញពីតំបន់បឹងកក់។ អ្នកសង្កេតការណ៍សង្គមកត់សម្គាល់ថា អំពើហិង្សាទាំងនេះ ប្រព្រឹត្តដោយកម្លាំងសន្តិសុខរបស់អាជ្ញាធរភ្នំពេញ ដោយឃើញមានវត្តមានដឹកនាំរបស់លោក ឃួង ស្រេង និងកម្លាំងមនុស្ស ក្រោមបញ្ជារបស់លោក។
ទោះជាយ៉ាងណា លោក ឃួង ស្រេង បែរជាចោទប្រកាន់លើអ្នកនយោបាយប្រឆាំងថាជាអ្នកអុជអាលពលរដ្ឋទៅវិញ។
លោក ឃួង ស្រេង ៖« តាមពិតទៅតំបន់បុរីកីឡា តំបន់អភិវឌ្ឍន៍បឹងកក់ និងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ពិតជាការមួយដែលលំបាកក្នុងការអនុវត្ត ប៉ុន្តែរាល់ទំនាស់ទាំងអស់បញ្ហាដីធ្លី បើសិនជាទំនាស់ដីធ្លីសុទ្ធសាធងាយស្រួលដោះស្រាយ ហើយកុំឱ្យមានអ្នកនយោបាយកេងចំណេញលើបញ្ហានេះ ឬក៏អុជអាលបញ្ហានេះ»។
ក្រៅពីនេះ លោក ឃួង ស្រេង និងក្រុមមនុស្សជាដៃជើងរបស់លោក ក៏រងការចោទប្រកាន់លើការបង្ក្រាបបាតុកម្មអហិង្សារបស់និស្សិត ព្រះសង្ឃ សហជីព កម្មករ និងសកម្មជនគណបក្សប្រឆាំង ដែលតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ២០០៣ ហើយគ្រានោះ ប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា ត្រូវបានគេសម្លាប់ និងក្រោយមកទៀត ក៏មានការបង្ក្រាបលើនិស្សិត ដែលទាមទារឱ្យដោះស្រាយ បញ្ហាបូរណភាពទឹកដីក្នុងអំឡុងឆ្នាំ២០០៥។
អតីតប្រធានចលនានិស្សិតនិងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ដែលធ្លាប់ដឹកនាំបាតុកម្មការពារព្រំដែនជាច្រើនលើក បានលើកឡើងប្រៀបធៀបបុគ្គលិកលក្ខណៈលោក ឃួង ស្រេង ថា ជាមន្ត្រីជើងកាង។
លោក អ៊ំ សំអាន ៖ «លោក ឃួង ស្រេង មានលក្ខណៈជាជើងកាង ជាចង្កោមអ៊ីចឹងគាត់ប្រើមនុស្សរបស់គាត់ហ្នឹង គេហៅថា ក្រុមសន្តិសុខហ្នឹង វាយចាប់អូសទាញសាហាវ»។
ក្នុងប្រវត្តិរូប ដែលផ្សាយដោយគេហទំព័រសាលារាជធានីភ្នំពេញលោក ឃួង ស្រេង និងប្រពន្ធមានកូន ៤នាក់។ លោកបញ្ចប់ការសិក្សាបរិញ្ញាបត្រវិស្វកម្មនៅសហភាពសូវៀត បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយពីសាលាចំរើនពហុបច្ចេកវិទ្យា និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ដែលមិនបង្ហាញឈ្មោះសាលា។ ទោះបីលោកបង្ហាញការសិក្សាកម្រិតបញ្ញវន្តជាន់ខ្ពស់ក៏ដោយ ក៏ការប្រតិបត្តិតួនាទីរបស់លោកជាប់ដិតដាមដោយអំពើហិង្សា ដូចលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាមេធំដែរ។
ការបង្ក្រាបលើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៣ និងអំពើហិង្សាបាញ់សម្លាប់កម្មករនៅផ្លូវវេងស្រេង នៅដើមឆ្នាំ២០១៤ ក៏ជាប់ការសង្ស័យលើកម្លាំងមួយផ្នែករបស់លោក ឃួង ស្រេង ខណៈលោកជាអភិបាលរងរាជធានីភ្នំពេញ សហការជាមួយកម្លាំងទាហានឆ័ត្រយោង ៩១១។
