ជីវប្រវត្តិ​លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន
2019-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បាន​ចូល​បម្រើ​ការពារ​ស្ម័គ្រ​ចិត្ត​ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ និង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ចាប់តាំងពីឆ្នាំ១៩៩៦ ហើយ​លោក​ត្រូវ​បាន​បោះ​ឆ្នោត​តែងតាំង​ជា​នាយក​ប្រតិបត្តិ​អង្គការ​នេះ កាល​ពី​មេសា ឆ្នាំ២០១៧ ក្នុង​អាណត្តិ ៤ឆ្នាំ។ ទស្សនវិស័យ សម្រាប់​រយៈ​ពេល​បួន​ឆ្នៃ​របស់ លោក ប្រាក់ សេរីវុឌ្ឍ គឺ​លោក​មាន​គម្រោង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្មែរ​ក្រោម​ដោយ​ខ្លួនឯង និង​ទឹក​ដី​ខ្មែរ​ក្រោម​មក​ពី​ប្រទេស​វៀតណាម​វិញ។

ការ​ឈឺ​ចាប់​នៃ​ការ​រំលោភ​សិទ្ធិ សាសនា និង​វប្បធម៌ ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​បាន​ជំរុញ​ឲ្យ លោក ប្រាក់ សេរីវុឌ្ឍ ដែល​លោក​ជា​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រូប​នោះ បាន​ចាក​ចេញ​ពី​ការងារ​មាន​កម្រៃ និង​សំខាន់​មួយ​នៅ​សាលាក្រុង​ឡុងប៊ិច (Long Beach) សហរដ្ឋអាមេរិក ដើម្បី​អាច​បម្រើ​ការងារ​ពេញ​ម៉ោង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក៖ «បញ្ហា​ដែល​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាំង​ពី​ឆ្នាំ១៩៩៦ មក គឺ​ដោយសារ​តែ​ខ្ញុំ​មាន​ការ​អាណិត​ជា​អាសូរ​ចំពោះ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​យើង ដែល​រស់​នៅ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រង​ទុក្ខ​វេទនា។ ខ្ញុំ​បាន​រៀន​សូត្រ​បាន​ចំណោះ​វិជ្ជា​ខាង​វិទ្យាសាស្ត្រ​នយោបាយ។ យើង​ខ្ញុំ​យល់​ថា ខ្ញុំ​ក្រ​ខ្ញុំ​គ្មាន​លុយ​កាក់​អី គឺ​ខ្ញុំ​មាន​តែ​ចំណេះ​វិជ្ជា​ដូច្នោះ​ខ្ញុំ​បាន​ធ្វើ​អ្វី​បន្តិចបន្តួច។ ខ្ញុំ​ឃើញ​ថា គ្នា​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នៅ​ប្រទេស​វៀតណាម​នោះ»

