អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា។ ព្រះបរមសពព្រះអង្គបានត្រូវប្រមុខដឹកនាំរដ្ឋាភិបាល ដង្ហែពីក្រុងប៉េកាំង កាលពីថ្ងៃទី១៧ ខែតុលា ហើយតម្កល់នៅព្រះបរមរាជវាំង។ ព្រះរាជពិធីបូជាព្រះបរមសពព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ គ្រោងប្រារព្ធនៅដើមខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ។
នៅទន្ទឹមដែលពលរដ្ឋខ្មែររាប់លាននាក់នៅក្នុង និងក្រៅប្រទេសសំដែងការសោកស្ដាយជាពន់ពេកនៃការសោយព្រះទិវង្គតរបស់ព្រះមហាវីរក្សត្រ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលផ្សេងទៀត នៅសប្ដាហ៍ទី៣ កាលពីខែវិច្ឆិកា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) និងមេដឹកនាំពីប្រទេសជាច្រើនទៀត រួមទាំងប្រទេសជាសមាជិកអាស៊ាន ចូលរួមផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងមោទនភាពជាខ្លាំងដែលកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលទាំងនោះ។ ប៉ុន្តែលោកមានការសោកស្ដាយជាទីបំផុតដែលអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះអង្គទ្រង់សោយទិវង្គតដោយមិនបានទតឃើញស្នាដៃចាត់ចែងរបស់កម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ដោយក្ដីក្ដុកក្ដួលក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយការរៀបចំកិច្ចប្រជុំកំពូលទាំងនោះ៖ «ទោះបីថា ក្នុងប៉ុន្មានថ្ងៃនេះជាប់រវល់ តែទូលបង្គំនៅតែនឹកឃើញដល់ព្រះអង្គ។ ខ្ញុំសូមអភ័យទោសដែលខ្ញុំមិនអាចទប់ស្កាត់បាននូវការសម្រក់ទឹកភ្នែករបស់ខ្ញុំ ព្រោះថា អ្វីដែលសម្ដេចឳរបស់យើងព្រះអង្គចង់បាន គឺកិត្តិយសជាតិ ឥឡូវកិត្តិយសជាតិកំពុងតែបានងើបស្ទុះឡើងក្នុងរយៈពេលដែលព្រះអង្គសោយទិវង្គត ដែលមិនបានឃើញ។ តែសង្ឃឹមថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនឹងបានទតឃើញនូវអ្វីដែលកូនចៅព្រះអង្គបានធ្វើនៅពេលនេះ»។
ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក មកទស្សនកិច្ចជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៅកម្ពុជាក៏ដោយ ក៏ពុំឃើញមានលទ្ធផលនៃជំនួបនោះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ប្រភពពីមន្ត្រីអ្នកនាំពាក្យកម្ពុជា និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្នុងជំនួបនោះ មានភាពតានតឹង ដោយសាររដ្ឋាភិបាលអាមេរិក បានលើកឡើងអំពីអ្នកទោសនយោបាយ ជំរុញឲ្យកម្ពុជា ពង្រឹងប្រព័ន្ធតុលាការ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ បំបាត់អំពើពុករលួយ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាដើម។
ចម្លើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់វិញថា កម្ពុជាពុំមានអ្នកទោសនយោបាយទេ ប៉ុន្តែមានអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ។ ការឆ្លើយតបនេះ ត្រូវបានមន្ត្រីសិទ្ធិមនុស្ស សង្គមស៊ីវិល មន្ត្រីបក្សប្រឆាំង ព្រមទាំងពលរដ្ឋជាច្រើនជំទាស់ថា មិនត្រឹមត្រូវឡើយ ហើយពុំបានឆ្លុះបញ្ចាំងការពិតដែលកើតឡើងនៅកម្ពុជានោះទេ។
កាលពីខែសីហា ឆ្នាំ២០១២ គណបក្សប្រឆាំងធំពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ មានឈ្មោះថា គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមប្រកួតប្រជែងយកជ័យជំនះលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ គណបក្សថ្មីនេះដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស និងអនុប្រធានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស។
ទោះបីជាអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិជាច្រើន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធបោះឆ្នោត ពង្រឹងការគោរពសិទ្ធិមនុស្ស បំបាត់អំពើពុករលួយ ស្វែងរកដំណោះស្រាយសមរម្យចំពោះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ច ព្រមទាំងអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់មកកម្ពុជា វិញក៏ដោយ ក៏រហូតមកដល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយ និងការរីកចំរើនណាមួយឡើយទេ។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី បានត្រូវគេលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ថែមទៀតផង។
ក្នុងអំឡុងឆ្នាំ២០១២ នេះដែរ របាយការណ៍របស់អង្គការអន្តរជាតិ ៣ បានរកឃើញថា ប្រជាពលរដ្ឋខ្មែរជាង ៤សែននាក់រងផលប៉ះពាល់ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន។ បញ្ហានេះបានញ៉ាំងឲ្យមានការតវ៉ារបស់ពលរដ្ឋជាច្រើននៅតាមសហគមន៍មួយចំនួន រួមមានសហគមន៍បឹងកក់ បុរីកីឡា ទំនាស់ដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ ដែលរហូតដល់មានការចាប់ឃាត់ខ្លួនសកម្មជនការពារដីធ្លីដាក់ពន្ធនាគារ ដូចជាលោក ម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ សកម្មជនដីធ្លីជាស្ត្រីនៅបឹងកក់ បុរីកីឡា។
លោក ម៉ម សូណង់ដូ អាយុ ៧០ឆ្នាំ បានត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ពីបទធ្វើអបគមន៍ ញុះញង់ឲ្យមានការបះបោរប្រឆាំងនឹងសមត្ថកិច្ច និងបទចោទមួយចំនួនទៀត។ ប៉ុន្តែលោក សូណង់ដូ បដិសេធចំពោះការចោទប្រកាន់ទាំងនោះ។
បន្ថែមពីនេះ កាលពីថ្ងៃទី២៦ ខែមេសា សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី បានត្រូវលោក អ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បាញ់សម្លាប់ ខណៈដែលលោកនាំអ្នកកាសែត ២នាក់ ទៅថតរូប និងបង្ហាញពីសកម្មភាពកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនចិន ឈ្មោះ ធីមប៊ឺ ហ្គ្រីន (Timber Green) នៅខេត្តកោះកុង។
តុលាការខេត្តកោះកុង បានបិទសំណុំរឿងករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ជាស្ថាពរ ដោយសារជនល្មើសដែលបាញ់លោកបានស្លាប់ទៅហើយ។
កាលពីដើមខែធ្នូ នេះ បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុងដំណើរទស្សនកិច្ចរបស់លោកលើកទី៨ នៅកម្ពុជា លោកពុំត្រូវបានអនុញ្ញាតឲ្យចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ ដើម្បីពិភាក្សាឈានទៅរកការកែលំអស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ហ៊ុន សែន បានប្រកាសជាសាធារណៈ កាលពីថ្ងៃទី១៣ ធ្នូ ថា លោកគ្មានកាតព្វកិច្ចណាមួយដែលត្រូវជួបជាមួយលោក សុរិយា ស៊ូប៊ែឌី ទេ។
លោកថា កម្ពុជាជារដ្ឋមានអធិបតេយ្យពេញលេញ ដែលមិនចាំបាច់ស្ដាប់ការណែនាំពីជនបរទេសឡើយ៖ «ខ្ញុំមិនបានទទួលខុសត្រូវចំពោះមុខអ្នកណា មកធ្វើរបាយការណ៍អ្វីទាំងអស់ និយាយមួយម៉ាត់ឲ្យខ្លី។ ខ្ញុំក៏អត់មានពេលវេលាដើម្បីជួបស្ដាប់អនុសាសន៍អ្នកណាតម្រូវដែរ ខ្ញុំអត់ពេលទេ។ ម៉េចខ្ញុំត្រូវទទួលខុសត្រូវចំពោះជនបរទេស? វាអត់ត្រូវនឹងរដ្ឋធម្មនុញ្ញ។ អ្នកឯងចង់និយាយអ្វីនិយាយទៅ ខ្ញុំធ្វើសម្រាប់ប្រទេសខ្ញុំ។ ឥឡូវត្រូវអនុវត្តអនុសាសន៍របស់អ្នកដទៃ ឬអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា?»។
ក្រោយពេលបញ្ចប់បេសកកម្មនៅកម្ពុជា លោក ស៊ូប៊ែឌី មានប្រសាសន៍ថា រដ្ឋាភិបាលនៅមិនទាន់បានអនុវត្តអនុសាសន៍របស់លោកកន្លងមកឲ្យបានត្រឹមត្រូវទេ។ លោកនៅតែបន្តព្រួយបារម្ភពីសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។
នៅពាក់កណ្ដាលខែធ្នូនេះ ក្រុមអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលដែលតុលាការខេត្តស្វាយរៀង បានចេញដីកាលើកលែងការចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាប់សង្ស័យថា បានបាញ់រះលើកម្មការិនីបីនាក់អោយរងរបួសនៅរោងចក្រកៅវ៉េ (Kaoway) កាលពីខែកុម្ភៈ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។