ក្នុងឆ្នាំ២០១៦ មួយឆ្នាំមុនឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ ជាច្រើនកើតឡើងដូចជា ការបាញ់សម្លាប់អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី នៅក្បែរស្តុបបូកគោ។ មានការចោទប្រកាន់ថា បុគ្គលដែលបានទៅដកយកអង្គចងចាំពីកាមេរ៉ាសុវត្ថិភាពនោះ ក៏អាចជាប់ទាក់ទងនឹងកម្លាំងរបស់ លោក ឃួង ស្រេង ក្នុងចំណោមមនុស្សផ្សេងទៀតរបស់លោក ហ៊ុន សែន ដែរ។ បន្ទាប់មកក្នុងឆ្នាំ២០១៦ ដដែល លោក ឃួង ស្រេង បានបញ្ជាកម្លាំងឱ្យបង្ក្រាបលើពលរដ្ឋរងគ្រោះដីធ្លីជិតវត្តឧណ្ណាលោម នៅក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣១ ហើយមន្ត្រីសិទ្ធិមនុស្សលោក អំ សំអាត ចុះឃ្លាំមើលព្រឹត្តិការណ៍នេះ ត្រូវកម្លាំងសន្តិសុខខណ្ឌដូនពេញវាយឱ្យរបួស។
៥ខែមុនការរំលាយគណបក្សសង្គ្រោះជាតិក្នុងខែវិច្ឆិកាឆ្នាំ២០១៧លោកឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ។ ក្នុងតំណែងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឱ្យកងកម្លាំងទាំង ១២ខណ្ឌក្នុងរាជធានី ភ្នំពេញ ឱ្យត្រៀមបង្ក្រាបការតវ៉ារបស់ក្រុមអ្នកនយោបាយ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជំទាស់នឹងសេចក្ដីសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំនេះ។
នៅក្នុងជួរគណបក្សកាន់អំណាចវិញលោក ឃួង ស្រេង មានតួនាទីជាសមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ហើយពិសេសជាងនេះទៅទៀតនោះ លោក ឃួង ស្រេង ជាមនុស្សជំនិតម្នាក់របស់គ្រួសារត្រកូលហ៊ុន ក្នុងចំណោមបុគ្គលមួយចំនួន ដូចជារដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ជាដើម។ លោក ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈថា លោកជាអ្នកការពារតំណែងអភិបាលក្រុង អាណត្តិទី២ និងក្នុងពេលបច្ចុប្បន្នរបស់លោក ឃួង ស្រេង។
លោក ហ៊ុន សែន ៖ «សូម្បីតែ ឃួង ស្រេង បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ ខ្ញុំនិយាយឱ្យច្បាស់អ៊ីចឹងតែម្ដង អត់បានចូលអាណត្តិទី២ »។
គេតែងឃើញលោក ឃួង ស្រេង បង្ហាញការលូនក្រាបដាក់ក្រុមមនុស្សគ្រួសារ ត្រកូលហ៊ុន ដូចជា លុតជង្គង់ស្ទើរដល់ដីឱនសំពះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាសាធារណៈជាដើម។
កម្លាំងរបស់លោក ឃួង ស្រេង ក្លាយជាឧបករណ៍បង្ក្រាបដោយហិង្សាមិនញញើត ឡើយលើប្រជាពលរដ្ឋ ដូចជាពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក និងកូដករ ក្រុមហ៊ុនណាហ្គាវើលដ៍ រួមទាំងការប្រើកម្លាំងទាំងកំរោល ចាប់ក្រុមស្ត្រីថ្ងៃសុក្រ បោកទៅនឹងថ្នល់ នៅពេលពួកគាត់ ធ្វើបាតុកម្មអហិង្សា ទាមទារយុត្តិធម៌ឱ្យប្ដី និង សាច់ញាតិជាអ្នកទោសមនសិការជាប់ពន្ធនាគារ។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលោក កាក់ កម្ភារគឺ លោកស្រី ព្រំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមករា ថា កម្លាំងរបស់ លោក ឃួង ស្រេង បានបង្ក្រាបនិងបៀតបៀនលើអ្នកតវ៉ាជាស្ត្រីយ៉ាងអមនុស្សធម៌បំផុត។