លោក ប្រាក់ សេរីវុឌ្ឍ ដែល​មាន​វ័យ​ ៥៨ឆ្នាំ សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់​នៅ​វៀតណាម បាន​ក្លាយ​ជា​ជន​រង​គ្រោះ នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ផ្នែក​សិទ្ធិ​មនុស្ស ការងារ សាសនា វប្បធម៌ និង ដីធ្លី។ បច្ចុប្បន្ន អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ​ដាក់​ពន្ធនាគារ ពី​បទ​បង្រៀន​អក្សរ​ខ្មែរ​ទៅ​កូនៗ របស់​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​បាន​ដោះ​លែង​មួយ​អង្គ​ក្រោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤ឆ្នាំ ចំណែក​មួយ​អង្គ​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៦ឆ្នាំ នៅ​បន្ត​ជាប់​ឃុំ​ដដែល។ អតីត​ព្រះសង្ឃ​ដែល​វៀតណាម​ដោះ​លែង​នោះ ត្រូវ​អាជ្ញាធរ​វៀតណាម​បាន​ហាម​ឃាត់ មិន​ឲ្យ​បួស​ជា​ព្រះសង្ឃ​ឡើង​វិញ​ឡើយ។ ដោយ​ឡែក ដី​ស្រែ​ចំការ​របស់​ពួក​គេ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​យក​កាន់​កាប់។ ចំណែក​ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា​វិញ ក៏​រង​គ្រោះ​ដោយសារ​តែ​ការ​រើសអើង​ថា ជា​ជន​ជាតិ​វៀតណាម ហើយ​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​ក៏​មិន​ចេញ​លិខិត​ស្នាម និង​ឯកសារ​សំខាន់ៗ មួយ​ចំនួន ដើម្បី​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​អាច​មាន​សិទ្ធ​រស់​នៅ​ស្រប​ច្បាប់ រក​ការងារ​ធ្វើ និង​ចុះ​ឈ្មោះ​កូន​ចៅ ចូល​សាលា​រៀន​រដ្ឋ​បាន៖ «បញ្ហា​ដែល​យើង​ត្រូវ​ប្រឈម​មុខ គឺ​ទី​មួយ​យើង​ត្រូវ​ធ្វើ​តាម​មធ្យោបាយ​ការ​ទូត​អន្តរជាតិ ដែល​យើង​ប្រឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​ច្រើន​ជាង​មុន​ត​ទៅ​ទៀត ដូច​ជា អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក សភា និង​ព្រឹទ្ធសភា​អាមេរិក និង​អង្គការUNPO»

អាណានិគម​និយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត​ទាំង​ខុស​ច្បាប់ កាល​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។ មន្ត្រី​នៃ​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើង​ថា ចាប់​ពី​ពេល​នោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ។ មូលហេតុ​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ចាប់ផ្ដើម​​តស៊ូ​ពលី​ជីវិត ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធ​សាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជាដើម។ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ជា​ខួប ៧០ឆ្នាំ នៃ​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា សព្វ​ថ្ងៃ​មាន​ខ្មែរ​កម្ពុជា​ក្រោម​ប៉ុន្មាន​ប្រហែល​ពី ៧ទៅ ១០លាន​នាក់ រស់​នៅ​លើ​ទឹក​ដី​កំណើត​ដែល​គ្រប់គ្រង​ដោយ​វៀតណាម។​

របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​សម្រាប់​ឆ្នាំ ២០១៧ឲ្យដឹងថា បញ្ហា​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​វៀតណាម​មាន​ដូច​ជា ការ​ចាប់​ឃុំឃាំង​ដោយ​អនាធិបតេយ្យ ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ និង​ព្រៃផ្សៃ ការ​តវ៉ា​អហិង្សា​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ត្រូវ​ចាប់​ខ្លួន ការ​បំពាន​ច្បាប់​ជា​លក្ខណៈ​ប្រព័ន្ធ ការ​រឹតត្បិត​សិទ្ធិ​នៃ​ការ​សំដែង​មតិ សាសនា សមាគម រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន និង​អ៊ិនធឹណិត​ជា​ដើម។

លោក ប្រាក់ សេរីវុឌ្ឍ មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​លោក​កើត​នៅ​ភ្នំពេញ។ លោក​បាន​ឆ្លង​កាត់ និង​រួច​ផុត​ពី​ការ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​រត់​មក​រស់​នៅ​ជំរំ​ជន​ភៀស​ខ្លួន ខៅអ៊ីដាង (Khao-I-Dang) ក្នុង​ទឹក​ដី​ថៃ ហើយ​បន្ត​ដំណើរ​មក​រស់​នៅ​អាមេរិក​កាល​ពី​ឆ្នាំ១៩៨០។ លោក រំលឹក​ថា លោក​អាច​រួច​ពី​ការ​សម្លាប់​ក្នុង​សម័យ​ខ្មែរក្រហម ដោយសារ​តែ​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ តស៊ូ និង​ភាព​ក្លាហាន​ហ៊ាន​ប្រឈម​នឹង​កងទ័ព​ខ្មែរ​ក្រហម ទោះ​បី​លោក​ជា​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ក៏​ដោយ។

