ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ប្ដេជ្ញា​យក​ជីវិត​ប្ដូរ ដើម្បី​ការពារ​ដើម​គគីរ

ដោយ យន់ សាមៀន
2022.03.29
ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ប្ដេជ្ញា​យក​ជីវិត​ប្ដូរ ដើម្បី​ការពារ​ដើម​គគីរ (រូបកណ្ដាល និងស្ដាំ) ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​លើក​គ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម ដែល​ប៉ុនប៉ង កាប់​យក​ដើម​គគីរ (រូបខាងឆ្វេង) ដែល​មាន​អាយុ​កាល​ជាង ៧០០ឆ្នាំ ជា​កេរ្តិ៍​ដំណែល​របស់​វត្ត​មង្គល​បុរី​ទ្រនុំ​សេក​ ​ខេត្ត​លង់​ហោរ ទឹកដីកម្ពុជាក្រោម។
រូប៖ ពីវីឌីអូលើហ្វេសប៊ុក

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម ដែល​ប៉ុនប៉ង កាប់​យក​ដើម​គគីរ ដែល​មាន​អាយុ​កាល​ជាង ៧០០ឆ្នាំ ជា​កេរ្តិ៍​ដំណែល​របស់​វត្ត​មង្គល​បុរី​ទ្រនុំ​សេក​ ​ខេត្ត​លង់​ហោរ។ សហព័ន្ធ​ខ្មែរ​ក្រោម ចោទ​វៀតណាម​ថា មាន​បំណង​ចង់​បំបាត់​ពូជសាសន៍​ខ្មែរ​ក្រោម តាមរយៈ​ការ​បំផ្លាញ​​​សម្បត្តិ​វប្បធម៌​ខ្មែរ​ក្រោម។

អាជ្ញាធរ​ចម្រុះ​វៀតណាម មាន​គ្នា​ប្រមាណ​ជាង​មួយ​រយ​នាក់ កាល​ពី​សប្ដាហ៍​មុន ​បាន​សម្រុក​ចូល​ទៅ វត្ត​មង្គល​បុរី​ទ្រនំ​សេក ក្នុង​បំណង​ទៅ​កាប់​យក ដើម​គគីរ​ខ្មែរ​ក្រោម ដែល​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​រក្សា​ទុក​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ។

អាជ្ញាធរ​វៀតណាម​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​នាំ​គ្នា​អង្គុយ​ព័ទ្ធ​ជុំវិញ ដើម​គគីរ និង​ចង​ស្បង់​ចីវរ​ព្រះសង្ឃ​ជុំវិញ​ដើម​គគីរ​នោះ ប៉ុន្តែ​ដោយសារ​តែ​កម្លាំង​តវ៉ា​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លាំង អាជ្ញាធរ​ចម្រុះ​វៀតណាម​បាន​នាំ​គ្នា​ដក​ថយ​ទៅ​វិញ។ អាជ្ញាធរ​វៀតណាម​ព្រមាន​ថា ពួក​គេ​នឹង​មក​កាប់​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។
លោក​យាយ ថាច់ធី សាប៊ុត ដែល​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​ថា វៀតណាម​បាន​រំលោភ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​វត្ត ហើយ​ថែម​ទាំង​ប្រើប្រាស់​ហិង្សា​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទៀត​ផង។ លោក​យាយ​បន្ត​ថា ទោះបី​វៀតណាម កំពុង​គ្រប់គ្រង​ទឹក​ដី​ខ្មែរ​ក្រោម​ក៏​ដោយ ប៉ុន្តែ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម ដូច្នោះ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ការពារ​សម្បត្តិ​កេរដំណែល​ដូនតា​ខ្មែរ៖ «របស់​នេះ ជា​របស់​សង្ឃ របស់​យាយ​តា តាំង​ពី​ដូនតា​យើង​ដល់​ឥឡូវ មិន​មែន​ជា​របស់​រដ្ឋ​អំណាច។ យើង​មាន​តែ​វត្ត​សម្រាប់​យើង អត់​វត្ត យើង​រលាយ​ដូច​ផេះ​ហើយ»

