កំណាព្យ (បទពាក្យ៨)
១- ឆ្កែគឺជាសត្វដែលគេចិញ្ចឹម បំណងគឺត្រឹមឲ្យព្រុសចាំផ្ទះ
បើឆ្កែចេះរាំហើយចេះសំពះ គេសរសើរម្ចាស់ប៉ិនបង្ហាត់វា។
២- ធម្មតាសត្វឆ្កែគឺអត់មាយាទ ចូលចិត្តបៀនបៀតដណ្ដើមញីគ្នា
ម្តាយឯងក៏ពាក់មិនខ្លាចកម្មពៀរ សំណល់នានាស៊ីតាមចំណង់។
៣- ឆ្កែដឹងតែជុះពាសវាលពាសកាល ធ្វើតាមតែក្បាលចិត្តដែលវាចង់
ឃើញញីមិនបានស្ទុះភ្លែតតម្រង់ ពាក់គ្នាត្រង់ៗមិនខ្មាសអ្នកណា។
៤- រឿងព្រុសរឿងខាំក៏ជាប់លេខមួយ ឆ្កែមិនដែលព្រួយគិតរឿងមេត្តា
ម្ចាស់ក៏វាខាំមិនបាច់តវ៉ា បើទើសចិន្តាខាំគ្មានរើសមុខ។
៥- សត្វហើយនិងមនុស្សមិនដូចគ្នាទេ មនុស្សចេះគិតគ្នេរចេះយល់សុខទុក្ខ
មនុស្សទៅសាលារៀនសូត្រគ្រប់មុខ ជាទុនទំនុកបម្រុងជីវិត។
៦- មនុស្សខុសពីសត្វត្រង់សភាវៈ ចេះបែងចែកជាក់សត្រូវឬមិត្ត
ចេះពិចារណាមុនធ្វើអ្វីពិត ស្គាល់ផ្លូវសុច្ចរិតស្គាល់ក្រស្គាល់មាន។
៧- មនុស្សអន់ចរិតគេប្រៀបនិងឆ្កែ ដឹងថាខុសដែរនៅធ្វើបំពាន
អ្វីក៏ប្រព្រឹត្តគ្មានការខ្មាសអៀន ត្រេកកាមដល់ហ៊ានយកប្រពន្ធម្រាក់។
៨- ធ្វើអ្វីមិនកើតព្រោះកំណើតអន់ នៅធ្វើឫកគ្រាន់ដូចរៀនអស់ថ្នាក់
ទ្រព្យគេក៏កេងលេបមិនខ្លាចស្លាក់ គ្មានភាពស្មោះស្ម័គ្រអាត្មានិយម។
៩- ឆ្កែត្រាប់តាមមនុស្សគឺនៅគ្រាន់បើ មានគេសរសើរថាឆ្លាតគួរសម
មនុស្សធ្វើដូចឆ្កែសូមកុំច្រឡំ នៅក្នុងសង្គមគេស្អប់គេខ្ពើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។