ជនភៀសខ្លួនខ្មែរក្រោមមួយចំនួនមានជីវភាពកាន់តែដុនដាបដោយសារជាប់ផុងនៅប្រទេសថៃច្រើនឆ្នាំ
2022.10.24
ជនភៀសខ្លួនខ្មែរក្រោមមួយចំនួននៅប្រទេសថៃ មានជីវភាពកាន់តែដុនដាប ខណៈពួកគាត់ជាប់ផុងនៅទីនោះអស់ជាច្រើនឆ្នាំ ព្រោះអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅបាងកក មិនទាន់មានប្រទេសទីបីទទួលយកពួកគាត់។ សង្គមស៊ីវិលថា រដ្ឋាភិបាលវៀតណាម នៅតែធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ធ្វើឲ្យខ្មែរក្រោមបង្ខំចិត្តភៀសខ្លួនចេញពីស្រុកកំណើតរបស់ខ្លួន។
ពលរដ្ឋខ្មែរក្រោម ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ពួកគាត់កំពុងជួបទុក្ខលំបាកផ្នែកសុវត្ថិភាព ជីវភាព និងសុខភាពនៅប្រទេសថៃ។ អ្នកខ្លះជាប់គាំងជាង ១០ឆ្នាំមកហើយ នៅក្នុងប្រទេសថៃនេះ ហើយពួកគាត់សង្ឃឹមថា អង្គការសហប្រជាជាតិនឹងស្វែងរកទីលំនៅថ្មីឲ្យពួកគាត់ បានរស់នៅប្រទេសណាមួយ ដែលមានសុវត្ថិភាព។
ពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួននៅប្រទេសថៃ ១៤ឆ្នាំ មានស្រុកកំណើតនៅខេត្តឃ្លាំង លោកស្រី ចៅ ធីសាច់ ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ថា ការរស់នៅក្នុងប្រទេសថៃជាង ១០ឆ្នាំមកនេះ គឺរស់នៅដោយលំបាកវេទនា ព្រោះជនភៀសខ្លួនមិនអាចរកស៊ីបានដូចពលរដ្ឋសាមញ្ញនោះទេ។ លោកស្រីថា ពេលលោកស្រីចង់ទៅធ្វើការ គឺលបទៅធ្វើ ដូច្នេះជីវភាពចេះតែខ្វះមុខខ្វះក្រោយ។ លោកស្រីបន្តថា បច្ចុប្បន្នលោកស្រីមិនអាចទៅធ្វើការបានទេ ព្រោះលោកស្រីមានវ័យចាស់ និងត្រូវមើលថែចៅស្រីអាយុជាង ២ឆ្នាំ ដែលម្ដាយត្រូវប៉ូលិសថៃចាប់ ហើយកំព្រាឪពុកផង។ លោកស្រីបន្ថែមថា លោកស្រី និងប្ដី បាននាំកូនទាំងបួននាក់ភៀសខ្លួនចេញពីកម្ពុជាមកប្រទេសថៃតាំងពីឆ្នាំ២០០៨ ដោយសារនគរបាលវៀតណាមបានមករកប្ដីលោកស្រីដល់កម្ពុជាទៀត។ លោកស្រីបញ្ជាក់ថា ប្ដីលោកស្រីតែងតែចេញចូលវត្តនៅកម្ពុជាក្រោម ទាក់ទងជាមួយព្រះសង្ឃ ពាក់ព័ន្ធនឹងការគោរពជំនឿសាសនាផ្សេងៗ អាជ្ញាធរវៀតណាមតាមឃ្លាំមើលសកម្មភាពគាត់ ធ្វើឲ្យប្ដីលោកស្រីរស់នៅស្រុកមិនបាន ទើបនាំគ្នាមកស្រុកខ្មែរ៖
«ហ្នឹងហើយ ឥឡូវហ្នឹងវាលំបាកខ្លាំងណាស់ យើងអង្គការជួយហ្នឹងបានតែយើងមានកាតយូអិន (ប័ណ្ណសម្គាល់ជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ) នៅអាយុទេ ដល់យើងយូអិនដាច់អាយុទៀត អង្គការគេមិនសូវជួយយើងទេ តិចជួយណាស់ បើស៊ូជីគេឲ្យអង្ករម្ដងៗ ហ្នឹង ហើយអង្គការនានា យើងគ្មានកាតហ្នឹង យើងសុំមិនបានដូចគេទេ។ ពិបាកណាស់ឥឡូវពិបាកខ្លាំង ពិបាកដល់មិនដឹងនិយាយថាម៉េចទេ។ វាខូច ដល់តម្រួតចាប់ម៉ែវាទៅ កូនវានៅយំរហូត»។
