ពលរដ្ឋ​នៅ​ពោធិ៍សាត់​៣០០​នាក់​រក​អន្តរាគមន៍​ដោះលែង​មនុស្ស​៣០​នាក់

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នេសាទ​ខុស​ច្បាប់ ៣០​នាក់​បញ្ជូន​ទៅ​តុលាការ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ឯ​ភូមិ​បណ្ដែត​ទឹក ក្នុង​ឃុំ​កំពង់លួង ខេត្ត​ពោធិ៍សាត់ ប្រមាណ ៣០០​នាក់ បាន​លើក​គ្នា​មក​កាន់​សាលា​ឃុំ​ធ្វើការ​តវ៉ា។
ដោយ មណ្ឌល កែវ
2013.02.17
តវ៉ា ពោធិ៍សាត់ ៣០៥ ពលរដ្ឋ​នាំ​គ្នា​មក​កាន់​សាលា​ឃុំ​កំពង់លួង នា​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជួយ​ធ្វើ​អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ ៣០​នាក់​ដែល​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​នេសាទ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​១៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Mondulkeo

ប្រជាពលរដ្ឋ​ឃុំ​កំពង់លួង ប្រមាណ ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​លើក​គ្នា​មក​កាន់​សាលា​ឃុំ ក្នុង​បំណង​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជួយ​ធ្វើ​អន្តរាគមន៍ ដោះលែង​អ្នក​ភូមិ​ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ធ្វើ​ការ​នេសាទ​ដោយ​ខុស​ច្បាប់។

បុរស​អ្នក​ភូមិ​ឈ្មោះ ហួត ហេង អាយុ ៥៩​ឆ្នាំ ដែល​បាន​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នេះ។ គាត់​បាន​ឲ្យ​ដឹង​ថា ការ​ឡើង​មក​តវ៉ា​នេះ អ្នក​ភូមិ​មិន​មាន​បំណង​ប្រឆាំង​នឹង​ច្បាប់​ទេ ប៉ុន្តែ​អ្នក​ភូមិ​គ្រាន់​ចង់​លើក​ឡើង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​ថ្នាក់​លើ​បាន​ដឹង​ប៉ុណ្ណោះ។

តំណាង​អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ដោយ​យោង​លើ​ស្ថានភាព​ភូមិសាស្ត្រ និង​លក្ខណៈ​ជាក់ស្ដែង​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ការ​ប្រើ​អួន​អូស​ប្រវែង ១០០​ម៉ែត្រ មិន​អាច​ចាប់​ត្រី​បាន​គ្រប់​ដើម្បី​ចិញ្ចឹម​គ្រួសារ​នោះ​ទេ។

លោក ហួត ហេង៖ «គោលបំណង​ទី​១ គឺ​សុំ​ឲ្យ​លោក​មេឃុំ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ដែល​ត្រូវ​គេ​ចាប់​ទៅ​ដាក់​ពន្ធនាគារ ទី​២ គឺ​សុំ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើ​អួន​ប្រវែង​ពី ៣០០ ទៅ ៤០០​ម៉ែត្រ ដោយ​ប្រមូល​គ្នា​ចូល​ជា​ក្រុម​សាមគ្គី​ទើប​អាច​រក​ត្រី​បាន​គ្រប់​ដោះស្រាយ​ជីវភាព...»

មេ​ឃុំ​កំពង់លួង គឺ​លោក កែវ សុណ្ណារ៉េត ទទួល​ស្គាល់​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ។ លោក​ថា ច្បាប់​នេសាទ​អនុញ្ញាត​ឲ្យ​ប្រើ​អួន​អូស​តែ ១០០​ម៉ែត្រ​សម្រាប់​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​រក​ត្រី​បាន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ។ លោក​ថា អាជ្ញាធរ​ជំនាញ​គួរ​ពិចារណា​ក្នុង​ការ​កំណត់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ឲ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន។