លោកស្រី ព្រំ ចាន់ថា៖ «លោក ឃួង ស្រេង គាត់ជាចៅហ្វាយក្រុង អ៊ីចឹងគាត់មិនត្រូវបញ្ជាលើកូនចៅគាត់ ហើយបើមេបញ្ជាកូនចៅ! កូនចៅណាមិនធ្វើ។ អាហ្នឹងហើយ គឺជាកម្លាំងរបស់ឯកឧត្ដម ឃួង ស្រេង ទាំងអស់តែម្ដង គ្មានមនុស្សធម៌ជាខ្មែរទេ ធ្វើនេះ អាក្រក់ខ្លាំងមែនទែន អយុត្តិធម៌ណាស់»។
របាយការណ៍របស់សមាគមអាដហុក (ADHOC) កាលពីខែមេសា ឆ្នាំ២០២៣ បង្ហាញថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ សកម្មជនគណបក្សប្រឆាំងជាង ៤០នាក់ រងការវាយប្រហារដោយហិង្សាពីជនមិនស្គាល់មុខ។ ខ្លះរបួសធ្ងន់ ខ្លះធ្លាក់ ខ្លួនពិការ និងម្នាក់បាត់បង់ជីវិត។ អំពើហិង្សាទាំងនេះ កើតឡើងនៅរាជធានី ភ្នំពេញ តែអាជ្ញាធររបស់លោក ឃួង ស្រេង មិនដែលរកឃើញមុខអ្នកប្រព្រឹត្តឡើយ។
អំឡុងខែកក្កដា ឆ្នាំ២០២៤ កម្លាំងសន្តិសុខរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង និងកម្លាំងកងរាជអាវុធហត្ថរបស់លោក សៅ សុខា បានបើកការបង្ក្រាបលើ សកម្មជន និងពលរដ្ឋខ្មែរដែលឈឺឆ្អាលទាមទារឱ្យរដ្ឋាភិបាល ដកទឹកដីកម្ពុជានៅ ខេត្តភាគឦសានចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាមួយវៀតណាម និងឡាវ។ គ្រានោះ មានការចាប់ពលរដ្ឋជាង ១០០ នាក់ ដែលខ្លះត្រូវបាន ដោះលែងវិញ និងមួយចំនួនទៀត កំពុងជាប់ពន្ធនាគារនៅឡើយ ព្រោះតែមិនព្រមសុំទោស និងចុះចូលគណបក្សប្រជាជនកម្ពុជា។
ស្នាដៃបង្ក្រាបដោយហិង្សារបស់លោក ឃួង ស្រេង មិនមែនត្រឹមតែក្នុងស្រុក ក្នុង រង្វង់ដែនរាជធានីភ្នំពេញទេ ប៉ុន្តែអាចមានឥទ្ធិពលហៀរដល់ក្រៅប្រទេសផង។
សំឡេងបែកធ្លាយរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ និងសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន កន្លងមកបង្ហាញថាលោក ឃួង ស្រេង និង មនុស្សក្រោមបញ្ជារបស់លោក ដូចជា អភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ជាដើម ជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ និងប្រព្រឹត្តឧក្រិដ្ឋកម្មបំផ្លាញ សកម្មជនគណបក្សប្រឆាំងនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ កូរ៉េខាងត្បូង និង ប្រទេសជប៉ុន។
លោក ហេង សួរ បាននិយាយក្នុងសំឡេងបែកធ្លាយ អំពីការរៀបចំក្រុមជើងកាង ចាំវាយធ្វើបាបក្រុមពលករខ្មែរនៅក្រៅប្រទេស និងអ្នកគាំទ្រគណបក្សប្រឆាំង។ ក្នុងសំឡេងបែកធ្លាយលោក ហេង សួរ បានលើកឡើងឈ្មោះ«ស្រេង»ដែល ពលរដ្ឋទូទៅយល់ថា ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ហេង សួរ៖ «គឺយើងមិនអាចលើកលែងឱ្យវាបានទេ។ ហើយបងស្រេង ថ្ងៃមុនថា ឱ្យមុខសញ្ញាអ្នកដែលជាសកម្មជនពួកវាមកហ្នឹង តែឥលូវនេះ គឺយើងត្រូវធ្វើការងារហ្នឹងបន្តិច។ អានេះមក ឱ្យវាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរចុះ»។
រីឯលោក ហ៊ុន សែន ក្នុងសំឡេងបែកធ្លាយរបស់លោក បានបញ្ជាឈ្មោះ«ហួត»ឱ្យតាមចាប់សកម្មជនគណបក្សប្រឆាំងលោក ផន ផាន់ណា ពីប្រទេសថៃ។ ឈ្មោះ «ហួត»នេះ ត្រូវមជ្ឈដ្ឋានទូទៅយល់ឃើញថា ជា«លោក ឃ្លាំង ហួត» ដែលជាអភិបាលរងរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក ឃួង ស្រេង។