ស្រដៀងគ្នានេះដែរ កូនស្រីទី៣ របស់លោកស្រី ចៅ ធីសាច់ ដែលឪពុកស្លាប់ចោលនៅប្រទេសថៃ គឺលោកស្រី លី ធីយុង រៀបរាប់ថា ជីវិតគ្រួសាររបស់លោកស្រីឆ្លងកាត់ភាពជូរចត់ច្រើនណាស់ លោកស្រីអាណិតម្ដាយ ដែលមានវ័យចាស់ ហើយមានសុខភាពមិនមាំមួនទៀត។ លោកស្រីបន្តថា លោកស្រីបានត្រឹមតែអាណិតម្ដាយមិនអាចជួយគាត់បាន ព្រោះលោកស្រីត្រូវមើលថែកូនទាំងបីនាក់ ហើយប្ដីលោកស្រីទៅជួយធ្វើការគេនៅផ្សារបន្លែ គេឲ្យលុយតិចតួចគ្រាន់មកចិញ្ចឹមកូនទាំងបីក្នុងបន្ទុក។ លោកស្រីបញ្ជាក់ថា ពេលនៅកម្ពុជាក្រោមមានប៉ូលិសវៀតណាមមកផ្ទះលោកស្រីតាមចាប់ខ្លួនឪពុកលោកស្រី ពេលនោះលោកស្រីអាយុជាង ១០ឆ្នាំ ហើយឪពុក និងម្ដាយលោកស្រី ក៏នាំកូនទាំងអស់មករស់នៅកម្ពុជា។ លោកស្រីបន្ថែមថា នៅកម្ពុជាបានមួយរយៈអាជ្ញាធរកម្ពុជាបានមកដេញគ្រួសារលោកស្រីឲ្យទៅស្រុកវិញ ពេលនោះម្ដាយ និងឪពុកលោកស្រីថា ទៅកម្ពុជាក្រោមវិញ ពិតជាវៀតណាមធ្វើបាប ក៏សម្រេចចិត្តនាំគ្នាមកថៃ។ លោកស្រីសង្ឃឹមលើអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅប្រទេសថៃ ទទួលគ្រួសារលោកស្រីបានឋានៈជាជនភៀសខ្លួនផង ជាពិសេស សូមអន្តរាគមន៍ទៅរដ្ឋាភិបាលថៃ ដោះលែងប្អូនស្រីលោកស្រីនឹងខ្មែរក្រោមទាំង ៩នាក់ទៀតឲ្យមានសេរីភាពវិញផង៖
«គេមករករឿងម៉ែខ្ញុំ ឪខ្ញុំ អ៊ីចឹងមិនដឹងគេនិយាយអី គេនិយាយភាសាយួន កាលហ្នុងខ្ញុំនៅតូច ខ្ញុំស្ដាប់មិនសូវដឹងទេ។ ចាស!ដល់ពេលទៅក៏មានការមកព័ទ្ធមករកចាប់ឪខ្ញុំពេលយប់ ដល់ពេលអ៊ីចឹងទៅបានក្រុមគ្រួសារម៉ែខ្ញុំហ្នឹង ម៉ែខ្ញុំនាំកូនបួននាក់ហ្នឹង ក៏ឡើងមកខ្មែរ ហើយឪខ្ញុំហ្នឹង ក៏រត់ទៅណាមិនដឹងទេ ដល់ពេលភ្លឺបានម៉ែខ្ញុំនាំកនខ្ញុំឡើងមក មកភ្នំពេញនេះ»។
ចំណែកខ្មែរក្រោមម្នាក់ទៀត ដែលភៀសខ្លួននៅប្រទេសថៃ ១៤ឆ្នាំដែរ មានស្រុកកំណើតនៅខេត្តឃ្លាំង លោកស្រី លី ធីម៉ឹង ថ្លែងថា លោកស្រីរត់ចេញពីស្រុកកំណើត ដោយសារអាជ្ញាធរវៀតណាមបានរឹបអូសដីធ្លីរបស់លោកស្រី និងចាប់ឪពុកលោកស្រីដាក់គុកអស់ពីរថ្ងៃ ហើយគំរាមឪពុកលោកស្រីឱ្យប្រគល់ដីទៅរដ្ឋាភិបាលវៀតណាមជាងមួយហិកតារ។ លោកស្រីបន្តថា ពេលនោះឪពុកលោកស្រីក៏សុខចិត្តប្រគល់ឲ្យគេ ដើម្បីបានរួចខ្លួន