សមាគមខ្មែរកម្ពុជាក្រោម ស្នើឱ្យមេដឹកនាំកំពូលៗ របស់កម្ពុជា លើកឡើងបញ្ហារំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ទៅកាន់ប្រធានាធិបតីថ្មីរបស់វៀតណាម
2024.07.10

សមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិទៅកាន់ក្រុមមេដឹកនាំកំពូលៗ របស់ កម្ពុជាឱ្យលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋខ្មែរក្រោម នៅចំពោះមុខប្រធានាធិបតីថ្មីរបស់វៀតណាមលោក តូ ឡឹម ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ។ ការដាក់ញត្តិនេះ កើតមានភ្លាមៗ ក្រោយពេលនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) ប្រាប់ទៅឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ានី ឱ្យជួយសម្រួលធ្វើសមាហរណកម្មពលរដ្ឋ វៀតណាមចូលក្នុងសង្គមកម្ពុជា។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានថ្វាយញត្តិចំនួន៥ ដាច់ដោយឡែកពីគ្នាទៅសម្ដេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយស្នើឱ្យលើកយកបញ្ហាខ្មែរក្រោម ទៅជជែកជាមួយប្រធានាធិបតីថ្មីរបស់វៀតណាមលោក តូ ឡឹម (To Lam) ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងញត្តិទាំង៥ ដែលមានខ្លឹមសារដូចគ្នានោះ សមាគមខ្មែរកម្ពុជាក្រោម បានរៀបរាប់ថា បន្ទាប់ពីបារាំងបានកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមមក ខ្មែរក្រោមត្រូវរស់នៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលវៀតណាម ក្នុងស្ថានភាពកំព្រាឪពុកម្ដាយ និងអាណាព្យាបាល ពោលគឺព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខ្មែរ។
ការរស់នៅក្នុងស្ថានភាពដ៏អយុត្តិធម៌ ការរើសអើងពូជសាសន៍ ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្ស និងការប្រមាថមើលងាយបន្ទាបបន្ថោកគ្រប់រូបភាព លើខ្មែរក្រោម បង្កឱ្យមានការឈឺចាប់ឥតស្រាកស្រាន្ត។
ក្នុងស្ថានភាពនេះទៀត សមាគមខ្មែរកម្ពុជាក្រោម បានប្រាប់ក្រុមមេដឹកនាំកម្ពុជា ថាអាជ្ញាធរវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹក និងដាក់ពន្ធនាគារ រួមទាំងប្រជារាស្ត្រខ្មែរក្រោមដទៃទៀតសរុបចំនួន ១៣អង្គ/រូប ហើយថ្មីៗ នេះ ព្រះសង្ឃវៀតណាមមួយអង្គបានប្រមាថមើលងាយជាសាធារណៈមកលើអត្តសញ្ញាណពូជសាសន៍ខ្មែរ ដែលជាការប្រព្រឹត្តផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
សមាគមខ្មែរកម្ពុជាក្រោមនេះ បង្ហាញគោលបំណងស្នើទៅក្រុមមេដឹកនាំកម្ពុជា ជួយធ្វើអន្តរាគមន៍ទៅមេដឹកនាំវៀតណាមឱ្យរដ្ឋាភិបាល និងប្រជាជនវៀតណាម គោរពសិទ្ធិព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដូនតាខ្មែរកម្ពុជា ក្រោម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យព្រះបរមរាជវាំងនិងអ្នកនាំពាក្យ នាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ បានទេនៅថ្ងៃទី៩ ខែកក្កដា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកក្កដា ថា លោកមិនទាន់អាចនិយាយបានទេ ដោយសារតែគណៈកម្មការទី១ ទទួលបន្ទុកសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹងកំពុងធ្វើការងារនេះ។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា មិនចាំបាច់រដ្ឋាភិបាលកម្ពុជា លើកបញ្ហាខ្មែរក្រោមជាមួយភាគីវៀតណាមទេ ពីព្រោះបញ្ហាទាំងនេះ មាននៅក្នុងសន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញារបស់សហប្រជាជាតិហើយ ឱ្យតែពលរដ្ឋនិងសមាគមខ្មែរក្រោមទាមទារឱ្យត្រូវ ខ្លឹមសារទៅអាចតវ៉ាបានសមស្របហើយ បើមានការរំលោភសិទ្ធិមនុស្ស ឬមានការ រឹតត្បិតអំពីការអនុវត្តន៍វប្បធម៌ ប្រពៃណី និងជំនឿសាសនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែកក្កដាថា សព្វថ្ងៃបងប្អូនខ្មែរក្រោមមានការទាមទារសិទ្ធិហើយ ប៉ុន្តែលោកបន្ទោសថា ការទាមទាររបស់ខ្មែរក្រោម ជ្រុលហួសព្រំដែនរហូតដល់ ទាមទារសិទ្ធិស្វ័យសម្រេច។
លោក សុខ ឥសាន៖«យើងចេះតែថា ខ្លួនយើងថា ខ្មែរក្រោមខ្មែរក្រោម ក៏ប៉ុន្តែតាមពិតសញ្ជាតិសុទ្ធតែវៀតណាមទាំងអស់ ឥឡូវសួរមានបងប្អូនណាកាន់ប៉ាស្ព័រខ្មែរ សញ្ជាតិខ្មែរ វាអត់មានទេ តាំងពីបារាំងប្រគល់ទឹកដីកូសាំងស៊ីនទៅឱ្យវៀតណាមហើយ គឺថាបងប្អូនខ្មែរក្រោមទាំងអស់សុទ្ធតែជាជនជាតិវៀតណាមហើយ។ បើជនជាតិវៀតណាមហើយ យើងទៅផ្ដាំផ្ញើស្អីទៀត។ អ៊ីចឹងសមាគមមានហើយ ឱ្យគេទាមទារទៅតាមគោលការណ៍ដែលមានចែងក្នុងអង្គការសហប្រជាជាតិទៅ អត់ខុសទេ ចាំបាច់អីរាជរដ្ឋាភិបាលកម្ពុជា ទៅទាមទារជំនួសបងប្អូនខ្មែរក្រោមនោះ? »។
ផ្ទុយពីការលើកឡើងរបស់លោក សុខ ឥសាន រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម និងព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ កាលនោះ ជាព្រះប្រមុខរដ្ឋនៅតែចាត់ទុកបងប្អូនខ្មែរកម្ពុជាក្រោម នៅតែជាជនជាតិខ្មែរ ដូចពលរដ្ឋខ្មែរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជាដែរ ទោះបីជាបារាំងបានកាត់ទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោមទៅឱ្យអាណ្ណាម ឬបច្ចុប្បន្នវៀតណាមគ្រប់គ្រងក៏ដោយ។
ការឆ្លើយតបរបស់លោក សុខ ឥសាន បង្ហាញថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនបានយកចិត្តទុកដាក់ជួយ ដោះស្រាយបញ្ហារបស់ជនជាតិខ្មែរ ដូចរដ្ឋាភិបាលវៀតណាម ដែលតែងតែជួយជនជាតិវៀតណាម ដោយមិនចាំបាច់ពលរដ្ឋវៀតណាមសុំអន្តរាគមន៍ ឬធ្វើតាមយន្តការរបស់អង្គការសហប្រជាជាតិអ្វីឡើយ។
នៅគ្រប់ជំនួបជាមួយមេដឹកនាំខ្មែរគ្រប់កម្រិត មេដឹកនាំវៀតណាម តែងតែផ្ដាំផ្ញើឱ្យភាគីខ្មែរជួយសម្រួលដល់ការរស់នៅ និងការធ្វើជំនួញរបស់ជនជាតិវៀតណាមនៅកម្ពុជា ដែលមេដឹកនាំកម្ពុជាចាំតែទទួលអនុវត្តតាម។
ចុងក្រោយនេះទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើទៅភាគីរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ហ៊ុន ម៉ានី ឱ្យជួយសម្រួលដល់ការតាំងទីលំនៅ និងធ្វើសមាហរណកម្មជនជាតិវៀតណាម ចូលក្នុងសង្គមកម្ពុជា។ តាមការផ្សាយរបស់សារព័ត៌មាន VietnamPlus កាលពីថ្ងៃទី៥ ខែកក្កដា លោក ហ៊ុន ម៉ានី ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា នឹងពង្រឹងទំនាក់ទំនងឱ្យប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។