តុលាការកំពូលសម្រេចក្ដីឱ្យពលរដ្ឋនៅខេត្តបន្ទាយមានជ័យ លោក កង សារ៉ន ដែលហ៊ានរិះគន់លំហូរជនអន្តោប្រវេសន៍វៀតណាម ឱ្យបន្តជាប់ពន្ធនាគារ ៣ឆ្នាំតាមសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍បាត់ដំបង។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះ គឺជារឿងមិនអាចទទួលយកបានព្រោះថា ការលើកឡើងរបស់លោក កង សារ៉ន គឺជាសេរីភាពបញ្ចេញមតិ។
តុលាការកំពូលនៅព្រឹកថ្ងៃទី១៤ ខែមករា បានប្រកាសសាលដីកាតម្កល់សាលដីកាសាលាឧទ្ធរណ៍បាត់ដំបងទុកជាបានការដោយផ្ដន្ទាទោស លោក កន សារ៉ន ជាប់ពន្ធនាគារចំនួនបីឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» «ជេរប្រមាថជាសាធារណៈ» និងបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ក្រោយចេញពីសវនាការ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ករណីកាត់ទោស លោក កន សារ៉ន ហាក់បង្ហាញថា ជាករណីបែបនយោបាយច្រើនជាងការអនុវត្តច្បាប់ដោយសារដំបូងឡើយអាជ្ញាធរបានចាប់ខ្លួន និងដោះលែង លោក កន សារ៉ន មួយរយៈមុនពេលដែលចាប់ខ្លួនជាថ្មីម្ដងទៀតកាលពីឆ្នាំ២០២៣កន្លងទៅ។ លោកថា ការលើកឡើងរបស់លោក កន សារ៉ន ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក្នុងការបញ្ចេញមតិដែលចង់ឃើញសង្គមមានការអភិវឌ្ឍ។
លោក អំ សំអាត៖«បញ្ហានេះយើងឃើញថាវាជាសេរីភាពក្នុងការបញ្ចេញមតិរបស់របស់គាត់មួយដែរ ហើយត្រូវបានចោទប្រកាន់គាត់ ហើយធ្វើការផ្ដន្ទាទោសទៅលើរូបគាត់ ហើយក៏ឃើញករណីលោក កង សារ៉ន នេះកាលពីឆ្នាំ២០២៤ ហ្នឹងក៏មានកងកម្លាំងចូលទៅនាំខ្លួនគ្រួសារ លោក កង សារ៉ន ដល់ស្នាក់ការអង្គការលីកាដូខេត្តបន្ទាយមានជ័យយកទៅធ្វើការសួរនាំ ហើយមានការដោះលែងវិញទៀតផង»។
លោក កង សារ៉ន បានផ្សាយផ្ទាល់បង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។ ក្នុងវីដេអូនោះ លោក កង សារ៉ន បានចោទសួរថា តើក្រោយពីបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត នឹងមានវិធានការដេញប្រជាជនវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់ទៀត?
ក្រៅពីបញ្ចេញមតិរឿងលំហូរជនបរទេសនោះ លោក កង សារ៉ន ក៏ធ្លាប់រិះគន់ បញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាដែរ។
លោក កន សារ៉ន ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលលោកបង្ហោះវីដេអូលើបណ្ដាញសង្គមរបស់លោក ហើយលោកត្រូវបានឃុំខ្លួនអស់ ១០ថ្ងៃ មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោសលោក កង សារ៉ន ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ តាមមាត្រា ៤៩៥ ៣០៧ និង ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត ក្រោយពីការប្រកាសសាលក្រម និងត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប លើកឡើងថា លោកស្រីមិនបានទៅចូល រួមស្ដាប់ការប្រកាសសាលដីកានោះទេ ដោយសារតែលោកស្រីមិនមានថវិកា និងកំពុងធ្លាក់ខ្លួនឈឺ។ លោកស្រីយល់ថា ការរក្សាបទចោទទៅលើប្ដីរបស់លោកស្រីដែលមិនបានប្រព្រឹត្តកំហុសនោះគឺជារឿងអយុត្តិធម៌បំផុត។
លោកស្រី ហង្ស ត្រឹប ថា តុលាការមិនព្រមពិចារណាលើការពិតនោះទេ ហើយបន្តឃុំឃាំងប្ដីលោកស្រីឱ្យបែកពីគ្រួសារ ខណៈដែលជីវភាពរបស់គ្រួសារកាន់តែលំបាកខ្លាំង។ លោកស្រីថាប្ដីលោកស្រីក៏កំពុងមានជំងឺលើសឈាម និងធ្លាក់ខ្លួនឈើកាន់តែធ្ងន់ដោយសារការរស់នៅក្នុងពន្ធនាគារមានភាពពិបាក។
លោកស្រី ហង្ស ត្រឹប៖«ទៅកាន់ក្ដីប្ដីខ្ញុំបន្ថែម អត់មានបន្ធូរបន្ថយឱ្យគ្នា ជាប់៣ឆ្នាំនៅតែ៣ឆ្នាំ ខ្ញុំពិបាកនិយាយណាស់អ៊ីចឹង នៅតែខ្ញុំវេទនាណាស់ណាមួយគិតដល់ប្ដីសព្វគ្រប់ ខ្ញុំមិនដឹងគិតយ៉ាងណាដែរ មិនដឹងយល់យ៉ាងណា កាលមុនខ្ញុំល្អែងមានថវិកាតិចតួចទៅអើតប្ដីខ្ញុំ ដល់ខ្ញុំអត់ដែរ ដល់ខ្ញុំអត់ដែរ ខ្ញុំក៏ឈឺកូនក៏ឈឺខ្លាំង ខ្ញុំក៏ដើរមិនរួច ខ្ញុំអត់មានប្រាក់កាស ខ្ញុំក៏អត់បានទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី១៤ ខែមករា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចំណែករឿងដាច់ដោយឡែកមួយទៀត តុលាការកំពូលនៅព្រឹកថ្ងៃទី១៤ ខែមករា ដដែលនេះ ក៏បានបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ កញ្ញា រៀម ស្រីពេជ្ររតនា និង លោក ធី ថន ដែលអ្នកទាំងពីរជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ដោយសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំមុន ទុកជាបានការ។សកម្មជនយុវជនទាំងពីររូប ដែលមានអាយុ ២៣ឆ្នាំ និងអាយុ ២៤ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្ដន្ទាទោស។ នេះបើតាមអត្ថបទចេញផ្សាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូនៅថ្ងៃដដែល។
កញ្ញា រៀមស្រីពេជ្ររតនា និង លោក ធី ថន ត្រូវបានចាប់ខ្លួននៅខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬនឹងប្រមូលផ្តុំគ្នាគ្រោងតវ៉ាប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ។ ជាសរុប មនុស្សជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារក្នុងអំឡុងពេលនៃការបង្ក្រាបនេះ។
ការចាប់ឃុំខ្លួនលោក កង សារ៉ន និងអ្នកហ៊ានបញ្ចេញមតិដទៃទៀត ត្រូវបានមន្ត្រីសិទ្ធិមនុស្ស រិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា រំលោភលើសេរីភាពបញ្ចេញមតិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិដែលកម្ពុជាទទួលស្គាល់។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍គំរាមកំហែង បំភិតបំភ័យលើប្រជាពលរដ្ឋ និងទាមទារឱ្យដោះលែងអ្នកជាប់ឃុំ ដោយសារការអនុវត្តសិទ្ធិសម្ដែងមតិ ឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