ដល់ក្រោយមកឪពុកលោកស្រីបានតវ៉ាទាមទារដីនោះមកវិញ ហើយគេបានតាមធ្វើបាបគ្រួសារលោកស្រី ទើបធ្វើឲ្យលោកស្រីភៀសខ្លួនមកប្រទេសថៃ។ លោកស្រីបញ្ជាក់ថា ជីវភាពនៅប្រទេសថៃនេះ គឺពិបាកខ្លាំងណាស់ រស់នៅតែពីរនាក់កូនប្រុស សង្ឃឹមបានស្បៀងអាហារខ្លះពីអង្គការដៃគូរបស់អង្គការសហប្រជាជាតិ ហើយលោកស្រីរំពឹងថា នឹងទទួលបានឋានៈជាជនភៀសខ្លួនពី UNHCR និងរកប្រទេសណា ដែលមានសុវត្ថិភាព សម្រាប់គ្រួសារលោកស្រី និងខ្មែរក្រោមដទៃទៀតរស់នៅ៖
«សព្វថ្ងៃហ្នឹងកំពុងតែពិបាកហ្នឹង ហើយតម្រួតហ្នឹងគេថា គេនៅចាប់ទៀត ចុះគេមិនទាន់បើក គេមិនទាន់ឈប់ចាប់ទេ គេនៅចាប់អ្នកដែលចូលមកប្រទេសថៃអីហ្នឹងខុសច្បាប់អត់មានក្រដាសស្នាមត្រឹមត្រូវហ្នឹង ហើយដូចគ្រួសារអ៊ំហ្នឹង ក៏មិនដឹងថា ទៅមុខទៀត មិនដឹងថាយ៉ាងណាដែរ បើយូអិន (UNHCR) គេមិនទាន់ទទួលយើងជាជនភៀសខ្លួន ហើយអត់មានក្រដាសស្នាមអីត្រឹមត្រូវហ្នឹង»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេ នៅថ្ងៃទី២៤ ខែតុលា។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក តាំង សារៈ លើកឡើងថា រដ្ឋាភិបាលវៀតណាមនៅតែធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ស្រុក ដូចកៀបសង្កត់ផ្នែកសាសនា រឹតត្បិតការបង្រៀនអក្សរខ្មែរ និងរឹបអូសយកដីធ្លីខ្មែរក្រោមជាដើម ធ្វើឲ្យខ្មែរក្រោមនៅស្រុកមិនបាន។ លោកបន្តថា លោកមិនសង្ឃឹមអាជ្ញាធរវៀតណាមគោរពសិទ្ធិខ្មែរក្រោមនោះទេ តែលោកនឹងសហព័ន្ធខ្មែរនៅក្រៅប្រទេស និងទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោមតាមច្បាប់អន្តរជាតិ ស្ដីពីជនជាតិដើម៖
«ក៏ប៉ុន្តែថា ការអត់ធន់ គឺមានពេលកំណត់ មានព្រំដែន តែកាលណាហួសព្រំដែនវានឹងមានចលនាអ្វីមួយកើតឡើងជាប្រាកដ។យើងជឿជាក់ថា ខ្មែរកម្ពុជាក្រោមមិនអាចដេកសំងំឲ្យរដ្ឋាភិបាលវៀតណាមចេះតែសង្កត់សង្កិនរឹតត្បិតទៅតាមអំពើចិត្តរបស់ខ្លួននោះទេបាទ!»។
របាយការណ៍របស់សមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ ឲ្យដឹងថា មានខ្មែរក្រោម ដែលកំពុងរស់នៅប្រទេសថៃ ជាងពីររយនាក់ ស្មើនឹងជិត ៨០គ្រួសារ ហើយពួកគាត់កំពុងរស់នៅទាំងជីវភាពយ៉ាប់យ៉ឺន និងខ្វះសុវត្ថិភាពនៅក្នុងប្រទេសថៃ ហើយភ័យខ្លាចអាជ្ញាធរថៃចាប់បញ្ជូនពួកគាត់ទៅប្រទេសកំណើតវិញ ជាពិសេស ខ្មែរក្រោមកំពុងជាប់ឃុំទាំង ១០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។