លោក ហ៊ុន សែន ៖«អា ហួត ត្រូវតែទទួលខុសត្រូវលើការងារនេះ ហើយធ្វើការជាមួយនគរបាលថៃ ហើយក្រុមអាវក៏ក្រហមក៏ត្រូវតែចូលរួម ដែលមានការសហការល្អជាមួយយើងធ្វើសកម្មភាពនេះផងដែរ ហើយធ្វើសកម្មភាពដាច់ដោយឡែកនគរបាលថៃ និងកម្លាំងយើងផ្ទាល់ក៏ត្រូវតាមយកអាមួយនេះ ឱ្យបាន ទោះបីតម្លៃណាក៏ដោយរស់ឬស្លាប់ យើងអត់ដឹងទេ»។
យុទ្ធនាការរបស់លោក ហ៊ុន សែន ដែលព្យាយាមបំផ្លាញសកម្មជនគណបក្ស ប្រឆាំងនៅប្រទេសថៃឡើងកម្ដៅ នៅពេលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសចូលកម្ពុជាកាលពីឆ្នាំ២០១៩ ដែលធ្វើឱ្យលោក ហ៊ុន សែន ព្រួយបារម្ភពីការរង្គោះរង្គើអំណាច។ ជាបន្តបន្ទាប់លោក ហ៊ុន សែន បញ្ចុះ បញ្ចូលបានសកម្មជនគណបក្សប្រឆាំងជាង ១០០នាក់ ក្នុងនោះ ក៏មានលោក លី រតនរស្មី ម្នាក់ដែរ។ អ្នកចុះចូលទាំងនោះ ត្រូវបានតែងតាំងបញ្ចូលក្នុងរចនាសម្ព័ន្ធ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមបញ្ជារបស់លោក ឃួង ស្រេង។
បុគ្គលមួយចំនួន ជាសេនាធិការនយោបាយរបស់លោក ហ៊ុន សែន ក្នុងការកម្ចាត់សកម្មជននយោបាយខ្មែរ នៅលើទឹកដីថៃ ត្រូវបានបើកមុខបង្ហាញកាន់តែច្បាស់ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីជំនួសឪពុក និងជាពិសេស ក្រោយពីមានការសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។
បុគ្គលទាំងនោះ រួមមានអភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត អភិបាលរងខណ្ឌមានជ័យលោក គៀង ចក់ អនុប្រធានផ្សារកណ្ដាលលោក ពេជ្រ គឹមស៊្រិន និងទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី រតនរស្មី ដែលសុទ្ធតែជាក្រុមមនុស្ស នៅក្រោមការគ្រប់គ្រងរបស់លោក ឃួង ស្រេង។
មនុស្សរបស់លោក ឃួង ស្រេង ពីរនាក់ក្នុងចំណោមនេះ គឺលោកពេជ្រ គឹមស៊្រិន ដែលគេដឹងថាជាប្អូនបង្កើតរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងលោក លី រតនរស្មី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន កំពុង ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក លិម គិមយ៉ា។ តុលាការព្រហ្មទណ្ឌថៃ បាន ចេញដីកាចាប់ខ្លួនលោក ពេជ្រ គឹមស៊្រិន និងលោក លី រតនរស្មី។
មកដល់ពេលនេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង មិនទាន់បានចេញ សេចក្ដីបំភ្លឺណាមួយទៅលើបុគ្គលទាំងពីរនេះ នៅឡើយទេ។ វិទ្យុអាស៊ីសេរីក៏មិនទាន់អាចសុំការបំភ្លឺពីលោក ឃួង ស្រេង បានទេនៅថ្ងៃទី១៤ ខែមករា។ ប្រជាពលរដ្ឋខ្មែរ និងមជ្ឈដ្ឋានអន្តរជាតិ ចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនមនុស្សរបស់លោក ឃួង ស្រេង គឺលោក ពេជ្រ គឹម ស៊្រិន និងលោក លី រតនរស្មី ឱ្យតុលាការថៃ ធ្វើដំណើរការក្ដី ដើម្បីធានាយុត្តិធម៌ដល់លោក លិម គិមយ៉ា ដែលជាអ្នកតស៊ូប្រជាធិបតេយ្យខ្មែរមួយរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។