លោក កែវ សុណ្ណារ៉េត៖ «បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​ទទូច​តាំង​ពី​ដើម​មក ដោយសារ​ការ​ប្រើ​អួន​តែ ១០០​ម៉ែត្រ វា​មិន​សូវ​បាន​ផល​ទេ។ បញ្ហា​នេះ ខ្ញុំ​ជា​អាជ្ញាធរ​យល់​ឃើញ​ថា មាន​ការ​លំបាក​មែន ប៉ុន្តែ​ដោយ​ច្បាប់​កំណត់​អ៊ីចឹង យើង​ត្រូវ​តែ​គោរព តែ​ប្រជាពលរដ្ឋ​បាន​ទទូច​ឲ្យ​យើង​ខ្ញុំ​ជួយ​សំណូមពរ​ឲ្យ​ខាង​សមត្ថកិច្ច​ជំនាញ​ជលផល​ជួយ​សំណូមពរ​បន្ត​ទៅ​ថ្នាក់​លើ​ឲ្យ​ជួយ​ធ្វើ​ការ​កំណត់​ឧបករណ៍​នេសាទ​គ្រួសារ​នេះ​ជា​ថ្មី...»

កាល​ពី​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ កម្លាំង​កងរាជអាវុធហត្ថ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ចាប់​បាន​ជនសង្ស័យ​ចំនួន ៣០​នាក់​បញ្ជូន​មក​តុលាការ។ ជន​សង្ស័យ​បាន​ធ្វើ​នេសាទ​ដោយ​ប្រើ​អួន​វែង​អូស​ដោយ​ទូក​ម៉ាស៊ីន ដែល​ត្រូវ​ចាត់​ទុក​ថា​ល្មើស​នឹង​ច្បាប់​ជលផល។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ លោក អន សុខុន មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​បំពេញ​តួនាទី​ជា​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ។ ឯ​ការ​សម្រេច​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ គឺ​ជា​តួនាទី​របស់​តុលាការ៖ «តាម​ដែល​ខ្ញុំ​ពិនិត្យ​ឃើញ គឺ​ពួក​គាត់​ប្រើ​អួន​វែង​ខុស​ពី​ច្បាប់​កំណត់​ជា​លក្ខណៈ​គ្រួសារ ហើយ​គាត់​ប្រើ​ម៉ាស៊ីន​អូស​ទៀត​ផង...»

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក តន់ សីហៈតេជៈ មាន​ប្រសាសន៍​ថា ជនសង្ស័យ​ពី​បទ​ប្រព្រឹត្ត​ល្មើស​នេសាទ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត​រួច​ហើយ៖ «យើង​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​លោក​ចៅក្រម​ពី​រឿង​ប្រើ​ឧបករណ៍​នេសាទ​ដែល​ច្បាប់​បាន​ហាម​ឃាត់...»

យ៉ាង​ណា​ក៏ដោយ យោង​តាម​ច្បាប់​ស្ដីពី​ជលផល​មាត្រា ៩៥ ជន​សង្ស័យ​ពី​បទ​ប្រព្រឹត្ត​ល្មើស​នេសាទ​ដោយ​ប្រើ​អួន​វែង​អូស​ដោយ​ទូក​ម៉ាស៊ីន​ពុំ​មាន​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ឡើយ។ ច្បាប់​កំណត់​ឲ្យ​ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ប៉ុណ្ណោះ។

មាត្រា ៩៥ នៃ​ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦ ត្រង់​ចំណុច​ទី​៨ ចែង​ថា ការ​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម​ដោយ​អួន​លើស​ពី ៣០០​ម៉ែត្រ នៅ​ក្រៅ​បឹង​ទន្លេសាប និង​លើស​ពី ៦០០​ម៉ែត្រ​នៅ​ក្នុង​បឹង​ទន្លេសាប ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​សមាមាត្រ​ទៅ​នឹង​ថ្លៃ​ឈ្នួល​នេសាទ ឯ​វត្ថុ​តាង​ទាំង​អស់​ត្រូវ​ប្រគល់​ឲ្យ​សាមីជន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។