ពលរដ្ឋ​ខ្មែរ​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​ចង់​បាន​ដើម​គគីរ​ខ្មែរ​ក្រោម​នេះ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ឯ​សារមន្ទីរ​វៀតណាម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ដែល​បាន​តាមដាន​រឿង​នេះ មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២៦ មីនា​ថា ដើម​គគីរ ជា​បេតិកភណ្ឌ​របស់​វត្ត។ ដូច្នោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ហ៊ាន​បូជា​ជីវិត​ដើម្បី​ការពារ​ដើម​គគីរ​នេះ មិន​ឲ្យ​វៀតណាម​កាប់​បំផ្លាញ​ចោល​នោះ​ទេ៖ «ការ​ពិត​អាជ្ញាធរ​វៀតណាម​រំលោភ​តាំង​ពី​ដីធ្លី ទីតាំង​វត្ថុបុរាណ អ្វី​ផ្សេងៗ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក្រោម​ហ្នឹង អាជ្ញាធរ​វៀតណាម មាន​មហិច្ឆតា ដើម្បី​លេប​ត្របាក់​បំបាត់​ភស្តុតាង​អ្វី​ជា​របស់​ខ្មែរ​ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ហ្នឹង។ អាជ្ញាធរ​វៀតណាម​មាន​ចេតនា ដើម្បី​លុប​បំបាត់​ពូជសាសន៍ រើសអើង​ពូជសាសន៍​ចំពោះ​ដែនដី​កម្ពុជា​ក្រោម»

ព្រះអង្គ​បន្ត​ថា បច្ចុប្បន្ន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​កំពុង​យាម​ការពារ​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម ចូល​មក​លួច​កាប់ ដើម​គគីរ ព្រោះ​ខ្មែរ​ក្រោម​ចង់​រក្សា​ទុក​ដើម​គគីរ​នេះ ធ្វើ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត៖ «មាន​សារៈសំខាន់​ដោយសារ​តែ ពីព្រោះ​វា​ជា​បេតិកភណ្ឌ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង ដូច​ដើម​ឈើ​ទាល​របស់​ឧកញ៉ា សឺន គុយ ជា​អត្តសញ្ញាណ និង​ជា​កំណត់​សំគាល់​របស់​ទឹក​ដី​កម្ពុជា​ក្រោម»

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វៀតណាម​បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារ​តែ​វៀតណាម​បារម្ភ​ពី​ចលនា​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ យ៉ាង​ហោច​ណាស់​ខ្មែរ​ក្រោម ៤នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ដោយសារតែ​ការសំដែង​មតិ​ទាមទារ​សិទ្ធ​ជា​ជនជាតិ​ដើម និង​ការពារ​មិន​ឲ្យ​វៀតណាម​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ។ ចំណែក​យុវជន​ខ្មែរ​ក្រោម ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ប្រើប្រាស់​ហិង្សា​គំរាម​កំហែង​មិន​ឲ្យ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម និង​ការ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម។ វៀតណាម​បាន​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម និង​សម្លុត​ចាប់​ពួក​គេ​ដាក់​ពន្ធនាគារ ប្រសិន​បើ​ពួក​គេ​បន្ត​សកម្មភាព ដើម្បី​សិទ្ធិ​ខ្មែរ​ក្រោម។ អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​តែ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​នោះ​ទេ វៀតណាម ក៏​បាន​រឹតត្បិត​សិទ្ធិ​សេរី​សាសនា​ខ្មែរ​ក្រោម​ផង​ដែរ។ អាជ្ញាធរ​វៀតណាម​បន្ត​ហាមឃាត់​មិន​ឲ្យ​ខ្មែរ​ក្រោម កសាង​វត្ត​អារាម និង​សាលា​ឆ​ទាន ដើម្បី​គោរព​សាសនា និង​ធ្វើ​ជា​សាលារៀន​ដើម្បី​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​ក្រោម។ ទោះបីជា​វៀតណាម​ខំ​ប្រឹង​បំផ្លាញ​សាសនា​ខ្មែរ​ក្រោម​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​ក្រោម​សម្រេច​កសាង​វត្ត​បាន​ជិត ប្រាំ​រយ​វត្ត និង​មាន​ព្រះសង្ឃ​ជាង ៨ពាន់អង្គ។

មន្ត្រី​សហព័ន្ធ​ខ្មែរ​ក្រោម​លើក​ឡើង​ថា ខ្មែរ​ក្រោម​សុខ​ចិត្ត​ប្ដូរ​ជីវិត​ការពារ​ដើម​គគីរ​មួយ​ដើម ពីព្រោះ​វា​អាច​ជួយ​រក្សា​អត្តសញ្ញាណ​របស់​ខ្មែរ​កម្ពុជា​ក្រោម​សម្រាប់​កូនចៅ​ខ្មែរ​ក្រោម​ជំនាន់​ក្រោយ។ បច្ចុប្បន្ន ដើម​គគីរ មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ មាន​ចំនួន​តែ​ពីរ​ដើម​គត់ ដែល​នៅ​សេសសល់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។