ពេល​មក​ដល់​អាមេរិក លោក ប្រាក់ សេរីវុឌ្ឍ មិន​ទុក​ពេល​ទំនេរ​ឥត​ប្រយោជន៍​នោះ​ទេ។ លោក​បាន​ចូល​សិក្សា ហើយ​បន្ត​ការ​សិក្សា​រហូត​ដល់​បាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សកលវិទ្យាល័យ (California State University) និង​ថែម​ទាំង​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ។ ដោយ​ការ​ព្យាយាម​សិក្សា​នេះ​ហើយ ទើប​លោក​បាន​ការងារ​ជា​ជំនួយការ អតីត​តំណាង​រាស្ត្រ​អាមេរិក នៅ​រដ្ឋ (California) ក្នុង​ការ​ទំនាក់ទំនង​ពលរដ្ឋ​ខ្មែរ​អាមេរិក ដើម្បី​ជួយ​ពួក​គេ​ផ្នែក​អន្តោប្រវេសន៍។ លោក​ក៏​ធ្លាប់​ជា​នាយក​រង​នៃ​សហគមន៍​ខ្មែរ​ដែរ។ តួនាទី​លោក​ក្នុង​សហគមន៍​នេះ គឺ​លោក​ធ្វើ​ការងារ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​កុំ​ឲ្យ​អាជ្ញាធរ​អាមេរិក​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ។លោក​បាន​ជួយ​ពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​ប្រព្រឹត្ត​កំហុស ហើយ​អ្នក​កែប្រែ​ខ្លួន​ក្លាយ​ជា​មនុស្ស​ល្អ ចេញ​ពី​ពន្ធនាគារ មនុស្ស​មាន​វិបត្តិ​ផ្លូវ​ចិត្ត និង​សុំ​ជំនួយ​ផ្តល់​ជូន​ជន​ពិការ និង​មនុស្ស​ចាស់​ជរា។ លោក ប្រាក់ សេរីវុឌ្ឍ ថា ក្នុង​អាណត្តិ​របស់​លោក​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ លោក​តស៊ូ​មតិ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​បារាំង និង​សហគមន៍​អឺរ៉ុប ដើម្បី​ដាក់​សំពាធ​រដ្ឋាភិបាល​វៀតណាម កុំ​ឲ្យ​រំលោភ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់​នៅ​វៀតណាម និង​ឲ្យ​វៀតណាម​ផ្ដល់​ការងារ​ដោយ​មិន​រើសអើង​ដល់​ខ្មែរ​ក្រោម៖ «បញ្ហា​ដែល​យើង​ត្រូវ​ប្រឈម​មុខ គឺ​ទី​មួយ យើង​ត្រូវ​ធ្វើ​តាម​មធ្យោបាយ​ការ​ទូត​អន្តរជាតិ​ដែល​យើង​ប្រឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​ច្រើន​ជាង​មុន​ត​ទៅ​ទៀត ដូច​ជា អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក សភា និង​ព្រឹទ្ធសភា​អាមេរិក និង​អង្គការUNPO»

សម្រាប់​ពី​ពេល​ទៅ​ថ្ងៃ​អនាគត លោក​នឹង​បន្ត​ធ្វើ​ការ​តស៊ូ​មតិ​ជា​លក្ខណៈ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ រួម​ទាំង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ផង ដើម្បី​អាច​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ខ្លួន​ឯង ហើយ​នឹង​អាច​ឈាន​ទៅ​ទទួល​បាន​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​វិញ​ដោយ​អហិង្សា។​ លោក​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមនៅ​លើ​ពិភព​លោក​រួម​សាមគ្គី​គ្នា​ជា​កម្លាំង ដើម្បី​សម្រេច​គោល​បំណង​ទាមទារ សិទ្ធិ​ស្វ័យ​សម្រេច​ខ្លួន​ឯង​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល